តុលាការ​ខេត្ត​កណ្ដាល​ បញ្ចប់​​នីតិវិធី​ស៊ើបសួរ​​​ សកម្មជន​បក្ស​ប្រឆាំង​​ កំពុង​នៅ​ក្រៅ​ឃុំ​ទាំង​​ ៤​នាក់

ដោយ ហេង រស្មី
2020-02-18
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(រាប់​ពី​ខាង​ឆ្វេង) ទី១ លោក ឈុន ថៃ ហៅ​ ឈុន​ ថៃ​យុទ្ធ ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ (ទី២) លោក លី ម៉េងឃៀង ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ស្អាង (ទី៣) លោក ផុន សុភា សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ (ទី៤) លោក លី លីន មេឃុំ​​​​​​ជាប់​ឆ្នោត ឃុំ​សំរោង ស្រុក​កៀន​ស្វាយ  ខេត្ត​កណ្ដាល។


(រាប់​ពី​ខាង​ឆ្វេង) ទី១ លោក ឈុន ថៃ ហៅ​ ឈុន​ ថៃ​យុទ្ធ ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ (ទី២) លោក លី ម៉េងឃៀង ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ស្អាង (ទី៣) លោក ផុន សុភា សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ (ទី៤) លោក លី លីន មេឃុំ​​​​​​ជាប់​ឆ្នោត ឃុំ​សំរោង ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។

 រូប៖ ហ្វេសប៊ុក


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្ត​កណ្ដាល ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​​ចោល​បទ​ចោទ​​​ប្រឆាំង​ពួកគេ​ទាំង​ ៤​នាក់​ក្រោយ​ពេល​​ ចៅក្រម​ស៊ើបសួរ​ បាន​បញ្ចប់​​នីតិវិធី​ស៊ើបសួរ​​ច្រើន​ខែ​មក​ហើយ តែ​មិន​​ទាន់​បន្ត​នីតិវិធី​ថា តើ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំ​ជម្រះ ឬ​ទម្លាក់​ចោល​បទ​ចោទ។

សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ ឲ្យ​ដឹង​ថា ពួកគេ​​កំពុង​រង់ចាំ​នីតិវិធី​បន្ត​របស់​សាលា​ដំបូង​ខេត្ត​​កណ្ដាល ប៉ុន្តែ​សង្ឃឹម​ថា ចៅក្រម​ស៊ើបសួរ​ នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ រួម​គំនិត​ក្បត់​ ឬ​ញុះញង់​ ដែល​បាន​ចោទ​ប្រកាន់​កន្លង​មក។

សកម្មជន​ម្នាក់ ក្នុង​ចំណោម​ ៤នាក់ គឺ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ស្អាង លោក លី ម៉េងឃៀង​ និយាយ​ថា លោក​ទទូច​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​នេះ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ។ លោក​ថា លោក​ជា​ជន​រង​គ្រោះ នៃ​បទ​ចោទ​នេះ ដោយសារ​នគរបាល​ស្រុក​ស្អាង បញ្ឆោត​ហៅ​លោក​ទៅ​សួរ​សុខ​ទុក្ខ រួច​ចាប់​ខ្លួន ចោទ​ប្រកាន់​យក​តែ​ម្ដង។ លោក​ ទាមទារ​ឲ្យ​តុលាការ​ សង​ភាព​ស្អាត​ស្អំ​មក​វិញ ដោយ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់៖ «»

ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលា​ដំបូង​​ខេត្ត​កណ្ដាល លោក ហុក វ៉ាន់ធីណា បាន​ចោទ​ លោក លី ម៉េងឃៀង ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ ហើយ​បាន​​ចេញ​លិខិត​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ ឆ្នាំ​២០១៩។ ជាង​៣​ខែ​ មក​ហើយ ចៅក្រម​ស៊ើបសួរ មិន​ទាន់​ជូន​ដំណឹង​អំពី​នីតិវិធី​បន្ត​នៅ​ឡើយ​ទេ។

ចំណែក​សកម្មជន​​បក្ស​ប្រឆាំង នៅ​ខេត្ត​កណ្ដាល​​ ចំនួន​៣​នាក់​ទៀត ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ឃុំ​ដែរ​នោះ មាន​​មេឃុំ​​​​​​ជាប់​ឆ្នោត ឃុំ​សំរោង ស្រុក​កៀន​ស្វាយ លោក លី លីន ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ លោក ឈុន ថៃ ហៅ​ ឈុន​ ថៃ​យុទ្ធ និង សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើខ្មៅ ស្រុក​កោះ​ធំ លោក​ ផុន សុភា។

លោក លី លីន​ ដែល​រង​បទ​ចោទ ​​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដូច លោក លី ម៉េងឃៀង ​ក៏​ ត្រូវ​បាន​ប្រធាន​តុលាការ ​លោក ហុក វ៉ាន់ធីណា បញ្ចប់​ការ​ស៊ើបសួរ កាល​ពី​ថ្ងៃ​​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៩​ដែរ។ ចំណែក​លោក ឈុន ថៃ​យុទ្ធ ត្រូវ​ចៅក្រម​ស៊ើបសួរ​ លោក​ ហុក វ៉ាន់​ធីណា ដដែល​ បញ្ចប់​ការ​ស៊ើប​សួរ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ២០១៩ ក្នុង​បទ​ចោទ រួម​គំនិត​ក្បត់ និង​សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើខ្មៅ ស្រុក​កោះ​ធំ លោក​ ផុន សុភា ​គឺ​ត្រូវ​ចៅក្រម​ស៊ើបសួរ លោក​ ជួន វណ្ណៈ ​​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្នុង​បទ​ចោទ​ដូច​គ្នា។

មន្ត្រី​​មូលដ្ឋាន​នៃ​បក្ស​ប្រឆាំង៣នាក់ គឺ លោក លី ម៉េងឃៀង ឈុន​ ថៃ​ និង​ លី លីន បាន​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​សុំ​ទម្លាក់​បទ​ចោទ​ តែ​​​ចៅក្រម​សាលា​ឧទ្ធរណ៍ បដិសេធ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កណ្ដាល​ឱ្យ​នៅ​ដដែល។

លោក​​មេធាវី សំ សុគង់ ពន្យល់​ថា ករណី​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ ចៅក្រម​ស៊ើបសួរ មាន​សិទ្ធិ ​មិន​កំណត់​រយៈ​ពេល ក្នុង​ការ​បន្ត​នីតិវិធី​បន្ត​។ ​ថ្វី​បើ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មិន​បាន​កំណត់​ពេល​វេលា​យូរ ឬ​ឆាប់ បែប​នេះ​ក៏​ដោយ​ចុះ ក៏​លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ ដែល​កម្ពុជា​ទទួល​យក​ជា​ច្បាប់​កម្ពុជា​ហើយ​នោះ តម្រូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ បន្ត​នីតិវិធី​ឲ្យ​លឿន មិន​ត្រូវ​អូស​បន្លាយ​ពេល​វេលា​តាម​អំពើ​ចិត្ត​នោះ​ទេ៖ «»

ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក​ សូ សារិន ឲ្យ​ដឹង​ថា ករណី​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ តែ​លោក មិន​ដឹង​ថា ចៅក្រម​ស៊ើបសួរ នឹង​បន្ត​នីតិវិធី​​ដល់​ណា​ហើយ ឬ​នឹង​សម្រេច​បែប​ណា​ទេ៖ «»

របប​ក្រុង​ភ្នំពេញ បាន​បើក​យុទ្ធនាការ​​ចាប់​ខ្លួន​​សកម្មជន​បក្ស​ប្រឆាំង ជិត​១០០​នាក់​ កាល​ពី​​ឆ្នាំ​២០១៩ ដើម្បី​រារាំង​​សកម្មជន​ទាំង​នោះ មិន​ឲ្យ​មាន​លទ្ធភាព​ប្រមូល​ពលរដ្ឋ ទៅ​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី។ ប៉ូលិស និង​តុលាការ បាន​ចោទ សកម្មជន​ទាំង​នោះ​​ថា បាន​រួម​គំនិត ​ជាមួយ​លោក សម រង្ស៊ី មាន​បំណង​បំផុស​ពលរដ្ឋ​ឲ្យ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ។

ប៉ុន្តែ​ក្រោយ​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​ប្រកាស​ថា ផែនការ​របស់​លោក សម រង្ស៊ី បរាជ័យ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្គាប់​ឲ្យ​សម្របសម្រួល​ដោះលែង​សកម្មជន​ជាង​៧០​នាក់​ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ហើយ​ថា ស្រេច​លើ​តុលាការ​ក្នុង​ការ​អនុវត្ត​នីតិវិធី​បន្ត។

អ្នក​នាំ​ពាក្យ​សមាគម​​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា ជំរុញ​ឲ្យ​​មន្ត្រី​តុលាការ ​ទម្លាក់​​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់ ដើម្បី​ឱ្យ​ពួក​គេ​សេរីភាព​ពេញលេញ៕ 
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles