អង្គការ​អន្តរជាតិ​ធំ​ពីរ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​យាយី​លើ​អ្នកការពារ​ព្រៃឈើ លោក អ៊ូច ឡេង និង​សហការី

ដោយ យន់ សាមៀន
2020-03-22
RFA

លោក អ៊ូច ឡេង (កាន់​ថង់​ក្រហម) និង​សហគមន៍​ព្រៃ​ឡង់ ៣នាក់​ទៀត នៅ​ក្រោយ​ពេល​តំណាង​អយ្យការ​ខេត្ត​ក្រចេះ សម្រេច​ដោះលែង នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២០។

លោក អ៊ូច ឡេង (កាន់​ថង់​ក្រហម) និង​សហគមន៍​ព្រៃ​ឡង់ ៣នាក់​ទៀត នៅ​ក្រោយ​ពេល​តំណាង​អយ្យការ​ខេត្ត​ក្រចេះ សម្រេច​ដោះលែង នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២០។

 រូប៖ សកម្មជន​បរិស្ថាន


អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ​ចំនួន​ពីរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រម​គ្នា​នៅ​ថ្ងៃ​ទី​២១ មីនា នេះ ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​ការស៊ើបអង្កេត​លើ​អ្នកការពារ​ព្រៃឈើ លោក អ៊ូច ឡេង និង​សហការី​៣ នាក់​ផ្សេងទៀត​។ ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​នេះ គឺ​នៅ​ចំ​ថ្ងៃ​ទិវា​ព្រៃឈើ​អន្តរជាតិ​២០២០។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​យាយី​លើ​សកម្មជន​ការពារ​បរិស្ថាន​លោក អ៊ួច ឡេង និង​សហគមន៍​ព្រៃ​ឡង់ ៣ នាក់​ទៀត ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ជាមួយ​គ្នា​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងពីរ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​ករណី​សន្តិសុខ​ក្រុមហ៊ុន​ស៊ីងបាយអូថេក បង្ខាំង​អ្នកការពារ​ព្រៃឈើ​ទាំង ៤ រូប និង​បាន​វាយដំ​សកម្មជន​ម្នាក់​ឱ្យ​រង​របួស​ផង​ដែរ។ 
នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​បញ្ឈប់​ការស៊ើបអង្កេត​ដោយ​បំពាន​លើ​អ្នកការពារ​បរិស្ថាន​ទាំង​៤ រូប ដែល​ជា​ច្រើន​ឆ្នាំ​មកនេះ ពួកគេ​បាន​ធ្វើ​សកម្មភាព​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​រាប់មិនអស់​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។ ទន្ទឹម​នឹង​នេះ លោក​ថា អាជ្ញាធរ​ត្រូវតែ​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​បែប​នយោបាយ និង​ច្បាប់​បែប​គាបសង្កត់ ដើម្បី​បំបិទមាត់​ក្រុម​សកម្មជន ហើយ​ការពារ​ឈ្មួញ និង​មន្ត្រី​ពុករលួយ​តទៅទៀត។

ចំណែក អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) វិញ លើកឡើង​ថា ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​យាយី​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​ទាំង​៤ រូប​នោះ គឺជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​ជា​ការ​កាត់ផ្ដាច់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​សាកល​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។ អង្គការ​អន្តរជាតិ​មួយ​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​ការស៊ើបអង្កេត​គ្មាន​មូលដ្ឋាន​លើ​សកម្មជន​បរិស្ថាន​ទាំង​៤ រូប​នោះ និង​ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​មិន​លម្អៀង​លើ​ករណី​ឃុំខ្លួន​តាម​ទំនើងចិត្ត អំពើ​ទារុណកម្ម និង​ការ​កាប់​ឈើ​ខុសច្បាប់ ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​ស៊ីងបាយអូថេក​ផង​ដែរ។ 
កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មីនា កន្លង​ទៅ សន្តិសុខ​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech) បាន​ចាប់​ឃាត់ខ្លួន​អ្នកការពារ​ព្រៃឈើ ៤ រូប រួមមាន ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) លោក អ៊ូច ឡេង និង​សមាជិក​សហគមន៍​ព្រៃឡង់ ៣​នាក់ គឺ​លោក ស្រី ថី លោក ខេម សុឃី និង​លោក មេត ម៉ាត់ នៅ​ពេល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​។ ក្នុង​ពេល​ឃាត់ខ្លួន​នេះ សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​ប្រើ​ហិង្សា​លើ​លោក មេ​ត ម៉ាត់ និង​បាន​បង្ខាំង​ទុក​អ្នក​ទាំង​៤ រូប ជាច្រើន​ម៉ោង មុន​ពេល​ប្រគល់​ជូន​សមត្ថកិច្ច។

ក្រោយ​ការសាកសួរ​អស់​រយៈពេល​៣ ថ្ងៃ និង​មាន​ការ​តវ៉ា​ឥត​ឈប់​ពី​សំណាក់​ព្រះសង្ឃ សកម្មជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​អយ្យការ​ខេត្ត​ក្រចេះ​ក៏បាន​សម្រេច​ដោះលែង​អ្នក​ទាំង​៤ រូប​វិញ ក៏ប៉ុន្តែ​បាន​តម្រូវ​ឱ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​ទទួលស្គាល់​កំហុស និង​បញ្ឈប់​សកម្មភាព​ការពារ​ព្រៃឈើ​។ តំណាង​អយ្យការ​មិនបាន​ចោទប្រកាន់​សកម្មជន​ទាំង​៤ រូប​អំពី​បទល្មើស​ណាមួយ​នោះ​ទេ ប៉ុន្តែ​បែរជា​ដាក់​ពួកគេ​នៅ​ក្នុង​ការស៊ើបអង្កេត ដែល​នេះ​គឺជា​ឧបសគ្គ​រាំងស្ទះ​ដល់​បេសកកម្ម​ការពារ​ព្រៃឈើ​របស់​ពួកគាត់។

ទាក់ទង​នឹង​រឿង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ​នេះ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា នេះ​ជា​រឿង​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​។ លោក​ថា មានតែ​តុលាការ​ទេ ទើប​ជា​អ្នក​សម្រេច​ថា មាន ឬ​គ្មាន​បទល្មើស ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​៖ «នៅ​កម្ពុជា​មិន​មាន​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត ឬក៏​អំពើ​ទារុណកម្ម​អ្វី​នោះ​ទេ​។ ទី​ពីរ មិន​ថា​សកម្មជន​ព្រៃឈើ ឬក៏​មិន​សកម្មជន​ទេ ឱ្យ​តែ​ប្រព្រឹត្ត​ល្មើសច្បាប់​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ ទី​បី អ្នក​ដែល​កំណត់​ថា អ្នក​នោះ​ប្រព្រឹត្ត​បទល្មើស ឬ​អត់ គឺ​តុលាការ​ជា​អ្នក​សម្រេច ដោយ​មិន​មាន​ស្ថាប័ន​ណា​អាច​បង្គាប់បញ្ជា​បាន​នោះ​ទេ»។
ទោះជា​យ៉ាងណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ​ទាំងពីរ ដែល​ស្នើ​សុំ​ឱ្យ​មានការ​ទម្លាក់​ចោល​ការស៊ើបអង្កេត​ប្រឆាំង​នឹង​លោក អ៊ូច ឡេង និង​សមាជិក​សហគមន៍​ព្រៃឡង់ ៣​នាក់​ទៀត​។ លោក​ថា ខាង​តំណាង​អយ្យការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ចោទប្រកាន់​អ្នក​ទាំង​៤ នោះ​ទេ ដូច្នេះ​លោក​ថា គ្មាន​ហេតុផល​អ្វី​ដែល​អយ្យការ​ត្រូវ​បន្ត​នីតិវិធី​ស៊ើបអង្កេត​លើ​ពួកគាត់​នោះ​ឡើយ៖ «អ្នក​ទាំងអស់​គ្នា​កំពុង​ទទូច​ចង់បាន​សម្ភារៈ ជាពិសេស ដូចជា​ម៉ូតូ​ជា​យាន្ត​ជំនិះ​របស់​ពួកគាត់ ហើយ​និង​សម្ភារៈ បរិក្ខារ​មួយ​ចំនួន​ទៀត​ដែល​ខាង​តុលាការ​ចាប់​យក​ហ្នឹង គួរតែ​ពិនិត្យពិច័យ ដើម្បី​ប្រគល់​ទៅ​ឱ្យ​ពួកគាត់​វិញ ដើម្បី​ឱ្យ​ពួកគាត់​យក​ទៅ​ធ្វើ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​បំពេញ​តួនាទី​របស់​ខ្លួន​បន្ត​ទៀត​។ ទី​ពីរ​ទៀត ខាង​តុលាការ​គួរតែ​ពិនិត្យមើល និង​ទទួលយក​អនុសាសន៍​នៃ​អង្គការ​ទាំងពីរ​បាន​លើកឡើង​ដើម្បី​បង្ហាញ​ទៅ​ឆាក​អន្តរជាតិ​ថា យើង​កំពុងតែ​អនុវត្ត​ច្បាប់ ហើយ​និង​គោរព​ទៅតាម​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក បាន​រួមគ្នា​ថ្កោលទោស​ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា​) (Think Biotech Co., Ltd) ថា បាន​ប្រើ​កងកម្លាំង​សន្តិសុខ ឃាត់ខ្លួន​សកម្មជន​ប​រិ​ស្ថាន លោក លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ទៀត ដោយ​បំពាន​ច្បាប់​។ ពួកគេ​បាន​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​ឃាត់ខ្លួន​នេះ និង​ទាមទារ​ឱ្យ​អាជ្ញាធរ ស្វែងរក​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​លោក មេន ម៉ាត់ យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។ ទោះជា​យ៉ាងណា មកដល់ពេលនេះ អាជ្ញាធរ​មិនបាន​នាំ​ខ្លួន​ជន​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​ទី​១៨ មីនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ដើម្បី​ចង់បាន​ការ​បកស្រាយ​អំពី​ហេតុការណ៍​សន្តិសុខ​រប​ស់​ក្រុមហ៊ុន​ចាប់​ឃាត់ខ្លួន និង​វាយដំ​អ្នកការពារ​បរិស្ថាន​នេះ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​រួមគ្នា​ជា​ជនជាតិ​ចិនតៃវ៉ាន់ និង​ខ្មែរ​នោះ មិនបាន​ឆ្លើយតប​រឿង​នេះ​ទេ​។ អាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន​ដើម្បី​សាកសួរ​ព័ត៌មាន​នេះ​បាន​ដែរ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ 
មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន មានប្រសាសន៍ថា អាជ្ញាធរ​កម្ពុជា​គួរតែ​ដឹងគុណ​ក្រុម​សកម្មជន​បរិស្ថាន ដែល​បាន​ព្យាយាម​ការពារ​ព្រៃឈើ​នៅ​សេសសល់​ចុងក្រោយ​របស់​កម្ពុជា ជំនួស​ឱ្យ​ការ​រាំង​ខ្ទប់​សកម្មភាព​របស់​ពួកគេ​។ លោក​បន្ថែម​ថា ម្ចាស់​ជំនួយ និង​អ្នក​វិនិយោគ​លើ​កិច្ច​ការពារ​បរិស្ថាន​នៅ​កម្ពុជា​ទាំងអស់ ត្រូវតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន នាំ​ខ្លួន​មន្ត្រី និង​ក្រុមហ៊ុន​ល្មើសច្បាប់​ទាំងឡាយ ឱ្យ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ហើយ​ត្រូវតែ​គាំទ្រ​សកម្មជន​បរិស្ថាន​ដ៏​ក្លាហាន​ទាំង​៤ នាក់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles