ខ្មែរ​នៅ​បរទេស​ស្នើ​​របប​ក្រុង​​ភ្នំពេញ​​បញ្ឈប់​​គម្រោង​​ផ្ដល់​ដី​ ៤០​ហិកតារ​​ឱ្យ​​ជ​ន​ជាតិ​​វៀតណាម

ដោយ អាស៊ីសេរី
2019-12-11
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផ្ទះ​បណ្ដែត​ទឹក និង​បែរ​ត្រី​ជនជាតិ​វៀតណាម ចល័ត​ចូល​កណ្ដាល​ទន្លេ​នៅ​សង្កាត់​ផ្សារឆ្នាំង នៃ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។

ផ្ទះ​បណ្ដែត​ទឹក និង​បែរ​ត្រី​ជនជាតិ​វៀតណាម ចល័ត​ចូល​កណ្ដាល​ទន្លេ​នៅ​សង្កាត់​ផ្សារឆ្នាំង នៃ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA


ក្រុម​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ថៃ ស្នើ​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​បញ្ឈប់​គម្រោង​ការ​ផ្ដល់​ដី ៤០ហិកតារ​ដល់​ជន​ជាតិ​វៀតណាម​នៅខេត្តកំពង់ឆ្នាំ។ ពេល​​នេះ​​ពលករ​​ខ្មែរ​​នៅ​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង​​កំពុង​​ដើរ​​ប្រមូល​​ស្នាម​​មេដៃ​​របស់​​ពលករ ដើម្បី​ធ្វើ​ញត្តិ​ប្រឆាំង​គម្រោង​នេះ។

ក្រុម​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ថៃ​លើក​ឡើង​ថា ពួក​គេ​មិន​បាន​រើសអើង​​ជាតិ​​សាសន៍​​នោះ​​ទេ ប៉ុន្តែ​ពួក​គេ​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ម្ចាស់​ស្រុក​មួយ​ចំនួន​កំពុង​រស់​នៅ​គ្មាន​ដីធ្លី​ត្រឹមត្រូវ។ ដូច្នេះ​របប​ក្រុង​ភ្នំពេញ​គួរ​គិតគូរ​ពី​ពលរដ្ឋ​របស់​ខ្លួន​ជា​មុន​សិន មុន​នឹង​ជួយ​ដល់​ជាតិ​ផ្សេង​ទៀត។ ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ដោយសារ​តែអាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​កាត់​ឆ្វៀល​​ដី​​ទំហំ ៤០​ហិកតារ​ផ្ដល់​ឱ្យ​ជនជាតិ​វៀតណាម​ ដែល​បន្លាស់ទី​ពី​ផ្ទៃ​បឹង​ទន្លេ​សាប​ឱ្យ​មក​រស់នៅ​លើគោក​វិញ​ក្នុង​បំណង​សង្គ្រោះ​បរិស្ថាន​ទន្លេសាប ដែល​ករណី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​​តាមដាន​យ៉ាង​ដិតដល់។ ប៉ុន្តែ​គម្រោង​នេះ​រង​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នក​ធ្វើ​ការងារ​សង្គម ក្រោយ​មក​អាជ្ញាធរ​បញ្ជាក់​ថា អ្នក ដែល​ទទួល​បាន​ដី​ក្នុង​គម្រោង​នេះ​មិនមែន​មាន​តែ​ជនជាតិ​វៀតណាម​ទេ ប៉ុន្តែ​ក៏​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ផ្សេង​ទៀត​ដែរ។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ កូរ៉េ​ខាង​ត្បូង​លោក ស សុខេម ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១១ ខែ​ធ្នូ​ថា ពេល​នេះ​ក្រុម​លោក​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលករ​ផ្សេង​ទៀត ដើម្បី​គាំទ្រ​លើ​ញត្តិ ដែល​ទាមទារ​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​ដី ៤០ហិកតារ​ទៅ​ជនជាតិ​វៀតណាម​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ លោក​ឲ្យ​ដឹង​ទៀត​ថា តាម​​គម្រោង​ញត្តិ​នោះ​នឹង​ដាក់​ទៅ​ស្ថានទូត​ខ្មែរ និង​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ៖ «ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​គាត់​អត់​មាន​ដីធ្លី​គាត់​កំពុង​យំ​សោក​ដោយសារ​គេ​យក​ដី​របស់​ហើយ​រដ្ឋាភិបាល​អត់​អើពើ​ទេ ប៉ុន្តែ​បែរ​ជា​អើពើ​ជនជាតិ​បរទេស​ទៅ​វិញ»

រីឯ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ក៏​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ប្រឆាំង ចំពោះ​គម្រោង​នេះ​ដែរ ក្រុម​ពលករ​បាន​បង្ហោះ​សារ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ ដែល​បាន​កាត់​ដី​ខ្មែរ​ទៅ​ឲ្យ​ជន​ជាតិ​វៀតណាម។

ពលករ​ខ្មែរ​ម្នាក់​ធ្វើ​ការងារ​នៅ​ខេត្ត​សាមុតប្រាកាន លោក សុន សីហា ប្រាប់​ទៅ​របប​ក្រុង​ភ្នំពេញ​ថា មុន​នឹង​សម្រេច​ចិត្ត​ផ្ដល់​ដី​ឲ្យ​ជនជាតិ​វៀតណាម គឺ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ខ្លួន​ឲ្យ​ចប់​រួច​រាល់​សិន។ ពលករ​ចំណាក​ស្រុក​រូប​នេះ​លើក​ឡើង​ទៀត មិន​មែន​តែ​រូប​លោក​ទេ ពលករ​ខ្មែរ​ផ្សេង​ទៀត​ក៏​មិន​ពេញ​ចិត្ត​ការ​សម្រេច​បែប​នេះ​របស់​ក្រុង​ភ្នំពេញ​ដែរ៖ «រដ្ឋាភិបាល​គួរ​តែ​មើល​ពលរដ្ឋ​ខ្លួន​ឯង​ថា តើ​ប្រទេស​ខ្លួន​ឯង​ជា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​អ្នក​ក្រ ខ្ញុំ​មិន​ពេញ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ»

ជុំវិញ​ការ​លើក​ឡើង​របស់​ពលករ​ចំណាក​ស្រុក​បែប​នេះ​អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី១១ ធ្នូ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ទោះ​បែប​នេះ​ក្តី អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ថា អង្គភាព​នេះ​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី១២ ខែ​ធ្នូ​ខាង​មុខ ដោយ​​មាន​ការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ស្ដីពី “ផែនការ​បម្លាស់ទី​ប្រជាពលរដ្ឋ​​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ឱ្យ​ឡើង​រស់នៅ​លើ​គោក​វិញ នៅ​លើ​ផ្ទៃ​ដី ៤០ហិកតា ក្នុង​ខេត្ត​កំពង់ឆ្នាំង”៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles