សហភាព​អឺរ៉ុប​ថា​សិទ្ធិ​សេរីភាព​សមាគម​និង​ការប្រជុំ​បាន​រួម​តូច

នយោបាយ
11 ធ្នូ 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ សហជីព​កម្មករ​រាប់រយ​នាក់​លើក​ស្លាក​ទាមទារ​សិទ្ធិ​ផ្សេងៗ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ សហជីព​កម្មករ​រាប់រយ​នាក់​លើក​ស្លាក​ទាមទារ​សិទ្ធិ​ផ្សេងៗ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

វ៉ាស៊ីនតោន — ក្រុម​សកម្មជនបាន​ជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧១​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិកាលពី​ថ្ងៃអង្គារ​ដែលជា​ឆ្នាំ​ចុងក្រោយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ថា​ជា​ថ្ងៃ​សម្រាកផ្លូវការ។ ​ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរសហភាព​អឺរ៉ុប​បាន​វាយ​តម្លៃ​ថា​លំហរ​សេរីភាព​សមាគម​និងការជួបជុំ​គ្នា​របស់ពលរដ្ឋ​និងអង្គការ​សង្គម​ស៊ីវិល​កាន់តែរួញ​តូចជាងមុន។​

សហភាពអឺរ៉ុប​បាន​វាយ​តម្លៃថា៖

«លំហរ​សេរីភាព​នៃសមាគម​ក៏ដូចជា​សិទ្ធិសេរីភាព​នៃការជួបជុំ​ដោយ​សន្តិវិធី​នៅ​ប្រទេស​កម្ពុជា​ ជាពិសេស​សម្រាប់​សង្គមស៊ីវិល បាន​រួមតូច​ជាលំដាប់​ដោយសារតែ​សកម្មភាព​រឹតត្បិត​និង​គាបសង្កត់​ដោយ​រដ្ឋាភិបាល​ក្នុងរយៈពេល​បីឆ្នាំ​ចុងក្រោយនេះ‍»។​

ការណ៍នេះ​ដោយសារតែរដ្ឋាភិបាលកម្ពុជាបានចាប់​ខ្លួននិង​ឃុំឃាំង​សកម្មជន​សំខាន់ៗ​ បង្កើន​ការបំភិត​បំភ័យ​និង​តាមដានឃ្លាំមើល​ក្រុមអង្គការ​សង្គម​ស៊ីវិល​និង​សកម្មភាព​របស់​ពួកគេ​ រឹតត្បិត​សេរីភាព​ក្នុង​ការជួបជុំ​ដោយ​សន្តិវិធី​ និង​ប្រើប្រាស់​ច្បាប់​ខុសឆ្គង​ដើម្បី​គាប​សង្កត់​ការជួប​ជុំ​គ្នា។ នេះ​បើ​តាម​របាយការណ៍​វាយ​តម្លៃ​របស់​គណៈកម្មការ​ត្រួត​ពិនិត្យ​របស់​សហភាពអឺរ៉ុប​ដែល​បាន​ផ្ញើ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី១២​ខែវិច្ឆិកា​ហើយ​វីអូអេ​ទទួលបាន​ច្បាប់​ចម្លង​មួយ។

ការចាប់​ខ្លួន​នានា​ដែល​សហភាព​អឺរ៉ុប​បាន​លើកឡើង​មាន​ការចាប់ខ្លួន​អ្នកការពារ​សិទ្ធិ​មនុស្ស​ប្រាំ​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​យក​ទៅ​ដាក់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ហើយ​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគា​រយៈពេល​ប្រាំ​ឆ្នាំ​ប៉ុន្តែ​ទោស​នោះ​ត្រូវ​បាន​ព្យួរ។ ការចាប់​ខ្លួន​អ្នកស្រី​ទេព វន្នី​ សកម្មជន​ដីធ្លី ​និង​ការចាប់ខ្លួន​សកម្មជន​បរិស្ថាន​វ័យក្មេង​នៃ​ចលនា​មាតា​ធម្មជាតិ​ជាដើម។

សូម្បី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ហៅកាត់​ថា​ (NDI) ដែល​ផ្តល់​មូលនិធិ​ដោយសហរដ្ឋ​អាមេរិក​ដើម្បីជួយ​បណ្តុះ​បណ្តាលពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​ក៏​បានក្លាយ​ជា​ជនរង​គ្រោះ​នៃការបង្ក្រាប​ដែរ​ដោយសារតែ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ដំណើរការ​នៅ​ក្នុង​ប្រទេសកម្ពុជា​ទាំងស្រុងកាលពី​ខែសីហា​ឆ្នាំ២០១៧​ក្រោម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែនរដ្ឋាភិបាល។

ការជួបប្រជុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ត្រូវបាន​រឹតត្បិត​ជា​ជំហានៗ​ ដែល​ក្នុងនោះ​មាន​ការហាមឃាត់​មិន​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បង្កើត​វេទិការ​មួយ​ដែល​មាន​ឈ្មោះ​ថា ​«បន្ទប់​ស្ថានការណ៍‍»​ ដើម្បី​តាមដាន​មើល​ការបោះឆ្នោត​នៅ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ចាត់​ទុក​ថា ​«មិនបាន​បង្ហាញភាព​អព្យាក្រិត‍»​ ដែល​ច្បាប់​តម្រូវ​ទេ។ រីឯ​អង្គការ​សមធម៌​កម្ពុជា​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​រយៈពេល​៣០ថ្ងៃ​ដោយ​រង​ការចោទប្រកាន់​ថា​រំលោភ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សហភាព​អឺរ៉ុប​សន្និដ្ឋាន​ថាតាម​ការពិត​គឺ​ដោយសារតែអង្គការ​នេះ​បាន​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​ដោយ​សារ​ការបណ្តេញ​ចេញ​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​យក​ទៅដាំ​អំពៅ​ដើម្បី​ផលិត​ស្ករស​សម្រាប់​នាំ​ទៅ​សហភាព​អឺរ៉ុប។

ទន្ទឹម​នឹង​នោះ​អាជ្ញាធរ​កម្ពុជា​ក៏បង្កើន​ការតាមដាន​ឃ្លាំមើល​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិលដោយ​ប្រើប្រាស់​ប៉ូលិស​និង​ប៉ូលិស​សម្ងាត់​ដើម្បី​ ចូលរួម​ក្នុង​ពិធីប្រជុំ ការបណ្តុះ​បណ្តាល​ ការតវ៉ា​ និង​ការ​ជួបជុំ​អបអរសាទរ​របស់​ក្រុម​សង្គម​ស៊ីវិលហើយ​បាន​ថត​ផ្តិត​យក​សកម្មភាព​របស់ពួកគេ​និង​កត់ត្រា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នកចូលរួម​ជាដើម។

រីឯ​ការជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​កាលពីឆ្នាំ​២០១៨ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ជា​ច្រើនរយ​នាក់​ប្រដាប់​ដោយ​ឧបករណ៍​បង្ក្រាប​កុប្បកម្ម​ដាក់​ពង្រាយ​ជុំវិញ​ដែរ​ហើយ​សាលារាជធានី​ភ្នំពេញ​បាន​គំរាម​កំហែង​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​អ្នករៀបចំ​ដោយ​ហេតុផល​«សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ‍»។ នេះ​បើតាមរបាយការណ៍​របស់​សហភាព​អឺរ៉ុប។

លោក ​អំ សំអាត ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)បានយល់​ស្រប​នឹង​ការរកឃើញ​របស់​សហភាព​អឺរ៉ុប​ហើយ​ថា​ការធ្លាក់ចុះ​សិទ្ធិ​ជា​មូលដ្ឋាន​គឺ​មាននៅគ្រប់​ផ្នែក​ទាំងអស់​៖

«បើសិន​ជា​យើង​មើល​ទៅលើ​ចំណុច​ដែល​អង្គការ​លីកាដូ​បាន​រំលឹកឡើងវិញទាក់ទង​នឹង​ប្រាំ​ចំណុចគឺ​ទីមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ បញ្ហា​ទីពីរ​បញ្ហា​សិទ្ធិការងារ​ ចំណុច​ទីបី​គឺ​សិទ្ធិ​ពលរដ្ឋ​សិទ្ធិ​នយោបាយ ចំណុច​ទីបួន​សិទ្ធិសេរីភាព​ក្នុងការបញ្ចេញមតិ​ ហើយ​ចំណុច​ទីប្រាំ​គឺ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល… ​អីចឹង​ក្នុង​រយៈពេល​១០ឆ្នាំ កន្លង​មក​នេះ​យើង​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​គឺ​សិទ្ធិ​សេរីភាព​ទាំង​អស់​ហាក់​មានការ​ធ្លាក់ចុះ។ វាបោះ​ជំហានថយក្រោយ‍»។​

តាំងពី​ដើមខែ​កុម្ភៈមក​សហភាពអឺរ៉ុប​បាន​ដំណើរ​ការ​ព្យួរ​ឋានៈពន្ធអនុគ្រោះ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​ ហៅកាត់​ថា​ (EBA) ​ដោយ​សារតែ​មាន​ការចោទប្រកាន់​ថា​មានការរំលោភ​នឹង​លក្ខខណ្ឌនៃ​ការផ្តល់​ឋានៈអនុគ្រោះពន្ធនេះ។

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្ហាញ​ជំហរ​ការពារ​ចំណាត់ការក្នុងពេល​កន្លងមក​ផងដែរ ក្នុងនោះ​រួម​មានការ​ចាត់ទុកការបិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ថា​គឺជា​ «ការអនុវត្ត​របស់​អាជ្ញាធរ​និយ័តកម្ម​រដ្ឋាភិបាល​សុទ្ធសាធ‍» ​ដោយសារតែ​អង្គការ​ NDI ​មិន​បាន​គោរព​តាម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បកស្រាយថា​ការជួបជុំ​សាធារណៈរបស់​ក្រុម​សង្គមស៊ីវិល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​តែ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរមូលដ្ឋាន​ដើម្បី​ថែរក្សា​សន្តិសុខ​និង​សណ្តាប់​ធ្នាប់សាធារណៈ។ នេះ​បើតាម​របាយការណ៍ឆ្លើយតប​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះថ្ងៃទី​១២ខែ​សីហា​ទៅសហភាពអឺរ៉ុប។

រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​សិក្សា​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ស្នើ​សុំ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាលផងដែរ។

របាយការណ៍​របស់​សហភាពអឺរ៉ុប​បាន​បន្ថែម​ថា៖

«ក្នុងពេល​ដែល​មាន​ការប្រកាស​ពី​ការបើកចំហរ​ដើម្បី​ពិនិត្យ​មើលឡើងវិញ​នូវ​ច្បាប់ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​ការពិគ្រោះយោបល់​ជាមួយ​នឹង​សង្គមស៊ីវិល​កំពុង​ដំណើរការ​ហើយ​ការ​ណែនាំ​ទៅ​អាជ្ញាធរ​ខេត្ត​កំពុង​កើតមានឡើង​ឱ្យ​រៀបចំ​ការពិភាក្សា​ស្រដៀង​គ្នា​នេះ​ ក៏ក្របខណ្ឌច្បាប់​របស់​កម្ពុជា​ដែល​មាន​នៅ​ពេល​ចេញរបាយការណ៍​នេះ​ និង​សកម្មភាព​ផ្នែកយុត្តិធម៌​និង​កង្វះនៃ​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​សូម្បីតែ​សេចក្តី​ថ្លែងការណ៍​ដោយ​មន្ត្រី​រដ្ឋាភិបាល​មានប្រសិទ្ធភាព​ក្នុងការ​រឹតត្បិត​សិទ្ធិសេរីភាព​សមាគម​និង​ការជួបជុំ​ដោយ​សន្តិវិធី‍»។

លោក​ ណុំ ពិសិដ្ឋ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ នៅ​សហភាពអឺរ៉ុប​បាន​បញ្ជាក់​ប្រាប់​អង្គ​សវនាការ​មួយរបស់​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សភា​សហភាពអឺរ៉ុប​កាលពី​សប្តាហ៍មុន​ថាដំណើរ​ការធ្វើ​វិសោធ​នកម្ម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កំពុង​តែ​ដំណើរការទៅមុខ៖

«លើច្បាប់ស្តីពី​អង្គការ​សង្គម​ស៊ីវិល​ រដ្ឋាភិបាល​បានរៀបចំ​វេទិកា​ពីរលើក។ វេទិការ​មួយ​ដែល​ជា​លើក​ទីបីបាន​រៀបចំឡើង​កាលពីពេល​ថ្មីៗនេះ​។ យើង​ទទួលបាន​សំណើចំនួន​១៧​ពី​សង្គម​ស៊ីវិល​ឱ្យ​កែលម្អ​ច្បាប់ស្តីពីសមាគម​និង​អង្គការ​មិនមែនរដ្ឋាភិបាល​។ ដូច្នេះ​ការពិគ្រោះយោបល់​ជាមួយ​នឹង​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើង​ដល់​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល‍»។

គណបក្ស​សង្គ្រោះជាតិដែល​ត្រូវតុលាការ​កម្ពុជា​រំលាយបាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កាត្វកិច្ច​ជាអន្តរជាតិ​របស់​ខ្លួនហើយ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួមទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្តារ​ការគោរពសិទ្ធិ​មនុស្សនិង​លទ្ធិប្រជាធិបតេយ្យ​។​

គណបក្ស​សង្គ្រោះជាតិបានបញ្ជាក់​បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​អបអរ​សាទរ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ថា៖

«ដោយសារតែ​បញ្ហា​នៃការរំលោភបំពាន​សិទ្ធិ​មនុស្ស​នៅ កម្ពុជា​បាន​និងកំពុងតែ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់និងធ្ងន់ធ្ងរទៅៗ​ជាហេតុបណ្តាល​ឱ្យ​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​គំរាមដក​ឬព្យួរ​ឋានៈអនុគ្រោះពន្ធ​ EBA ​និង​ GSP ​ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជាប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ព្រមទាំងធ្វើ​ឱ្យ​កម្មករ​កម្មការិនី​ខ្មែរ​រាប់​សែន​នាក់​ប្រឈមនឹង​ការបាត់បង់​ការងារ​និង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាននាក់‍»។

លោក ជុំ ហួរ ដែលជា​សកម្មជន​យុវជន​ការពារ​បរិស្ថាន​និង​ស្រាវជ្រាវ​ពី​សង្គម​កម្ពុជា​បាន​ជាប់​ពន្ធនាគារជាង​៤ខែដោយ​គ្រាន់តែ​រៀបចំពិធីរំលឹក​ដល់លោកបណ្ឌិត​ កែម ឡី អតីត​អ្នកវិភាគ​នយោបាយ​និង​សង្គម​ ​និង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅប្រព័ន្ធបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​ទាមទារ​មិន​ឱ្យ​សម្លាប់មនុស្ស​ក្រៅប្រព័ន្ធ​ប៉ុន្តែ​យើង​មិន​បាន​ចោទ​រដ្ឋាភិបាល​ថា​សម្លាប់​អ្នកណា​ទេ​ គ្រាន់តែ​ទាមទារយុត្តិធម៌​មិន​ឱ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​។ ហេតុអី​បាន​ជាត្រូវ​ចាប់​ដាក់​គុករយៈពេលបួនខែ។ បើ​យើង​មើល​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​គឺ​អត់មានចែងថា​ចាប់​ដាក់គុក​ទេ​ប៉ុន្តែ​យើងមានច្បាប់មួយទៀត​គឺ​ច្បាប់​នីតិមាត់ គឺមិនប្រើច្បាប់​នីតិរដ្ឋ​ធម្មនុញ្ញទេ​ ហើយ​បើ​គិត​ថា​បុគ្គលហ្នឹង​ប្រឆាំង​គឺចាប់ដាក់គុក។ អីចឹង​វា​អយុត្តិធម៌​ខ្លាំងណាស់​ដល់​យើង​ជា​សកម្មជន‍»។​

លោក អំ សំអាត ​នៃ​អង្គការ​លីកាដូ យល់​ថា​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​គោរពតាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​នានា​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​យល់ព្រម៖​

«បើសិនជាយើងគិត​អំពីផលប្រយោជន៍​នយោបាយ​ធំជាង​ឧត្តម​ប្រយោជន៍​ជាតិ​ ឧត្តម​ប្រយោជន៍​នោះ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​សិទ្ធិ​ដែល​បាន​លើកឡើង​នឹង​ត្រូវ​រួមហើយ​ អីចឹង​អាច​គេមើលឃើញ​ថា​មានការរឹតត្បិត​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ អីចឹង​កម្ពុជា​ត្រូវតែមានការកែលម្អឡើងវិញ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​ដែល​គេ​ឱ្យ​យើង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និងសិទ្ធិ​ម​នុស្ស​ឡើងវិញ‍»។​

រដ្ឋាភិបាល​កម្ពុជា​មាន​ពេល​រហូតដល់ថ្ងៃទី​១២ខែ​ធ្នូនេះ​ដើម្បី​ឆ្លើយ​តប​នឹង​ការរកឃើញ​របស់​សហភាព​អឺរ៉ុប​នៅ​លើ​ផ្នែក​សិទ្ធិសេរីភាពសមាគម​និង​ការជួបជុំ​នេះ​ក៏ដូច​ជាកង្វល់​លើ​បញ្ហា​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ សិទ្ធិ​ការងារ សិទ្ធិដីធ្លី​និង​លំនៅដ្ឋាន និង​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​។

សហភាព​អឺរ៉ុប​នឹងសម្រេច​ចុងក្រោយ​នៅថ្ងៃទី​១២ខែ​កុម្ភៈ​ឆ្នាំ​២០២០ ​លើ​ជោគវាសនា​នៃ​ឋានៈ​អនុគ្រោះពន្ធ​ EBA ៕

What Next?

Recent Articles