មេធាវី​រដ្ឋាភិបាល​ថា​មាន​ភស្តុតាង​ច្រើន ក្រោយ​លោក កឹម សុខា ​បដិសេធ​បទ​ចោទ

នយោបាយ
15 មករា 2020
សុខ ខេមរា
វីអូអេខ្មែរ

លោក គី តិច មេធាវីតំណាងរដ្ឋាភិបាល ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយចេញពីសវនាការជំនុំ​ជម្រះ​លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
លោក គី តិច មេធាវីតំណាងរដ្ឋាភិបាល ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយចេញពីសវនាការជំនុំ​ជម្រះ​លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

ការ​ថ្លែង​នេះ​ ធ្វើ​ឡើង ក្រោយ​ពី​​មេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក កឹម សុខា លើកឡើង​ថា​ភស្តុតាង​ដាក់​បន្ទុក​លើ​កូន​ក្ដី​របស់​ខ្លួន គឺ​មាន​តែ​វីដេអូ​កាត់​ត​មួយ​ប៉ុណ្ណោះ។​វ៉ាស៊ីនតោន — 

មេធាវី​របស់​រដ្ឋាភិបាល​គឺ​លោក គី តិច បាន​ថ្លែង​ភ្លាមៗ​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ក្រៅ​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មាន​ភស្តុតាង​ច្រើន​ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា ក្នុង​ពេល​ដែល​លោក​ កឹម សុខា បង្ហោះ​សារ​តាម​ហ្វេសប៊ុក បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​សន្ទិដ្ឋិភាព​ឬ​រួមគំនិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បញ្ជាក់​ថា៖ «ជា​ធម្មតា​ទេ​ ជន​ជាប់​ចោទ​គ្រប់​រូប​តែងតែ​បដិសេធ អះអាង​ថា​ខ្លួន​គ្មាន​កំហុស ប៉ុន្តែ​ខាង​យើង​ខ្ញុំ​ក៏ដូចជា​តំណាង​អយ្យការ​មាន​ភស្តុតាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​បញ្ជាក់​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​បាន​ដឹង​ថា​កំហុស​និង​អំពើ​ប្រព្រឹត្ត​របស់ កឹម សុខា​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ផ្លូវ​ច្បាប់​កម្រិត​ណា‍»។

ការ​ថ្លែង​នេះ​ ធ្វើ​ឡើង ក្រោយ​ពីមេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក កឹម សុខា លើកឡើង​ថា​ភស្តុតាង​ដាក់​បន្ទុក​លើ​កូន​ក្ដី​របស់​ខ្លួន គឺ​មាន​តែ​វីដេអូ​កាត់​ត​មួយ​ប៉ុណ្ណោះ។​

លោក​ គី តិច បាន​បន្ថែម​ថា៖ «ព្រឹកមិញ​ខ្ញុំ​សូម​បញ្ជាក់​ថា ​គ្រាន់តែ​ភស្តុតាង​ដើម្បី​បញ្ជាក់​អំពី​បញ្ហា​ហ្នឹង មាន​ពីរ​វ៉ាលី​ធំៗ និង​មាន​កាតាប​ឬ​ប្រហែល​ជា​ម្នាក់​ពីរ គឺថា​បើ​និយាយ​អំពី​ភស្តុតាង​នេះ​គឺ​ថា​ដឹក​គូថ​ឡាន​តែ​ម្តង។ ភស្តុតាង​នេះ​គឺ​ថា​យើង​នឹង​តតាំង បង្ហាញ​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ​ ដើម្បី​ឲ្យ​ការសម្រេច​ផ្ដល់​យុត្តិធម៌​ដល់​គូ​ភាគី‍»។

លោក​មិន​បាន​បញ្ជាក់​ថា​តើ​ភស្តុតាង​ទាំង​នោះ​ជា​អ្វី​ខ្លះ​ទេ ដោយ​អះអាង​ថា ​នេះ​ជា​ការសម្ងាត់​របស់​មេធាវី។ ប៉ុន្តែ​នៅ​ក្នុង​សវនាការ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ មាន​ការ​ចាប់ផ្ដើម​បង្ហាញ​ភស្តុតាង​ដំបូង​ដែល​ជា​វីដេអូ​ជាង​២នាទី ដែល​លោក កឹម សុខា​បដិសេធ​ថា​មិនមែន​ជា​វីដេអូ​របស់​លោក ដោយសារ​តែ​ជា​វីដេអូ«កាត់ត‍»។

លោក កឹម សុខា បាន​ស្នើ​សុំ​ឲ្យ​បង្ហាញ​ភស្តុតាង​ដែល​ជា​វីដេអូ​រយៈពេល​ជាង​១ម៉ោង​របស់​លោក ដែល​ត្រូវ​ពិនិត្យ​សម្រេច​និង​ត្រួតពិនិត្យ​មើល​នៅ​សប្ដាហ៍​ក្រោយ។ ក្រៅពីនោះ​ មាន​ការ​បង្ហាញ​សាក្សី​ចំនួន​១២​នាក់​ដែល​មាន​វត្តមាន​ផងដែរ ក្នុង​ចំណោម​សាក្សី​ជិត​៣០​នាក់​ដែល​តុលាការ​បាន​កោះហៅ។

សាក្សី​ខ្លះ​ បាន​បញ្ជាក់​ថា​ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នេះ ហើយ​បដិសេធ​មិន​ចូលរួម​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ​ទៀត លោក​មេធាវី គី​ តិច បាន​បញ្ជាក់​ពី​ការ​ពាក់ព័ន្ធ​នឹង​អង្គការ​និង​ប្រទេស​ចំនួន​៩ ដែល​លោក បាន​ស្នើ​សុំ​ឲ្យ​តុលាការ​តាំង​ជា​អក្សរ​ដោយ​មិន​ប្រើ​ឈ្មោះ​ប្រទេស​ទាំង​នោះ ក្នុង​គោលបំណង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​បរទេស។

ប្រទេស​ទាំង​៩​នោះ​រួម​មាន​ឥណ្ឌូនេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សហភាព​អឺរ៉ុប តៃវ៉ាន់ និង​ឥណ្ឌា។

ដំណាល​គ្នា​ពេលកំពុង​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នេះ ហ្វេសប៊ុក​របស់​លោក កឹម សុខា មាន​ការ​បង្ហោះ​សារ​ថា៖ «ខ្ញុំ​បដិសេធ​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លាន​ពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ»។

លោក​អះអាង​ថា​រាល់​សកម្មភាព​របស់​លោក​មិន​បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ឡើយ តែ​ផ្ដោត​លើ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋ​អាមេរិក បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា រួម​ទាំង​លោក ចាន់ ចេន​ នៅ​តែ​ទទូច​ថា​សំណុំ​រឿង​លោក កឹម សុខា ជា​រឿង​នយោបាយ ដែល​គួរ​ត្រូវ​ដោះស្រាយ​តាមរយៈ​នយោបាយ​ផង​ដែរ។

​តែ​មេធាវី​រដ្ឋាភិបាល​លើក​ហេតុ​ផល​ថា​នេះ​ជា​រឿង​ព្រហ្មទណ្ឌ​ដែល​តុលាការ​កំពុង​ដំណើរការ​នីតិវិធី។

សវនាការ​ថ្ងៃ​ទី​១លើ​សំណុំ​រឿង​លោក ​កឹម សុខា ​ដើម្បី​សម្រេច​ថា​លោក​មានទោស​ឬ​អត់​នោះ ​គឺ​កើត​ឡើង​ក្រោយ​រយៈពេល​ជាង​២ឆ្នាំ​នៃ​ការ​ឃុំខ្លួន​លោក។ សវនាការ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មានការ​ចូលរួម​ពី​អ្នក​ឃ្លាំមើល​ជាច្រើន​រួម​ទាំង​អ្នក​ការ​ទូត​បរទេស​នានា​ដូចជា​មន្ត្រី​ទូត​អាមេរិក និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​ក្នុង​បន្ទប់​សវនាការ​ដែល​មន្ត្រី​តុលាការ​អះអាង​ថា​អាច​ដាក់​មនុស្ស​បាន​តែ​៣០នាក់​នោះ​ ក្នុង​ពេល​អាជ្ញាធរ​រៀបចំ​ការពារ​សន្តិសុខ​តឹងរ៉ឹង​សម្រាប់​ការ​ជំនុំជម្រះក្ដី​នេះ។

សវនាការ​ដំបូង​ដែល​លោក កូយ សៅ ជា​ប្រធាន​អង្គ​ជំនុំជម្រះ​នេះ​ មាន​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៦​ខែ​មករា។​ មន្ត្រី​តុលាការ​អះអាង​ថា សវនាការ​នេះ គ្រោង​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្នុង​១សប្តាហ៍​ និង​អាច​បន្ត​រហូត​ដល់​៣​ខែ​ទៅ​មុខ​ទៀត៕

What Next?

Recent Articles

2 Responses to "មេធាវី​រដ្ឋាភិបាល​ថា​មាន​ភស្តុតាង​ច្រើន ក្រោយ​លោក កឹម សុខា ​បដិសេធ​បទ​ចោទ"

  1. Anonymous says:

    To be fair Hun Sen court has to bring in those 9 counties to be witnesses and conduct hearings for public to hear but not behind closed doors. Fake or fabricated evidence is a crime!!!

  2. Anonymous says:

    Mr Ky Tech, you have to work harder to convict Mr Kem Sokha otherwise Mr Hun Sen will lock you up or strip your job but don’t forget someone is watching you, documents what you are doing and don’t forget karma is the rule of universe that always follows you like a shadow.

Leave a Reply

Submit Comment