អ្នក​ភូមិ​កោះ​គ​ដែល​បាក់​ផ្ទះ​ចូល​ទន្លេ មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ

ដោយ អាស៊ីសេរី
2020-02-24
អាស៊ីសេរី

ប្រជាពលរដ្ឋ ១០គ្រួសារ​នៅ​ភូមិ​កោះ​គ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្ដល់​​ដំណោះ​ស្រាយ បន្ទាប់​ពី​ផ្ទះ​របស់​ពួក​គាត់ បាក់​ធ្លាក់​ចូល​ទឹក​ទន្លេ ដែល​ពួក​គាត់​អះអាង​ថា បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ។ ចំណែក​អភិបាល​ខេត្ត​កណ្ដាល សន្យា​ថា នឹង​ខិតខំ ពិនិត្យ​លទ្ធភាព ដើម្បី​បន្ត​ជួយ​ដោះ​ស្រាយ​ជូន​ពួក​គាត់។

ប្រជាពលរដ្ឋ​ចំនួន ១០គ្រួសារ ដែល​រស់​នៅ​ភូមិ​កោះ​គ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល ត្អូញត្អែរ​ប្រាប់​អាស៊ី​សេរី​ថា ពួកគាត់ ពុំ​មាន​កន្លែង​ត្រូវ​ទៅ​នៅ​នោះ​ទេ បន្ទាប់​ពី​ដី និង​ផ្ទះ​របស់​ពួក​គាត់​បាក់​ធ្លាក់​ចូល​ទឹក​ទន្លេ កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ។

ពលរដ្ឋ​រង​គ្រោះ​ម្នាក់ លោកស្រី ស៊ីមួន ឡៃស៊ាង រៀបរាប់​ថា ពួកគាត់ កំពុង​បោះ​តង់​ស្នាក់​លើ​ដី​តូច មួយ ដែល​ខាង​ក្រោយ​នៅ​ជាប់​នឹង​មាត់​ច្រាំង​ទន្លេ ចំណែក​ខាង​មុខ​នៅ​ជាប់​ជា​មួយ​នឹង​ផ្លូវ​ជាតិ​លេខ ២១អា (A) ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​ជាមួយ​នឹង​ការ​ធ្លាក់​ចូល​ទន្លេ និង​ប្រឈម​ជាមួយ​គ្រោះ​ថ្នាក់ ចរាចរណ៍។ លោកស្រី​អះអាង​ថា ការ​បង្ខំ​ចិត្ត​រស់​ប្រថុយប្រថាន និង​លំបាក​បែប​នេះ ដោយសារ​ពួក​គាត់ ពុំ​មាន​លទ្ធភាព​ទិញ​ដី និង​ធ្វើ​ផ្ទះ​សម្រាប់​រស់​នៅ​កន្លែង​ផ្សេង​នោះ​ទេ ព្រោះ​ពួក​គាត់​សុទ្ធតែ ជា​អ្នក​មាន​ជីវភាព​ក្រីក្រ។ ពលរដ្ឋ​រូប​នេះ សម្ដែង​ការ​សោក​ស្ដាយ​ដែល​ផ្ទះ​របស់​លោកស្រី ខំ​ប្រឹង​រក លុយ​សាងសង់​អស់​ជាង ៤ពាន់​ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​ធ្លាក់​ចូល​ទឹក​ទន្លេ​ទាំង​អស់​ស្រុង៖ «ផ្ទះ​របស់​ខ្ញុំ​ធ្លាក់​ទៅ​ទាំង​អស់​ហ្មង អត់​មាន​បាន​រុះរើ​អី​មក​ទាន់​ទេ។ ស្អី​ក៏​យក​អត់​បាន​ដែរ។ គាត់​អ្នក​មក​មុន​ថា មក​ពី​ការ​បូម​ខ្សាច់ ព្រោះ​អី​គាត់​អត់​ធ្លាប់​ជួប​ប្រទះ​អ៊ីចឹង តែ​ទើប​នឹង​បូម​ខ្សាច់​នេះ ហើយ​វា​ចេះ​តែ​ប្រេះ​បាក់​បន្តៗ។ ខ្ញុំ​ទើប​មក​នៅ​ប្រាំ​ឆ្នាំ​នេះ ក៏​អត់​ដឹង​ថា ថ្លឹងថ្លែង​របៀប​ម៉េច​ដែរ តែ​ពេល​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​នៃ​ការ​បូម​ខ្សាច់​នៅ​ខាង ក្រោយ​ផ្ទះ​ខ្ញុំ​នោះ​គឺ គួរ​ឲ្យ​ខ្លាច មាន​សាឡង់ ហើយ​ធ្វើ​ឲ្យ​រលក​ធំៗ»

លោកស្រី ស៊ីមួន ឡៃស៊ាង ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ ជួយ​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ ដូច​ជា ផ្ដល់​ដី និង​ថវិកា​សម្រាប់​សង់​លំនៅឋាន​ឡើង​វិញ៖ «និយាយ​ទៅ​ថា ពិបាក​ហ្មង​ណាស់ ព្រោះ​ខ្ញុំ​មាន​កូន​តូចៗ ហើយ​អត់​មាន​កន្លែង​ដេក​ពូន​ទេ ហើយ​ដេក​នៅ​ពី​មុខ​នេះ គឺ​ភ័យ​មុខ​ភ័យ​ក្រោយ ហើយ​ឥឡូវ​ចេះ​តែ​រលេះ​តៗ ទៀត។ ខ្ញុំ​ឲ្យ​គាត់​ជួយ​រក​កន្លែង​ឲ្យ​ខ្ញុំ​រស់​នៅ​ដូច​ពី​មុន​មក​វិញ ព្រោះ​អី​ពួក​ខ្ញុំ​គ្មាន​សមត្ថភាព​អី​ណា​ដែរ រក​បាន​ត្រឹម​តែ​មួយ​រស់ៗ ហើយ​ដល់​ពេល​អស់​អ៊ីចឹង​ទៀត​ទៅ គឺ​គ្មាន​អី​ពឹង​ហ្មង។ បើ​គាត់​បាន ជួយ​ឲ្យ​មាន​ដី​មាន​ផ្ទះ គឺ​ខ្ញុំ​អរគុណ​គាត់​ណាស់ មិន​ភ្លេច​គុណ​អស់​មួយ​ជីវិត»

ពលរដ្ឋ​មួយ​គ្រួសារ​ទៀត គឺ​លោកស្រី ប៉ាច់ ចន្ថា អាយុ​ជិត ៥០ឆ្នាំ ថ្លែង​ថា លោកស្រី​រស់​នៅ​ទីនោះ តាំង​ពី​ឆ្នាំ១៩៩៣ មក មិន​ដែល​មាន​ការ​បាក់​ច្រាំង​ទន្លេ​ខ្លាំង​បែប​នេះ​ទេ ហើយ​ទើប​តែ​បាក់​ខ្លាំង ក្រោយ​មាន​ការ​បូម​ខ្សាច់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោកស្រី​រំពឹង​ថា អាជ្ញាធរ​នឹង​ផ្ដល់​ដី និង​សំណង​ខ្លះៗ ដល់​ពួក​គាត់៖ «ផ្ទះ​ខ្ញុំ​ទទឹង ៥ម៉ែត្រ​កន្លះ ហើយ​បណ្ដោយ ១០ម៉ែត្រ​លើ​ស័ង្កសី ខាង​ក្រោម​ចាក់​សាប​ស៊ីម៉ងត៍ គឺ​វា​បាក់​ចូល​ទៅ​ទន្លេ យក​អី​អត់​បាន​ហ្មង បាន​តែ​មនុស្ស គឺ​យក​ម៉ែ​ខ្ញុំ ចាស់​មក។ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​គិតគូរ​រក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង ព្រោះ​អី​បាក់​អស់​ហើយ។ ខ្ញុំ​មេម៉ាយ​នៅ​ជាមួយ​ម៉ែ​ចាស់ និង​កូន ៤នាក់ គ្មាន​ផ្ទះ​សម្បែង​អី​ទៀត​ទេ មាន​តែ​ទី​ពឹង​លើ​អាជ្ញាធរ»

ហេតុការណ៍​បាក់​ដី​ច្រាំង និង​ផ្ទះ​ចូល​ទន្លេ​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៤ព្រឹក​ថ្ងៃ​ទី២២ ខែ​កុម្ភៈ។ ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន ១០ខ្នង ក្នុង​នោះ​មាន​ផ្ទះ ៣ខ្នង​ធ្លាក់​ចូល​ទន្លេ​ទាំង​ស្រុង ចំណែក ៧ខ្នង​ទៀត បាក់​ស្រុត​ចូល​ទន្លេ​ខ្លះ​នៅ​សល់​ខ្លះ និង​បាន​រុះរើ​ចេញ។ ផ្ទះ​ភាគ​ច្រើន​ធ្វើ​អំពី​ឈើ ចំណែក​ជញ្ជាំង និង​ដំបូល​ស័ង្កសី។ ហេតុការណ៍​នេះ ពុំ​មាន​មនុស្ស​រង​របួស​នោះ​ទេ ដោយសារ​ម្ចាស់​ផ្ទះ​គេច​ចេញ​ទាន់​ពេល។ ពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ អះអាង​ដូចៗ គ្នា​ថា ការ​បាក់​ដី​ច្រាំង និង​ផ្ទះ​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​នេះ គឺ​ដោយ​សារ​តែ​កន្លងមក មាន​សកម្មភាព​បូម​ខ្សាច់​រ៉ាំរ៉ៃ​នៅ​តំបន់​នោះ ទោះ​បី​ប្រជាពលរដ្ឋ​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​យ៉ាង​ណា ក៏​មិន​អស់​ដែរ។ ពលរដ្ឋ​បញ្ជាក់​ថា សាឡង់​បូម​ខ្សាច់​ទាំង​នោះ ភាគ​ច្រើន​របស់​ជន​ជាតិ​វៀតណាម ប៉ុន្តែ​ពួក​គាត់​ពុំ​ស្គាល់​ឈ្មោះ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​ឈ្មោះ​ក្រុមហ៊ុន ឡេង ជិញ មួយ​ដែរ។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ពិនិត្យ សិក្សា​ទីតាំង​ជាក់​ស្ដែង និង​បាន​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ​ជា​បន្ត​បន្ទាប់ ហើយ​រក​ឃើញ​ថា ទីតាំង ដែល​មាន​បញ្ហា​នោះ គឺ​ជា​ចំណុច​កោង​នៃ​ទន្លេ​បាសាក់ ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​ទឹក​ហូរ​បុក​បាក់​ស្រុត​ដី ច្រាំង។ លោក​អះអាង​ថា ការ​ប្រាក់​ស្រុត​នេះ មិន​មែន​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​នោះ​ទេ ព្រោះ​ការ បូម​ខ្សាច់​នេះ នៅ​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ​ជាង ១គីឡូម៉ែត្រ។ ចំពោះ​វិធានការ​ជួយ​ជន​រង​គ្រោះ​វិញ អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​កណ្ដាល ពុំ​មាន​ដី​ទំនេរ​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ទាំង នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត កំពុង​ធ្វើ​ចលនា​មនុស្សធម៌​ពី​សប្បុរស​ជន ដើម្បី​ប្រមូល​ថវិកា​ខ្លះៗ និង គ្រឿង​បរិភោគ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ចែក​ជូន​ដល់​ពួក​គាត់ ក្នុង​នោះ​ខាង​កាកបាទ ក្រហម បាន​ផ្ដល់​ថវិកា​ចំនួន ៤០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក​សន្យា​ថា អាជ្ញាធរ​នឹង​ខិតខំ​ពិនិត្យ​លទ្ធភាព ដើម្បី​ជួយ​ពលរដ្ឋ​រង​គ្រោះ​បន្ត​ទៀត៖ «យើង​អត់​មាន​កញ្ចប់​ថវិកា​ណា​ទៅ​ទិញ​ដី​ទិញ​ផ្ទះ​ឲ្យ​គាត់​ទេ ព្រោះ​អា​នេះ​ជា​គ្រោះ​ធម្មជាតិ​មួយ ដែល​គាត់​ស្នាក់​នៅ​ជាប់​ច្រាំង​ទន្លេ​អ៊ីចឹង​ណា។ មួយ​ទៀត​ខ្ញុំ ក៏​បាន​រាយការណ៍​ទៅ​ឯកឧត្ដម​ទទួល​បន្ទុក​ខាង​គ្រោះ​មហន្តរាយ​ថា តើ​យើង​អាច​ប្រើ​វិធី ដូច​ជា ជួយ​ទប់​កុំ​ឲ្យ​វា​បាក់ ព្រោះ​អី​បន្តិច​ទៀត បើ​យើង​មិន​មើល​ទេ វា​នឹង​បាក់​ដល់​ថ្នល់​កៅស៊ូ ហើយ​វា​ប៉ះពាល់​ច្រើន​ជាង​នេះ ម្ល៉ោះ​ហើយ​ប្រហែល​ជា​យើង​ដោះ​ស្រាយ ដូច​ជា របៀប​នៅ​ខេត្ត​កំពង់ចាម ដោះ​ស្រាយ​នៅ​ស្រុក​មុខ​កំពូល និង​កោះ​ធំ  ព្រំប្រទល់​កម្ពុជាវៀតណាម ដែល​យើង​បាន​ដោះ​កន្លង​មក។ យើង​ប្រហែល​ជា​យក​តាម​ទម្រង់​នោះ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ និង​លោក វិចទ័រ​​ ហ្សូនា ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នកទទួល។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន មាន​ប្រសាសន៍​ថា ទោះ​បី​ជា​អាជ្ញាធរ​កម្ពុជា អះអាង​ជារឿយៗ​ ថា ការ​បូម​ខ្សាច់​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ និង​មិន​បង្ក​ផល​ប៉ះពាល់​ក៏​ដោយ ក៏​លោក​មើល​ឃើញ​ថា អាជីវកម្ម​នេះ បាន​ផ្ដល់​ផល​ប៉ះ​ពាល់​ធំធេង សម្រាប់​បរិស្ថាន ធនធាន​មច្ឆា​ជាតិ និង​ការ​បាក់​ច្រាំងទន្លេ ​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មិន​អាច​ប្រកែក​បាន​ឡើយ។ សកម្មជន​បរិស្ថាន​រូប​នេះ​ពិនិត្យ​ឃើញ​ថា ការ​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​បូម​ខ្សាច់​ពី​សំណាក់​ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជា ពោរពេញ​ ដោយ​អំពើ​ពុក​រលួយ ព្រោះ​ធ្វើ​ឡើង​ដោយ​បិទបាំង គ្មាន​តម្លាភាព និង​គ្មាន​ការ​ពិគ្រោះ​យោបល់ ជា​មួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​ក៏​មិន​មាន​នរណា​ដឹង​ច្បាស់​ឡើយ​ថា ការ​បូម​ខ្សាច់​នោះ​ទំហំ ប៉ុន្មាន​ម៉ែត្រ និង​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ៖ «របាយការណ៍​មួយ ដែល​ចេញ​ផ្សាយ​នៅ​អាមេរិក​ផង​នៅ​អង់គ្លេស​ផង បែប​បច្ចេកវិទ្យា បាន​និយាយ​យ៉ាង​ច្បាស់​ថា នៅ​តាម​ទន្លេ​មេគង្គ ទន្លេបាសាក់ ទន្លេសាប គឺ​មាន​សកម្មភាព​បូម​ខ្សាច់​ច្រើន​ជ្រុល ដែល​ជា​កត្តា​បាក់​ច្រាំង​ជា​ប្រព័ន្ធ ដែល​ជា​ចំណុច​មិន​អាច​ប្រកែក​បាន​ទេ។ នៅ​ពេល​ក្រសួង​រ៉ែ និង​ថាមពល ឬ​អាជ្ញាធរ​ដែន​ដី បាក់​ច្រាំង​ដោយ​សារ​គ្រោះ​ធម្មជាតិ ឬ​ដោយ​ទីតាំង​នោះ​ជា​កន្លែង​កោង គឺ​ជា​លេស​សុទ្ធសាធ ដែល​មិន​អាច​ទទួល​យក​បាន ៩០ភាគ​រយ។យើង​ក៏​មាន​អំណះអំណាង​ពី​ប្រជាជន​នៅ​មូលដ្ឋាន​ដែល​រស់​នៅ​តាំង​ពី ២០ ឬ ៣០ឆ្នាំ​កន្លង​មក ដែល​គេ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា ពី​មុន​អត់​បូម​អត់​សូវ​បាក់​ទេ ហើយ​ឥឡូវ​បូម គឺ​មាន​បាក់​ជា​ប្រព័ន្ធគ្រប់​ទី​កន្លែង»

ប្រធាន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ យល់ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស ក្រសួង​រ៉ែ និង​ថាមពល រួម ជា​មួយ​ក្រុមហ៊ុន​បូម​ខ្សាច់​ក្នុង​តំបន់​នោះ ទោះ​បី​ជា​បញ្ឈប់​សកម្មភាព​បូម​យូរ​ហើយ​ក្តី ក៏​នៅ​តែ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​សំណង់​ជូន​ពលរដ្ឋ​រង​គ្រោះ ឲ្យ​បាន​សមរម្យ និង​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ពួក​គាត់​បម្លាស់ទី​ទៅ​រស់​នៅ​កន្លែង​ផ្សេង។

តាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សកល​វិទ្យាល័យ សៅសែមថុន (University of Southampton) នៃ​ប្រទេស​អង់គ្លេស ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា បាន​រក​ឃើញ​ថា ការ​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​នៅ​កម្ពុជា គឺ​ធ្វើ​ឱ្យ​បាត​ទន្លេ​ខូង​ជ្រៅ ហើយ​ជា​មូលហេតុ​នាំ​ឱ្យ​បាក់​ច្រាំង ទន្លេ បាក់​រំលំ​ផ្ទះ​ប្រជា​ពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តាម​បណ្ដោយ​មាត់​ទន្លេ។ ក្រុម​អ្នក​ស្រាវជ្រាវ រក​ឃើញ​បាត​ទន្លេ​នៅ​តំបន់​ខ្លះ ត្រូវ​គេ​បូម​ខ្សាច់​ខូង​ជម្រៅ ៨ម៉ែត្រ និង​ប្រវែង ៤២ម៉ែត្រ ក្នុង​មួយ​កន្លែង ខណៈ​ការ​បូម​ខ្សាច់​ចេញ​ពី​បាត​ទន្លេ​ត្រឹមតែ​ជម្រៅ ២ម៉ែត្រ គឺ​ល្មម​គ្រប់គ្រាន់ ធ្វើ​ឱ្យ​បាក់​ដី​មាត់​ច្រាំងទន្លេ​ទៅ​ហើយ ចុះ​ទម្រាំ​បូម​ដល់​ជម្រៅ ៨ម៉ែត្រ ឬ​ជ្រៅ​ជាង​នេះ នោះ​ការ​បាក់​ច្រាំង​ទន្លេ រឹតតែ​ធំធេង​ជាង​នេះ។ លោក​បណ្ឌិត ជូលៀន ឡេលិន (Julian Leyland) អះអាង​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​បាក់​ដី​ច្រាំង​ទន្លេ​កាន់​តែ​រីក​រាលដាល ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​យ៉ាង​សម្បើម​នេះ​ឯង៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles