សង្គម​ស៊ីវិល​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ ដើម្បី​ក្រើន​រំឭក​របប​បច្ចុប្បន្ន​ឱ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស​វិញ

ដោយ ខែ សុណង
2019-12-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី​ប្រមាណ ៤រយ​នាក់ ​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី៧០ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្រោម​ការ​ឃ្លាំ​មើល យ៉ាង​តឹងតែង​របស់​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ។

អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី​ប្រមាណ ៤រយ​នាក់ ​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី៧០ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្រោម​ការ​ឃ្លាំ​មើល យ៉ាង​តឹងតែង​របស់​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ។

 Provided photo


ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១០ ធ្នូ ដើម​សប្ដាហ៍​ក្រោយ​នេះ ដោយមាន​អ្នកចូលរួម​ប្រមាណ ២ ពាន់​នាក់​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ថយក្រោយ ដូច្នេះ​ការ​ពញាក់​អារម្មណ៍​ឱ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើងវិញ គឺ​ជា​រឿង​ចាំបាច់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) លោក ណៃ វ៉ង់ដា ដែល​ជា​អ្នក​សម្របសម្រួល​រៀបចំ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ ឱ្យ​អាស៊ីសេរី​ដឹង​ថា សមាសភាព​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​ដូចជា មន្ត្រី​ទូត​បរទេស ម្ចាស់​ជំនួយ អាជ្ញាធរ​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​។ លោក​ថា កម្មវិធី​នោះ​មាន​របៀបវារៈ​ជាច្រើន ដូចជា ការ​ថ្លែង​សារ​របស់​ពលរដ្ឋ និង​ជនជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិមនុស្ស ចំណាប់​អារម្មណ៍​របស់​អង្គទូត​បរទេស និង​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាក់ទង​នឹង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​សន្និសីទ សារព័ត៌មាន​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា​ជាដើម​។ លោក​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​មិន​ហែ​ក្បួន​ឡើយ ប៉ុន្តែ​នឹង​មាន​ការ​ដាក់​ជូន​អនុសាសន៍​មួយ​ចំនួន​ទៅ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​លើកស្ទួយ និង​គោរព​សិទ្ធិមនុស្ស៖ «ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ នៅ​មាន​កម្រិត​នៅឡើយ ដូច្នេះ​ហើយ​បានជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ និង​រៀបចំ​ពិធី​ដើម្បី​ពញាក់​អារម្មណ៍​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឱ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ»

អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) អះអាង​ថា ក្រៅពី​ចូលរួម​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ លីកាដូ​នឹង​រៀបចំ​កម្មវិធី​ផ្ទាល់ខ្លួន​ពីរ​ផ្សេងទៀត គឺ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ជាមួយ​សហគមន៍​រងគ្រោះ​ដីធ្លី​ចំនួន​១១ សហគមន៍ ក្នុង​ខេត្ត​ចំនួន​៩ ព្រមទាំង​ការ​ចែក​ជូន​ម្ហូបអាហារ និង​សម្ភារៈ​ប្រើប្រាស់​ដល់​ស្ត្រី និង​កុមារ​ដែល​កំពុង​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស។

ចំណែក ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា បណ្ដុំ​អង្គការ​សមាគម​របស់​លោក​មិន​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ទេ ប៉ុន្តែ​ខាង​លោក​នឹង​ទៅ​ចូលរួម​ទិវា​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​មិន​រៀបចំ​កម្មវិធី​ដាច់ដោយឡែក ពីព្រោះ​កុំ​ឱ្យ​បែក​សំឡេង​ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​ជំហរ​ប្រហាក់​ប្រហែល​គ្នា​រឿង​សិទ្ធិមនុស្ស​នេះ​។ លោក រ៉ុង ឈុន វាយ​តម្លៃ​ថា សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​សព្វថ្ងៃ ស្ទើរតែ​ធ្លាក់​ដល់​ក្រោម​សូន្យ ហើយ​បញ្ហា​នេះ​បណ្តាល​មកពី​វិបត្តិ​នយោបាយ​ដែល​អូសបន្លាយ​មកទល់​ពេល​បច្ចុប្បន្ន​។ លោក​ជឿជាក់​ថា ប្រសិនបើ​មាន​ដំណោះស្រាយ​នយោបាយ នោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អាច​នឹង​មាន​ភាព​ប្រសើរ​ឡើងវិញ៖ «យើង​ចង់​ឃើញ​រដ្ឋាភិបាល​ត្រូវតែ​សម្របសម្រួល​ទទួលយក​នូវ​សំណើ​ដែល​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​ជាបឋម​មាន​៥ ចំណុច មានការ​រំលោភ​សិទ្ធិ​នយោបាយ រំលោភ​សិទ្ធិ​ពលរដ្ឋ រំលោភ​សិទ្ធិ​ដីធ្លី រំលោភ​សិទ្ធិ​សង្គម និង​វប្បធម៌​។ រដ្ឋាភិបាល​ត្រូវតែ​ឆ្លើយតប​ជា​វិជ្ជមាន​ក្នុង​គោលបំណង​ដើម្បី​តម្កល់​នូវ​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជាធំ»។

ក្រៅពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​សិទ្ធិមនុស្ស​នៃ​របប​ក្រុងភ្នំពេញ​ក៏​គ្រោង​រៀបចំ​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ​នេះដែរ​។ អ​នុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យ​ដឹង​ថា កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាងមុខ ហើយ​និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោក​អះអាង​ដដែល​ជា​ដដែល​ថា ការអនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​កំពុង​មាន​ដំណើរ​ការ​ល្អ​ទៅមុខ​។ លោក​យល់ថា ទស្សនៈ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ថា​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​នោះ ធ្វើឡើង​ដោយ​មើល​តែមួយ​ជ្រុង​អំពី​ការអនុវត្ត​ច្បាប់​លើ​សកម្មជន​នយោបាយ និង​មិន​ផ្អែក​លើ​ទិដ្ឋភាព​បច្ចេកទេស​នៃ​បញ្ហា​សិទ្ធិមនុស្ស​ឡើយ៖ «ការអនុវត្ត​សិទ្ធិ​សេរីភាព​មានការ​រីកចម្រើន​ជា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​ការអនុវត្ត​ច្បាប់​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស ក៏​ដូច​សកម្មជន​នយោបាយ​មួយ​ចំនួន​តូច​នោះ អាហ្នឹង​គឺជា​យន្តការ​អនុវត្ត​ច្បាប់​ធម្មតា ដើម្បី​ទប់ស្កាត់ និង​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម»។

សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង ដោយសារតែ​របប​ក្រុងភ្នំពេញ​បាន​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមប្រាម​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​នេះ​ចំនួន ១១៨​នាក់​។ បន្ថែម​ពីលើ​នេះ របប​ក្រុងភ្នំពេញ​បាន​យក​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ និង​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​គ្នា​កាន់កាប់ ព្រមទាំង​រៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។ ជាងនេះ​ទៅ​ទៀត របប​លោក ហ៊ុន សែន បាន​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ មាន​ជាអាទិ៍ ការ​កោះហៅ ការចោទប្រកាន់ ការ​ចាប់ខ្លួន និង​ការ​ឃុំខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​រាប់​រយ​នាក់ ក្រោម​បទ​ចោទ​រួមគំនិត​ក្បត់ជាតិ ស្រប​ពេល​សកម្មជន​បក្ស​ប្រឆាំង​១៣ នាក់ នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយប្រហារ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ជា​បន្តបន្ទាប់ ហើយ​មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិនទាន់​នាំ​ខ្លួន ជនសង្ស័យ ណា​ម្នាក់​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ​។

ទន្ទឹម​នឹង​ការ​កម្ចាត់​គណបក្ស​ប្រឆាំង របប​លោក ហ៊ុន សែន បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ផង​ដែរ ជាពិសេស​របប​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុងតែ​ដើរ​ថយក្រោយ ដោយសារតែ​ការ​រឹតត្បិត​ពី​អាជ្ញាធរ​រដ្ឋាភិបាល​។ លោក​កត់សម្គាល់​ថា សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ សេរីភាព​អង្គការ​សង្គម​ស៊ីវិល សេរីភាព​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ ព្រមទាំង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ បួ​ក​រួម​ទាំង​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​ជាដើម នៅតែ​ស្ថិត​ក្រោម​ការគាបសង្កត់ និង​ការ​តាម​ឃ្លាំមើល​ពី​អាជ្ញាធរ​។ លោក​វាយតម្លៃ​ជា​រួម​ថា រដ្ឋាភិបាល​មិនទាន់​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ស្តីពី​សិទ្ធិមនុស្ស ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នោះ​នៅឡើយ​ទេ៖ «សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ហ្នឹង ជា​បញ្ហា​សំខាន់ ជា​បញ្ហា​ចម្រូងចម្រាស​ពេល​បច្ចុប្បន្ន​ហ្នឹង ហើយក៏​មិន​ប្រាកដ​ថា សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ហ្នឹង យើង​ធ្វើ​បាន​ល្អ​ប្រសើរ​នោះ​ដែរ​។ វា​នៅ​មាន​ចំណុច​ខ្វះខាត​ដែរ អ៊ីចឹង​រដ្ឋាភិបាល​ក្នុងនាម​រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា ឬ​កតិកាសញ្ញា​ដែល​យើង​ផ្តល់​សច្ចាប័ន ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​គោរព និង​លើកកម្ពស់​សិទ្ធិមនុស្ស ជាពិសេស​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។

ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ សហភាព​អឺរ៉ុប​បាន​គូស​បញ្ជាក់​ក្នុង របាយការណ៍​បឋម​របស់​ខ្លួន​ថា មានតែ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​ទេ ដែល​មាន​ការ​វិវឌ្ឍ​ទៅមុខ​ជាក់ស្ដែង ប៉ុន្តែ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​វិញ មាន​លក្ខណៈ​កាន់តែ​ដុនដាប ក្នុង​រយៈពេល​៩ ខែ​ដែល​អឺរ៉ុប​បាន​តាមដាន​យ៉ាង​ដិតដល់​អំពី​ស្ថានការណ៍​នៅ​កម្ពុជា​។ សហភាព​អឺរ៉ុប​បាន​រកឃើញ​ថា ករណី​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​លើ​គោលការណ៍​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅតែ​កើត​មាននៅ​កម្ពុជា ហើយ​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​ទាំងនេះ​ជា​មូល​ហេតុ​ដែល​នាំ​ទៅ​រក​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA​។ សហភាព​អឺរ៉ុប​សង្កត់ធ្ងន់​ថា របប​ក្រុងភ្នំពេញ​មិនបាន​កែ​លម្អ​ស្ថានភាព​អាក្រក់​ទាំងឡាយ​ឱ្យ​ប្រសើរ​ឡើងវិញ ដើម្បី​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA ឡើយ ផ្ទុយទៅវិញ​របប​នេះ ថែមទាំង​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន​ថែមទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles