អាជ្ញាធរ​មិន​បង្ហាញ​សំណុំ​រឿង​កម្មករ​រង​របួស​ពេល​បង្ក្រាប​ករណី​តវ៉ា​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2020-02-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ពៅ សារ័ត្ន ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដេក​ចោល​គ្មាន​ការ​សង្គ្រោះ​របួស ពេល​លោក​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​ប្រដាប់​អាវុធហត្ថ​រដ្ឋាភិបាល ប្រមាណ ៣០០នាក់ បាញ់ និង​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា​ក្នុង​ជម្លោះ​ដី​មួយ​កន្លែង នៅ​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។

លោក ពៅ សារ័ត្ន ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដេក​ចោល​គ្មាន​ការ​សង្គ្រោះ​របួស ពេល​លោក​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​ប្រដាប់​អាវុធហត្ថ​រដ្ឋាភិបាល ប្រមាណ ៣០០នាក់ បាញ់ និង​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា​ក្នុង​ជម្លោះ​ដី​មួយ​កន្លែង នៅ​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Chum Preaum


កម្មករ​សំណង់​ម្នាក់ ដែល​បាន​រងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ធ្លាយ​ស្មា ក្នុង​ព្រឹត្តិការណ៍​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៩ គឺ​លោក ពៅ សារ័ត្ន បានជា​សះ​របួស​ខ្លះ​ហើយ ក្រោយ​ការ​ព្យាបាល​ជាង​មួយ​ឆ្នាំ​មកនេះ​។ ម្ដាយ​ជនរងគ្រោះ​ប្រាប់​ថា លោក ពៅ សារ័ត្ន ពេល​នេះ អាច​ងើប​រួច​ពី​កន្ទេល និង​អាច​រំកិល​គូទ​បាន​ខ្លះ​ហើយ តែ​ដើរ​មិន​រួច ហើយ​ទំនង​ពិការ​មួយ​ជីវិត។

ម្ដាយ​របស់​លោក ពៅ សារ័ត្ន គឺ​លោកស្រី អន អៀន ប្រាប់​ថា លោកស្រី​បាន​យក​លោក ពៅ សា​រ័ត្ន ពី​កន្លែង​ព្យាបាល​ចាប់​សរសៃ​បែប​បុរាណ​មក​ស្នាក់​នៅផ្ទះ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​បាន​ជាង ១​ខែ​ហើយ​។ លោកស្រី​ថា ពេលនេះ មុខរបួស​របស់​លោក ពៅ សា​រ័ត្ន បាន​សះ​ជា លែង​រលួយ​ទៀត​ហើយ តែ​មិន​អាច​ដើរ​បានទេ ដោយសារ​គ្រាប់កាំភ្លើង​បាន​ធ្វើ​ឱ្យ​ដាច់​សរសៃ​ឆ្អឹងខ្នង​។ លោកស្រី​ថា គ្រួសារ​កំពុង​ខ្វះខាត​ថវិកា​ទ្រទ្រង់​ជីវភាព ព្រោះ​លោក ពៅ សារ័ត្ន លែង​អាច​ធ្វើការ​អ្វី​បាន៖ «ពេទ្យ​ថា វា​ប៉ះពាល់​សរសៃប្រសាទ​ឆ្អឹងខ្នង​ហ្នឹង​។ គ្រប់​តែ​គ្នា​អ៊ីចឹង អ្នក​ដែល​បាក់​ឆ្អឹងខ្នង គ្រោះថ្នាក់​ចរាចរណ៍​បាក់ឆ្អឹង​ខ្នង ស្លាប់​មួយ​កំណាត់​ខ្លួនៗ ដូច​តែ​គ្នា ហើយ​កូន​ខ្ញុំ​នេះ ដែល​វា​ត្រូវ​គ្រាប់​ហ្នឹងហើយ វា អា​ពីលើ​ឆ្អឹងខ្នង​ទេ តែ​ចុងដង្ហើម​ទៅ​ក្រោម​ហ្នឹង វា​អត់​ដឹង​ណា​។ ខ្ញុំ​ទើបតែ​ចេញពី​ពេទ្យ​ដែរ​ហ្នឹង​។ ខ្វះខាត​ដែរ​ហ្នឹង​ណា លោកគ្រូ មិន​ទាន់​មាន​លុយ​ទិញ​ដែក​ធ្វើ​ឱ្យ​ឈរ​ផង​។ ដែក ដែល​យើង​ធ្វើ​ទៅ ដល់ពេល​យើង គេ​ឱ្យ​ក្រោកឈរ​នឹង​ដែក​ហ្នឹង​ណា​។ ដែក គេ​ឱ្យ​ធ្វើ​បួន​ជ្រុង មិនទាន់​មាន​លុយ​ទិញ​ដែក ឱ្យ​បង​វា​ផ្សា​ឱ្យ​ផង»។

លោក ពៅ សារ័ត្ន គឺជា​កម្មករ​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​។ លោក​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង គេ​បាញ់​ចំ​ស្មា ធ្លា​យមក​ផ្នែក​ខាងក្រោយ ដោយ​បៀម​គ្រាប់​ជាប់​នឹង​ឆ្អឹងខ្នង កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ក្នុង​ព្រឹត្តិការណ៍​អាជ្ញាធរ​ដឹកនាំ​កងកម្លាំង​ចម្រុះ ប្រមាណ ៣០០​នាក់ ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដោយ​ប្រើ​ហិង្សា​បាញ់​បង្ក្រាប​អ្នក​តវ៉ា​លើ​ដី​ជម្លោះ​មួយ​កន្លែង នៅ​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំង ស្រុក​ព្រៃនប់​។​

សាក្សី​ក្នុង​ហេតុការណ៍​ថា កាលនោះ លោក ពៅ សា​រ័ត្ន មិន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ទេ នៅ​ពេល​ត្រូវ​គ្រាប់កាំភ្លើង ហើយ​ត្រូវ​ដេក​ស្ដូកស្ដឹង​នៅ​លើ​ដី ជាច្រើន​ម៉ោង​។ នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​មក​មន្ទីរ​ពេទ្យ​នៅ​ភ្នំពេញ ភ្លាមៗ​។ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ទើប​លោក ពៅ សារ័ត្ន ត្រូវ​បាន​វះកាត់​យក​គ្រាប់កាំភ្លើង​ចេញ។

ក្នុង​ព្រឹត្តិការណ៍​នោះ ក្រៅពី​លោក ពៅ សា​រ័ត្ន សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ប្រើ​ហិង្សា និង​ចាប់ចង​ពលរដ្ឋ​ច្រើន​ផ្សេង​ទៀត​។ ក្នុង​នោះ ទាហាន​ម្នា​ក់​បាន​យក​កាំភ្លើង​អាកា​៤៧ (AK-47) បាន​វាយ​បុរស​ម្នាក់​នឹង​ស្នូកកាំភ្លើង នៅ​ពេល​ពលរដ្ឋ​រូប​នោះ ត្រូវ​បាន​ចងដៃ​ព័ន្ធ​ទៅ​ក្រោយ ហើយ​អង្គុយ​លត់​ជង្គង់​ផ្ទាល់​នឹង​ដី​។ បន្ថែម​ពី​នេះ ពលរដ្ឋ ៦​នាក់​ទៀត ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត តែ​ត្រូវ​ឱ្យ​ធ្វើ​កិច្ចសន្យា​ដោះលែង​វិញ។

ក្រោយពេល​មាន​ប្រតិកម្ម​ខ្លាំង​ពី​ពលរដ្ឋ និង​អន្តរជាតិ រដ្ឋាភិបាល​បាន​ដាក់​ទណ្ឌកម្ម នាយទាហាន​ម្នាក់ និង​មន្ត្រី​កងរាជអាវុធហត្ថ ៥​នាក់ ក្នុង​នោះ មាន ២​នាក់ ត្រូវ​ព្យួរ​ពី​ការងារ ដោយហេតុ​ផល​ថា បាន​វាយ​ពលរដ្ឋ​ជាប់​ចំណង នឹង​ស្នូកកាំភ្លើង​អាកា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ដក​តំណែង​អភិបាលរង​ខេត្ត​ពីរ​នាក់ និង​បង្គាប់​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​លើ​អភិបាលរង​ខេត្ត​ទាំងពីរ​នាក់​នោះ​។ តែ ១​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​មិនទាន់​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​នេះ នៅឡើយ​ទេ។

ម្ដាយ​របស់​លោក ពៅ សា​រ័ត្ន លោកស្រី អន អៀន អះអាង​ថា មិន​ដឹង​អំពី​ផ្លូវច្បាប់​យ៉ាងណា​ឡើយ​។ លោកស្រី​ថ្លែង​ថា ធ្លាប់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​តំណាង​របស់​ឧកញ៉ា ស៊ី គង់ទ្រីវ ភាគី​មាន​ជម្លោះដីធ្លី​ម្ដងគត់ ចំនួន ១​ពាន់ (១.០០០) ដុល្លារ ដែល​យក​លុយ​ទៅ​ឱ្យ​ដល់​មន្ទីរពេទ្យ​ព្រះកុសុមៈ កាលពី​កំឡុង​ពេល​វះកាត់​យក​គ្រាប់កាំភ្លើង​ចេញ​។ តែ​ថវិកា​ទាំងនោះ បាន​ចំណាយ​លើ​ថ្លៃ​ព្យាបាល​អស់ហើយ​។ ក្រោយ​មក​ទៀត ការ​ចំណាយ​លើ​ការ​ព្យាបាល លោក ពៅ សា​រ័ត្ន ទទួល​បាន​កា​រជួយឧបត្ថម្ភ​ពី​សប្បុរសជន​តិចតួច និង​ការ​ជួយ​បន្តិចបន្តួច​បស់​បងៗ លោក ពៅ សា​រ័ត្ន កំពុង​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​។ លោកស្រី មិន​ដែល​ទទួល​បាន​ការ​កោះហៅ​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួល​បាន​សំណង និង​យុត្តិធម៌​ឡើយ៖ «មិនបាន​សួរ មិន​បាន​នាំ​អ្វី​ទេ លោកពូ​អើយ​។ ខ្ញុំ​មិន​ហ៊ាន​សួរនាំ​អ្វី នឹក​ឃើញ​ថា បើ​គាត់​ឱ្យ​គាត់​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ហ្នឹង​មក​ហើយ​ណា​។ ដល់​នេះ ខ្ញុំ​មិនដែល​បាន​ចុច​សុំ​ចុច​អ្វី​ទេ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​សំណុំ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក យឹម ប៉ុណ្ណារ៉េត បាន​ទេ នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ថ្លែង​ថា អាជ្ញាធរ​ត្រូវ​រក​ជន​ដៃដល់​ឱ្យ​ឃើញ និង​ត្រូវ​ចាប់​បង្ខំ​ឱ្យ​សង​សំណង​តាម​ផ្លូវ​ច្បាប់ សម្រាប់​ជនរងគ្រោះ​។ លោក​ថា ទោះ​គ្រួសារ​ជនរងគ្រោះ មិនបាន​ប្ដឹង​ទារជំងឺចិត្ត (​រដ្ឋប្បវេណី​) តែ​តំណាង​អយ្យការ មាន​តួនាទី​ប្ដឹង​រក​ជន​ដៃដល់ (​ព្រហ្មទណ្ឌ​) ដើម្បី​សង​ថ្លៃ​ព្យាបាល​ឱ្យ​ជនរងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles