សហគមន៍​ព្រៃ​ឡង់ ក្រុម​និស្សិត ព្រះ​សង្ឃ និង​ក្រុម​យុវជន​ប្រមាណ ៦០០នាក់ ខក​ខាន​មិន​បាន​ធ្វើ​បុណ្យ​ក្នុង​ព្រៃ​ឡង់ ដោយសារ​អាជ្ញាធរ​ហាម​ឃាត់

ដោយ យន់ សាមៀន
2020-02-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ព្រៃ​ឡង់ ក្រុម​និស្សិត ព្រះ​សង្ឃ និង​ក្រុម​យុវជន ដែល​ប៉ង​ចូល​ព្រៃ​ឡង់ ដើម្បី​ធ្វើ​បុណ្យ​ព្រៃ​ឈើ ត្រូវ​អាជ្ញាធរ​ហាម​ឃាត់ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ២០២០។

សហគមន៍​ព្រៃ​ឡង់ ក្រុម​និស្សិត ព្រះ​សង្ឃ និង​ក្រុម​យុវជន ដែល​ប៉ង​ចូល​ព្រៃ​ឡង់ ដើម្បី​ធ្វើ​បុណ្យ​ព្រៃ​ឈើ ត្រូវ​អាជ្ញាធរ​ហាម​ឃាត់ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ សកម្មជន​បរិស្ថាន


សហគមន៍​ព្រៃ​ឡង់​មក​ពី​បួន​ខេត្ត ក្រុម​និស្សិត ព្រះសង្ឃ និង​ក្រុម​យុវជន​ប្រមាណ ៦០០នាក់ សម្ដែង​ការ​សោក​ស្ដាយ​មិនបាន​ចូល​រួម​ធ្វើ​បុណ្យ​ព្រៃ​ឡង់ តាម​ការ​គ្រោង​ទុក​ដោយសារ​អាជ្ញាធរ និង​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​បន្ត​រារាំង​ពួក​គេ រយៈ​ពេល​ពី​ថ្ងៃ​ជាប់​គ្នា​ចាប់​ពី​ថ្ងៃ​ទី២១ និង ២២ ខែ​កុម្ភៈ នេះ។ ពួក​គេ​បាន​ចាត់​ទុក​ការ​រារាំង​នេះ ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​លាក់​បាំង​ព័ត៌មាន​ពី​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ព្រៃ​ឡង់។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ដែល​មាន​ព្រៃ​ឈើ​គ្រប​ដណ្ដប់​លើ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង​ បាន​ផ្អាក​ពិធី​បំបួស​ដើម​ឈើទៅវិញ ដោយសារ​​សមត្ថកិច្ច​ចម្រុះ អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន បាន​រារាំង និង​គំរាម​ចាប់​ខ្លួន​តំណាង​សហគមន៍ ប្រសិន​បើ​មិន​ផ្អាក​សកម្មភាព​ទាំង​នោះ។

ក្រុម​ស្នូល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ កុម្ភៈ​ថា សហគមន៍ ក្រុម​យុវជន និង​ព្រះសង្ឃ បាន​ព្យាយាម​ស្នើ​សមត្ថកិច្ច និង​អាជ្ញាធរ​ជា​ច្រើន​សា ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​ព្រៃ​ឡង់ ធ្វើ​បុណ្យ​បំបួស​ដើម​ឈើ​តាម​ការ​គ្រោង​ទុក ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត ហើយ​ថែម​ទាំង​ថត​រូប​ពួក​គេ​ទៀត​ផង។

លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អ្នក​កាប់​ឈើ​ខុស​ច្បាប់ អាច​ចូល​ព្រៃ​ឡង់​ដោយ​សេរី គ្មាន​ការ​រារាំង​ពី​ឆ្មាំ​អភិរក្ស របស់​ក្រសួង​បរិស្ថាន​នោះ​ទេ ផ្ទុយ​ពី​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ មាន​បំណង​ចង់​រក្សា​ព្រៃ​ឱ្យ​គង់វង្ស បែរ​ជា​ត្រូវ​រារាំង និង​គំរាម​កំហែង​ទៅ​វិញ៖ «សហគមន៍​នៅ​ពេល​ដែល​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​គាត់​មក​រារាំង សម្រាប់​ការ​ចូល​រួម​ការពារ ថែ​រក្សា​អ៊ីចឹង។ គាត់​មាន​ភាព​ភ័យ​ខ្លាច​ហើយ​ចាត់​ទុក​ថា នេះ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ សម្រាប់​ពួក​គាត់​ដែល​មាន​ចិត្ត​ការពារ​ព្រៃ​ឈើ។ មាន​រឿង ដែល​មិន​ល្អ​ក្នុង​ព្រៃ​ហើយ បាន​ជា​មិន​ចង់​ឱ្យ​សាធារណជន​ដឹង»

ចំណែក​ព្រះតេជព្រះគុណ បូរ បេត និមន្ត​មក​ពី​នៅ​ភ្នំពេញ ដែល​ចូល​រួម​ពិធី​បុណ្យ​ព្រៃ​ឡង់ មាន​ថេរៈ​ដីកា​ថា ទង្វើ​របស់​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​នេះ ជា​ចេតនា​រួម​ចំណែក​បំផ្លាញ​ព្រៃ​ឈើ បន្សល់​ចុង​ក្រោយ​ក្នុង​ព្រៃ​ឡង់។ ព្រះអង្គ​បន្ថែម​ទៀត សកម្មជន​ព្រៃ​ឈើ បាន​បង្វែរ​ទិសដៅ សុំ​ធ្វើ​បុណ្យ​ក្នុង​ព្រៃ​សហគមន៍​ជំនួស​វិញ ដែល​មាន​ទីតាំង​នៅ​ជាប់​ព្រៃ​ឡង់ ក្នុង​ឃុំ​អន្លង់​ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ក៏​ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​អនុញ្ញាត៖ «តំបន់​ដែល​យើង​ចុះ​ទៅ ជា​តំបន់​ក្ដៅ​គេ​កំពុង​កាប់​រៀងរាល់ថ្ងៃ រហូតដល់ មាន​ការ​ប្រភេទ​ឈើ​ច្បោះ​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យផល ធ្វើ​នៅ​តំបន់​នោះ​រាល់​ថ្ងៃ​ក៏​មាន​ការ​កាប់ តាំង​ពី​ច្បោះ​ទៅ​ទៀត ក្នុង​តំបន់​ដែល​យើង​កំពុង​តែ​ធ្វើ​ហ្នឹង។ មិន​មាន​ចេតនា​ណា ការពារ​ព្រៃ​ឈើ​ទេ មាន​តែ​គេ​ចង់​បំផ្លាញ​ធនធាន​ធម្មជាតិ​យើង​ថែម​ទៀត បើ​មិន​អ៊ីចឹង​ទេ គេ​ឱ្យ​យើង​ធ្វើ​បុណ្យ និង​ចូលរួម​ការពារ​ព្រៃ​ជាមួយ​គេ​ហើយ»

សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត មាន​បំណង​រួម​ប្រារព្ធ​ថ្ងៃ​បុណ្យ​ព្រៃ​ឡង់​នេះ ដើម្បី​រំឭក​គុណ​ព្រៃ​ឈើ និង​បួងសួង​សុំ​ឱ្យ​ព្រៃ​ឡង់​គង់វង្ស ជាពិសេស ដើម្បី​រក្សា​អត្តសញ្ញាណ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​រស់​ពឹង​អាស្រ័យ​ផល​ព្រៃ​ឈើ។

និស្សិត​មក​ពី​រាជ​ធានី​ភ្នំពេញ កញ្ញា ដាំ សុខ​ស្រី​នាង ទង្វើ​សមត្ថកិច្ច គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្រុម​និស្សិត ដែល​ចង់​ស្វែង​យល់ និង​កត់ត្រា​ក្នុង​ឯកសារ​ស្រាវជ្រាវ ជាពិសេស ចង់​ដឹង​ពី​ប្រសិទ្ធភាព​ការងារ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ៖ «មាន​អារម្មណ៍​ថា បំបិទ​សិទ្ធិ​សេរីភាព​អត់​ចង់​ឱ្យ​យើង​ដឹង​ឮ ព្រោះ​ថា តាម​ដែល​សហគមន៍​គាត់​ប្រាប់​ត្រួសៗ មាន​ក្រុមហ៊ុន ២ទៅ ៣ដែល ដែល​គេ​មក​ធ្វើ​ការ​រក​ស៊ី​នៅ​ហ្នឹង​ដែរ។ មើល​ជាក់​ស្ដែង​ទៅ ដូច​ជា អាជ្ញាធរ​ឃុបឃិត ហើយ​អ៊ីចឹង​ទៅ មាន​អារម្មណ៍​សោក​ស្ដាយ ព្រោះ​យើង​មក ចង់​ទៅ​ឃើញ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ចូល​ព្រៃ​ឡង់​ដែរ ព្រោះ​យើង​ចង់​ចូល​ដល់​ពេល​ខក​បំណង»

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ី​សេរី​ថា ការ​ចូល​ទៅ តំបន់​ស្នូល​ព្រៃ​ឡង់​មាន​ប្រព័ន្ធ​អេកូឡូស៊ី មាន​សត្វ​ព្រៃ ចាំបាច់​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន។ លោក​បញ្ជាក់​ថា មាត្រា ១១ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ការ​ចេញ​ចូល​តំបន់​ការពារ​ធម្មជាតិ ក្នុង​តំបន់​ស្នូល ដែល​ជា​តំបន់​គ្រប់គ្រង​ខ្ពស់ ក្នុង​កិច្ច​អភិរក្ស​សត្វ​ព្រៃ រុក្ខជាតិ​កម្រ ត្រូវ​បាន​ហាម​ឃាត់៖ «បណ្ដាញ​ព្រៃ​ឡង់ ដែល​ធ្វើ​សកម្មភាព​នេះ គឺ​ជា​ការ​ធ្វើ​សកម្មភាព​មួយ ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់​ទេ បណ្ដាញ​ព្រៃ​ឡង់​ដែល​ចងក្រង​នេះ គឺ​ជា​បណ្ដាញ​មួយ​ខុស​ច្បាប់។ គាត់​មិន​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ឬ​ក៏​ស្នើសុំ​ចុះ​កិច្ច​ព្រមព្រៀង​ណា​មួយ ធ្វើ​កិច្ច​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ទេ។ សកម្មភាព​របស់​គាត់​នេះ ជា​សកម្មភាព​មួយ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់»

ប៉ុន្តែ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី ចាត់​ទុក​ការ​រារាំង​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​បំពាន​គោលការណ៍​ណែនាំ​របស់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ត្រូវ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ពលរដ្ឋ​រួម​គ្នា​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ។ លោក​ថា ការ​រារាំង​នេះ មិន​ត្រឹម​តែ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី  ក្នុង​ព្រៃ​ឡង់ ដែល​កំពុង​កើត​មាន​បទ​ល្មើស​ព្រៃ​ឈើ៖ «អ៊ីចឹង​យើង​គួរ​តែ​ត្រេកអរ ដែល​មាន​ពលរដ្ឋ​យល់​ដឹង ហើយ​គាត់​ចូល​រួម​ការពារ​ព្រៃ​ឈើ ហេតុ​អី​បាន​ទៅ​ហាម​ឃាត់​គាត់យើង​មើល​រដ្ឋធម្មនុញ្ញ​កាតព្វកិច្ច​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ចូលរួម​ការពារ​ទឹក​ដី ទន្លេ ព្រៃ ដែល​ជា​ទ្រព្យ​របស់​រដ្ឋ គឺ​ពលរដ្ឋ​មាន​សិទ្ធិ​ចូល​រួម​ការពារ»

ប្រធាន​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង កញ្ញា ឈឿ លី ឱ្យ​ដឹង​ថា អ្នក​ចូលរួម​ប្រមាណ ៦០០នាក់ បាន​ខក​ចិត្ត​ជា​ខ្លាំង ហើយ​ពួក​គេ​នឹង​វិល​ទៅ​រាជ​ធានី​ភ្នំពេញ និង​ផ្ទះ​សម្បែង​រៀងៗ ខ្លួន​វិញ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ។ កញ្ញា​សង្កេត​ឃើញ​ថា ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​មាន​ចេតនា​ធ្វើ​ឱ្យ​ព្រៃ​ឈើ​ថយ​ចុះ​បន្តិច​ម្ដងៗ ព្រោះ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន មិន​បាន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ហើយ​អំពើ​ពុក​រលួយ​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែលៗ គ្មាន​យន្តការ​លុប​បំបាត់៖ «អ្នក​ការពារ​ព្រៃ​មិន​មាន​ផល​ប្រយោជន៍​សម្រាប់​គេ បើ​អ្នក​កាប់​ព្រៃ​មាន​ផល​ប្រយោជន៍​ដល់​គេ។ អ្នក​ការពារ​រង​ផល​ប៉ះពាល់​ផល​ប្រយោជន៍។ ដោយសារ​តែ​អ្នក​កាប់​ព្រៃ​ចូល​ទៅ​ឱ្យ​លុយ​គេ អ៊ីចឹង​ទៅ​តាម​ទីស្នាក់ការ​តាម​ប៉ុស្តិ៍​មួយៗ រត់​ការ​ឱ្យ​ទៅ។ តែ​បើ​សម្រាប់​អ្នក​ការពារ​ព្រៃ​បើ​ចង់​ចូល​ទៅ​ទាល់​តែ​សុំ​ការ​អនុញ្ញាត​ពី​គេ បើ​អ្នក​កាប់​អត់​មាន​សុំ​ទេ ចូល​បាន»

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត បង្ហាញ​ចំណុច​ស្នូល​ចំនួន ៣ សំខាន់ ធ្វើ​ឱ្យ​បទ​ល្មើស​ព្រៃ​ឈើ​កើត​មាន​ច្រើន រួម​មាន ទី១ សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន​ ទី២​ ​ការ​តម្រូវ​ឲ្យ​សហគមន៍​សុំ​ច្បាប់​អនុញ្ញាត​មុន​នឹង​ចុះ​ល្បាត​ និង​ធ្វើ​បុណ្យ​ព្រៃ​ឡង់ ខណៈ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​អាច​ចូល​ព្រៃ​កាប់​ឈើ​បាន​ដោយសេរី ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត ហើយ​ទី៣ មានផ្លូវ​ខ្វាត់ខ្វែង​ជា​ច្រើន ចូល​ព្រៃ​ឡង់ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​បាត់​បង់​ជម្រក​សត្វ​ព្រៃ និង​ទំហំ​ព្រៃ​ឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហគមន៍​ព្រៃ​ឡង់ ក្រុម​និស្សិត ព្រះ​សង្ឃ និង​ក្រុម​យុវជន​ប្រមាណ ៦០០នាក់ ខក​ខាន​មិន​បាន​ធ្វើ​បុណ្យ​ក្នុង​ព្រៃ​ឡង់ ដោយសារ​អាជ្ញាធរ​ហាម​ឃាត់"

  1. Anonymous says:

    I do not care about forest in Cambodia any more. the reason why?? there is no forest in Cambodia any more . we knew HUN SEN and his leadership turn it into $$$$$$$$$$some keep in foreign bank and some keep in their ass every day. please stop talking about forest can you??