ពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​ខេត្ត​កំពត​បាត់បង់​មុខ​របរ​នេសាទ​ត្រី ដោយសារ​ក្រុមហ៊ុន ទ្រី ភាព ចាក់​ដី​លុប​សមុទ្រ

ដោយ ជាតិ ចំណាន
2020-01-15
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្លោងទ្វារ​ចូល​ក្រុមហ៊ុន​ ទ្រី ភាព នៅ​ខេត្ត​កំពត។

ខ្លោងទ្វារ​ចូល​ក្រុមហ៊ុន​ ទ្រី ភាព នៅ​ខេត្ត​កំពត។

 រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ រស់នៅ​ឃុំ​ព្រែកត្នោត​ ស្រុក​ទឹកឈូ ខេត្ត​កំពត ត្អូញត្អែរ​ពី​ការបាត់បង់​មុខ​របរ​នេសាទ​លក្ខណៈ​គ្រួសារ​ដើម្បី​ចិញ្ចឹមជីវិត​ បន្ទាប់ពី​ក្រុមហ៊ុន​ ទ្រី​ ភាព​ (TRY​ PHEAP​ GROUP​ CO​,.LTD) ចាក់​ដី​លុប​ច្រាំង​សមុទ្រ​ប្រវែង​ប្រមាណ​ ២គី​ឡួ​ម៉ែត្រ​ និង​ជម្រៅ​ចូល​ក្នុង​សមុទ្រ​ជាង​ ៣គីឡូម៉ែត្រ​ ដើម្បី​ធ្វើអាជីវកម្ម។ អ្នកភូមិ​ថា​ ព្រៃ​កោងកាង​ ដែល​ជា​ជម្រក​ត្រី​ពង​កូន​ តាម​បណ្ដោយ​ច្រាំង​សមុទ្រ​ប្រវែង​ជាង​ ២គីឡូម៉ែត្រ​ ត្រូវ​បាន​ក្រុមហ៊ុន​បំផ្លាញ​អស់​ទាំង​ស្រុង​ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ រស់នៅ​ ឃុំ​ព្រែកត្នោត​ ស្រុក​ទឹកឈូ​ បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ ពី​ការ​ធ្លាក់​ចុះ​ផល​នេសាទ និង​ជីវភាព​គ្រួសារ​ និង​បាត់បង់​ទីកន្លែង​នេសាទ​ត្រី សម្រាប់​ចិញ្ចឹមជីវិត​លក្ខណៈ​គ្រួសារ​ បន្ទាប់ពី​ក្រុមហ៊ុន ទ្រី ភាព ចាក់​ដី​លុប​ច្រាំង​សមុទ្រ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧​ រហូត​មកទល់​ពេលនេះ ដែល​បង្ក​ឱ្យ​បាត់បង់​ព្រៃ​កោងកាង​ទាំង​ស្រុង។

ពលរដ្ឋ​រស់នៅ​ភូ​មិច​ង្ហោន​ ឃុំ​ព្រែកត្នោត​ ថ្លែង​សុំ​លាក់​ឈ្មោះ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ មករា​ថា​  ​កាលពី​មិន​ទាន់​មាន​វត្តមាន​ក្រុម​ហ៊ុន​ទ្រី​ភាព​ គ្រួសារ​លោក​អាច​នេសាទ​ត្រី​តាម​ច្រាំង​សមុទ្រ​រក​ប្រាក់​ចំណូល​ចាប់​ពី​ ៣ម៉ឺន ដល់ ១០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ ពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​បាត់បង់​មុខ​របប​នេះ​ និង​គ្មាន​ទីកន្លែង​នេសាទ​ត្រី​ទៀត​ទេ៖ «ព្រៃ​កោងកាង​កាលពី​មុន​ច្រើន​ពី​ណា​កាប់​អត់​បាន​ទេ សុទ្ធ​តែ​ចង់​ចាប់ ដល់​ពេល​គេ​ចាក់​ដី​លុប​អត់​មាន​ពី​ណា​ឮ​មាត់។ ប៉ះពាល់​ខ្លាំង​ណាស់ ធ្វើ​បាប​ប្រជាជន​ខ្លាំង​ណាស់។ កាល​មុន​យើង​ចុះ​សមុទ្រ​បាន តែ​ដល់​ឥឡូវ​យើង​ចុះ​ម៉េច​បានបើ​គេ​ចាក់​ដី​អស់​ហើយ។ កាល​មុន​យើង​នេសាទ រុញ​ឈឹប​អីយើង​មាន​ទឹក​រាក់​រុញ ដល់​ឥឡូវ​គេ​ចាក់​ទឹក​ពេញ​អស់​ហើយ រុញ​ម៉េច​កើត។ មាន​តែ​គន្លង​រុញ​អត់​កើត​ផង។ បារម្ភ​ខ្លាំង​ដែល​យូរ​អស់​ផ្លូវ​ដើរ​សមុទ្រ បារម្ភ​ខ្លាំង​ដែរ»

បុរស​ដដែល​បន្ថែម​ថា​ អ្នកភូមិ​ភាគ​ច្រើន​ មិន​ហ៊ាន​ងើប​តវ៉ា​ ប្រឆាំង​ក្រុមហ៊ុន​នោះ​ទេ​ ព្រោះ​ខ្លាចក្រែង​អាជ្ញាធរ​ធ្វើទុក្ខ​បុក​ម្នេញ​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​ យក​ច្រាំង​សមុទ្រ​ប្រវែង​ ២គីឡូម៉ែត្រ​ និង​ហាម​អ្នកភូមិ​មិន​ឱ្យ​ចេញចូល​តំបន់​នោះ​ទៀត​ផង៖ «ពលរដ្ឋ​ដើរ​ធ្វើ​ខ្ញុំ​គេ ខ្លះ​ដើរ​ចោល​ផ្ទះ​ចោល​សម្បែង។ រាប់​ពាន់​គ្រួសារ មិន​មែន​រាប់​រយ​ទេ។ និយាយ​ទៅ មួយ​ចំហៀង​ឃុំ​ហ្មង​រក​ស៊ី​សមុទ្រ​ពលរដ្ឋ»

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​ តំណាង​ក្រុមហ៊ុន ទ្រី ភាព គ្រូប (TRY​ PHEAP​ GROUP​ CO​,.LTD) ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ មករា​ថា។

ចំណែក​មេឃុំ​ព្រែកត្នោត​ លោក​ គង់​ ប៊ុ​នរា​ អភិបាលស្រុក​ទឹកឈូ​ លោក​ នាក់​ សុវណ្ណារី និង​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ​ ដោយសារ​ពួក​លោក​មិន​ទទួល​ទូរស័ព្ទ។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ សកម្មភាព​ចាក់​ដី​លុប​ច្រាំង​សមុទ្រ​ របស់​ក្រុមហ៊ុន​ ទ្រី​ ភាព​ ឋិត​ក្នុង​ភាព​អាថ៌កំបាំង​ និង​មាន​ចំណុច​សង្ស័យ​ច្រើន​ ព្រោះ​អាជ្ញាធរ​ និង​ក្រុមហ៊ុន​មិន​បាន​ផ្សព្វផ្សាយ​ ពី​គម្រោង​វិនិយោគ​ និង​បង្ហាញ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​ថា​ ក្រុមហ៊ុន​បាន​ពង្រាយ​សន្តិសុខ​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឱ្យ​មនុស្ស​ប្លែក​មុខ​ចេញចូល​ និង​ហាម​មិន​ថតរូប​ភាព។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កំពត​ លោក យន់ ផល្លី ថ្លែង​ថា​ វត្តមាន​ក្រុមហ៊ុន​នេះ​ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ រស់​នៅ​ឃុំ​ព្រែក​ត្នោត​បាត់បង់​មុខ​របរ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត​ ហើយ​បង្ខំចិត្ត​ធ្វើ​ការ​សំណង់​ជំនួស និង​មាន​អ្នកភូមិ​ខ្លះ​ទៀត​ធ្វើ​ចំណាកស្រុក។ លោក​ថា នៅ​ពេល​ដែល​ពលរដ្ឋ​បាត់បង់​ទី​កន្លែង​នេសាទ​ ជីវភាព​គ្រួសារ​របស់​ពួកគេ​ធ្លាក់​ចុះ​ខ្លាំង៖ «ក្រុមហ៊ុន​គាត់​បាន​លុប​កន្លែង​ឆ្នេរ​ទឹក​រាក់ អ៊ីចឹង​អាជីវកម្ម​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ ត្រូវ​បាន​បាត់បង់ ហើយ​ជីវភាព​របស់​ពលរដ្ឋ​ក៏​មាន​ភាព​ក្រ​ខ្សត់​ដែរ ដោយ​សារ​តែ​ពួក​គាត់​មិន​បាន​ប្រកប​អាជីវកម្ម​លក្ខណៈ​គ្រួសារ​របស់​គាត់ នៅ​តំបន់​ឆ្នេរ​ទឹក​រាក់​នោះ​បាទ»

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែន​ករុណា បង្ហាញ​ការ​សោក​ស្ដាយ​ការបាត់បង់​ធនធាន​ធម្មជាតិ​ដ៏​ធំ​សម្បើម​នេះ​ ហើយ​លោក​មាន​មន្ទិល​លើ​គម្រោង​វិនិយោគ​នេះ​ថា តើ​ច្រាំង​សមុទ្រ​ដែល​ក្រុមហ៊ុន​ចាក់​ដី​លុប​នោះ​ រដ្ឋាភិបាល​បាន​ធ្វើ​អនុប្បយោគ​ត្រឹមត្រូវ​តាម​ច្បាប់ ឬ​យ៉ាងណា​ទេ? ទន្ទឹម​នឹង​នេះ​លោក​ថា​ប្រសិនបើ​ ក្រុមហ៊ុន​ហាម​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​តំបន់​នោះ​ គឺជា​សញ្ញា​បង្ហាញ​ពី​ក​ត្តា​ខ្វះ​តម្លាភាព​ ទាក់ទិន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​ ហើយ​អាជ្ញាធរ​ជំនាញ​ត្រូវ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ៖ «យើង​មិន​ដឹង​ថា តើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​រឿង​ហ្នឹង បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​ភាព​ស្រប​ច្បាប់ នៃ​ការ​វិនិយោគ​ហ្នឹង​បាន​ត្រឹម​ត្រូវ ឬ​នៅមិន​ដឹង​ថា តើ​គេ​មាន​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​បរិស្ថាន ការ​វិនិយោគ​ហ្នឹង មុន​ការ​វិនិយោគ ហើយ​ផល​ប៉ះពាល់​លើ​សង្គម​នៅ​ក្នុង​តំបន់​ហ្នឹង បាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ឬ​នៅ ទៅ​តាម​ផ្លូវ​ច្បាប់​របស់​កម្ពុជា​យើង

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា​ បើសិនជា​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ មិន​គួរ​លាក់បាំង​ និង​រឹតត្បិត​ពលរដ្ឋ​មូលដ្ឋាន​មិន​ឱ្យ​ចេញចូល​តំបន់​នោះ​ទេ​។ លោក​ចង់​ឱ្យ​អាជ្ញាធរ​បំភ្លឺ​ករណី​នេះ​ និង​បង្ហាញ​ជា​សាធារណៈ៕

(អគារ​ក្រុមហ៊ុន​ប្រេង​របស់​ឧកញ៉ា ទ្រី ភាព ឈ្មោះ ប៉ាប៉ា ប៉េត្រូលៀម (PA PA Petroleum) នៅ​ភូមិ​ចង្ហោន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ខេត្ត​កំពត)


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles