សហជីព​គ្រោង​ជួបជុំ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ និង​ទាមទារ​យុត្តិធម៌​ដល់​លោក ជា វិជ្ជា

ដោយ ខែ សុណង
2020-01-19
RFA

ពលរដ្ឋ​យក​កម្រង​ផ្កា និង​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​នៃ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២២ មករា ២០១៥។

ពលរដ្ឋ​យក​កម្រង​ផ្កា និង​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​នៃ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២២ មករា ២០១៥។ Photo: RFA


សហព័ន្ធ​សហជីព​សេរី កម្មករ នឹង​នៅតែ​បន្ត​រៀបចំ​ពិធី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា គម្រប់​ខួប​លើក​ទី​១៦ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ខាងមុខនេះ ដើម្បី​រំលឹក​ដឹង​គុណ​ចំពោះ​ការ​លះ បង់​ដ៏​ធំធេង​របស់​លោក​ក្នុង​បុព្វហេតុ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ការងារ​របស់​កម្មករ។ មក​ទល់​ពេលនេះ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​ស្វែងរក​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា ទាំង​កណ្ដាល​ថ្ងៃ​បាន​នៅឡើយ​ទេ។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ លោក ម៉ាន់ សេងហាក់ ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​តាម​ការ​ស្នើសុំ​ដោយ​ឱ្យ​សហជីព​របស់​លោក​ជួបជុំគ្នា​នៅមុខ​រូប​សំណាក​របស់​លោក ជា វិជ្ជា នៅ​ក្បែរ​វិមានឯករាជ្យ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ខាងមុខនេះ ដើម្បី​ដាក់​កម្រង​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​សម្រាប់​គម្រប់​ខួប ១៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា​។ លោក ម៉ាន់ សេងហាក់ រំពឹង​ថា ពិធី​គោរព​វិញ្ញាណ​លោក ជា វិជ្ជា ដែល​លោក​ហៅ​ថា ជា​វីរជន​កម្មករ​នេះ នឹង​មាន​អ្នកចូលរួម​លើស​ពី ១៥០​នាក់ ក្នុង​នោះ​មាន​កម្មករ​-​កម្ម​ការិនី​ថ្នាក់ដឹកនាំ សហជីព​នានា​ព្រម ទាំង​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​លោក ជា វិជ្ជា ផង​ដែរ​។ មន្ត្រី​សហជីព​រូប​នេះ បន្ត​ថា ពួក​លោក និង​ក្រុម​គ្រួសារ​របស់​លោក ជា វិជ្ជា នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ស្វែងរក​ចាប់ខ្លួន​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៖ «ពេលនេះ​យើង​មិន​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ​ដែល​មន្ត្រី​រដ្ឋាភិបាល​រួម​ទាំង​តុលាការ ឱ្យ​តម្រុយ​នៃ​ឃាតក​នោះ​នៅឡើយ​ទេ។ ប៉ុន្តែ​យើង​សង្ឃឹមថា នឹង​មាន​យុត្តិធម៌ ប៉ុន្តែ​មិនមែន​នៅ​ពេល​នេះ គឺ​នៅ​ពេល​ក្រោយៗ​ទៀត ព្រោះ​យើង​នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌»។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ក្នុងពេលដែល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ចំនួន​៣ ក្រោយ​ពេល​បោះឆ្នោត ឆ្នាំ​២០០៣ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី។ លោក ជា វិជ្ជា ក្រៅ​ពី​ជា​មេដឹកនាំ​សហជីព​នោះ លោក​ក៏​ជា​សកម្ម ជន​គណបក្ស សម រង្ស៊ី ដែរ។ លោក​តែងតែ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​ទាមទារ​ផលប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ។

គិត​រហូត​ពេល​នេះ មាន​រយៈពេល ១៦​ឆ្នាំ​ហើយ ដែល​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ មិន ទាន់​ត្រូវ​បាន​របប​ក្រុងភ្នំពេញ វែកមុខ​រក​ឃាតក​ឃើញ​នៅឡើយ ក្រោយ​រង​ការ​រិះគន់​ថា បាន​ព្យាយាម​បង្កើត​ឃាតក​សិប្ប​និមិត្ត​។ រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែ​អះអាង​ថា សំណុំ​រឿង​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ ប៉ុន្តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មិនដែល​បាន​បង្ហាញ​ពី​ការ​វិវឌ្ឍន៍​បន្តិច ណាមួយ​នៃ​លទ្ធផល​ស៊ើបអង្កេត​នោះ​ទេ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សំណុំរឿង​ឃាតកម្ម របស់​លោក ជា វិជ្ជា គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ ហើយ​លោក​ថា ប្រសិនបើ​នរណា​ចង់បាន យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា គឺ​ត្រូវ​ស្វែងរក​ភស្តុតាង​ថ្មីៗ​ដាក់​ជូន​តុលាការ​ដោយ​ខ្លួនឯង ចំណែក រដ្ឋាភិបាល គ្មាន​តួនាទី​ស៊ើបអង្កេត​រក​ភស្តុតាង​រឿង​នោះ​ទេ​។ លោក​ក៏​ព្រមាន​ប្តឹង​ចំពោះ​ជន​នរណា ដែល​ចោទ​ថា រដ្ឋាភិបាល ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​នេះ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ផង​ដែរ៖ «ឥឡូវនេះ​វា​អត់​មានអី មានតែ​យុទ្ធនាការ​ធ្វើ​នយោបាយ​ដើម្បី​រក​យុត្តិធម៌​។ យុទ្ធនាការ​ធ្វើ​នយោបាយ​ដើម្បី​រក​យុត្តិធម៌​នេះ ប៉ុន្មាន​សតវត្ស​ទៀត ក៏​មិន​បាន​ដែរ ដូច្នេះ​តុលាការ ត្រូវ​ការ​ភស្តុតាង​ថ្មី។ សូម​អំពាវនាវ​ឱ្យ​អ្នក​ដែល​ស្រលាញ់​ងាប់​រស់​ជាមួយ ជា វិជ្ជា នោះ ដាក់​ភស្តុតាង​ថ្មី​មក បើ​រក​ឃើញ​មាន​តម្រុយ​ណាមួយ ដាក់​ជូន​តុលាការ ដើម្បី​យើង​បើក​ការ​ស៊ើបអង្កេត​តទៅទៀត ព្រោះ​ករណី​ឃាតកម្ម​នេះ មិន​មាន​អាជ្ញាយុកាល​ណា»។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ ថ្លែង​ថា លោក ផៃ ស៊ផាន មិនគួរ ចេះតែ​និយាយ​ឱ្យ​តែ​រួចពីមាត់​នោះ​ទេ ព្រោះថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេងទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ដូច្នេះ​រដ្ឋាភិបាល មាន​តួនាទី​ខ្ពស់​ក្នុង​ការ​ស៊ើបអង្កេត និង​ដឹងឮ​រឿង​នេះ ។ លោក ម៉ាន់ សេងហាក់ យល់​ថា សមត្ថកិច្ច​រដ្ឋាភិបាល មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​ឃាតក​សម្លាប់ លោក ជា វិជ្ជា ក៏ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ដែរ​ឬ​អត់៖ «បើសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​នឹង​រក​ឃើញ​ឃាតក​ហើយ ប៉ុន្តែ​បើ​រដ្ឋាភិបាល មិន​មាន​ឆន្ទៈ​ទេ នៅ​តែ​ថា គេ​មិន​ទាន់​បិទ គេ​នៅតែ​រក ប៉ុន្តែ​គ្មាន​ឆន្ទៈ​ដូច្នេះ ១០​ទៅ ២០​ឆ្នាំ​ទៀត ក៏​រក​មិន​ឃើញ​ដែរ។ បច្ចុប្បន្ន យើង​ឃើញ​ហើយ​ថា អ្នក​ស្លាប់​ដោយសារ​នយោបាយ ពុំ​ដែល​រក​ឃាតក​ឃើញ​នោះ​ទេ ប៉ុន្តែ​អ្នក​សម្លាប់​ដូចជា​រឿង​ស្រី​ញី រឿង​ស្នេហា​ត្រីកោណ គឺ​រកតែ មួយ​ភ្លែត​ឃើញ​ឃាតក​ភ្លាម»។

រីឯ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា តុលាការ នៅតែ​បើក​ចំហ​សំណុំ​រឿង​នេះ ដដែល និង​បាន​បង្វិល​ឱ្យ​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ ដែល​រដ្ឋាភិបាល​បង្កើត ឡើង បន្ត​ស៊ើបអង្កេត​បន្ថែម​ទៀត ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក ក៏​មិន​ដឹង​ថា មាន​លទ្ធផល​បែប ណា​នោះ​ទេ៖ «តុលាការ បាន​ប្រគល់​ដំណើរការ​ស៊ើបអង្កេត​នេះ​ទៅ​គណៈកម្មការ​ចម្រុះ​ដើម្បី​ផ្ដល់​លទ្ធផល​នេះ​មកកាន់​តុលាការ​នឹង​ដំណើរការ​តាម​នីតិវិធី ដូច្នេះ​អាច​ទាក់ទង​ទៅ​ក្រសួង​មហាផ្ទៃ​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ»។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ជាច្រើន​លើក តែ គ្មាន​អ្នកទទួល។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា វិជ្ជា លើកឡើង​ថា ក្រុម​សហជីព និង​កម្មករ នៅតែ​ចង់​ឃើញ​រដ្ឋាភិបាល ស្វែងរក​យុត្តិធម៌​ជូន​ក្រុម គ្រួសារ​របស់​លោក ជា វិជ្ជា ព្រោះ​រយៈពេល ១៦​ឆ្នាំនេះ ពួកគេ​បាន​រស់នៅ​ក្នុង​ភាព​ឈឺចាប់​ដោយសារ​គ្មាន​ពន្លឺ​យុត្តិធម៌​ទាល់តែសោះ៖ «បើ​យើង​មើល ១៦​ឆ្នាំ​ហើយ ពុំ​មាន​ពន្លឺ​យុត្តិធម៌​បន្តិច​សោះ មាន​ន័យថា ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​វែកមុខ​រក​ឃាតក​និង​អ្នក​នៅ​ពី​ក្រោយខ្នង ព្រោះ​ករណី​ឃាតកម្ម​លើ​មេ​សហជីព​ដ៏​ល្បី​រូប​នេះ ដែល​កន្លងមក​យើង​ធ្លាប់​ដឹង​ថា មានការ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ថ្នាក់​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល ដូច្នេះ​ហើយ​ទើប​ករណី​នេះ​មិន​វែកមុខ​រក​ឃាតក​និង​អ្នក នៅ​ពី​ក្រោយខ្នង​យក​មក​ផ្ដន្ទាទោស​រហូតដល់​អូស​បន្លាយ​ពេល​១៦​ឆ្នាំ»។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៣ លោក ជា វិជ្ជា ត្រូវ​បាន​គេ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ បន្ទាប់ពី​លោក​ប្រកាស​ឱ្យ​សមាជិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​គាំទ្រ​គណបក្ស សម រង្ស៉ី។ ពេលនោះ លោក ជា វិជ្ជា ធ្លាប់​បាន​ទៅ​ជួប​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​យក​លេខ​ទូរស័ព្ទ​ឱ្យ​ជួយ​ស្រាវជ្រាវ ប៉ុន្តែ​ប៉ូលិស ឆ្លើយ​ថា មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ធំ​ណាស់​។ ដូច្នេះ​ជម្រើស​ល្អ គឺ​លោក ជា វិជ្ជា ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​។ ទោះបី​មាន​សារ​គំរាម​សម្លាប់​ក្ដី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​លោក​ចង់​តស៊ូ​ដើម្បី​ផល​ប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រោយ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា គឺ​មានការ​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែង​ចាប់ខ្លួន​ឃាតក​។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ដើម្បី​ទប់​ស្ថានការណ៍​បាន​ខ្លះ​នៅ​កាលណោះ សមត្ថកិច្ច​បាន​ចាប់​ឃាតក​សិប្ប​និមិត្ត គឺ ប៊ន សំណាង និង សុខ សំអឿន ក្នុង​ការ​បង្វែរ​ពី​ការស្វែងរក​ឃាតក​ពិត និង​ដើម្បី​ឱ្យ​សាធារណជន​ស្ងប់ចិត្ត​។ ទីបំផុត តុលាការ​កំពូល ក៏បាន​សម្រេចចិត្ត​ដោះលែង​អ្នក​ទាំងពីរ​វិញ ហើយ​បង្វែរ​សំណុំរឿង​ឱ្យ​សាលា ឧទ្ធរណ៍​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ឡើងវិញ។

អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ហេង ពៅ ធ្លាប់​ប្រាប់​កាសែត​បរទេស មុន​ពេល​លោក ហ៊ុន សែន មិន​ទាន់​ចាប់ខ្លួន​លោក​ពី​ប្រទេស​ម៉ាឡេស៊ី ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ហុក ឡងឌី បាន​បញ្ជា​ឱ្យ​លោក​ចាប់ សុខ សំអឿន និង ប៊ន សំណាង។ តែ​មន្ត្រី​លោក ហ៊ុន សែន បាន​បដិសេធ​ការ​អះអាង​របស់​លោក ហេង ពៅ នៅ​ពេល​នោះ។

មជ្ឈដ្ឋាន​មួយចំ​នួន បាន​ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​របប​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ស្វែងរក ឃាតក​ពិត​នេះ គឺ​ដោយសារ​របប​លោក ហ៊ុន សែន ជា​អ្នក​នៅ​ក្រោយ​ខ្នង​ការ​សម្លាប់​លោក ជា វិជ្ជា ព្រោះ​លោក ជា វិជ្ជា គឺជា​វីរជន​កម្មករ និង​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហជីព​គ្រោង​ជួបជុំ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ និង​ទាមទារ​យុត្តិធម៌​ដល់​លោក ជា វិជ្ជា"

  1. so socheath says:

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕