សហភាព​អឺរ៉ុប​ស្នើ​ឱ្យ​កែលម្អ​សេរីភាព​បញ្ចេញ​មតិ​​និង​សារព័ត៌មាន​នៅ​កម្ពុជា

នយោបាយ
04 ធ្នូ 2019
ម៉ែន​ គឹមសេង
វីអូអេខ្មែរ

ហាង​លក់​កាសែត​មួយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​សៀមរាប​តាំង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៨។ ម្ចាស់​ហាង​អ្នក​ស្រី យូ ម៉ារី ទិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសាខ្មែរ​ចំនួន​១០ និង​អង់គ្លេស​ចំនួន៥ មក​លក់​
ហាង​លក់​កាសែត​មួយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​សៀមរាប​តាំង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៨។ ម្ចាស់​ហាង​អ្នក​ស្រី យូ ម៉ារី ទិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសាខ្មែរ​ចំនួន​១០ និង​អង់គ្លេស​ចំនួន៥ មក​លក់​

ការធ្វើឃាត​លោក​បណ្ឌិត ​កែម ឡី​ ដែលជាអ្នកអត្ថាធិប្បាយ​នយោបាយ ​ឃាតកម្មអ្នកសារព័ត៌មាន​ ​ ការចាប់​សកម្មជន​សហគមន៍​ដាក់​ពន្ធនាគារ ​និង​ការធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ បាន​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាមការសន្និដ្ឋាន​របស់​សហភាព​អឺរ៉ុប។

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញមក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​វត្តក្តីចាស់​នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញមក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​វត្តក្តីចាស់​នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (VOA)

គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​រកឃើញ​ថា​ក្នុងអំឡុងពេល​ត្រួតពិនិត្យ​លើ​ការគោរព​លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​ឋានៈពន្ធ​អនុគ្រោះ ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» (EBA) គឺ រដ្ឋាភិបាល​កម្ពុជា​មិន​បានចាត់​វិធាន​ការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​មតិ​ទេ។ ផ្ទុយទៅវិញ​បែរជា​ប្រើប្រាស់​ច្បាប់​ជាច្រើន​ដើម្បី​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នេះ។​

តាំងពីដើម​ខែកុម្ភៈ​ឆ្នាំ២០១៩​នេះ ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ពិនិត្យមើល​ការអនុវត្ត​តាមលក្ខខណ្ឌ​ផ្តល់​ឋានៈ​អនុគ្រោះពន្ធEBA ​ដោយ​ផ្តោតលើស្ថានភាព​សិទ្ធិនយោបាយ ​សិទ្ធិការងារ ​សិទ្ធិ​ដីធ្លី​ សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​និងសិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅ​កម្ពុជា។

ការត្រួតពិនិត្យ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​និង​ការតវ៉ា​ជាច្រើន​ពី​ការរំលោភ​បំពាន​លក្ខខណ្ឌ​នៃ​ការផ្តល់​ឋានៈអនុគ្រោះពន្ធ​ដល់​ប្រទេស​ក្រីក្រ​មួយ​នេះ​ ជាពិសេស​ក្រោយ​ពីការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុងឆ្នាំ​២០១៧។​

នៅក្នុង​របាយការណ៍​វាយ​តម្លៃ​បឋម​របស់​សហភាព​អឺរ៉ុប​ដែលបាន​ផ្ញើជូនរាជរដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី​១២ខែវិច្ឆិកា​ហើយ​វីអូអេ​ទទួលបាន​ច្បាប់​ចម្លង​មួយ​បាន​វាយ​តម្លៃ​លើ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ថា «​មាន​ការរំលោភ​ជាប្រព័ន្ធ​និង​ធ្ងន់ធ្ងរ​‍»​លើ​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុងកតិការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ហើយ​ រហូត​មក​ដល់​ពេលនេះ​ គណៈកម្មការ​ «មិន​បាន​រកឃើញ​ភស្តុតាង​ណា​‍ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ចាំបាច់ដើម្បី​ដោះស្រាយ​ការរំលោភ​ទាំងនោះ​ទេ‍»។​

សហភាព​អឺរ៉ុប​បាន​កត់​សម្គាល់​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បានប្រើប្រាស់​ច្បាប់​មួយ​ចំនួន​ដែល​មិន​សមស្រប​តាម​និយាម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​ប្តេជ្ញាគោរព​តាម​ឬ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ខ្លួន​ឯង។ ច្បាប់​ទាំងនោះមានច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្តីពីគណបក្ស​នយោបាយ ច្បាប់​ស្តីពី​សហជីព ​និង​ច្បាប់​ស្តីពី​របបសារព័ត៌មាន។

របាយការណ៍​របស់​សហភាព​អឺរ៉ុប​បាន​បន្ថែមថា៖

«ក្របខណ្ឌ​របស់​កម្ពុជា​និង​វិធានការ​រដ្ឋបាល​និង​តុលាការ​និង​សេចក្តី​ថ្លែងការណ៍​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មាន​ផលប៉ះពាល់រារាំងសិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ។ ស្ថានភាព​នេះ​ដែល​បន្ត​រហូត​ដល់​ថ្ងៃ​ចេញ​របាយការណ៍​បាន​រាំងខ្ទប់​ពលរដ្ឋ​កម្ពុជា​មិន​ឱ្យទទួលបាន​សិទ្ធិ​ដ៏​សំខាន់​នេះ។ ផ្អែកលើ​រូបភាព​នៃ​ការល្មើស​ រយៈពេល​ ​ទំហំ​និង​ផលប៉ះពាល់​នៃ​ការប្រព្រឹត្តិ​ល្មើស​ គឺ​គណៈកម្មការ​យល់​ថា​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដែល​ផ្ទុយនឹង​មាត្រា​១៩​នៃ​កតិការសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ដែល​មាន​នៅក្នុង​មាត្រា​១៩​នៃ​ច្បាប់​ស្តីពី​ប្រព័ន្ធ​អនុគ្រោះពន្ធ‍»។​

គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ទាញ​ការសន្និដ្ឋាន​នេះ​ដោយលើកយក​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម ឡី​ អ្នកធ្វើ​អត្ថាធិប្បាយ​បញ្ហា​នយោបាយ​និង​សង្គម​របស់​កម្ពុជា​មក​រំលេច​ឡើង​វិញ​ដោយដកស្រង់​របាយការណ៍​របស់​ក្រុមឃ្លាំមើល​សិទ្ធិ​មនុស្ស​សំខាន់ៗ​ដែលមាន​ដូច​ជាអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​និង​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​(Amnesty International) ​ដែល​បាន​បញ្ជាក់ថា​ការធ្វើឃាត​លោក​បណ្ឌិត​ កែម ឡី​ មិនត្រូវ​បាន​ស៊ើប​អង្កេតត្រឹមត្រូវ​ទេ​ក្នុង​អំឡុង​សវនាការ​កាត់​ទោស​បុរស​ឈ្មោះ ​អឿត អាង ​(ហៅជួប សម្លាប់) ​ដែលអះអាង​ថា​ខ្លួនជា​ឃាតករ។ ក្រុមសិទ្ធិមនុស្ស​ទាំងនេះ​បាន​ស្នើ​ឱ្យ​ស៊ើបអង្កេត​តាមស្តង់ដា​អន្តរជាតិ។

លោក​បណ្ឌិត​ កែម ឡី​ តែងតែ​ផ្តល់អត្ថាធិប្បាយ​ដល់​អ្នកសារព័ត៌មាន​ពី​បញ្ហា​នយោបាយ​និង​សង្គម​នៅ​កម្ពុជា​និង​បាន​ដឹកនាំ​ក្រុមយុវជន​ស្រាវជ្រាវ​បញ្ហា​បរិស្ថាន​ ​ព្រំដែន​កម្ពុជា​-វៀតណាម​និង​និគម​ជន​វៀតណាម​នៅ​កម្ពុជា​តាម​រយៈ​កម្មវិធី​ដែល​មានឈ្មោះ​ថា​ «​១០០រាត្រី‍»។

ប៉ុន្តែរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ «មិនមាន​ភស្តុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ឃាតកម្មនោះ​ជា​ «រឿង​នយោបាយ‍» ឬពាក់​ព័ន្ធ​នឹង ​«សកម្ម​ភាព​នយោបាយ​‍»​ របស់​ជនរងគ្រោះ​ឡើយ​ ហើយ​ថា​«រដ្ឋា​ភិ​បាល​មិន​អាចទទួលការស្តី​បន្ទោស​ឬ​ទទួល​ខុសត្រូវ​ចំពោះ​ការស៊ើបអង្កេត​របស់​ស្ថាប័ន​តុលាការទេ‍»។ នេះបើតាមរបាយការណ៍​សហភាព​អឺរ៉ុបដែល​បាន​ដកស្រង់​ជំហរ​របស់​រដ្ឋា​ភិ​បាលកម្ពុជា។

គ្រាន់តែ​ក្នុង​សំណុំរឿង​ឃាតកម្ម​ ​លោកបណ្ឌិតកែមឡី​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​រង​ការធ្វើទុក្ខបុកម្នេញ​។ អ្នកនយោបាយ​ជាន់ខ្ពស់​ដូចជា​លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រងបណ្តឹង​បរិហាកេរ្តិ៍​ដោយសារតែ​ការបញ្ចេញ​មតិចោទថាលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើឃាត​នេះ។ អ្នកខ្លះ​ទៀត​គ្រាន់តែ​ចូលរួម​ពិធី​រំលឹក​និង​ផ្សព្វផ្សាយ​ប្រសាសន៍​របស់​លោកបណ្ឌិត​ កែម ឡី ​ក៏ត្រូវ​ជាប់​ពន្ធនាគារ​ដែរ។

លោក​ សួង នាគព័ន្ធ​ លោក ជុំ ហួរ ​និង​លោក ជុំហួត ​ដែល​គេ​ស្គាល់​ថា​ជាក្រុម​យុវជន​គាំទ្រ​លោក​បណ្ឌិត​ កែម ឡី បាន​ជាប់​ពន្ធនាគារ​អស់​ជាង​៤ខែ​ដោយ​គ្រាន់តែ​រៀបចំ​ពិធី​រំលឹក​ខួប​មរណភាព​របស់​លោក​ កែម ឡី និង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់។ រីឯ​លោក​ គង់ រ៉ៃយ៉ា​ ជាពលរដ្ឋ​ធម្មតា​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ជិត​៥ខែដោយ​គ្រាន់តែ​លក់​អាវយឺត​ដែល​មាន​សម្រង់​សម្តី​លោក​បណ្ឌិត ​កែម ឡី​ ដែល​បំផុស​ឱ្យ​ពលរដ្ឋ​ចូលរួមគិតគូ​ពី​បញ្ហាសង្គម។ នេះ​បើតាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប។

លោក ​សួង នាគព័ន្ធ ​ទីប្រឹក្សា​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នៅក្នុង​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ​រស់នៅ​សព្វថ្ងៃ​នេះ​ដូចគុក​ឥតជញ្ជាំង ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការជួបជុំ​ បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា‍»។​

របាយការណ៍​របស់​សហភាព​អឺរ៉ុប​បានកត់សម្គាល់​ពី​ការព្រួយបារម្ភ​របស់​ពលរដ្ឋ​ដោយសារតែ​ការ​តាម​ឃ្លាំមើល​ជាប្រចាំ​លើ​សកម្មជន​របស់​ពួកគេទាំងនៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​និងតាមបណ្តាញសង្គម។

លោក​ ជា ជីវ ​អតីតមន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិត្រូវបាន​តុលាការ​ហៅ​មក​សួរ​ដោយសារតែ​ចូលរួម​យុទ្ធនាការ​ «ម្រាមដៃស្អាត‍»​ តាម​បណ្តាញ​សង្គម​ដើម្បី​ធ្វើពហិការ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

អ្នកស្រី ច្រាយ នីម ​តំណាង​សហគមន៍​ SOS ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញដែល​តែង​តែ​ដឹកនាំ​ការតវ៉ា​ពី​បញ្ហា​រំលោភ​ដីធ្លីបាន​ត្អូញត្អែ​ពីការ​តាម​ឃ្លាំមើល​ជាប់​ជាប្រចាំ​ពី​អាជ្ញាធរ​ហើយ​ក៏រងការ​ប៉ះពាល់​ដល់​មុខរបរ​និង​ជីវិត​អាពាហ៍​ពិពាហ៍​ផ្ទាល់​ខ្លួន​ផងដែរ។

អ្នកស្រី​បាន​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«គ្រប់​អ្នកដែល​សកម្ម​ក្នុង​ការជួយ​សង្គម​ជួយ​និយាយ​ការពិត​និង​ចែក​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដល់​សាធារណជន ​ដល់​ជាតិ​និង​អន្តរជាតិ​ឬ​ក៏​ដូច​ជា​យើង​អ្នក​ដែល​ស្រឡាញ់​យុត្តិធម៌ ​ស្រឡាញ់ការពិត​ គាំទ្រ​នូវ​ការពិត​គឺ​តែងតែ​មិនមាន​ការគាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ក៏ដូច​ប៉ូលិស​ទេ។ ហើយ​យើង​តែងតែ​មាន​ផល​លំបាក​ដូច​ជាខ្ញុំ​អីធ្លាប់​ទៅ​ជួលផ្ទះ​បោកអ៊ុត​នៅ​ បឹង​សាឡាង​ពីរបី​កន្លែង​ត្រូវ​ប្រឈម​នឹង​ការបាត់​បង់​ជួល​ដោយសារ​គេមិន​ជួល​ឱ្យ​ខ្ញុំ​ទៀត‍»។

នៅលើជ្រុង​នៃ​សេរីភាព​សារព័ត៌មាន​វិញ​ សហភាព​អឺរ៉ុប​បាន​រកឃើញ​ករណី​បំភិតបំភ័យ​អ្នកសារព័ត៌មាន​តាម​រយៈ​ការ​ហៅ​មក​សាកសួរ ​ចាប់​ខ្លួន ឃុំឃាំង ​និង​ចោទប្រកាន់​ដោយ​តុលាការ​និង​កាត់ទោស។ ក្នុង​ចំណោម​នេះ​មាន​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​និង​ផលិតករ​ភាព​យន្ត​សញ្ជាតិអូស្ត្រាលី​ម្នាក់។

រូបឯកសារ៖ គម្របការបោះពុម្ភផ្សាយចុងក្រោយរបស់កាសែត the Cambodia Daily។ (រូបថតដោយ the Cambodia Daily)
រូបឯកសារ៖ គម្របការបោះពុម្ភផ្សាយចុងក្រោយរបស់កាសែត the Cambodia Daily។ (រូបថតដោយ the Cambodia Daily)

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បិទ​វិទ្យុ​ចំនួន​៣២​ដែល​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក ​វិទ្យុ​អាស៊ីសេរី ​និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ជាដើម។ រីឯ​សារព័ត៌មាន​ The Cambodia Daily ​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ត្រូវបង្ខំ​ចិត្ត​បិទ​ដំណើរការ​ដោយសារ​តែ​ការតម្រូវ​ឱ្យ​បង់​ពន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

របាយការណ៍​សហភាព​អឺរ៉ុប​បាន​បន្ថែម​ថា៖

«សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​រង​ការគំរាម​កំហែង​ ដោយ​អ្នកសារព័ត៌មាន​ តំណាងអង្គការ​ក្រៅ​រដ្ឋាភិបាល​និង​បុគ្គល​នានា​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវ​តុលាការ​ក្នុងនោះ​មានការ​ចោទ​ប្រកាន់ពីការបះបោរ ​អុចអាល​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាតិ​ ស៊ីសំណូក ​បង្ខូច​កេរ្តិ៍ឈ្មោះ ​ក្លែង​បន្លំឯកសារ​និង​យកការណ៍​ឱ្យ​រដ្ឋ​បរទេស ​ដើម្បី​ចោទ​ប្រកាន់​សំឡេង​ឯករាជ្យ​និង​សំឡេងប្រឆាំង​ឬ​ចាប់​ពួកគេ​ឃុំឃាំង‍»។

សហភាព​អឺរ៉ុប​ក៏​កត់សម្គាល់​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ឆ្លើយតប​នឹង​បញ្ហា​ជាច្រើន​លើ​ផ្នែក​សេរីភាព​សារព័ត៌មាន​ទេ ​ផ្ទុយទៅវិញ​បែរ​ជា​លើក​ឡើង​ពី​ចំនួន​សារព័ត៌មាន​ដ៏ច្រើននៅ​ក្នុង​ប្រទេសកម្ពុជា​ដែល​មាន​ម្ចាស់​ជា​ជនជាតិកម្ពុជា​និង​បរទេស​ដើម្បី​បង្ហាញ​ថា​សេរីភាព​នៃ​ការបញ្ចេញ​មតិ ​«ល្អប្រសើរ​និង​រស់​រវើក‍»​ នៅ​កម្ពុជា។

លោក ​ម៉ៃ ទិត្យថារ៉ា ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មានកម្ពុជា​ហៅ​កាត់​ថា ​(Cambo Ja) ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​បច្ចុប្បន្ន​អ្នកសារព័ត៌មានធ្វើការងារ​ដោយ​«ស្ថានភាព​ភ័យព្រួយ​នៅ​ឡើយ‍»​ប៉ុន្តែ​លោក​ក៏កត់សម្គាល់​ពី​ការវិវត្តន៍​ខ្លះៗ​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ​ដែល​មាន​ការ​យល់​ព្រម​ជា​ជំហាន​ដំបូងអនុញ្ញាត​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​(VOA) និង​វិទ្យុ​អាស៊ី​សេរីដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក​ អាច​ផ្សាយ​តាម​រលក​វិទ្យុ​ FM ​ក្នុង​ស្រុក​ឡើង​វិញ​បាន​ដោយ​គ្រាន់តែ​តម្រូវ​តាម​លក្ខខណ្ឌ​មួយ​ចំនួន។​

លោ​កម៉ៃ ទិត្យ​ថារ៉ា​បាន​បន្ថែម​ថា៖

«អីចឹង​ខ្ញុំ​ឃើញ​ថា​នេះ​ជា​ជំហាន​ដំបូង​បន្ទាប់​ពីមាន​បញ្ហា​តាំងពីឆ្នាំ​២០១៧មក​។ អីចឹង​យើង​ចង់​ឃើញ​ឱ្យ​មាន​លំហរ​នៃ​សិទ្ធិ​សេរីភាព​នៃ​សារព័ត៌មាន​ជាងហ្នឹង​បន្តិច​ទៀត​ ដូចជា​ផ្តល់​អាជ្ញា​បណ្ណ​ដល់​វិទ្យុ​មួយ​ចំនួន​ដែល​ក្រសួង​បាន​ដក​អាជ្ញាបណ្ណ​ទៅ​ហើយ​មួយ​ទៀត​ទៅ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ដែល​គាត់​ធ្វើ​ការ​ដោយ​ពុំមាន​បណ្ណសារព័ត៌មាន​ សូមផ្តល់​ឱ្យ​ពួកគាត់​ដើម្បី​ពួកគាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការធ្វើការ»។​

លោក ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​អ្នកសារព័ត៌មាន​អាច​ធ្វើ​ការងារ​ដោយ​សេរី​និង​ថា​រដ្ឋាភិបាល​ថែមទាំងបាន​ខិតខំ​រៀបចំ​«វប្បធម៌​ឆ្លងឆ្លើយ‍»​រវាង​មន្ត្រី​រដ្ឋាភិបាលនិងអ្នកសារព័ត៌មាន​តាម​រយៈ​កម្មវិធី​ប្រចាំ​សប្តាហ៍​ដែល​ជួយ​សម្រួល​ដល់អ្នកសារព័ត៌មាន​ក្នុង​ការងារ​របស់​ពួកគេ​។ សូម្បីតែ​អ្នកសារព័ត៌មាន​ដែល​ពិបាក​ក្នុងការ​សាក​សួរមន្ត្រី​នាំពាក្យ​របស់​ស្ថាប័ន​ណា​មួយ​គឺ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ជួយ​សម្រួល​ជានិច្ច។​

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​ជឿថា​ពេល​ចាប់​ផ្តើម​យើង​ពិបាក​បន្តិច​ពីព្រោះ​អត់ទាន់​មាន​វប្បធម៌​ឆ្លើយឆ្លង។ ឥឡូវនេះ​ឃើញ​មាន​ផុលផុស​ឡើង​ អ្នកនាំពាក្យ​នៅតាម​វិស័យ​មួយៗ​ដែល​ពាក់​ព័ន្ធ​នឹង​ខ្លួនឯង​ក៏​ឆ្លើយ​ឆ្លង​ដែរ​ហើយ​បើ​សិន​ជា​ពួកគេ​ជួប​នឹង​បញ្ហា​ពិបាក​ផ្ញើ​សំណួរ​មក​យើង​ខ្ញុំ​ យើង​ខ្ញុំ​នឹង​សម្រួលហើយ​យើង​ផុស​ជា​ទូទៅ​ហ្មង​សម្រាប់​ឱ្យ​មើល‍»។​

រដ្ឋាភិបាល​កម្ពុជា​មាន​ពេល​រហូតដល់​ថ្ងៃទី​១២​ខែធ្នូ​ដើម្បី​កែលម្អ​បញ្ហាពាក់​ព័ន្ធ​នឹង​សិទ្ធិ​សេរីភាពនៃ​ការបញ្ចេញ​មតិ​និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​មុន​នឹង​សហភាព​អឺរ៉ុប​សម្រេច​លើ​ជោគ​វាសនា​នៃ​ឋានៈ​អនុគ្រោះពន្ធ​ EBA៕

What Next?

Recent Articles

2 Responses to "សហភាព​អឺរ៉ុប​ស្នើ​ឱ្យ​កែលម្អ​សេរីភាព​បញ្ចេញ​មតិ​​និង​សារព័ត៌មាន​នៅ​កម្ពុជា"

  1. Anonymous says:

    this is what I wanted you to see AH .CHESS or AH . CHKOUTH . this is what I mean HUN SEN walked naked do you understanding right now ?? the evident caught red hand after this evil HUN SEN murder Dr KEM LEY . don’t any one ever seen or hearing Cambodian gave their son name>> CHOUP SAMLAP( Mr meet to kill) that was one trillion % lei even animal knew it. if you can not see it was wrong that mean you are more then CHKOUTH. this is only what you can see but from my research there was thousand or even close to million life have been murder by that evil. I still believe the old Cambodian word said CHHEAM SREK SBEK HOV

  2. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment