ក្រសួង​សុខាភិបាល​ខ្មែរ​ចោទ​​ម៉ាឡេស៊ី ថា​ធ្វើ​ឱ្យ​​ភ័យខ្លាច និង​ភ័ន្ត​ច្រឡំ រឿង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩

ដោយ មួង​ ណារ៉េត
2020-02-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។

Photo: RFA


ក្រសួងសុខាភិបាល​កម្ពុជា ចោទ​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ថា ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច និង​ភ័ន្តច្រឡំ រឿង​លទ្ធផល​តេស្ត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩​។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាស​ថា ស្ត្រី​ជនជាតិ​អាមេរិក វ័យ ៨៣​ឆ្នាំ ដែល​ជា​អ្នកដំណើរ​លើ​កប៉ាល់​ទេសចរ​វ៉េស្ទើដាម (Westerdam) ដែល​មាន​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម ​កូវីដ-១៩ (Covid-19) នោះ ឥឡូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ហើយ​។ ប៉ុន្តែ ស្ត្រី​រូប​នេះ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ម៉ាឡេស៊ី​នៅ​ឡើយ ដោយសារ​នៅ​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ពិនិត្យ និង​តាមដាន​បន្ត។ក្រសួងសុខាភិបាល​កម្ពុ​ជា ដែល​កើតទុក្ខ​មិន​សុខចិត្ត ម្តង​ហើយ​ម្តងទៀត និង​ដាក់​ការសង្ស័យ​លើ​សមត្ថភាព​របស់​ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​ធ្វើតេស្ត​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19) នោះ កាលពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ បាន​បន្ត​ចោទ​ខាង​ភាគី​ម៉ាឡេស៊ី ថា ការ​ប្រកាស​លទ្ធផល​ជា​បន្តបន្ទាប់ បែប​មិន​ប្រក្រតី​នេះ ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច និង​ភ័ន្តច្រឡំ​សម្រាប់​អ្នកដំណើរ​តាម​នាវា Westerdam ទាំងអស់​។

ក្រសួង​សុខាភិបាល​កម្ពុជា ចោទ​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បន្ថែម​ថា ទង្វើ​នេះ ក៏​បាន​បង្ក​ឱ្យ​មានការ​រើសអើង ធ្វើ​ឱ្យ​អ្នកដំណើរ​ដែល​មិន​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​នោះ ខកខាន​ជាច្រើន​ថ្ងៃ ក្នុង​ការ​បន្ត​ជើង​ហោះហើរ វិលត្រឡប់​ទៅកាន់​ប្រទេស​របស់​ខ្លួន​វិញ​។ ក្រសួង​ដដែល ថា​បញ្ហា​នេះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់ លើ​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​មិន​ចាំបាច់ និង​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​របស់​ប្រទេស និង​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ជាដើម។

បន្ថែម​ទៅលើ​ការចោទប្រកាន់​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ការ​វាយប្រហារ​មន្ត្រី​ជាន់ខ្ពស់​ម៉ាឡេស៊ី តាម​សារ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ប្រព័ន្ធ​ឃោសនា​របស់​លោក យក​មក​ផ្សាយ​ព្រោងព្រាត។ លោក ហ៊ុន សែន ដែល​ចូល​ទៅ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក របស់​ម្ចាស់​គណនី​ឈ្មោះ Khek Khemrath ថា បើ​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​វិញ លោក​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល ដោយ​លោក​ចោទ​ថា ធ្វើ​ការ​ខ្ជីខ្ជា ខ្វះ​ការទទួលខុសត្រូវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជាតិ​សាសន៍ ៤១ ប្រទេស​។ លោក ហ៊ុន សែន បន្ថែម​ថា ប្រទេស​ខ្មែរ​ក្រ​មែន តែ​អ្នកដឹកនាំ​ប្រទេស​នេះ​មានការ​ទទួលខុសត្រូវ​លើ​កិច្ចការ​មនុស្សធម៌។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ខាង​ភាគី​ម៉ាឡេស៊ី​បាន​នៅឡើយ​ទេ ជុំវិញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា និង​សារ​របស់​លោក ហ៊ុន សែន​នេះ។

តែ​ទោះជា​យ៉ាង​នេះ​ក្តី ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​ច្បាស់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា​ការពិនិត្យ និង​ធ្វើតេស្ត​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ​-១៩ នេះ ធ្វើឡើង​ត្រឹមត្រូវ ទាំង​ពេល​រក​ឃើញ​ថា មេរោគ និង​ពេល​ជាសះស្បើយ លែង​ឃើញ​មាន​មេរោគ​នេះ។

ឧបនាយករដ្ឋមន្ត្រី​របស់​ម៉ាឡេស៊ី​អ្នកស្រី វ៉ាន់ អាហ្ស៊ីហ្សាវ៉ាន់ អ៊ីស្មាអែល (Wan Azizah Wan Ismail) ប្រកាស​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ក្រោយ​កិច្ចប្រជុំ​កំពូល របស់​គណៈកម្មាធិការ​កណ្ដាល​គ្រប់គ្រង​គ្រោះ​មហន្តរាយ ស្ដីពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​-១៩ នេះ កាលពី​ថ្ងៃសុក្រ ទី ២១ ខែ កុម្ភៈ​នោះ ថា​អ្នកស្រី មាន​ក្តី​សោមនស្ស ដែល​លទ្ធផល​ធ្វើតេស្ត​តាមដាន​សុខភាព​អ្នកជំងឺ​រូប​នេះ ក្រោយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ស៊ុនហ្កៃ ប៊ូឡុស (the Sungai Buloh Hospital ) បង្ហាញ​ថា អស់​មាន​មេរោគ​រលាក​ផ្លូវ​ដង្ហើម​នេះ​ទៀត​ហើយ៖ «ខ្ញុំ​រីករាយ និង​សូម​ប្រកាស​ថា អ្នកជំងឺ​ពី​កប៉ាល់​ទេសចរ​នោះ ត្រូវ​បាន​ធ្វើតេស្ត​ល្អិតល្អន់​ពីរ​ដង​ក្រោយ​ការ​សម្រាក​ព្យាបាល ដោយ​លែង​ឃើញ​មាន​មេរោគ​នេះ​ទៀតហើយ​។ លទ្ធផល​ធ្វើតេស្ត​មុនៗ​ពីរ​ដង​ដែរ រក​ឃើញ​ថា គាត់​មាន​ផ្ទុក​មេរោគ​នេះ​។ ប៉ុន្តែ អ្នកជំងឺ​រូប​នេះ នៅ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ ដោយសារ​គាត់​មិន​ទាន់​មាន​សុខភាព​ល្អ​ពេញលេញ​ឡើងវិញ​នៅឡើយ ហើយ​ម្យ៉ាងទៀត គាត់​នៅ​មាន​រោគសញ្ញា​ជាច្រើន ដែល​ត្រូវ​បន្ត​ពិនិត្យ និង​តាមដាន»។

អ្នកស្រី វ៉ាន់ អាហ្ស៊ីហ្សាវ៉ាន់ អ៊ីស្មាអែល បន្ថែមថា នៅ​ពេល​ណា​អ្នកជំងឺ​នេះ ជាសះស្បើយ​ពី​រោគសញ្ញា​ដទៃ​ទៀត គាត់​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរពេទ្យ។

ស្ត្រី​ជនជាតិ​អាមេរិក វ័យ ៨៣ ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ជាមួយ​ប្ដី​អ្នកស្រី វ័យ ៨៥ ឆ្នាំ និង​អ្នកដំណើ​ងអស់ ១៤៥ នាក់ ដែល​ចាក​ចេញពី​កម្ពុជា ទៅកាន់​ទីក្រុង​កូឡាឡាំពួ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី ភ្លាមៗ​ក្រោយ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍ វ៉េស្ទើដាម (Westerdam) ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ។

នាយករដ្ឋមន្ត្រី​នៃ​របប​ឯក​បក្ស​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍ ដែល​ផ្ទុក​មនុស្ស​ជាង ២​ពាន់​នាក់ រួម​មាន​ទេសចរ ១៤៥៥ នាក់ និង​បុគ្គលិក​លើ​កប៉ាល់ ៨០២ នាក់ ដែល​មាន ៤១ សញ្ជាតិ ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ ទោះ​ប្រទេស​ចំនួន​ប្រាំ រួម​មាន​ជប៉ុន ថៃ តៃវ៉ាន់ ហ្វីលីពី​ន និង​កោះហ្គាំ (Guam) ដែល​ជា​ដែនដី​របស់​សហរដ្ឋអាមេរិក​ផង សុទ្ធតែ​បដិសេធ​មិន​ឱ្យ​ចូល​ចត​នៅ​ប្រទេស​គេ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩។

លោក ហ៊ុន សែន អះអាង​ថា មនុស្ស​នៅលើ​កប៉ាល់​ទាំងអស់ គ្មាន​ផ្ទុក​ជំងឺ​នេះ​ទេ ដោយ​លោក​ជឿជាក់​លើ​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​អះអាង​ថា បាន​ពិនិត្យ​សុខភាព​អ្នក​ទាំងនោះ រួចរាល់​អស់ហើយ និង​ថា​គ្មាន​រក​ឃើញ​ជំងឺ​នេះ​ទេ ទើប​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ទៅ​ប្រទេស​រៀង​ៗ​ខ្លួន​។ ក្រោយ​អ្នកដំណើរ ១៤៥ នាក់​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ភ្លាម ក្រសួងសុខាភិបាល​នៃ​ប្រទេស​នេះ បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ ៨៣ ឆ្នាំ​នោះ ថា មាន​ផ្ទុក​មេរោគ​នេះ​ភ្លាម។

ខាង​ក្រសួងសុខាភិបាល​កម្ពុជា កើតទុក្ខ​មិន​សុខ​ចិត្តនឹង​លទ្ធផល​នេះ ដោយ​អះអាង​ថា ខាង​កម្ពុជា​ធ្វើតាម​ស្តង់ដារ​អន្តរជាតិ​គ្រប់សព្វ​អស់ហើយ នៅតែ​រក​មិន​ឃើញ​មេរោគ​នេះ​។ ខាង​កម្ពុជា ក៏បាន​ស្នើ​ឱ្យ​ខាង​ម៉ាឡេស៊ី ធ្វើតេស្ត​លើ​ស្ត្រី​នោះ​ម្តង​ទៀត​។ ខាង​ម៉ាឡេស៊ី​ព្រម​ធ្វើតាម​សំណូមពរ​នេះ​។ តេស្ត​លើក​ទី​ពីរ ក៏​នៅតែ​បង្ហាញ​លទ្ធផល​ដដែល ថា ស្ត្រី​នោះ​ពិត​ជា​មាន​ផ្ទុក​ជំងឺ​នេះ​មែន​។ លទ្ធផល​លើក​ទី​ពីរ​នេះ ខាង​កម្ពុជា​ក៏​នៅតែ​កើតទុក្ខ​មិន​សុខចិត្ត​ទៀត ដោយ​ចោទ​ខាង​ប្រទេស​ម៉ាឡេស៊ី ថា​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ ដូច​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​នោះ​ទេ ទើប​ខាង​កម្ពុជា​ចាត់​ទុក​លទ្ធផល​ធ្វើតេស្ត​ទាំង​ពីរ​លើក​របស់​ប្រទេស​ម៉ាឡេស៊ី​នោះ ថា មាន​ភាព​មិន​ប្រក្រតី។

ប៉ុន្តែ ទោះបីជា​ខាង​ក្រសួងសុខាភិបាល​កម្ពុជា ចោទ​ថា ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​យ៉ាង​ណា​ក្តី ក៏​ការពិនិត្យ​សំណាក​មនុស្ស ២០ នាក់​នៅ​កប៉ាល់​ទេសចរ ដែល​កម្ពុជា​ធ្វើ​នៅ​ថ្ងៃទី១៣ ខែ កុម្ភៈ​នោះ គឺ​មិនទាន់​ឆ្លង​ផុត​រយៈពេល​នៃ ការ​សម្ងំ​របស់​មេរោគ​នេះ​នៅ​ឡើយ​ទេ​។ អង្គការ​សុខភាព​ពិភពលោក ប្រកាស​ថា មេរោគ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ​-១៩ (Covid-19) នេះ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ១៤ ថ្ងៃ​ឯណោះ​ទើប​រក​ឃើញ​។ ចំណែក​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​ចិន​ឯណោះ រក​ឃើញ​ថា រយៈពេល​សម្ងំ​នេះ អាច​មាន​រហូត​ដល់ ២៤​ថ្ងៃ​ឯណោះ។

កប៉ាល់​ទេសចរណ៍​វ៉េស្ទើដាម ចាក​ចេញពី​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែ កុម្ភៈ​។ នៅ​ទីក្រុង​ហុងកុង មាន​កើត​ករណី​ជំងឺ​នេះ លើកដំបូង នៅ​ថ្ងៃ​ទី ២២ ខែ មករា និង​រីក​រាលដាល​បន្ត រហូតដល់ ៦៩ នាក់​ហើយ គិត​មក​ត្រឹម​ថ្ងៃ ២១ ខែ កុម្ភៈ ដោយ​ក្នុង​នោះ​មាន​ពីរ​នាក់​ស្លាប់ ដោយសារ​ជំងឺ​នេះ។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ពិនិត្យ​សំណាក​របស់​អ្នកដំណើរ​លើ​កប៉ាល់​តែ ២០ នាក់​ប៉ុណ្ណោះ ក្រៅពីនោះ គ្រាន់តែ​ពិនិត្យ​សុខភាព​ធម្មតា ដូចជា​ស្ទង់​កំដៅ​ជាដើម​។ អ្នក​ទាំងនោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​។ ដោយឡែក​ការ​ពិនិត្យ​សំណាក​ទ្រង់ទ្រាយ​ធំ ទើបតែ​ធ្វើ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ ពោល​គឺ​ក្រោយ​ខាង​ម៉ាឡេស៊ី​រក​ឃើញ​ករណី​ផ្ទុក​មេរោគ​នេះ។

ទោះបីជា​ក្រសួងសុខាភិបាល​កម្ពុជា ចោទ​ប្រទេស​ម៉ាឡេស៊ី ថា ជា​អ្នកធ្វើ​ឱ្យ​មាន​បញ្ហា​ជាច្រើន ដោយសារ​លទ្ធផល​តេស្ត​នេះ ក៏ដោយ ក៏​បើ​តាម​លទ្ធផល​ចុងក្រោយ បន្ទាប់ពី​ដាក់​ស្ត្រី​អាមេរិក​នោះ​ឱ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ព្យាបាល​នោះ បញ្ជាក់​ថា​ស្ត្រី​នោះ ពិត​ជា​មាន​ផ្ទុក​មេរោគ​នេះ​មែន ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល​ទាន់​ពេល​វេលា​។ ជាង​នេះទៅ​ទៀត ប្រទេស​ជាច្រើន​បាន​ចាត់វិធានការ​បង្ការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ដោយ​ដាក់​អ្នក​ធ្វើ​ដំណើរ​ទាំងនោះ នៅ​កន្លែង​ដាច់ដោយឡែក យ៉ាង​ហោច​រយៈពេល ១៤ ថ្ងៃ​។ ប្រទេស​ជាច្រើន​ទៀត មិន​ត្រឹមតែ​ដាក់​ពលរដ្ឋ​របស់​ខ្លួន ដែល​វិល​ទៅ​ប្រទេស​វិញ ដែល​មុន​នេះ​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ទេសចរណ៍ Westerdam ដោយ​ដាក់​ឱ្យ​​នៅ​ដាច់​ពី​គេ​ប៉ុណ្ណោះ​ទេ ប្រទេស​ជាច្រើន​ថែម​ទាំង​ហាម​អ្នកដំណើរ​ពី​កប៉ាល់​នោះ មិន​ឱ្យ​ឆ្លងកាត់ ឬ​ចូល​ប្រទេស​គេ​ថែម​ទៀត​ផង លើកលែងតែ​អ្នក​​ទាំងនោះ​ជា​ពលរដ្ឋ​របស់​ខ្លួន​ប៉ុណ្ណោះ។

ថ្មីៗ និង​ចុងក្រោយ​គេ គឺ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ មិន​ឱ្យ​យន្តហោះ​មួយ​គ្រឿង ដែល​ដឹក​មនុស្ស ២៨៣ នាក់ ដែល ២៦៨ នាក់​មកពី​កប៉ាល់​ទេសចរ​នោះ ចុះ​ចត​នៅ​អាកាសយានដ្ឋាន​របស់​ខ្លួន​នោះ​ទេ ដោយសារ​ខ្លាច​ចម្លង​មេរោគ​នេះ​។ យន្តហោះ​នោះ​បាន​បង្ខំចិត្ត ទៅ​ចុះចត​នៅ​ប្រទេស​ប៉ាគីស្ថាន​វិញ​។​អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍​នេះ ចូល​ចត​នៅ​កម្ពុជា គឺជា​ការ​នាំ​ទុក្ខ និង​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ទូទាំង​ពិភពលោក ក្នុង​ស្ថានភាព​ដែល​ការ​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជិត ៣០ ទៅ​ហើយ (២៩) ព្រោះ​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ មិន​ពាក់​ម៉ាស់ ដើម្បី​បង្ការ​ជំងឺ ក្នុង​ពេល​ចាប់ដៃ ឱប ថើប និង​ថតរូប​ជាមួយ​អ្នក​ចុះ​ពី​កប៉ាល់​នោះ ដែល​ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ អ្នក​នៅ​លើ​កប៉ាល់​ទាំងនោះ ក៏​មិន​ត្រូវ​បាន​យក​ទៅ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ដើម្បី​បន្ត​ពិនិត្យ និង​តាមដាន​សុខភាព​ដែរ មុន​ពេល​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ក្រសួង​សុខាភិបាល​ខ្មែរ​ចោទ​​ម៉ាឡេស៊ី ថា​ធ្វើ​ឱ្យ​​ភ័យខ្លាច និង​ភ័ន្ត​ច្រឡំ រឿង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩"

  1. Anonymous says:

    I just want to tell you what?? please do not trying to fight white the other nation . your leadership and the whole medical system are so weak . this virus is so hart to contain every modern high tech nation are still learning about it. about WESTERDAM crew ship you HUN SEN should not overwarming about it . if you are not so sour check the JAPANIES news you will learn some thing. the COVID 19 is not more dangerous then other but it hart to know where it is . let say to day you are not sick but the virus is hiding in you to spreading to some one else . even those the high tech medical equipment still can not detect it . my warning to you HUN SEN do not hurt another nation’s felling to suit your political ambition . it will make this nation too dump to the world under your AH CHESSTU..I mean PHD from hell. at last I just wanted to bagging you try not to be AH CHESSTU the reason why ?? you are a metal leader in this century. this massage came from AH LNGOUNGTU…. GOD bless Cambodian

  2. Anonymous says:

    Cambodia is the low level of health in ASEA’ even P_M hunsen never trust his own hospital ‘ when he got sick he went to Singapore ‘ or other countries even the rich cambodian people never trust hospital ‘ How come this regime ask Malaysia to apologise ??? at the moment we heard in hospital die a few without reason and olympic market too but government try to cover up ‘so this beast regime think it good for health?? so funny’hah’ they can’t hide from people now ‘khmer people around the world knew that but they can’t talk because this beast regime will jail any body talk truly ‘ this king dom is the slave of Youn-hanoi’ and leaded by Veitcong dogs ‘