មូលហេតុ​បាក់​សាលា​ឆាន់​នៅ​ខេត្ត​សៀមរាប ដោយសារ​ការ​ធ្វេសប្រហែស​របស់​ជាង

ដោយ ម៉ៅ សុធានី
2019-12-04
RFA

ក្រុម​អ្នក​ជួយ​សង្គ្រោះ​រុក​រក​កម្មករ​បាត់​ខ្លួន​ក្នុង​គំនរ​ដែក និង​ថ្ម​នៃ​ការ​បាក់​រលំ​សាលា​ធម្មសភា​កំពុង​សង់​ក្នុង​វត្ត​ប្រាសាទ​គោក​ចក ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​រុក​រក​កម្មករ​បាត់​ខ្លួន​ក្នុង​គំនរ​ដែក និង​ថ្ម​នៃ​ការ​បាក់​រលំ​សាលា​ធម្មសភា​កំពុង​សង់​ក្នុង​វត្ត​ប្រាសាទ​គោក​ចក ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប


ប៉ូលិស​ខេត្ត​សៀមរាប​ប្រាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​ធ្នូ ថា មូលហេតុ​ដែល​នាំ​ឱ្យ​បាក់​អគារ​សាលាឆាន់ ក្នុង​វត្ត​ប្រាសាទ​គោកចក នោះ ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​ជាង​សំណង់​។ ស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ខេត្ត​សៀមរាប លោក​ឧត្ដមសេនីយ៍​ត្រី សំ សុជាតិ ថា ជនរងគ្រោះ​ស្លាប់ និង​របួស​មាន សរុប​ចំនួន ១៦​នាក់ ក្នុង​នោះ ៣​នាក់​ស្លាប់ និង ១៣​នាក់​ផ្សេងទៀត​រងរបួស ដោយសារតែ​បំណែក​ដំ​ថ្ម ធ្លាក់​សង្កត់​ពី​លើ៖ «បាទ​សរុប​១៦​នាក់ អត់​មាន​រក​ឃើញ​ថ្មី​ទៀត​ទេ​។ តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថភាព គឺ​មូលហេតុ​ដោយសារ​ជាង​ធ្វេសប្រហែស និង​សាងសង់​ខ្វះ​បច្ចេកទេស សង់​មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ»។

សមត្ថកិច្ច នៅ​មិនបាន​ចាប់​ឃាត់ខ្លួន និង​ចោទប្រកាន់​មេការ ឬ​ជាង​សំណង់​ណាមួយ​នៅឡើយ​ទេ​ក្នុង​ករណី​បាក់​អគារ​នេះ​។ លោក​ស្នងការ​រង​រូប​នេះ​បន្ត​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​ប្រមាណ​ជាង​៧០០​នាក់ នៅតែ​បន្ត​ការរុករក​អ្នក​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​គំនរ​បាក់បែក​នេះ រហូត​មក​ដល់​យប់​ថ្ងៃ​ទី ៣ ខែ​ធ្នូ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រកាស​ផ្តល់​ថវិកា​ប្រមាណ ២០​លាន​រៀល គឺ​ប្រមាណ​៥​ពាន់​ដុល្លារ ដល់​អ្នក​ស្លាប់ និង ៣​លាន​រៀល សម្រាប់​អ្នក​រងរបួស​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នេះ។

កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា កន្លង​ទៅ​នេះ អគារ​កម្ពស់ ៧​ជាន់ ដែល​កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​វិនិយោគ​ដោយ​ជនជាតិ​ចិន បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់​។ លោក​ហ៊ុន សែន ធ្លាប់​ព្រមាន​ថា នឹង​មិន​មានការ​លើក​លែង​នោះ​ទេ ចំពោះ​ការ​សាងសង់​អគារ​ដោយ​ខុសច្បាប់​។ ក៏ប៉ុន្តែ​បញ្ហា​អគារ​សាងសង់​គ្មាន​គុណភាព​នៅតែ​បន្ត​បាក់​រលំ​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles