មេ​សហជីព បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា

ដោយ អាស៊ីសេរី
2020-01-22
អាស៊ីសេរី

ក្រុម​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ ព្រះសង្ឃ និង​កម្មករ រំឭក​ខួប ១៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​ដ៏​ល្បីល្បាញ គឺ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ នៅមុខ​រូបសំណាក​របស់​លោក នៅ​ក្បែរ​វិមាន​ឯករាជ្យ។

ក្រុម​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ ព្រះសង្ឃ និង​កម្មករ រំឭក​ខួប ១៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​ដ៏​ល្បីល្បាញ គឺ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ នៅមុខ​រូបសំណាក​របស់​លោក នៅ​ក្បែរ​វិមាន​ឯករាជ្យ។

 រូប៖ RFA


មេ​សហជីព​បន្ត​ទាមទារ​យុត្តិធម៌​ឲ្យ​លោក​ ជា​ វិជ្ជា​


ក្រុម​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ កាលពី១៦ឆ្នាំមុន។ ការ​បន្ត​ទាមទារ​យុត្តិធម៌​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ពួក​គេ ជួបជុំ​គ្នា​ប្រារព្ធ​ខួប ១៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​ដ៏​ល្បីល្បាញ គឺ​លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែ​មករា ​នៅមុខ​រូបសំណាក​របស់​នៅ​ក្បែរ​វិមាន​ឯករាជ្យ។

ក្រុម​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ និង​កម្មករ លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ឆន្ទៈ​ពិត​ប្រាកដ និង​មិន​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃាតកម្ម លោក ជា វិជ្ជា នេះ​ទេ គឺ​ប្រាកដ​ជា​អាច​រក​ឃើញ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​មិន​ខាន។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​ លោក ម៉ាន់ សេងហាក់ ថ្លែង​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហ ជីព​ពីរ​រូប​ផ្សេងទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត និង​ចាប់​តាំង​ពី​រដ្ឋាភិបាល បាន បង្កើត គណៈកម្មការ​ជាតិ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ គឺ​គណៈកម្មការ​ទាំង នេះ មិន​ដែល​បាន​អញ្ជើញ​សាច់​ញាតិ ឬ​ក្រុម​គ្រួសារ​លោក ជា វិជ្ជា ដើម្បី​សួរ​នាំ និង​ប្រាប់​អំពី​លទ្ធផល ស្រាវជ្រាវ​បន្តិច​នោះ​ទេ។ លោក ម៉ាន់ សេង ហាក់ បន្ត​ថា ពួក​លោក​ជា​ថ្នាក់​ដឹក​នាំ សហជីព និង​ក្រុម​គ្រួសារ​របស់​លោក ជា វិជ្ជា នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ស្វែងរក​ចាប់ខ្លួន​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។ លោក​ចាត់​ទុក​លោក ជា វិជ្ជា ថា ជា​វីរជន​កម្មករ ហើយ​គំរូ​វីរភាព​ក្លាហាន​របស់​លោក គឺ​នៅ​តែ​ស្ថិត​នៅ​ជា​អមតៈ​ជាមួយ​កម្មករ កម្មការិនី និង​ចលនា​សហជីព​នៅ​កម្ពុជា៖ «»

ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ថ្នាក់ដឹកនាំ និង​សមាជិក​សម្ព័ន្ធ​សហជីព​សេរី​កម្មករ ព្រមទាំង​ក្រុម​គ្រួសារ សាច់ញាតិ និង​មិត្តភ័ក្ដិ តែង​​ជួបជុំគ្នា​មុខ​រូបសំណាក​របស់​លោក ជា វិជ្ជា ស្ថិត នៅមុខ​វត្ត​លង្កា លើ​សួន​ច្បារ​ខាងលិច​វិមានឯករាជ្យ ដើម្បី​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក។ ការ​ប្រារព្ធ​ខួប​នៅ​ឆ្នាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អ្នកចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ត្រឹមតែ ១៥០នាក់ និង​មិន​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​នាក់ ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​ធ្វើ​នយោបាយ​នោះ ចូលរួម​ឡើយ​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា វិជ្ជា មានប្រសាសន៍ក្នុងពិធីរំលឹកខួប១៦ឆ្នាំថា យុត្តិធម៌​សម្រាប់ លោក ជា វិជ្ជា នៅ​តែ​ងងឹត​សូន្យ​ឈឹង ហើយ​លោក​ថា មូលហេតុ​ដែល​មិន​អាច​វែក​មុខ​ឃាតក​ឃើញ គឺ​ដោយសារ​តែ​ករណី​ឃាតកម្ម​នេះ មានការ ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ លោក​អះអាង​ថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៣ លោក ជា វិជ្ជា ត្រូវ​បាន​គេ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ បន្ទាប់មក លោក បាន​ជូន​លោក ជា វិជ្ជា ទៅ​ជួប​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​យក​លេខ​ទូរស័ព្ទ​ឲ្យ​​ជួយ​ស្រាវជ្រាវ ប៉ុន្តែ​ប៉ូលិស ឆ្លើយ​ថា ​មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ធំ​ណាស់។ មន្ត្រី​ប៉ូលិស​ក្រុង​ភ្នំពេញ​រូប​នោះ បាន​ផ្ដល់​យោបល់​ឱ្យ​លោក ជា វិជ្ជា រក​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​ទោះ​បី​មាន​សារ​គំរាម​សម្លាប់​ក្តី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​លោក​ចង់​តស៊ូ​ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «»

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ចំនួន​៣ ក្រោយពេល​បោះឆ្នោត ឆ្នាំ​២០០៣ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី។លោក ជា វិជ្ជា ក្រៅពី​ជា​មេដឹកនាំ​សហជីព​នោះ លោក​ក៏​ជា​សកម្ម ជន​គណបក្ស សម រង្ស៊ី ដែរ។លោក​តែងតែ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ប្រាក់​ឈ្នួល​សមរម្យ និង​ផល​ប្រយោជន៍​ផ្សេងៗ ជូន​កម្មករ។

អតីត​សហការី​របស់​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា លោក ជា វិជ្ជា គឺ​ជា​មេ​សហជីព​ដំបូង​គេ ដែល​មាន​គំនិត និង​បាន​តស៊ូ​ទាមទារ​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅ​តាម​រោងចក្រ ឲ្យ​គេច​ផុត​ពី​ការ​ជិះជាន់​របស់​ថៅកែ ហើយ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ចលនា សហជីព​ឯករាជ្យ ដើម្បី​ការពារ​កម្មករ ជាពិសេស​លោក​ជា​អ្នក​ទាមទារ​ដំបូង​គេ​ឲ្យ​ប្រាក់​ខែ​កម្មករ​ចាប់​ពី២០​ដុល្លារ​ក្នុង​មួយ​ខែ ឡើង​មក​ដល់៤០​ដុល្លារ។ លោក​ថា ដោយសារ​តែ​​ការ​តស៊ូ​ទាមទារ​នេះ ប្រាក់​ខែ​កម្មករ​បាន​ឡើង​ជា​បន្តបន្ទាប់ ទោះ​ជា​លោក ជា វិជ្ជា បាន​ស្លាប់​អស់​រយៈពេល ១៦ឆ្នាំ​ក្ដី។ លោក អាត់ ធន់ លើក​ឡើង​ថា ការ ជួបជុំគ្នាប្រារព្ធខួប១៦ឆ្នាំនេះ គឺ​ជា​ក្រើន​រម្លឹក​ឡើង​វិញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល បង្កើន​ល្បឿន​ស្វែង​រក យុត្តិធម៌​ពិត​ជូន​លោក ជា វិជ្ជា ហើយ​លោក​ចាត់​ទុក​អំពើ​ឃាតកម្ម និង​អំពើ​ហិង្សា​លើ​មេ​ដឹក​នាំ​សហជីព គឺ​ជា​អំពើ​ថោក​ទាប និង​ព្រៃផ្សៃ​បំផុត៖ «»

ក្រៅ​ពី​រម្លឹក​អំពី​វីរភាព និង​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា នោះ ក្រុម​មេ​ដឹក​នាំ​សហជីព ក៏​ប្រកាស​ធ្វើ​យុទ្ធនាការ​រួម​គ្នា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចំនួន​ពីរ គឺ​ទី​មួយ ត្រូវ​ធានា​រក្សា​ឲ្យ​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សហភាព​អឺរ៉ុប និង​ទីពីរ ត្រូវ​បញ្ឈប់​ធ្វើ​វិសោធនកម្ម ច្បាប់​ការងារ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​កម្មករ ដែល​ធ្វើ​ការងារ​វេន​យប់។

អាស៊ី​សេរី បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ជា​ច្រើន​លើក ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ទោះ​ជា​យ៉ាង​ណា លោក ជិន ម៉ាលីន អះអាង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា​ថា តុលាការ​នៅតែ​បើកចំហ​សំណុំ​រឿង​នេះ​ដដែល និង​បាន​បង្វិល​ឱ្យ​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ ដែល​រដ្ឋាភិបាល​បង្កើត​ឡើង បន្ត​ស៊ើប អង្កេត​បន្ថែម​ទៀត ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក​ក៏​មិន​ដឹង​ថា មាន​លទ្ធផល​បែប​ណា​នោះ។

មិនមែន​មានតែ​សំណុំរឿង​លោក ជា វិជ្ជា មួយ​ទេ ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជន​គ្រោះ​នោះ។ សំណុំរឿង​ឃាតកម្ម​ជា​ច្រើន​ទៀត​លើ​ប្រធាន​សហជីព អ្នក​កាសែត តារា​ចម្រៀង អ្នក​នយោបាយ និង​ចុងក្រោយ គឺ​អ្នកវិភាគ​សង្គម​ដ៏​ល្បីឈ្មោះ​គឺ​បណ្ឌិត កែម ឡី ក៏​មិន​ត្រូវ​បាន​របប​នេះ​វែក​មុខ​រក​ជនល្មើស​ឃើញ​នោះ​ឡើយ។ ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​រិះគន់​ថា របប​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ករណី​ធ្វើ​ឲ្យ​មាន​វប្បធម៌​និទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ៕

(ក្រុម​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ ព្រះសង្ឃ និង​កម្មករ រំឭក​ខួប ១៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​ដ៏​ល្បីល្បាញ គឺ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ នៅមុខ​រូបសំណាក​របស់​លោក នៅ​ក្បែរ​វិមាន​ឯករាជ្យ។ រូប៖ RFA)

(ក្រុម​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ ព្រះសង្ឃ និង​កម្មករ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ នាំ​គ្នា​រំឭក​ខួប ១៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​​លោក ជា វិជ្ជាមេ​ដឹក​នាំ​សហជីព​ដ៏​ល្បីល្បាញ នៅមុខ​រូបសំណាក​របស់​លោក នៅ​ក្បែរ​វិមាន​ឯករាជ្យ ដែល​ចូលរួម​ឃ្លាំមើល​ដោយ​មន្ត្រី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។ រូប៖ RFA)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles