លីកាដូ​ទទូច​ឲ្យ​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​រហ័ស ក្រោយ​ពី​ទារក​ម្នាក់​ដែល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​បាន​ស្លាប់​

កម្ពុជា-សង្គម
18/02/2020 – 07:47
ដោយ៖ វ៉ា សំណព្វ
RFI

អ្នកទោសស្ត្រីដែលមានកុមារនៅជាមួយ (រូបភាពឯកសារ)
អ្នកទោសស្ត្រីដែលមានកុមារនៅជាមួយ (រូបភាពឯកសារ) @The Cambodia Daily

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ នៅថ្ងៃទី ១៨ ខែកុម្ភៈនេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា​ពន្លឿន​ការ​បើក​សវនាការ​លើ​ស្ត្រី​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន ដើម្បី​រង់​ចាំ​បើក​សវនាការ​។ សំណូម​ពរ​នេះ បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ទារក​ម្នាក់​អាយុ​៥ខែ ដែល​រស់​នៅ​ជាមួយ​ម្តាយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ ដើម្បី​រង​ចាំ​ការ​កាត់​ទោស​បាន​ស្លាប់​កាល​ពី​ខែមុន​។ សម្រាប់​លីកាដូ មរណភាព​របស់​ទារក​នេះ បាន​បង្ហាញ​ពី​តម្រូវការ​ចាំបាច់សម្រាប់​អាជ្ញាធរក្នុងការ​ផ្ដល់អាទិភាព ​សិទ្ធិ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​ សម្រាប់​ស្ត្រី​ ដែលមានកូនតូច​នៅជាមួយ។

ទារកម្នាក់អាយុ៥ខែ ដែល​រស់នៅ​ជាមួយម្ដាយ​នៅ​ក្នុង​មណ្ឌលអប់រំ​កែប្រែទី២​ ឬ ពន្ធនាគារព្រៃសរ បាន​ស្លាប់បាត់បង់ជីវិត ​កាលពី​ថ្ងៃអាទិត្យ​ ទី២៦​​ ខែមករា​ កន្លងទៅ នៅឯមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ ក្នុង​រាជធានីភ្នំពេញ។​ ទារកដែលមា​នឈ្មោះតំណា​ងទេវីរូបនេះ បានស្លា​ប់ដោយសារតែជំ​ងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។ ប៉ុន្តែមុ​នមានជំងឺ​រលាកសួតនេះ ទា​រកដែលមានអា​យុទើបតែ៥ខែនេះ មានរ​បួសបាក់ឆ្អឹងភ្លៅជាទំងន់ ដែលបើ​តាមសេចក្តីថ្លែ​ងការណ៍រ​បស់លីកាដូ មិនដឹងថា មានឧប​តិហេតុអ្វីកើ​តឡើងចំពោះទារិ​កានេះឡើយ។ នេះបើយោ​ងតាមសេចក្តីថ្លែង​ការណ៍របស់អង្គ​ការសិទ្ធិម​នុស្សលីកាដូ។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៨ កុម្ភៈ បានរំលឹកថា ស្រ្តីដែលជាម្ដាយ​របស់ទារករងគ្រោះនេះ​ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុងពន្ធនាគារព្រៃសរជា​បណ្ដោះអាសន្ន ​ កាលពី​ពាក់កណ្ដាល​ឆ្នាំ២០១៩​ ដើម្បី​រង់ចាំ​សវនាការ បន្ទាប់ពីស្ត្រីរូបនេះ បាន​រងការ​ចោទប្រកាន់​ពីអាជ្ញាធរថា ​បានកាន់កាប់​កញ្ចប់ថ្នាំញៀន​ប្រភេទ​មេតាហ្វេតាមីន​ ដែលមានតម្លៃ​ត្រឹមតែមួយ​ម៉ឺនរៀល​ ឬ ២.៥ដុល្លារ។​ អ្នកស្រី​មិនត្រូវ​បាន​ផ្ដល់​មេធាវី​ការពារក្ដីទេ​ ហើយក៏​មិនបាន​ដឹងពី​សិទ្ធិ ក្នុងការ​ស្នើសុំ​នៅក្រៅឃុំ​ផងដែរ។​ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។ យ៉ាងណាក៏ដោយ តាមរយៈករណីខាងលើនេះ អង្គការសិទ្ធិមនុស្សលីកាដូ បាន​អំពាវនាវដោយទទូច​ឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេតករណីស្លាប់ទារកនេះ ព្រមទាំងពន្លឿនការបើកសវនាការលើស្ត្រីដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នឲ្យបាន​ឆាប់រហ័ស​ ដើម្បី​ធានាថា​ ករណី​បែបនេះ​ នឹងមិនកើត​មានឡើង​ម្ដងទៀតឡើយ។

បើតាមលីកាដូ បច្ចុប្បន្ននេះ​ មានកុមារ​ចំនួន១០៣នាក់​ និងស្រ្តីមាន​ផ្ទៃពោះ​ចំនួន៤៣នាក់ ​កំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ចំនួន១៨​ ដែល​អង្គការលីកាដូ​បានធ្វើការ​ឃ្លាំមើល ​ហើយតួលេខ​នេះ​កើនឡើង​ស្ទើរតែ​២ដង​ គិតចាប់តាំង​ពីថ្ងៃទី ០១​ ខែមករា​ ឆ្នាំ២០១៧មក។ ​ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧ គឺជាពេលដែលមាន “យុទ្ធនាការបង្ក្រាបគ្រឿងញៀន” នៅទូទាំងប្រទេស។

គួរជំរាបជូនដែរថា ទាក់ទងនឹងស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូចនៅក្នុងពន្ធនាគារនេះ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន កាលពី​ខែកុម្ភៈ​ ឆ្នាំ២០១៥​ ​បាន​អំពាវនាវ​ឲ្យមានការបង្កើត​គណៈកម្មាធិការ​មួយ ដើម្បី​ផ្ដល់ការ​លើកលែងទោស​ដល់ស្រ្តី​មានផ្ទៃពោះ ​និង​ស្រ្តី​ជាប់ពន្ធនាគារ​ដែលមាន​កូនតូច​នៅជាមួយដែរ។​ បន្ថែមលើនេះ កាលពីថ្ងៃទី ១៧ កុម្ភៈ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវជាថ្មី​ម្ដងទៀត ​ឲ្យភាគីពាក់ព័ន្ធចាត់វិធានការ​រឿងនេះជាបន្ទាន់។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រសិនបើ​សាលសវនាការ​មិនគ្រប់ តុលាការអាចជួល​សណ្ឋាគារ​ដើម្បី​បើកសវនាការ​ជំនុំជម្រះក្ដីផង៕

What Next?

Recent Articles