សង្គម​ស៊ីវិល​ស្នើ​​តុលាការ​អនុញ្ញាត​មន្ត្រី​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​តាម​ដាន​សវនាការ​លោក កឹម សុខា

សិទ្ធិ​មនុស្ស
16 មករា 2020
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ទិដ្ឋភាព​ពីមុខ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ ដែល​មាន​ការ​ការពារ​សន្តិសុខ​តឹងរ៉ឹង។ (ទុំ ម្លិះ/VOA)
ទិដ្ឋភាព​ពីមុខ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ ដែល​មាន​ការ​ការពារ​សន្តិសុខ​តឹងរ៉ឹង។ (ទុំ ម្លិះ/VOA)

ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​​រួម​ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​នេះ​ថា សវនាការ​លើ​លោក កឹម សុខា មិន​មាន​សារព័ត៌មាន​ ឬ​អង្គការ​សង្គម​ស៊ីវិល​​​ណាមួយ​​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ។ភ្នំពេញ — 

អង្គការ​សង្គម​ស៊ីវិល​ជាតិ​ជាង​៨០ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ​ស្នើ​ឲ្យ​តុលាការ​អនុញ្ញាតសារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ីវិល​ ចូលស្ដាប់​ការ​ជំនុំ​ជម្រះលើ​លោក កឹម សុខា ​ ​និងស្នើ​ឲ្យ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ដំណើរការ​សវនាការ​ ដើម្បីបង្ហាញ​ពី​តម្លាភាព​ក្នុងការ​ជំនុំ​ជម្រះ។

ក្រុម​សង្គម​ស៊ីវិល​ដែល​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ​មាន​ចំនួន​៨២ ដែល​ភាគ​ច្រើន​ជា​អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​សហគមន៍​ដី​ធ្លី។ ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ ធ្វើ​ឡើង​ខណៈតុលាការ​បើក​សវនាការ​ជំនុំ​ជម្រះលើ​សំណុំ​រឿង​របស់​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ជំទាស់​ ពី​បទ​ក្បត់​ជាតិ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ និង​១៦ ខែ​មករា ហើយ​នឹង​បន្តរៀងរាល់​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​ រហូត​ដល់​រយៈពេល​បី​ខែ។

ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍រួម​ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​នេះ​ថា សវនាការ​លើ​លោក កឹម សុខា មិន​មាន​សារព័ត៌មាន​ ឬ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ។

ពួកគេ​បន្ថែម​ថា អ្នកសារព័ត៌មាន​ឯករាជ្យ​ពីរ​នាក់​ ដែល​បាន​រាយការណ៍​ព័ត៌មាន​ស្ដីពី​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ដំបូង​នោះ​ ក្រោយ​មក​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​បន្ទប់​សវនាការ​នៅ​ពេល​រសៀល​វិញ។

ពួកគេ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ការ​សម្រេច​ចិត្ត​បដិសេធ​ចំពោះ​អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​នាក់​ បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​អាជ្ញាធរ​ នៅ​ពីក្រោយ​ដំណើរការ​រឹត​បន្តឹង​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រួម​តាមដាន​សវនាការ​នេះ ​ដើម្បី​រារាំង​អ្នកសារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ីវិល​ ​ក៏​ដូចជា​ក្រុម​គ្រួសារ​របស់​ឯកឧត្តម [កឹម សុខា]​ ទោះ​បី​ជា​មាន​កៅអី​ទំនេរ​នៅ​ក្នុង​បន្ទប់​សវនាការ​ក៏​ដោយ»។

លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង បន្ទាប់ពី​សវនាការថ្ងៃទីពីរ ​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង បន្ទាប់ពី​សវនាការថ្ងៃទីពីរ ​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​បញ្ជាក់​ថា សវនាការ​លើ​លោក កឹម សុខា​ ដោយ​ចោទ​ប្រកាន់​ពី«បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស»​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស និង​ថា​តុលាការ​មិនទាន់​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ភស្តុតាង​ដែលគួរ​ឲ្យ​ជឿ​ទុកចិត្ត​ណាមួយ​នៅ​ឡើយ។

មុន​សវនាការ​ជំនុំ​ជម្រះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ប្រកាស​ថា តុលាការ​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ស្ដាប់​ត្រឹម​តែ​៣០​នាក់​ប៉ុណ្ណោះ ដោយសារ​បន្ទប់​សវនាការ​តូច​ចង្អៀត។ មន្ត្រី​តុលាការ​បញ្ជាក់​ថា តុលាការ​ផ្ដល់​អាទិភាព​ឲ្យមន្ត្រី​ស្ថានទូត​ចូល​ស្ដាប់ តែ​មិន​មាន​កៅអី​ទំនេរ​សម្រាប់​អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។​

ប៉ុន្តែ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា ដែល​បាន​ចាប់​ផ្ដើម​នៅ​ព្រឹកថ្ងៃ​ទី​១៥ ដែល ​VOA បាន​ចូល​រួម​ស្ដាប់មួយ​ព្រឹក​ ​ក្នុង​សវនាការ​នោះ​មាន​អ្នក​ចូល​រួម​អង្គុយស្ដាប់​រហូត​ដល់​ជាង​៦០​នាក់​ ចំណែក​មន្ត្រី​ស្ថានទូត​មាន​តែ​ជាង​២០​នាក់​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ឃើញ​មាន​យុវជន ព្រម​ទាំង​តំណាង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ ស្រស់ ​មួយ​ចំនួន​ផង។ នា​រសៀល​ថ្ងៃ​១៥​ដដែល តុលាការ​បាន​ហាម​ឃាត់​អ្នក​សារព័ត៌មាន​ដែលបាន​ចូលស្ដាប់​សវនាការ​នៅ​ពេល​ព្រឹក ​មិន​ឲ្យ​ចូល​ដាច់​ខាត។

លោក នៀម ឆេង អ្នកសារព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​តែង​ចូល​រួម​យក​ព័ត៌មាន​ក្នុង​សវនាការ​កន្លង​ទៅ លើកឡើង​ថា ការ​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​រួម​ស្ដាប់​សវនាការ ធ្វើ​ឲ្យព័ត៌មាន​ដែល​លោក​ទទួល​បាន​ត្រឹមតែពី​មេធាវី គឺ​មិន​គ្រប់​ជ្រុង​ជ្រោយ។

លោក​បន្ត​ថា ការ​មិន​បាន​ចូល​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់ ​ក៏​ធ្វើ​ឲ្យលោក​ប្រឈម​នឹង​ការ​ផ្សាយ​ព័ត៌មាន​មិន​ទាន់​ពេល ហើយ​មិន​អាច​រាយការណ៍​បាន​ល្អ ដូច​ពេល​ដែល​លោក​បាន​ចូល​ស្ដាប់​ដោយ​ផ្ទាល់។

«នៅ​ពេល​ដែល​សវនាការ​ថ្ងៃ​បន្ទាប់​ហ្នឹង​ គឺ​យើង​ស្នើ​សុំ​ឲ្យ​ខាង​តុលាការ​ហ្នឹង​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​យ៉ាង​ហោច​ណាស់​ម្នាក់​ពី​ស្ថាប័ន​មួយ​ហ្នឹង អាច​ចូល​ស្ដាប់​សវនាការ​បាន»។

VOA មិន​អាច​ទាក់ទង​លោក តាំង ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលា​ដំបូង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

មេធាវី​របស់​លោក កឹម សុខា លោក​ផែង ហេង និយាយ​ជាមួយ​អ្នក​សារព័ត៌មាននៅខាង​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿងលោក កឹម សុខា ស្តីពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
មេធាវី​របស់​លោក កឹម សុខា លោក​ផែង ហេង និយាយ​ជាមួយ​អ្នក​សារព័ត៌មាននៅខាង​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿងលោក កឹម សុខា ស្តីពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

លោក ផែង ហេង មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា លើក​ឡើង​ក្រោយ​បញ្ចប់​សវនាការព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា​នេះថា ក្រុម​មេធាវី​ចុង​ចោទ​បាន​ដាក់​សំណើ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ឲ្យ​មាន​ការ​ដាក់​បញ្ចាំង​វីដេអូ​ផ្សាយផ្ទាល់​ពី​សវនាការ ដើម្បី​ឲ្យ​សាធារណ​ជន​បាន​ស្ដាប់ និង​ទស្សនា។ ប៉ុន្តែ​លោក​ថា តុលាការ​មិន​ទាន់​សម្រេច​លើ​សំណើនេះ​នៅ​ឡើយ។

ចំណែក​លោក គី តិច មេធាវី​ការពារ​ក្ដី​ឲ្យ​រដ្ឋាភិបាល​លើកឡើង​កាល​ពី​ល្ងាចថ្ងៃ​ទី​១៥ ក្រោយ​បញ្ចប់​សវនាការ​ថ្ងៃ​ដំបូង​ថា លោក​ចង់​ឲ្យ​អ្នក​សារ​ព័ត៌មាន​បាន​ដឹង​ព័ត៌មាន​អំពី​សវនាការ​នេះ ទើប​លោកឈរ​ធ្វើ​សន្និសីទ​សារព័ត៌មាន ​ក្រោយ​ចប់​សវនាការ។

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រាប់ VOA ថា​ សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​ចំពោះ​ការ​កាត់​ក្ដី​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ហើយ​ថា សហរដ្ឋ​អាមេរិកទទូច​ដល់​អាជ្ញាធរ​ស្តា​ឡើង​វិញ​នូវ​សេរីភាព និង​សិទ្ធិ​នយោបាយ​ពេញលេញ​របស់​លោក។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​រូប​នេះ​បន្ត​ថា ​មន្ត្រី​តុលាការ​បាន​ដក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សមាជិក​សង្គម​ស៊ីវិល​ចេញ​ពី​ដំណើរការ​នីតិវិធី ហើយ​ថា​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ទៅ​ស្ដាប់​សវនាការ។

អ្នកស្រី​បញ្ជាក់​ថា៖ «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សារព័ត៌មាន សង្គម​ស៊ីវិល​ដែល​សកម្ម និង​ការ​អត់​ធ្មត់​នឹង​មតិ​ប្រឆាំង គឺ​ជា​ធាតុ​សំខាន់​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។ យើង​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហាដំណើរ​ការ​ទាំង​នេះ ហើយ​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដារ​មិន​លម្អៀង តម្លាភាព និង​ការ​ធានា​សវនាការ​មួយ​ដែល​យុត្តិធម៌»៕

What Next?

Recent Articles

Leave a Reply

Submit Comment