រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រុះរើ​តូប​អាជីវ​ករ​លក់​ដូរ​តាម​ឆ្នេរ​អូរ​ត្រេះ

ដោយ អាស៊ីសេរី
2020-01-15
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តូប​អាជីវករ​លក់​ដូរ​តាម​ឆ្នេរ​អូរ​ត្រេះ១ និង​អូរ​ត្រេះ២ ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ត្រូវ​អាជ្ញាធរ​ឈូស​កម្ទេច​អស់ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០។

តូប​អាជីវករ​លក់​ដូរ​តាម​ឆ្នេរ​អូរ​ត្រេះ១ និង​អូរ​ត្រេះ២ ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ត្រូវ​អាជ្ញាធរ​ឈូស​កម្ទេច​អស់ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​រុះរើ​តូប​អាជីវករ​លក់​ដូរ​តាម​ឆ្នេរ​អូរ​ត្រេះ១ និង​អូរ​ត្រេះ២ ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​អស់ នៅ​ថ្ងៃ​ទី១៥ ខែ​មករា។ ក្រុម​អាជីវករ​នៅ​រក្សា​ការ​ទាមទារ បើ​ទោះ​ជា​តូប​របស់​ពួក​គាត់​ទាំង ៦២តូប ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រុះរើ​ឈូស​កម្ទេច​អស់​ក៏​ដោយ។

តំណាង​អាជីវករ​ម្នាក់ លោក ឯក វិធាន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​ពលរដ្ឋ​បាន​ត្រឹម​តែ​ឈរ​ឱប​ដៃ​មើល​ក្រុម​សមត្ថកិច្ច និង​គ្រឿងចក្រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រុះរើ​ឈូស​កម្ទេច​តូប​របស់​ពួក​គាត់​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ការ​រុះរើ​នេះ​ថា ជា​អំពើ​ផ្ដាច់​ការ និង​សាហាវ ចំពោះ​ពលរដ្ឋ​ខ្លួន​ឯង ដែល​សង្គម​សន្តិភាព​មិន​គួរ​កើត​មាន​អំពើ​បែប​នេះ​ទេ៖ «សកម្មភាព​បែប​នេះ​គឺ សាហាវ ពិត​ជា​សាហាវ​ឃោរឃៅ​ណាស់​ចំពោះ​អាជីវករ ប្រទេស​មាន​សន្តិភាព​យើង​គួរ​និយាយ​គ្នា»។

តំណាង​ក្រុម​អាជីវករ​ម្នាក់​ទៀត លោកស្រី ជា សុវណ្ណ យល់ថា នេះ​ជា​រឿង​អយុត្តិធម៌ ចំពោះ​ក្រុម​អាជីវករ ព្រោះ​អាជ្ញាធរ​មិន​បាន​ផ្ដល់​សំណង​អ្វី​ទាំង​អស់​ដល់​ពលរដ្ឋ។ លោក​ស្រី​រម្លឹក​ថា លោកស្រី​បាន​ចំណាយ​លុយ​ទិញ​ដី​នៅ​ទី​នេះ​ជាង​ប្រាំ​ម៉ឺន​ដុល្លារ ហើយ​លោក​ស្រី​ទើប​កែប្រែ​ហាង​របស់​ខ្លួន​អស់​លុយ​ជាង​មួយ​ម៉ឺន​ដុល្លារ​ថែម​ទៀត ប៉ុន្តែ​មិន​ទាន់​បាន​លក់​ដូរ​ស្រួលបួល​ផង ក៏​ត្រូវ​សមត្ថកិច្ច​រុះរើ​អស់៖ «គេ​ពលរដ្ឋ​រក​ស៊ី​យូរ​ហើយ​គួរ​តែ​សង​រដ្ឋ​វិញ ហើយ​ពាក្យ​គាត់​និយាយ​អ៊ីចឹង​មិន​សម​ទេ បើ​គាត់​មិន​ឲ្យ​យើង​មក​រស់​នៅ​រក​ស៊ី​ពី​មុន​មក​ក៏​យើង​អត់​មាន​បើក​រក​ស៊ី​ដែរ»។

អាជីវករ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា លោកស្រី​ទទួល​ដំណឹង​ថា មាន​ឈ្មួញ​ចិន​បាន​ទិញ​តំបន់​ឆ្នេរ​អូរ​ត្រេះ​នេះ ទើប​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​បែប​នេះ។ លោកស្រី ជា សុវណ្ណ យល់ថា ប្រសិន​បើ​មាន​ករណី​នេះ​មែន គឺ​ជា​រឿង​អយុត្តិធម៌​បំផុត ដែល​អាជ្ញាធរ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ។

រី​ឯ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ លោក ឃាង ភារម្យ បញ្ជាក់​ថា មុន​ពេល​ឈាន​ដល់​ការ​រុះរើ​នេះ រដ្ឋបាល​ខេត្ត​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​បាន​ដឹង និង​ត្រៀម​ខ្លួន​រុះរើ​ជា​ច្រើន​ដង​ហើយ។ លោក​ថា ការ​រុះរើ​នេះ គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ កែ​លម្អ​សោភ័ណភាព​ឆ្នេរ រក្សា​ទុក​ជា​ឆ្នេរ​សាធារណៈ។ លោក​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​គ្មាន​គម្រោង​ផ្ដល់​សំណង​ណាមួយ​ឲ្យ​ក្រុម​អាជីវករ​នោះ​ទេ ព្រោះ​ដី​ឆ្នេរ​នេះ​ជា​ដី​របស់​រដ្ឋ។ អ្នក​នាំ​ពាក្យ​លើក​ឡើង​ថា គ្មាន​ករណី​លក់ ឬ​ជួល​ដី​ឆ្នេរ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ ដើម្បី​ធ្វើ​អាជីវកម្ម​នោះ​ឡើយ៖«មាន​ការ​អនុគ្រោះ​កន្លង​មក ប៉ុន្តែ​ដល់​ពេល​ដែល​រដ្ឋ​ត្រូវ​ការ​ទីតាំង​ហ្នឹង​ធ្វើ​ការ​អភិវឌ្ឍ យើង​ត្រូវ​ដឹង​ថា ឆ្នេរ​ខ្សាច់​របស់​យើង​ជាប់​ជា​ឆ្នេរ​ស្អាត​ក្នុង​ពិភព​លោក​សមាជិក​ឆ្នេរ​ស្អាត។ អ៊ីចឹង​ហើយ​បើ​យើង​នៅ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​ហូប​ចុក ការ​រស់​នៅ ការ​បន្ទោរ​បង់ ការ​បង្ហូរ​ទឹក​កខ្វក់​លើ​ឆ្នេរ​បន្ត​ទៅ​ទៀត​ប្រាកដ​ណាស់​ឆ្នេរ​របស់​យើង គឺ​មិន​អាច​ធានា​បាន​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី ជៀប សុធារី​ បង្ហាញ​ការ​សោក​ស្ដាយ ចំពោះ​ការ​រុះរើ​តូប​របស់​ពលរដ្ឋ ដោយ​គ្មាន​ការ​ផ្ដល់​សំណង​បែប​នេះ។ អ្នកស្រី​សង្កេត​ឃើញ​ថា ក្រុម​អាជីវករ​មាន​ជំហរ​ក្នុង​ការ​កែប្រែ​ស្ថានភាព​តូប​របស់​ពួកគេ​តាម​ស្តង់ដារ​អនាម័យ និង​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​បាន​ស្ដាប់​តាម​សំណើ​របស់​ពលរដ្ឋ​នោះ​ទេ៖ «ពិត​ជា​សោក​ស្ដាយ​មែន​ទេ ហើយ​យើង​មាន​ការ​អាណិត​អាសូរ​ដល់​អាជីវករ​ទាំង​ហ្នឹង ដែល​គាត់​បាន​ចំណាយ​លុយ​ជា​ច្រើន អ្នក​ខ្លះ​ទៀត​ទិញ​ក្នុង​តម្លៃ ៥ម៉ឺន​ដុល្លារ ៦ម៉ឺន​ដុល្លារ ដែល​គាត់​លក់​ដូរ​ដីធ្លី ផ្ទះ​សម្បែង​របស់​គាត់​យក​មក​ចាប់​ផ្ដើម​រក​ស៊ី​នៅ​ទីនេះ ហើយ​ដល់​សម្រេច​សម្រួល​ត្រូវ​បាន​រុះរើ​ចោល​អត់​ទទួល​បាន​សំណង​អ្វី​ទាំង​អស់»។

ក្រុម​អាជីវករ​បាន​ទៅ​លក់​នៅ​ទី​នោះ​ជិត​ម្ភៃ​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក ស្បោង សារ៉ាត់ ដែល​កាល​ណោះ​លោក​ធ្វើ​ជា​អភិបាល​ខេត្ត។ ពួកគេ​គាត់​ឲ្យ​ដឹង​ទៀត​ថា អាជីវករ​ម្នាក់ៗ ចំណាយ​ថវិកា​យ៉ាង​តិច​ជាង ១០ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​តូប​លក់​ដូរ​នៅ​ទី​នេះ ហើយ​ភាគ​ច្រើន គឺ​អាជីវករ​ខ្ចី​លុយ​ពី​ធនាគារ។

អ្នកស្រី ជៀប សុធារី បារម្ភ​ថា​ អាជ្ញាធរ​ខេត្ត​អាច​នឹង​យក​ឆ្នេរ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ឈ្មួញ​ចិន ដើម្បី​វិនិយោគ ព្រោះ​អ្នកស្រី​សង្កេត​ឃើញ​ថា កាល​ពី​អំឡុង​ឆ្នាំ២០១៧ និងឆ្នាំ២០១៨ អាជ្ញាធរ​ធ្លាប់​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​ឆ្នេរ ដើម្បី​រៀបចំ​សួន​ច្បារ ប៉ុន្តែ​ក្រោយ​មក​រដ្ឋាភិបាល​ប្តូរ​យក​ឆ្នេរ​នោះ​ទៅ​វិនិយោគ​ឲ្យ​ឈ្មួញ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles