កសិករ​បាត់ដំបង​អំពាវនាវ​ដល់​របប​ក្រុងភ្នំពេញ​ឱ្យ​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​បាន​តម្លៃ​សមរម្យ

ដោយ អាស៊ីសេរី
2019-12-04
អាស៊ីសេរី

កសិករ​ដឹក​ស្រូវ​យក​ទៅ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

កសិករ​ដឹក​ស្រូវ​យក​ទៅ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

 RFA/Hum Chamroeun


កសិករ​នៅ​ខេត្ត​បាត់ដំបង​អំពាវនាវ​ដល់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ឱ្យ​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​មានតម្លៃ​សមរម្យ ដើម្បី​បាន​ប្រាក់កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ពួកគាត់​អះអាង​ថា សព្វថ្ងៃ​តម្លៃ​ស្រូវ​ចុះថោក​ខ្លាំង ធ្វើ​ឱ្យ​ការ​លក់​ស្រូវ​មិន​គ្រប់​សង​ធនាគារ ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើមទុន​ដាំ​ដុះ​ឡើយ។កសិករ​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​កំពុង​ខ្វាយខ្វល់​ខ្លាច​គ្មាន​អង្ករ​ច្រក​ឆ្នាំ នៅ​ពេល​ខាងមុខ ដោយសារ​តម្លៃ​ស្រូវ​ចុះថោក លក់​មិនបាន​ប្រាក់កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ។

កសិករ​នៅ​ភូមិ​ថ្មី ឃុំ​តាគ្រាម ស្រុក​បាណន់ លោក ប្រុក ខែមធារី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ធ្នូ ថា តម្លៃ​ស្រូវ​ចុះថោក​ជា​បន្តបន្ទាប់ ដោយ​មិន​មាន​អាជ្ញាធរ​ណា​អើពើ​ជួយ​ដល់​ពួកគាត់​ទេ។ លោក​បន្ត​ថា ឆ្នាំនេះ​លោក​ធ្វើស្រែ​នៅ​លើ​ផ្ទៃដី ១០​ហិកតារ ដោយ​ចំណាយ​អស់​ដើមទុន​ប្រមាណ ៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហិកតារ ហើយ​ប្រាក់​ទាំងនោះ លោក​ខ្ចី​ពី​ធនាគារ ដោយ​រំពឹង​ថា នឹង​សង​គេ​វិញ នៅ​ពេល​ប្រមូល​ផល​ស្រូវ​។ កសិករ​រូប​នេះ​បញ្ជាក់​ថា លោក​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ​ហើយ បែរជា​តម្លៃ​ចុះថោក ដោយ​ស្រូវ​ស្រង៉ែ​ឈ្មួញ​ប្រមូល​ទិញ ៥​បាត​កន្លះ ឬ​ស្នើ​ប្រមាណ ៦៥០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «អា​មាន​អ្នកទិញ​ហើយ ស្រូវ​ល្អ​ហើយ នៅ​វា​ថា​មិនល្អ គឺ​គេ​បង្អាប់​តម្លៃ​កសិករ​ណាស់​។ ដល់​ឆ្នាំទៅ​មិញ​ស្រូវ​បាន​បាន​ថ្លៃ​ហើយ​ទំនិញ​ក៏​ថោក​ជាង​ឆ្នាំនេះ ដល់​តែ​ឆ្នាំនេះ​ថ្លៃ​សព្វគ្រប់ ពេល​បាន​ផល​ស្រូវ​ថោក។ ប្រជាជន​សព្វថ្ងៃ​និយាយ ឆ្នាំនេះ​ស្រូវ​ថោក​ជាង​កន្ទក់ អីចឹង​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​មើល​កសិករ​ផង កុំ​ឱ្យ​តែ​អាង​ខ្លួនឯង​មាន​មិន​មើល​កសិករ​ក្រីក្រ។ គេ​អ្នកដឹកនាំ​មាន​អ្នកណា​ក្រ​គេ​ជិះ​ឡាន​គ្រប់គ្នា អ្នកស្រែ​ស៊ី​ប្រហុក​ស៊ី​អំបិល»។

លោក​បន្ត​ថា តម្លៃ​ស្រូវ​អាច​នឹង​ចុះថោក​ទៀត ព្រោះ​កសិករ​ទើបតែ​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ​ធ្លាក់​ថ្លៃ​រួច​ទៅ​ហើយ ស្រប​ពេល​ដែល​ឈ្មួញ​ចាប់ផ្ដើម​ទិញ​ស្រូវ​រើស​យក​គុណភាព​ល្អ ចំណែក​ស្រូវ​ដែល​មិនសូវ​ល្អ​នឹង​ទម្លាក់​ថ្លៃ​ថែម​ទៀត។

កសិករ​នៅ​ស្រុក​បាណន់​ម្នាក់ លោក ហេវ ហេង ថ្លែង​ថា តម្លៃ​ស្រូវ​ចុះថោក​ដូច​សព្វថ្ងៃ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​គ្រួសារ ធ្វើ​ឱ្យ​មិន​មាន​ដោះស្រាយ​ជីវភាព​ឡើយ​។ លោក​ថា សព្វថ្ងៃ​លោក​ធ្វើ​ស្រូវ ២​ហិកតារ ចំណាយ​អស់​ដើមទុន​ប្រមាណ ១​ពាន់​ដុល្លារ​អាមេរិក ប្រាក់​នោះ​ខ្លះ​លោក​ខ្ចី​ពី​ធនាគារ និង​ជា​ប្រាក់​នៅ​ក្នុង​គ្រួសារ​ខ្លះ​។ លោក​បន្ត​ថា ស្រូវ​ឆ្នាំនេះ ហុច​ផល​ចន្លោះ​ពី ៣​ទៅ ៤​តោន​ក្នុង​មួយ​ហិកតារ៖ «កាលពី​ប្រាំង​ធ្វើស្រែ​ម្ដង​មិន​បាន​ច្រូត​ទេ​ស្រូវ​ងាប់​អស់ ហើយ​មក​លើ​នេះ​បើ​លក់​ស្រូវ​ប្រហែលជា​មិន​រួចខ្លួន​ទេ ហើយ​វា​មិនបាន​សល់​អី​ទេ​អ្នកស្រែ​។ វា​តាំង​ពី​ដល់​រដូវ​ប្រមូល​ផល​មក មុនដំបូង​តម្លៃ ៦២០ និង​៦៣០​ក្នុង​គីឡូក្រាម ដល់ពេល​ឥឡូវ​ស្រូវ​ចេះ​តែ​ចុះថោក ហើយ​កសិករ​ត្អូញត្អែរ​គ្រប់គ្នា អ្នកស្រី​សុទ្ធតែ​អ្នក​ជំពាក់​គេ»។

ទាក់ទង​នឹង​បញ្ហា​នេះ​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​លោក អ៊ឹម សុវណ្ណមុនី ប្រាប់​អាស៊ីសេរី​ថា តម្លៃ​ស្រូវ​ចុះថោក​ជាង​ឆ្នាំ​មុន​បន្តិច ដោយសារ​កសិករ​ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ​ព្រមៗ​គ្នា នៅ​គ្រប់​ទី​កន្លែង ស្រប​ពេល ដែល​ឈ្មួញ​មិនទាន់​ចុះ​ទិញ​ស្រូវ​ឱ្យ​បាន​ច្រើន​គ្នា​នៅ​ឡើយ​។ លោក​បន្ត​ថា កសិករ​ដែល​ធ្វើ​ស្រូវ​សែន​ក្រអូប​អាច​ស្តុក​ទុក​មួយរយៈ​នឹង​លក់​បាន​ថ្លៃ​ឡើងវិញ ព្រោះស្រូវ​ប្រភេទ​នេះ​មាន​កសិករ​ដាំ​ដុះ​តិច៖«តាមពិត​វា​មាន​គម្រោង​របស់​រដ្ឋាភិបាល​ដែរ ទាក់ទង​នឹង​ការ​ជួយ​ជំរុញ​ទៅលើ​ការងារ​ផលិត​ហើយ​ភ្ជាប់​នឹង​ទីផ្សារ​។ ប៉ុន្តែ​នៅ​ក្នុង​នេះ​ខ្ញុំ​គិត​ថា ប្រហែល​ដោយសារ​ការដែល​គាត់​ដាំ​ទៅ​ប្រមូល​ផល​វា​ជាន់គ្នា ដែល​ធ្វើ​ឱ្យ​តម្លៃ​វា​រាង​ធ្លាក់​បន្តិច»។

កសិករ​ឱ្យ​ដឹង​ថា ស្រូវ​ផ្កា​ម្លិះ​ឈ្មួញ​ប្រមូល​ទិញ ៨​បាត ឬ​ប្រមាណ ១​ពាន់​រៀល (១.០០០) ក្នុង​មួយ​គីឡូក្រាម ដែល​ថោក​ជាង​ពី​ឆ្នាំមុន​តម្លៃ​ប្រហែល ១​ពាន់ ៥០០​រៀល (១.៥០០) ក្នុង​មួយ​គីឡូក្រាម​ឯណោះ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ថេ​ង សារឿន មាន​ប្រសាសន៍​ថា នៅ​ពេល​ដល់​រដូវ​ប្រមូល​ដំណាំ​ម្ដងៗ ប្រជាកសិករ​តែង​ជួប​បញ្ហា​តម្លៃ​ចុះថោក​ជា​រៀងរាល់​ឆ្នាំ​។ លោក បញ្ជាក់​ថា បញ្ហា​នេះ​កើត​ឡើង ដោយសារ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​អើពើ​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​ដែល​មាន​តម្លៃ​សមរម្យ​ជូន​កសិករ​។ លោក​បន្ថែម​ថា បញ្ហា​នេះ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ឆាប់​ជួយ​ដល់​កសិករ​ទេ នឹង​ធ្វើ​ឱ្យ​ពួកគាត់​បោះបង់​ការ​ធ្វើ​ស្រែ ហើយ​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន ដើម្បី​រក​ប្រាក់​សង​ធនាគារ៖ «ដោយសារតែ​ខាតបង់​ហើយ​លក់​ស្រូវ​ចុះថោក​ធ្វើ​កសិករ​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​សង​ត្រឡប់ និង​បង់​ការប្រាក់​ទៅ​ធនាគារ ដែល​ពួកគាត់​បាន​ខ្ចី​នោះ​ទេ។ អីចឹង​ជាហេតុ​ធ្វើ​ឱ្យ​កសិករ ជាប់​បំណុល​វ័ណ្ឌក​កាន់តែ​ខ្លាំង​ឡើង ហើយ​ការ​ប្រាក់​នៅ​ធនាគារ​ក៏​កាន់តែ​កើន​ឡើង»។

រដ្ឋធម្មនុញ្ញ មាត្រា​៦២ ចែងថា រដ្ឋ​យកចិត្ត​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល។

កសិករ​នៅ​ខេត្ត​បាត់ដំបង ថ្លែង​ថា ពួកគាត់​មិន​មាន​លទ្ធភាព​ស្តុក​ស្រូវ​ទុក​លក់​នៅ​ពេល​ខាងមុខ​នោះ​ទេ ដោយសារ​ត្រូវ​ការ​លក់​ស្រូវ​យក​ប្រាក់​សង​ធនាគារ​ផង និង​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ផង ពីព្រោះ​កសិករ​ភាគច្រើន​ពឹងផ្អែក​ទៅលើ​របរ​ធ្វើស្រែ​រក​ប្រាក់​ចំណូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


b

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment