GMAC៖ ការព្យួរផ្នែកខ្លះនៃ EBA ប៉ះពាល់ជា «អវិជ្ជមានខ្លាំង» ដល់សេដ្ឋកិច្ច ​និង​សង្គមកម្ពុជា

ពាណិជ្ជកម្ម | សេដ្ឋកិច្ច
លោក វណ្ណ វិចារ | ១៨ កុម្ភៈ ២០២០ | ម៉ោង ៥:៥៩ ល្ងាច
https://vodkhmer.news

កម្មករកាត់ដេរជិះឡានទៅធ្វើការនៅរោងចក្រមួយកន្លែង កាលពីពេលកន្លងទៅ។ (បណ្ដាញសង្គម)

កម្មករកាត់ដេរជិះឡានទៅធ្វើការនៅរោងចក្រមួយកន្លែង កាលពីពេលកន្លងទៅ។ (បណ្ដាញសង្គម)


តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រកាសថា ការព្យួរផ្នែកខ្លះនៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា ប៉ះ​ពាល់​ជា «អវិជ្ជមានខ្លាំង»​ ទៅ​លើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

GMAC លើកឡើងថា សេចក្ដី​សម្រេច​របស់​​​សហភាព​អឺរ៉ុបដែលព្យួរផ្នែកខ្លះនៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​» ឬ EBA សម្រាប់​កម្ពុជានេះ នឹងប៉ះពាល់​អវិជ្ជមានដល់ការ​ប្រកួត​ប្រជែង​របស់​វិស័យ​កាត់ដេរ​នៅ​កម្ពុជាធៀបនឹងប្រទេសដទៃ។​

GMAC កត់សម្គាល់ថា ផល​ប៉ះពាល់ទាំងនោះរួមមាន៖ «អ្នក​បញ្ជា​ទិញទៅ​ទិញ​ផលិតផលផ្សេង​ក្រៅ​ពីកម្ពុជា កម្មករ​រាប់​ម៉ឺន​នាក់នឹងអត់ការងារធ្វើ នាំឱ្យមានកំណើនភាព​ក្រីក្រ​កាន់តែខ្លាំង ក្រុម​ថៅកែ​រោងចក្រ​នឹង​​កាន់​តែ​ពិបាក​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ។ល។»

GMAC សមាគម​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ទទូច​​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ដល់​កម្ពុជា​វិញ ដើម្បី​បុព្វហេតុ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅកន្លែង​ការងារ និង​ជួយ​ឱ្យ​កម្មករ​មាន​ការ​​ងារ​ធ្វើ​​បន្ត​ទៀត​ដើម្បី​​បាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ថ្លែងប្រាប់វីអូឌីថា GMAC ចង់បញ្ជាក់ប្រាប់សហភាពអឺរ៉ុបថា ការគោរពសិទ្ធិការងារនៅកម្ពុជាមានភាព​ប្រ​សើរ​ជាងប្រទេសដទៃមួយចំនួនទៀតដែលអឺរ៉ុបផ្តល់​ការ​អនុគ្រោះពន្ធនោះ។ លោកបញ្ជាក់ថា សមា​គម​នឹងពិភាក្សាជាមួយរដ្ឋាភិបាលបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។

លោក ខេន លូ៖ «យើងនឹងពិភាក្សាជាមួយរដ្ឋាភិបាលឆាប់ៗនេះ អំពីអ្វី និងវិធីដែលយើងសង្ឃឹមថារដ្ឋាភិបាលអាចជួយរោងចក្រដែលរងផលប៉ះពាល់»

កាលពីថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មាការសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើទំនិញកម្ពុជា​៤០មុខ ដែលមានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ។ ទំនិញដែលជាប់ពន្ធទាំងនោះរួមមាន ​ផ្នែកខ្លះនៃផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងស្ករសទាំងស្រុង។ ​ក្រសួង​ពាណិ​ជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ពន្ធ​សរុប​ដែលកម្ពុជាត្រូវបង់គឺប្រហែល១រយលានដុល្លារ។

មន្ត្រីគ្រប់គ្រងកម្មវិធីការងារ និងសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រ​សាន៍ថា ការព្យួរផ្នែកខ្លះនៃ EBA នេះ នឹងនាំឱ្យជីវភាពកម្មករកាន់តែក្រីក្រ។  

លោក ឃុន ថារ៉ូ ប្រាប់​ថា៖ «វិស័យឯកជនគេនៅតែមានផលពីការគាំពាររបស់រាជរដ្ឋាភិបាល ពិសេស គឺគោលនយោបាយមួយចំនួន ដូចជា ការកាត់បន្ថយថ្ងៃឈប់សម្រាកហ្នឹង វាផ្តល់ប្រយោជន៍ដល់និយោជកច្រើនណាស់។ ចំពោះកម្មករ ខ្ញុំមើលឃើញថា គាត់នឹងប្រឈមការបាត់បង់ការងារទាំង​​រយៈពេលវែង និងរយៈពេលខ្លី។ វាអាចនឹងប៉ះពាល់បន្តៗគ្នារហូតដល់វិស័យ​ហិរញ្ញវត្ថុទៀតផង»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​ចាំ​បាច់ត្រូវកែ​លម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីប្រយោជន៍ជាតិ ប្រយោជន៍​អ្នកវិនិយោគ និងពិសេសរក្សាប្រយោជន៍ជូនក្រុមគ្រួសារកម្មករ។

លោក អាត់ ធន់ ប្រាប់​ថា​៖ «វាតៗគ្នា។ កាលណាអត់ដោះស្រាយ គេកាត់ គេ [សហភាពអឺរ៉ុប]​ កាត់មិន​ដឹងធ្វើ​ម៉េច មានតែកាត់ប្រយោជន៍របស់កម្មករ ឬសិទ្ធិកម្មករ ឬកាត់ពន្ធអ៊ីចឹងទៅ។ វាខាតប្រយោជន៍​ជាតិ​។ ​បើរដ្ឋាភិបាលនិយាយជាមួយអឺរ៉ុបដើម្បីដោះស្រាយជាមួយ​សំណើរបស់គេ គឺវាល្អបំផុត​ហើយ»

កាលពីថ្ងៃទី១២ ខែកុម្ភៈ សហភាពអឺរ៉ុបបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា អឺរ៉ុបមិន​អាច​បែរខ្នងមើលការរំលោភសិទ្ធិមនុស្ស បំពានលិទ្ធិប្រជាធិបតេយ្យ ដែលបង្កឡើងដោយ​រដ្ឋាភិបាលកម្ពុជាឡើយ។

តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុកិច្ចការ​បរទេស​របស់ EU លោក Josep Borrel បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «សហភាព​អឺរ៉ុប នឹង​មិន​ឈរ​មើល​នោះ​ឡើយ នៅ​ពេល​ដែល​ប្រជាធិបតេយ្យត្រូវ​បាន​ផាត់​ចោល ការ​គោរព​សិទ្ធិ​មនុស្សត្រូវ​បាន​រឹត​ត្បិត ហើយ​សេរីភាព​នៃ​ការ​ជជែក​ពិភាក្សា ត្រូវ​បាន​បំបាត់»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលមិនឆ្លើយតបចំពោះ​ការព្យួរ EBA នោះឡើយ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រសួងការបរទេស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយហៅការសម្រេចរបស់អឺរ៉ុបថា «អយុត្តិធម៌»​ ចំពោះកម្ពុជា ប៉ុន្តែ កម្ពុជា​នៅតែបន្ត​ធ្វើ​ការងារជាមួយអឺរ៉ុបតទៅទៀត។

GMAC កត់សម្គាល់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌ​នៅ​កម្ពុជា មានទំហំប្រមាណ ៧៥%នៃ​ផលិតផលនាំចេញសរុបរបស់កម្ពុជា ខណៈដែលកម្មករ​ធ្វើ​ការក្រោមគម្រោងអនុគ្រោះ​ពន្ធនាំចេញទៅអឺរ៉ុបនេះ មានប្រមាណជាង ៧៥ម៉ឺននាក់ដែល​ភាគ​ច្រើនជាស្ត្រី។

របាយការណ៍របស់សហភាពអឺរ៉ុប បង្ហាញថា ការនាំចេញទំនិញកម្ពុជាទៅអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ៥,៨៨ពាន់លានដុល្លារ ដែលក្នុងនោះធ្វើឡើងក្រោមប្រព័ន្ធអនុគ្រោះពន្ធមានរហូតដល់ជិត ៩៦ភាគរយ ឬក្នុងទំហំទឹកប្រាក់ ៥,៦៦ពាន់លានដុល្លារ។ របាយការណ៍របស់សហភាពអឺរ៉ុបដដែលឱ្យដឹងថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបរួមមាន សម្លៀកបំពាក់ ៧៤,២ភាគរយ ស្បែកជើង ១២,៦ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ ៣ភាគរយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "GMAC៖ ការព្យួរផ្នែកខ្លះនៃ EBA ប៉ះពាល់ជា «អវិជ្ជមានខ្លាំង» ដល់សេដ្ឋកិច្ច ​និង​សង្គមកម្ពុជា"

  1. Anonymous says:

    please do not report to me I knew who you can report to >> SO SOCHEATH is HUN SEN right hand man he will solve this problem like a piece of cake . I knew he may be HUN SEN adviser also . I tell you what?? this animal is so smart witch I knew he smarter then my dog .