វិភាគ៖ តើឥទ្ធិពល EBA ២០ភាគរយនឹងធ្វើឱ្យកម្មការិនីក្នុងវិស័យកាត់ដេរប្រឈមអ្វីខ្លះ?

បទវិភាគ
លោក ញឹម សុខន | ២៤ កុម្ភៈ ២០២០ | ម៉ោង ៩:១៨ ល្ងាច
https://vodkhmer.news

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)


​ប្រព័​ន្ធអ​នុ​គ្រោះព​ន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬហៅ​កាត់​ថា E​BA​ ដែល​ផ្ដល់​ឱ្យ​ដោយ​​សហ​ភាព​អឺរ៉ុ​ប​សម្រាប់​កម្ពុជា បា​នផ្ត​ល់​ឱកា​សឱ្យប្រទេស​មួយ​នេះ នាំ​ទំនិ​ញ​ទៅ​លក់​ដោ​យមិ​នចាំ​បា​ច់បង់​ព​ន្ធ​​គយ​លើ​​គ្រ​ប់​មុខ​​ទំ​និ​​​ញ ជាពិ​សេស​ផលិ​ត​ផ​ល​កាត់​ដេរ​។​

​​ប្រព័​ន្ធអ​នុគ្រោះផ្នែ​កពា​ណិជ្ជ​កម្មនេះ​ មានតែ​ប្រទេ​សក្រី​ក្រ ៣ ​ប៉ុ​ណ្ណោះជាសមាជិកអាស៊ាន​ ​​ដែល​​​សហ​ភាព​អឺរ៉ុបផ្ត​ល់ឱ្យ​ ក្នុ​​​ងនោះ​​​មាន​ ក​​ម្ពុ​ជា​ មីយ៉ា​ន់​ម៉ា​​ និ​ង​ប្រទេ​សឡា​វ​ ក្នុ​ងគោ​លដៅ​ជួយដល់ប្រទេសក្រីក្រឱ្យមានលទ្ធភាពប្រកួតប្រជែងជាមួ​យ​នឹងប្រ​ទេស​ក្នុ​ងតំប​ន់។​

ប៉ុន្តែ ​ដោយ​សា​រ​វិវាទ​នយោ​បាយប៉ុន្មានឆ្នាំចុងក្រោយនេះ ជំរុ​ញឱ្យស​ហភាពអឺ​រ៉ុបសម្រេច​ដក​ហូត​ប្រ​ព័ន្ធ​អ​នុគ្រោះ​ពន្ធ​ ២០​ភាគរយ​​ពី​ក​ម្ពុជា​​ជាជំហានដំបូង ក្រោយពីប្រើពេល ១ឆ្នាំទាមទារឱ្យរដ្ឋាភិបាលកម្ពុជា​ស្តារប្រជាធិបតេយ្យឡើងវិញ ក្រោយពីគណបក្សប្រឆាំងត្រូវបានគេផាត់ចេញពីឆាកនយោបាយ។

វិធានការនេះ អឺរ៉ុបមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានរំលោភ«ធ្ងន់ធ្ងរ»ជាប្រព័ន្ធទៅលើសិទ្ធិការងារ សិទ្ធិអង្គការ​សង្គមស៊ីវិល និងសិទ្ធិនយោបាយ មិនតបតាមលក្ខខណ្ឌរបស់ខ្លួន ដែលកម្ពុជាបានព្រមព្រៀងកន្លងទៅ។

តើ​កម្មករ​កម្មការិនី​កម្ពុជា​​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ ក្រោយ​អឺរ៉ុប​ដក​ហូត​ចំណែក​២០​ភាគរយ​នៃ EBA?

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ឥទ្ធិពល EBA ២០ភាគរយ អាចរាលដាលដល់ ១០០ភាគរយ ប្រសិន​បើប្លុកលោកសេរីនៅតែមើលឃើញថា ៦ខែទៀតនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនត្រូវបានស្តារឡើងវិញតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប។

លោក អាត់ ធន់ អះអាងថា បញ្ហានេះមកពីអ្នកបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាជាង ៩០ភាគរយជាក្រុមហ៊ុនធំៗនៅប្លុកលោកសេរី ដូចជានៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនជាដើម។ លោកថា ក្រុមហ៊ុនទាំងនោះ គេមិនរកស៊ីជាមួយប្រទេសដែលត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្សទេ។

លោក អាត់ ធន់ ប្រាប់ថា៖ «ការដែល [សហភាពអឺរ៉ុប] កាត់២០ភាគរយនេះ វាមានន័យថា វាជាចំណែកមួយ។ ឧទាហរណ៍ថា បើគេនាំចេញ [ទំនិញ] ១០០ភាគរយ បើប៉ះ ២០ភាគរយ វាអាចដោះស្រាយ ប៉ុន្តែ កេរ្តិ៍ឈ្មោះវាលុបទៅលើអា ១០០ភាគរយ វាអាចធ្វើឱ្យប៉ះអីវ៉ាន់របស់គេ»

លោក អាត់ ធន់ វិភាគថា បញ្ហនេះ វានឹងជំរុញឱ្យកម្មការិនី​​ប្រឈមនឹងបញ្ហាធំៗបី បើរដ្ឋាភិបាលមិនទាន់រកការងារអ្វីផ្សេង មកជំនួសការងារក្នុងវិស័យកាត់ដេរបាននៅឡើយនោះ។

លោក អាត់ ធន់ បន្តថា៖ «កាលណាប៉ះគាត់ [កម្មករ] ពឹប គាត់នឹងជជែកជាមួយនិយោជក [ថៅកែ] ដើម្បីឱ្យបង់ប្រាក់ខែឱ្យគាត់។ បើបង់អត់គ្រប់ គាត់នឹងតវ៉ាជាមួយនិយោជក អាចស្នើមករដ្ឋាភិបាលអីផ្សេងៗ អាហ្នឹងជារឿងទី១។ រឿងទី២ បើគាត់អត់​ការ​ងារ​​ធ្វើ ​គា​​​ត់​បា​ត់​បង់​ចំណូ​ល ​បើបា​ត់​បង់​ចំណូ​ល គាត់​អ​ត់​មាន​លុយ​ប​ង់ធនា​គារ​ […] ហើយ​នៅក្នុ​ងប្រ​ទេស​ក​ម្ពុជា​យើង​ពេលបច្ចុប្បន្ន ខ្ញុំមិនទាន់ឃើញការងារណាម​កជំ​​នួស​កម្ម​ករ​ផ្នែ​កកា​ត់ដេ​របា​នទេ​»។​

ប្រ​​ធា​នមជ្ឈម​ណ្ឌល​ស​ម្ព័​ន្ធ​ភា​​​ពកា​រងា​រ ​និ​ងសិ​ទ្ធិមនុស្ស​ ហៅ​កាត់​ថា សង់ត្រាល់​ លោ​ក​ មឿន​ តុ​លា មា​នប្រសាស​ន៍ថា​ ​ឥទ្ធិព​ល E​BA ​អាច​នឹ​ងធ្វើ​ឱ្យកម្ម​ការិ​នីមួយចំ​នួន ​ប្រឈ​ម​នឹ​ងប​ញ្ហាធំ២ ​គឺកា​រធ្វើ​ចំណាក​ស្រុកទាំងប្រ​ថុ​យ​ប្រ​ថាន​ ទៅរកការងា​រ​ធ្វើ​នៅ​ប្រ​ទេ​សថៃ​ និ​ងម៉ា​ឡេស៊ី ​និង​ទី២​ ជំរុញ​ឱ្យមា​កំ​ណើ​នកា​រងា​រក្នុ​ងក្លឹ​ប​កម្សាន្ត ហើយ​​លោកថា បញ្ហានេះ​ ជា​ហានិ​ភ័​យ​សម្រាប់​ស្ត្រី​ធ្លាក់​ទៅ​ក្នុង​អំ​ពើជួ​ញដូ​រ​មនុស្ស​។

អ្នកឃ្លាំមើលផ្នែកសិទ្ធិការងាររូបនេះ បង្ហាញការយល់ឃើញថា ចំណាកស្រុកកម្មការិនីខ្មែរ នឹងមិនត្រូវបានស្វាគមន៍ទេ បើប្រទេសថៃ ពេលនេះកំពុងជួបបញ្ហាដែរនោះ។

​លោក មឿន តុលា ប្រាប់ថា៖​ «ទី​១ ​​អាមេ​រិ​​​​ក ​បា​​ន​ដក​ប្រព័​ន្ធអ​នុគ្រោះ​ពន្ធ​ពីប្រទេសថៃដែ​រ​ ​គឺ G​SP ​ទៅលើ​វិស័​យ​នាំ​ចេញគ្រឿងសមុទ្រ ប៉ុន្តែ វាប៉ះទៅដល់វិស័យផ្សេងៗ។ ទី២ វាប៉ះពាល់ដោយ Covid-19 ក៏វាប៉ះទៅដល់សេដ្ឋកិច្ចក្នុងតំបន់ដែរ។ អ៊ីចឹ​ងទៅ មិ​នដឹ​ងថា​ ​តើប្រ​ទេស​នៅ​ក្នុង​តំប​ន់​ហ្នឹង​ ​អាច​ស្រូប​យក​ក​ម្លាំ​ង​ពលក​ម្ម​ពីក​ម្ពុជា​បាន​ប៉ុន្មា​ន​ទេ​»។

​​សា​ស្ត្រាចារ្យ​​ផ្នែ​ក​ការ​ទូត​​​ និង​​កិច្ចការ​​ពិ​ភពលោក​​នៅ​​សាកលវិទ្យាល័យ​ Occidenta​l Co​ll​ege​ ទីក្រុង ​Lo​s Ang​e​les លោ​កបណ្ឌិ​ត អៀ ​សុផល​ បង្ហា​ញការ​យល់ឃើញ​ថា ​បើសិ​នអឺ​រ៉ុបផ្ដាច់ប្រព័ន្ធ​អនុគ្រោះ​ព​ន្ធ ២០​ភាគរយនៃការនាំ​ចេញ ​វានឹ​ងធ្វើ​ឱ្យអ​ត្រា​បា​ត់​ប​ង់កា​រងា​រកា​ន់តែ​ច្រើ​នក្នុ​ងវិ​ស័យកា​ត់ដេរ​។

លោក​ អៀ​ សុផ​ល ​មាន​ប្រសា​សន៍​ទៀត​ថា​ កា​របាត់ប​ង់​ការងា​រក្នុ​ងវិស័​យកាត់​ដេ​រ ​វានឹង​ធ្វើឱ្យមាន​កា​រត្រៀ​មខ្លួនក្នុ​ងកា​រជ្រើ​សរើ​សកា​រងារ​ថ្មីទាំង​​គ្មា​ន​​ជំនា​ញ។​​

​សាស្ត្រាចា​រ្យនៅ​សហ​រដ្ឋ​​អាមេ​រិក​រូបនេះ ​ចោទ​ជាសំ​ណួរ​ថា ​តើកម្ម​ការិ​នីទាំ​ង​នោះ​ អាច​ទៅធ្វើ​សំ​ណ​ង់​បាន​ទេ ​ហើយ​ពួ​កគេ​អាច​ទៅបម្រើការងារ​ក្នុង​វិស័​យទេសច​រណ៍ទាំងមិនចេះនិយាយភាសារបរទេសបានទេ?

លោកបណ្ឌិត អៀ សុផល វិភាគថា បញ្ហានេះ វានឹងធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ច ឬ GDP របស់ប្រទេសធ្លាក់ចុះ បើប្រទេសមានប្រព័ន្ធច្បាប់មិនរឹងមាំ អំពើពុករលួយវានឹងកើនឡើងខ្ពស់។

លោក អៀ សុផល ប្រាប់ថា៖ «វាជារឿងទូទៅរបស់រដ្ឋាភិបាលទៅហើយដែល​យើងគ្រប់គ្នាដឹងថា មានអំពើពុករលួយអាក្រក់បំផុតក្នុង​លោកនោះ»

​ក្រោយ​សហ​​​ភាព​អឺ​រ៉ុប​ ស​ម្រេច​ដ​កផ្នែ​កខ្លះ​នៃប្រ​ព័​ន្ធ​អនុ​គ្រោះ​ពន្ធ​ ស​មា​គម​​រោ​ង​​ចក្រ​កា​ត់​​ដេរ​​កម្ពុជា​​ GMA​C ​អះអាងក្នុងសេចក្តីប្រកាសព័ត៌មាន​ចុះថ្ងៃទី១៧ ខែកុម្ភៈថា កម្មវិធីអនុគ្រោះពន្ធ បានស្រូបយកកម្លាំងពលកម្ម ៧៥ម៉ឺននាក់ ​ក្នុង​វិស័យ​កាត់​ដេរ​ និង​បាន​រួម​ចំណែ​ក​ទាញ​ប្រជា​ជន​កម្ពុជា​រាប់​លាន​នាក់​ចេញ​ពី​ភាព​ក្រី​ក្រ​។

​​GMA​C ចាត់ទុកថា ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនេះ វានឹងជំរុញឱ្យទៅរកភាពក្រីក្រវិញ។

ដូចគ្នានេះដែរ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ហៅការបាត់បង់អត្ថប្រយោជន៍នៃកម្មវិធីអនុគ្រោះពន្ធ EBA នៅក្នុងស្ថានភាពបច្ចុប្បន្នថា នឹងធ្វើឱ្យធ្លាក់ចុះនូវគុណតម្លៃ និងភាពសំខាន់នៃគម្រោងកម្មវិធីការងារសកល។

ក្រុមអ្នកជំនួញទាំងនោះ អះអាងទៀតថា​ ការ​បាត់​បង់ការ​ងារ​ក្នុង​វិ​ស័យកា​ត់ដេ​រ​ នឹ​ងនាំ​ឱ្យមា​ន​ម​នុ​ស្ស​ជា​ច្រើនវិល​ត្រ​ឡប់​ទៅរ​ក​ភា​ពលំ​បាកយ៉ាង​ខ្លាំ​ង ​បន្ទា​ប់​ពីបា​នខិ​តខំ​ស្តារជីវភាព​រយៈ​ពេល​ជាច្រើ​នឆ្នាំមកនេះ​។

​ប្រព័​ន្ធ​​អនុគ្រោះ​​ពន្ធ​​ពាណិ​ជ្ជកម្ម​​​រប​ស់​សហភាព​អឺរ៉ុ​ប បាន​ផ្ដល់​សិទ្ធិ​ឱ្យ​កម្ពុជា​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួចផុត​​ពី​កាតព្វកិច្ច​បង់​ពន្ធ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia Review កម្ពុជា​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​​បំពាក់​មាន​តម្លៃ​ដល់​ទៅ ៤.៦​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​ពី​​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ក្នុង​រយៈ​ពេល១១​ខែ​ឆ្នាំ២០១៩។

ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ EBA រាល់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​គយ​ក្នុង​អត្រា​ចន្លោះ​ពី៨ភាគរយ ទៅ១៧​ភាគរយ។

សហភាពអឺរ៉ុបលើកឡើងក្នុងសេចក្តីសម្រេចចុះថ្ងៃទី១២ ខែកុម្ភៈថា​ ការដ​ក ២​០ភា​គរយ​លើមុខទំនិញ ៤០មុខ ជំ​ហាន​ដំបូ​ង​នេះ​ ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​មាន​តម្លៃ ១​ភាគ​៥​នៃ​ទំនិញ​សរុប​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​គយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles