មេ​សហជីព​សោកស្ដាយ​ដែល​លោក ​ហ៊ុន​ សែន​ នៅ​តែ​​ប្រកាន់​ជំហរ​មិន​ខ្វល់​ពី​ការ​ដក​ EBA ​របស់​សហភាព​អឺរ៉ុប

ដោយ ខែ សុណង
2020-02-18
RFA

លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​

លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​

Photo: RFA


មេ​សហជីព​កម្ពុជា​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​មិន​ខ្វល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ​របស់​សហភាព​អឺរ៉ុប​នោះ​។​ មន្ត្រី​សហជីព​យល់​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​​ធ្វើ​ឱ្យ​​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ជា​ពិសេស​ ធ្វើ​ឱ្យ​កម្មករ​ធ្វើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​រាប់​ម៉ឺន​នាក់​ ប្រឈម​នឹង​អត់​ការងារ​ធ្វើ​​នៅ​ពេល​ខាង​មុខ។

មន្ត្រី​សហជីព​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ងាក​មក​ស្ដារ​​សិទ្ធិមនុស្ស​​​​ឱ្យ​បាន​ប្រសើរ​ឡើង​ ដើម្បី​រក្សា EBA របស់​សហភាព​អឺរ៉ុប​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការងារ​ធ្វើ​បន្ត​ទៀត។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ​មាន​ប្រសាសន៍​ថា​ ​ការ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន​ នេះ​​មិន​បាន​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ។ ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​ធ្វើ​ឱ្យ​​ប្រទេស​នេះ​ មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ​ទេ។ លោក​បន្ថែម​ទៀត​ថា ​មូលហេតុ​ដែល​លោក​ហ៊ុន សែន​ មិន​ព្រម​​ធ្វើ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​​ស្ដារ​ប្រជាធិបតេយ្យ​ និង​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​ ដោយសារ​លោក ហ៊ុន សែន ​ព្រួយបារម្ភ​ខ្លាច​​ប៉ះពាល់​ដល់​អំណាច​ដឹក​នាំ​ប្រទេស​​របស់​ខ្លួន ពីព្រោះ​​ប្រសិន​បើ​ធ្វើ​តាម​សហភាព​អឺរ៉ុប​នឹង​​ធ្វើ​ឱ្យ​គណបក្ស​​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ ដែល​ជា​ឆ្អឹង​ទទឹង​ករ​​របស់​គណបក្ស​កាន់​អំណាច៖ «ជា​រឿង​នយោបាយ​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​មក​ ឃើញ​ថា​ គណបក្ស​ប្រជាជន​ហ្នឹង​មាន​ការ​បាត់បង់​កៅអី​ច្រើន​ នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​សន្ទុះ​កើន​ឡើង​​ច្រើន ហើយ​បើ​យើង​មើល​សន្លឹក​ឆ្នោត​វា​លំអៀង​គ្នា​តិច​តួច​បំផុត។អីចឹង​ចំណុច​ហ្នឹង​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​​មាន​ការ​ព្រួយបារម្ភ​ទើប​បាន​ជា​ប្រកាន់​ជំហរ​បែប​នេះ»

មេ​សហជីព​រូប​នេះ​បន្ថែម​ថា ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ដក EBA ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឱ្យ​​កម្ពុជា​ខាត​ប្រយោជន៍​យ៉ាង​ធំធេង ជា​ពិសេស ធ្វើ​ឱ្យ​ប្រទេស​នេះ មាន​ឈ្មោះ​អាក្រក់​​នៅ​ឆាក​អន្តរជាតិ ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មិន​ចង់​មក​​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

ចំណែក​ប្រធាន​សហជីព​កម្ពុជា លោក អាត់ ធន យល់​ថា លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​​គ្រាន់​តែ​​ជា​សារ​ស្វែង​រក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ការ​ដក​ EBA តិច​ឬ​ច្រើន​​ក៏​ដោយ​គឺ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​​ដោយ​គេច​មិន​រួច​ឡើយ។

ប្រតិកម្ម​មេ​សហជីព​នេះ បន្ទាប់​ពី​​​មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺ​ លោក ហ៊ុន សែន បាន​ប្រកាស​​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​លោក​​នៅ​តែ​រក្សា​ជំហរ​ដដែល​​ដោយ​មិន​ខ្វល់​ពី​ការ​ដក​ពន្ធ EBA ពី​កម្ពុជា​នោះ​ឡើយ។ លោក​ ហ៊ុន សែន ​ប្រកាស​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុសិស្ស ​បញ្ចប់​ការ​សិក្សា​ឆ្នាំ២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី១៨ កុម្ភៈ​ថា ការ​ដក ​EBA មិន​ធ្វើ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នោះ​ឡើយ៖ «ព្រោះ​អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ​ជា​អ្នក​សម្រេច​ តែ​គេ​ក៏​គោរព​នូវ​សិទ្ធិ​​សម្រេច​របស់​យើង​ដែរ​ ខ្ញុំ​អត់​មាន​អី​តប​ត​ទេ​។អា​ហ្នឹង​សិទ្ធិ​នៅ​ក្នុង​ដៃ​គេ​ ប៉ុន្តែ​ក៏​ត្រូវ​គោរព​សិទ្ធិ​នៅ​ក្នុង​ដៃ​របស់​យើង​ដែរ​ តែ​ប៉ុណ្ណឹង​វា​ឆាប់​ចប់​ កុំ​បាច់​ជជែក​សាំ តាប៉ែ​អី​។ខ្មែរ​រស់​វេទនា​ណាស់​ទម្រាំ​បាន​ប៉ុណ្ណេះ​ ងើប​ឈរ​ប៉ុណ្ណេះ​ ហើយ​បង់​ពន្ធ​ឱ្យ​គេ​ទៅ​​ក្នុង​១០០​លាន​ជាង​១០០​លាន​អី​បន្តិច​បន្តួច​អី​បង់​ទៅ​។ផ្សារ​នៅ​តែ​នាំ​ចេញ​នាំ​ចូល​ដដែល​ អោយ​ក៏​យក​មិន​ឱ្យ​អោយ​ក៏​ហី​ អា​ហ្នឹង​រឿង​សិទ្ធិ​របស់​គេ»

កាល​ពី​ថ្ងៃ​ទី​១២​កុម្ភៈ​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ ពន្ធ EBA ២០% ឬ​​​​គិត​ជា​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ ចំពោះ​ទំនិញ​នាំ​ទៅ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ខាងមុខ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​​នោះ។

កន្លង​មក​​ក្រុមហ៊ុន​សំលៀក​បំពាក់​លំដាប់​ពិភពលោក អេច អ៊ែន អ៊ែម (H&M Group) បាន​វាយតម្លៃ​ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ជាង ១លាន​នាក់ ដែល​​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​នៃ​ក្បាល​​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មេ​សហជីព​សោកស្ដាយ​ដែល​លោក ​ហ៊ុន​ សែន​ នៅ​តែ​​ប្រកាន់​ជំហរ​មិន​ខ្វល់​ពី​ការ​ដក​ EBA ​របស់​សហភាព​អឺរ៉ុប"

  1. Anonymous says:

    I knew RONG CHHUN was trying so hard to direct a better way for his country. whatever his request will not work as I knew HUN SEN’s mentality . sorry RONG CHHUN under my SAMDACH AKAK SENA PATAI MOHA TECHO .HUN NAL call HUN SEN >next name meet to kill CHHOUP SAMLAP will never change the reason he wanted this nation under his HUN SEN’s dynasty . my question to every one in the world?? how can this jungle educated person be a great leader of a nation that ruin under his communist leadership?? as a Cambodian born I felling so shameful to this kind of animal leader to lead my nation. it seem to be he is not a normal kind of sickness from his families history. the worse we hart was every massages he spoke in public always kind of animal word that made every Cambodian felt shame to the world. my question is how can this kind of animal be if he is that dump. please take this uneducated leader out in order not to let him using Cambodian as his tool to stay in powers witch no one wanted to give him. GOD bless KAMPOUCHEA