តុលាការ​​កោះ​ហៅ​បេក្ខនារី តវ៉ា​លទ្ធផល​​ប្រឡង​ចូល​ចៅក្រម​ម្នាក់​ទៀត ពី​បទ​​បរិហារ​កេរ្តិ៍ និង​បង្កាច់​កេរ្តិ៍

ដោយ សុជីវី
2020-02-25
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា សើ ស្រីម៉ៅ បេក្ខនារី តវ៉ា​លទ្ធផល​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០។

កញ្ញា សើ ស្រីម៉ៅ បេក្ខនារី តវ៉ា​លទ្ធផល​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០។

 រូប​ថត៖ ហ្វេសប៊ុក សើ ស្រីម៉ៅ


តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​បេក្ខនារី តវ៉ា​លទ្ធផល​ប្រឡង​ចូល​សិស្ស​ចៅក្រម​​ម្នាក់​ទៀត ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បរិហារ​បង្កាច់​កេរ្តិ៍ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី​១០។

បេក្ខនារី រង​ការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ គឺ​កញ្ញា សើ ស្រីម៉ៅ ឲ្យ​ដឹង​ថា នាង​ភ្ញាក់​ផ្អើល​ នៅ​ពេល​តំណាង​អយ្យការ​កោះ​ហៅ តែ​យ៉ាង​ណា កញ្ញា​នឹង​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កំណត់ ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ ព្រោះ​កញ្ញា​អះអាង​ថា មិន​បាន​​ប្រព្រឹត្តិ​កំហុស៖ «ខ្ញុំ​អត់​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​ព្រួយ​បារម្ភ​អ្វី​ទេ ដោយ​ហេតុ​ថា ខ្ញុំ​អត់​បាន​ទៅ​ធ្វើ​រឿង​ទាំង​អស់​ហ្នឹង អ៊ីចឹង ដូច​ខ្ញុំ​បាន​និយាយ​តាំង​ពី​ដើម​មក គឺ​យើង​ធ្វើ​តែ​រឿង​ត្រឹម​ត្រូវ​ យើង​អត់​មាន​ខ្លាច​អ្វី​ទាំង​អស់»

ព្រះ​រាជ​អាជ្ញា​រង​ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សាយ ណូរ៉ា បាន​ចេញ​ដីកា​កោះហៅ​កញ្ញា សើ ស្រីម៉ៅ កាល​ពី​ថ្ងៃ​ទី ១៨ កុម្ភៈ ដើម្បី​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ នៅ​ម៉ោង​២​​​កន្លះ​ រសៀល ថ្ងៃ​ទី​២៧ កុម្ភៈ ពី​​ក្នុង​ដំណើរ​រឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍ តាម​រយៈ​វីដេអូ​ឃ្លិប របស់​​បេក្ខជន​​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម លោក គង់ ប៊ុនរិទ្ធិ ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (facebook) កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា។

នគរបាល​ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​យក​ដីកា​កោះហៅ​នោះ បញ្ជូន​ឲ្យ​គ្រួសារ​របស់​​ កញ្ញា សើ ស្រី​ម៉ៅ​ ​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ស្រុក​កំណើត​។ កញ្ញា ​ថា ម្ដាយ​​ជា​អ្នក​ផ្ដិត​មេដៃ​ទទួល​ដីកា​ជួស​ ខណៈ​កញ្ញា កំពុង​ស្នាក់​នៅ​ក្រុង​ភ្នំពេញ។ កញ្ញា ​ប្រាប់​ថា ការ​យក​ដីកា​ឲ្យ​កៀក​នឹង​ថ្ងៃ​កំណត់​បែប​នេះ ធ្វើ​ឲ្យ​រូប​នាង ពិបាក​ក្នុង​ការ​ស្វែង​រក​មេធាវី​ឲ្យ​ជួយ។

កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ ព្រះ​រាជ​អាជ្ញា​រង លោក សាយ ណូរ៉ា បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ម្នាក់​រួច​ហើយ គឺ​លោក គង់ ប៊ុនរិទ្ធិ។ បណ្ដឹង​នោះ ប្ដឹង​ដោយ​មន្ត្រី​ក្រសួង​យុត្តិធម៌​​​ចំនួន ៣នាក់ និង​តំណាង​សិស្ស​ជាប់​ចៅក្រម​ជ័យ​លាភី ចំនួន ៣នាក់ ដែល​ចោទ​ថា បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​រូប​នេះ បរិហារកេរ្តិ៍​ជា​សាធារណៈ​ មូល​បង្កាច់​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង នៅ​ពេល​ដែល​​បេក្ខជន​រូប​នេះ បាន​បង្ហោះ​​វីដេអូ​ឃ្លិប​ថា ទទួល​បាន​ព័ត៌មាន ​នៃ​ភាព​មិន​ប្រក្រតី​​ការ​ប្រឡង​ចូល​​សិស្ស​ចៅក្រម​ជំនាន់​ទី១០។

ព័ត៌មាន​នៃ​ភាព​មិន​ប្រក្រតី ដែល ​លោក គង់ ប៊ុនរិទ្ធិ ​ធ្វើ​ជា​វីដេអូ​ឃ្លិប​បង្ហោះ​នោះ គឺ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​នៃ​ការ​ប្រឡង ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ទទួល​សំណូក​​ក្នុង​តម្លៃ​ចាប់​ពី ៦ម៉ឺន (៦០.០០០) ដុល្លារ​អាមេរិក ​ដល់​ដប់​ប្រាំ​ម៉ឺន (១៥០.០០០) ដុល្លារ និង​បេក្ខជន​ខ្លះ​ បាន​សូក​លុយ តាំង​ពី​កន្លះ​ឆ្នាំ​មុន​ការ​ប្រឡង។

តែ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​ក្រសួង​យុត្តិធម៌​៣នាក់ ដែល​មាន​ឈ្មោះ​​ថា ជា​អ្នក​ធ្វើ​សកម្មភាព​ទទួល​សំណូក​ផ្ទាល់ ឈ្មោះ ពៅ វិបុល សុង សំនិត និង តូច វិចិត្រ បាន​ប្ដឹង​ ថា លោក គង់ ប៊ុនរិទ្ធិ ថា បរិហារ​បង្កាច់​កេរ្តិ៍ មន្ត្រី​រាជការ។

ក្នុង​ពេល​ សាកសួរ ​កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ ព្រះ​រាជ​អាជ្ញា​រង លោក សាយ ណូរ៉ា បាន​ស្នើសុំ​ដក​ហូត​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរ​ដៃ​របស់​លោក គង់ ប៊ុនរិទ្ធិ ជា​ហេតុ​ឲ្យ​មាន​ការ​កោះហៅ​កញ្ញា សើ ស្រីម៉ៅ​ បន្ត​ទៀត ក្នុង​សំណុំ​រឿង​នេះ។

អាស៊ី​សេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ព្រះ​រាជ​អាជ្ញា​រង លោក សាយ ណូរ៉ា នៅ​ថ្ងៃ​ទី២៥ កុម្ភៈ តែ​ទូរស័ព្ទ​រោទ៍​ច្រើន​ដង​គ្មាន​អ្នក​ទទួល។

កញ្ញា សើ ស្រីម៉ៅ សង្ឃឹម​ថា ក្រៅពី​បទ​ចោទ​ប្រឆាំង​រូប​នាង កញ្ញា​ចង់​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ដល់​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម ព្រោះ​កញ្ញា ​នៅ​តែ​ទាមទារ​ឲ្យ​បង្ហាញ​ពិន្ទុ​វិញ្ញាសា ជា​សាធារណៈ តាម​ការ​ស្នើសុំ ទើប​អាច​ជឿជាក់​ថា ការ​ប្រឡង​មាន​តម្លា​ភាព។ កញ្ញា អះអាង​ថា ការ​ទាមទារ​រក​​តម្លាភាព​នេះ មិន​មែន​តែ​សម្រាប់​កញ្ញា ឬ​ក្រុម​បេក្ខជន​តវ៉ា​លទ្ធផល​មួយ​ក្រុម​ទេ គឺ​សម្រាប់​ជា​ប្រយោជន៍​ពលរដ្ឋ​ទាំង​មូល ក្នុង​ការ​ទទួល​បាន​ចៅក្រម ដែល​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​ក្នុង​វិស័យ​ច្បាប់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ចេញ​ដីកា​កោះ​ហៅ​​ក្រុម​អ្នក​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម ហាក់​ជា​រឿង​ផ្ទុយ​ពី​កម្មវត្ថុ​ នៃ​ការ​ទាមទារ។ លោក​ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត​​លើ​តម្រុយ​អនាមិក​របស់​ក្រុម​បេក្ខជន ជាជាង​ការ​កោះ​ហៅ​បេក្ខជន​តវ៉ា​​ទៅ​តុលាការ។ ​លោក សន ជ័យ បន្ត​ថា ដើម្បី​រួម​ចំណែក​​លុប​បំបាត់​ភាព​មិន​ប្រក្រតី​​​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវ​ខិតខំ​ស្រាវជ្រាវ រក​ឲ្យ​ឃើញ​ភាព​ត្រឹមត្រូវ​​ ទើប​ជា​ការ​ជ្រោមជ្រែង ​រក​យុត្តិធម៌​ពិត​ប្រាកដ​ សម្រាប់ ​ក្រុម​អ្នក​តវ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles