បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត កំពុង​ប្រឈម​ការ​លំបាក​ចុះ​ល្បាត​ការពារ​ព្រៃ និង​ធ្វើ​បុណ្យ​ព្រៃ​ឡង់ ដោយសារ​ក្រសួង​រឹតត្បិត​សិទ្ធិ

ដោយ ហេង រស្មី
2020-02-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះសង្ឃ ពលរដ្ឋ និង​យុវជន ជួបជុំ​គ្នានៅ​ខេត្ត​ព្រះវិហារ​ កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ២០២០ ដើម្បី​ធ្វើ​បុណ្យ​បំបួស​ដើម​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​ត្រូវ​​ខកខាន​វិញ ដោយសារ​មន្ត្រី​បរិស្ថាន​រារាំង។

ព្រះសង្ឃ ពលរដ្ឋ និង​យុវជន ជួបជុំ​គ្នានៅ​ខេត្ត​ព្រះវិហារ​ កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ២០២០ ដើម្បី​ធ្វើ​បុណ្យ​បំបួស​ដើម​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​ត្រូវ​​ខកខាន​វិញ ដោយសារ​មន្ត្រី​បរិស្ថាន​រារាំង។

 រូប៖ សកម្មជន​បរិស្ថាន


បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ដែល​មាន​ព្រៃ​ឈើ​គ្រប​ដណ្ដប់​លើ ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង​ត្អូញត្អែរ ពី​ការ​រឹតត្បិត​សេរីភាព​ចុះ​ល្បាត​ព្រៃ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់ ដោយសារ​ក្រសួង​បរិស្ថាន​ហាមឃាត់ គំរាមកំហែង និង​ចោទ​ពួក​គេ​ថា ជា​បណ្ដាញ​ក្រៅ​ច្បាប់។ សហគមន៍​ថា ពួក​គេ​មិន​ទុក​ចិត្ត​ប្រសិទ្ធភាព​ការងារ ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​កំពុង​ឈរ​ជើង​ការពារ​ព្រៃ​ឡង់​នោះ​ទេ ព្រោះ​សកម្មភាព​កាប់​ឈើ និង​ការ​ទន្ទ្រាន​ដី​ព្រៃ​ឡង់ ធ្វើជា​កម្មសិទ្ធិ ពី​សំណាក់​អ្នក​មាន​លុយ មាន​អំណាច នៅ​តែ​កើត​មាន​ឥត​ស្រាកស្រាន្ត។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​ប្រកាស​ជំហរ​ថា នឹង​បន្ត​បេសកកម្ម​​ការពារ​ព្រៃ​ឈើ បើ​ទោះ​បី​មាន​ការ​គំរាម​កំហែង រារាំង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ក្ដី។ ពួក​គេ​បារម្ភ​ថា ប្រសិន​បើ​បណ្ដោយ​ឱ្យ​ក្រសួង​បរិស្ថាន​ការពារ​ព្រៃ​ឡង់​តែ​ឯង ស្ថាប័ន​សាមី​មួយ​នេះ នឹង​ជិះ​សេះ​លែង​ដៃ បណ្ដោយ​ឱ្យ​បទ​ល្មើស​ព្រៃ​ឈើ​កើត​មាន​ច្រើន ព្រោះ​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង អំពើ​ពុក​រលួយ។

ប្រធាន​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ កុម្ភៈ​ថា តំបន់​ដែល​មន្ត្រី​បរិស្ថាន​រារាំង និង​ហាម​ឃាត់ សហគមន៍​ព្រៃ​ឡង់​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ចំណុច​វាល​ពពាល គឺ​ពោរពេញ​ដោយ​ជំរំ​បទ​ល្មើស​អារ​ឈើ​ខុស​ច្បាប់ ការ​ដាក់​អន្ទាក់​សត្វ បរបាញ់​សត្វ និង​មាន​គល់​ឈើ​ធំៗ រាប់​រយ​ដើម ត្រូវ​គេ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​នៅ​ពេល​ថ្មីៗ នេះ។ លោក​សង្កេត​ឃើញ​ថា ក្រុម​ជន​ល្មើស​មាន​ឱកាស​ចូល​ព្រៃ​ឡង់​កាប់​ឈើ​បាន​ជា​រៀងរាល់​ថ្ងៃ ពុំ​ឃើញ​ក្រសួង​បរិស្ថាន​អនុវត្ត​ច្បាប់​នោះ​ទេ ហើយ​បែរ​ជា​មក​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​អ្នក​ការពារ​ព្រៃ​ឈើ​ទៅ​វិញ៖«សហគមន៍​ព្រៃ​ឡង់​ចុះ​ល្បាត​ការពារ​ព្រៃ​ដោយសារ​តែ ពួក​បទ​ល្មើស​ចេះ​តែ​ចូល​កាប់​ឈើ​បាន​រាល់​ថ្ងៃ ចុះ​ហេតុ​អី​បាន​ជា​ក្រសួង​បរិស្ថាន ឬ​ក៏​មន្ត្រី​ណា​ខ្លះ មិន​ទៅ​ចាត់​ការ​គាត់ ឱ្យ​គាត់​ដឹក​ឈើ​បាន​តាម​ចិត្ត។ ហេតុផល​​នេះ ពេល ដែល​ពួក​ខ្ញុំ​ធ្វើ​សកម្មភាព​ល្បាត​ម្ដងៗ ឃើញ​គល់​ឈើ​រាប់​រយ​គល់ ដែល​គេ​កាប់​ក្នុង​ព្រៃ​ឡង់​ដឹក​ជញ្ជូន​ចេញ។ ការ​លាក់​បាំង​របស់​គេ​ហ្នឹង​ហើយ បាន​ជា​មិន​ចង់​ឱ្យ​ពួក​ខ្ញុំ​ចូល។ តាម​ច្រក​ចូល​ព្រៃ​ឡង់ គេ​មាន​អ្នក​ចាំ​ផ្លូវ​ស្រេច​ហើយ គេ​ចូល​គេ​បង់​លុយ​ឱ្យ​មន្ត្រី​ហ្នឹង»

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​អះអាង​ថា ក្រសួង​បរិស្ថាន​បាន​យក​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ជា​លេស ដើម្បី​រារាំង និង​ហាម​ឃាត់​សហគមន៍​ព្រៃ​ឡង់ ក្រុម​និស្សិត និង​ព្រះសង្ឃ រាប់​រយ​នាក់ មិន​ឱ្យ​ចូល​ព្រៃ​ឡង់។ ពួក​គេ​សង្កត់​ធ្ងន់​ថា ក្រសួង​បរិស្ថាន​ក៏​ត្រូវ​ធានា​ថា គ្មាន​អ្នក​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់  ហើយ​ប្រសិន​បើ​មាន​សកម្មភាព​ដឹក​ឈើ និង​កាប់​ឈើ​ខុស​ច្បាប់ ក្រសួង​សាមី​មួយ​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ និង​ត្រូវ​ធានា​ថា ចាប់​ខ្លួន​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​ថា សហគមន៍​ព្រៃ​ឡង់​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​រឹត​ត្បិត​សេរីភាព​ចុះ​ល្បាត ការ​ប្រមាថ ការ​គំរាម​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សហគមន៍ មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ និង​ធ្វើ​បុណ្យ​ព្រៃ​ឡង់ ពី​សំណាក់​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន។ លោក​ថា សហគមន៍​បាន​យក​អាយុ​ជីវិត ទៅ​ប្ដូរ​នឹង​កិច្ច​គាំពារ​ព្រៃ​ឈើ ប្រឈម​ឧបសគ្គ​ជា​ច្រើន​ជាមួយ​ក្រុម​ជន​ល្មើស ខណៈ​ដែល​ក្រុម​អ្នក​កាប់​ឈើ និង​អ្នក​ដឹក​ឈើ មាន​កាំ​ភ្លើង​កែច្នៃ និង​វិទ្យុ​ទាក់ទង​គ្រប់​ដៃ។ លោក​ចាត់​ទុក ការ​រារាំង​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ និង​ធ្វើ​បុណ្យ​ព្រៃ​ឡង់ ជា​ចេតនា​ចង់​បិទបាំង​អំពើ​ពុក​រលួយ និង​ការ​ឃុបឃិត​គ្នា កាប់​ឈើ​ខុស​ច្បាប់៖ «យើង​ខក​ចិត្ត​មែនទែន ដោយសារ​យើង​បាន​ប្ដូរ​ជីវិត ជាមួយ​នឹង​ការ​ការពារ​ព្រៃ​ឈើ​មួយ​នេះ។ រឿង​ដែល​គេ​មិន​ឱ្យ​ចូល​ជា​រឿង​មួយ ដែល​គេ​បិទ​បាំង​អំពើ​ពុក​រលួយ​ណា​មួយ ឬ​មួយ​គេ​ឃុបឃិត ដើម្បី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ មិន​ចង់​ឱ្យ​ព្រៃ​ឡង់​នៅ​សល់​ទេ។ យើង​ឃើញ​សកម្មភាព​រាល់​ថ្ងៃ​នេះ​គឺ ព្រៃ​ឈើ​មិន​បាន​ថយ​ចុះ​ច្រើន​ទេ កំពុង​មាន​ការ​កាប់​បំផ្លាញ​ជា​បន្ត​បន្ទាប់ ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។ ប្រសិន​បើ​មិន​មាន​បណ្ដាញ​ព្រៃ​ឡង់​ធ្វើការ ការពារ​ព្រៃ​ឡង់​បន្ត​ទៀត ខ្ញុំ​គិត​ថា យ៉ាង​ហោចណាស់ ៥ ទៅ ៦​ឆ្នាំ​ទៀត បាត់​អស់​ហើយ​ឈើ​ធំៗ»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសបុក​របស់​ក្រសួង​ថា សួង​បរិស្ថាន​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ឥរិយាបថ​បំពានច្បាប់ ម្ដង​ហើយ​ម្ដង​ទៀត របស់​ក្រុម​សមាជិក​បណ្ដាញ​ព្រៃ​ឡង់ មិន​មាន​ការ​ចុះ​បញ្ជី​ស្រប​ច្បាប់​ត្រឹមត្រូវ និង​ថែម​ទាំង​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

លោក​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ព្យាយាម​ធ្វើ​សកម្មភាព​ក្រៅ​ច្បាប់ និង​ធ្វើ​ខ្លួន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​សមូហភាព​នៃ​ការ​ដឹក​នាំ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ៖ «បណ្ដាញ​ព្រៃ​ឡង់​ដែល​គាត់​ធ្វើ​សកម្មភាព​នេះ គឺ​ជា​សកម្មភាព​មួយ​មិន​មាន​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់​ទេ ដោយសារ​តែ​បណ្ដាញ​ព្រៃ​ឡង់ ដែល​គាត់​ចងក្រង​នេះ ជា​បណ្ដាញ​មួយ​ខុស​ច្បាប់ នៅ​ក្រៅ​ច្បាប់ គាត់​មិន​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ ឬ​ក៏​ស្នើសុំ​ការ​ទទួល​ស្គាល់​ណា​មួយ ចុះ​កិច្ច​ព្រមព្រៀង​ណា​មួយ ធ្វើ​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ទេ។ សកម្មភាព​ដែល​គាត់​ធ្វើ​មក​នេះ ជា​សកម្មភាព​មួយ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់»

ក៏ប៉ុន្តែ អ្នក​សិក្សា​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ជា​ប្រធាន​កម្មវិធី​ នៃ​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី មិន​គាំទ្រ ចំពោះ​ការ​លើក​ឡើង​របស់​លោក នេត្រ ភក្ត្រា ដែល​ចោទ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ជា​បណ្ដាញ​ក្រៅ​ច្បាប់​នោះ​ទេ។ លោក​យល់​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បញ្ជាក់​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​បណ្ដាញ​សហគមន៍​មូលដ្ឋាន មិន​តម្រូវ​ឱ្យ​ឋិត​ក្រោម​ការ​គ្រប់​ដណ្ដប់​របស់​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ទេ។ លោក​បញ្ជាក់​ថា ច្បាប់​នេះ ក៏​មិន​បាន​តម្រូវ​ឱ្យ​សហគមន៍​មូលដ្ឋាន ធ្វើការ​ចុះ​បញ្ជី​ដែរ នៅ​ពេល​ដែល​ធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ។

លោក ស ម៉ូរី សង្កេត​ឃើញ​ថា សរាចរ​ណែ​នាំ លេខ ០៥ របស់​លោក​នាយកមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ខ្លឹមសារ​លើក​ទឹក​ចិត្ត​ដល់​សហគមន៍ និង​ពលរដ្ឋ​មូលដ្ឋាន ឱ្យ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ដែរ។ ហេតុនេះ ការ​លើក​ឡើង​របស់​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ និង​បទបញ្ជា​របស់​រដ្ឋាភិបាល៖ «សំណួរ​ដែល​យើង​ចោទ​សួរ​ទៅ​ក្រសួង​បរិស្ថាន ហើយ​និង​មន្ត្រី​ឧទ្យានុរក្ស​នៅ​ជុំវិញ​ព្រៃ​ឡង់ គឺ​ថា ហេតុ​អី​អ្នក​ចូល​កាប់​ឈើ និង​អ្នក​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​មិន​ត្រូវ​បាន​ហាម​ឃាត់ ហើយ​សហគមន៍​ដែល​ចូល​រួម​ល្បាត​ព្រៃ និង​ការពារ​ព្រៃ​ឡង់ ដែល​ចៀសវាង​ការ​កាប់​បំផ្លាញ ដោយ​ឈ្មួញ​ទុច្ចរិត​ត្រូវ​បាន​ហាម​ឃាត់​ទៅ​វិញប្រសិន​បើ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​មិន​អាច​ចូល​រួម​ល្បាត​ព្រៃ​បន្ត​ទៀត ខ្ញុំ​មើល​ឃើញ​ថា ស្ថានភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ច្បាប់​ទាំង​ឡាយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឋិត​ក្រោម​រដ្ឋធម្មនុញ្ញ​ទាំង​អស់។ លោក​ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ច្បាស់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ហើយ​សិទ្ធិ​ទាំង​អស់​នេះ​ហើយ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​គោរព ការពារ និង​លើក​ទឹក​ចិត្ត។ លោក​បញ្ជាក់​ថា ការ​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ការពារ​ធនធាន​ធម្មជាតិ គឺ​ជា​ទង្វើ​ល្មើស​ច្បាប់៖ «សកម្មភាព​របស់​សហគមន៍​ព្រៃ​ឡង់​ទោះ​បី​លោក មិន​បាន​ចុះ​បញ្ជី ប៉ុន្តែ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ប្រគល់​សិទ្ធិ​ឱ្យ​ការងារ​ព្រៃ​ទាំង​អស់​ហ្នឹង វា​ត្រឹម​ត្រូវ។ ក្រសួង​បរិស្ថាន​ត្រូវ​តែ​មាន​កាតព្វកិច្ច​មួយ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ ព្រោះ​ខ្ញុំ​គិត​ថា ក្រសួង​តែ​ឯង​មិន​អាច​ធ្វើ​ការងារ ការពារ​ធនធាន​ធម្មជាតិ​ហ្នឹង​បាន​ទេ។ យើង​ឃើញ​ថា ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ហ្នឹង ក្រសួង​ត្រូវ​តែ​ផ្ដល់​ការ​លើក​ស្ទួយ​លើក​ទឹក​ចិត្ត​ដល់​សហគមន៍ ដើម្បី​ឱ្យ​លោក​ចូល​រួម»

លោក ស ម៉ូរី សង្កេត​ឃើញ​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​របស់​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់។ លោក​យល់​ថា ការ​ហាម​ឃាត់​សកម្មភាព​សហគមន៍​ព្រៃ​ឡង់ មិន​ឱ្យ​ល្បាត​ព្រៃ នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ក្រុម​ជន​ល្មើស លួច​កាប់​ឈើ និង​ដឹក​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត កំពុង​ប្រឈម​ការ​លំបាក​ចុះ​ល្បាត​ការពារ​ព្រៃ និង​ធ្វើ​បុណ្យ​ព្រៃ​ឡង់ ដោយសារ​ក្រសួង​រឹតត្បិត​សិទ្ធិ"

  1. so socheath says:

    បើនិយាយថាជាបណ្ដាញ​សហគមន៍ ​ដែលបង្ករតែបញ្ហា ​ដើម្បីបង្កើត​​ភាពចលាចល
    ក្នុងសង្គម វិញ​ត្រូវជាង ទេដឹង !

  2. Anonymous says:

    WELL….. if we say no one destroy the forest in KAMPOUCHEA that will be right to some of those animal.