ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ជាង​​១០០​​ សោកស្តាយ​​ចំពោះ​ការ​ហាម​ឃាត់​​ពលរដ្ឋ​​មិន​ឱ្យ​ប្រារព្ធ​ពិធី​តំបន់​ព្រៃឡង់​

បរិស្ថាន | បរិស្ថាន
លោក សូត សុខប្រាថ្នា | ២៥ កុម្ភៈ ២០២០ | ម៉ោង ៦:១២ ល្ងាច
https://vodkhmer.news

ប្រជាសហគមន៍​ប្រារព្ធ​ពិធីបុណ្យ​បំបួសដើមឈើ​ប្រចាំឆ្នាំនៅព្រៃសហគមន៍ ជំនួសឱ្យពិធីបំបួសនៅព្រៃឡង់ អំឡុងថ្ងៃទី២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ប្រជាសហគមន៍ព្រៃឡង់)

ប្រជាសហគមន៍​ប្រារព្ធ​ពិធីបុណ្យ​បំបួសដើមឈើ​ប្រចាំឆ្នាំនៅព្រៃសហគមន៍ ជំនួសឱ្យពិធីបំបួសនៅព្រៃឡង់ អំឡុងថ្ងៃទី២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ប្រជាសហគមន៍ព្រៃឡង់)


អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន បាន​សម្តែងការសោកស្តាយ និងហួសចិត្ត​ចំពោះការរឹតត្បិត​សមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ មិនឱ្យចូលទៅតំបន់ការពារព្រៃឡង់កាលពីចុងសប្តាហ៍មុន។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការ សមាគម និងសហគមន៍ ជាង១រយ នៅថ្ងៃអង្គារនេះ បានលើកឡើងថា​ ការប្រើប្រាស់​មន្រ្តីឧទ្យានុរក្ស​ប្រដាប់​ដោយកាំភ្លើង​​​ ដើម្បីរារាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ពីការ​ប្រារព្ធ​ពិធីបុណ្យ​បំបួសដើមឈើ​ប្រចាំឆ្នាំនៅក្នុងព្រៃ ​គឺជាការរឹតត្បិត​មិនសមហេតុផល​ទៅ​លើសេរីភាព​​ដើរហើរ​ និង​បង្អាក់​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ។

ជាងនេះទៀត ការហាមឃាត់នោះ មិនបានបង្ហាញអំណះអំណាង​ត្រឹមត្រូវ​តាមច្បាប់នោះឡើយ បើទោះបីជាការរៀបចំពិធីរបស់សហគមន៍ពួកគាត់បានជូនដំណឹង​ទៅអាជ្ញាធរក៏ដោយ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ព្រះសង្ឃ ប្រជាសហគមន៍ទាំង៤ខេត្ត និងអង្គការក្រៅរដ្ឋាភិបាល​ គ្រោង​រៀបចំ​ពិធីបុណ្យ​ព្រៃឡង់ ​ចំនួន២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែកុម្ភៈ មានគោលបំណងរំលឹកគុណ​ព្រៃឈើ និង បួងសួងសុំឱ្យព្រៃឈើនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីរក្សាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ។

លើសពីនេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាសហគមន៍ និងសាធារណជនទូទៅអំពីសារៈសំខាន់ព្រៃឈើ ព្រមទាំងបានស្វែងយល់ពីតំបន់សក្តានុពលជម្រកសត្វព្រៃមួយនេះជាដើម។ ប៉ុន្តែគម្រោងនេះត្រូវបរាជ័យ ​ក្រោយមន្ត្រីបរិស្ថាន​ហាមឃាត់​មិនអនុញ្ញាតឱ្យបណ្តាញសហគមន៍ចូលព្រៃ​ដើម្បី​​​រៀបចំ​ពិធីនេះឡើយ ក្រោមហេតុផលថា មិនបានសុំការអនុញ្ញាតចូលទៅតំបន់ស្នូលព្រៃឡង់ជាមុន។ 

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ប្រាប់វី.អូ.ឌី កាលពីថ្ងៃម្សិលមិញតាមប្រព័ន្ធតេឡេក្រាមដោយចោទបណ្តាញសហគមន៍ព្រៃឡង់ថា បានធ្វើការងារការពារព្រៃឈើកន្លងមក​ខុសច្បាប់ ព្រោះសហគមន៍​មិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃទេ បើទោះបីជាក្រសួងបរិស្ថាន​បានណែនាំ​ឱ្យពួកគេ​ទៅចុះបញ្ជី​ស្របច្បាប់​ជាច្រើនលើកច្រើនសារ។

លោកព្រមានទៀតថា៖ «ប្រសិនបើពួកគាត់ [ប្រជាសហគមន៍ព្រៃឡង់​] មិនគោរពច្បាប់ សមត្ថកិច្ចគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់នោះឡើយ»។

យ៉ាងនេះក្តី នៅក្នុងសេចក្តីថ្លែងការណ៍​ដដែល​បានដកស្រង់ពីការលើកឡើងរបស់តំណាងបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ លោក ហឿន សុភាព ​ថា កាលពីមុន យើងអាចចូលទៅព្រៃឡង់ដោយសេរីដើម្បីធ្វើសកម្មភាពរបស់យើងក្នុងការការពារព្រៃនេះ។ ​ប៉ុន្តែ ថ្មីៗនេះ លោកថា យើងមានការលំបាកកាន់តែខ្លាំងឡើងៗ ហើយក្រសួងរឹតត្បិតសកម្មភាពរបស់ពួកយើងច្រើនឡើងៗផងដែរ។

បន្ទាប់ពីបានបដិសេធមិនឱ្យសមាជិកសហគមន៍ចូលព្រៃ ក្រសួងបរិស្ថានបានសរសេរបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកថា មាត្រា១១នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ហាមឃាត់មិនឱ្យអ្នកណាចេញចូលតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតទេ។

ប្រភពដដែលថា៖ «មាត្រា១១នេះ សំដៅលើតំបន់ដែលបានកំណត់ និងបែងចែករួច ហើយមានតែតំបន់ស្នូលប៉ុណ្ណោះដែលជាតំបន់ការពារខ្លាំងជាងគេក្នុងចំណោមតំបន់ទាំងបួន ដែលតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងមុនពេលចូលទៅកាន់តំបន់ការពារធម្មជាតិ»។

ប៉ុន្តែ ច្រើនឆ្នាំបន្ទាប់ពីអនុម័តច្បាប់នេះក្នុងឆ្នាំ២០១៦ មិនទាន់មានការកំណត់ និងបែងចែកតំបន់ព្រៃឡង់នៅឡើយទេ ទោះបីជាការកំណត់ និងបែងចែកតំបន់ការពារនេះត្រូវបានលើកទឹកចិត្តដោយក្រុមអ្នកអភិរក្សបរិស្ថានក៏ដោយ ដោយសារវាជាកិច្ចការពារបន្ថែមប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។

កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ​ដាក់តំបន់ព្រៃឡង់​ដែលមានទំហំជាង៤៣ម៉ឺនហិកតា (៤៣១.៦៨៣) ស្ថិតនៅជាប់ខេត្តចំនួន៤ រួមមានខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្ត​កំពង់ធំ ទៅជាដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តំបន់នេះ ត្រូវបានដាក់ឱ្យស្ថិត​​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន និង​ការ​អភិរក្ស​ជីវចម្រុះ។ ​

ប៉ុន្តែ យោងតាមទិន្នន័យផ្កាយរណបរបស់អង្គការឃ្លាំមើលព្រៃឈើអន្តរជាតិ អះអាងថា ព្រៃឡង់បានបាត់បង់ជិត ៤២.០០០ហិកតា ឬប្រហែល ១០ភាគរយនៃគម្របព្រៃឈើ​ដែលបាត់បង់ ចន្លោះឆ្នាំ២០០១ និង២០១៨៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles