មន្ទីរពេទ្យ​ព្យាថៃ​២ ថា ជនជាតិ​ឥណ្ឌូណេស៊ី​ពីរ​នាក់​ទៅ​ដល់​ប៉ោយប៉ែត​មុន​រក​ឃើញ​ជំងឺ​កូវីដ-១៩

ដោយ មាន ឫទ្ធិ
2020-03-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ទីរពេទ្យ​ផ្យាថៃ​ ២ (Phyathai 2)

មន្ទីរពេទ្យ​ផ្យាថៃ​ ២ (Phyathai 2)

 Screenshot


មន្ទីរពេទ្យ​ព្យាថៃ​២ ច្រានចោល​ការចោទប្រកាន់​របស់​ក្រសួងសុខាភិបាល​កម្ពុជា ដែលថា ជន ជាតិ​ឥណ្ឌូណេស៊ី​ពីរ​នាក់​ដែល​ផ្ទុក​ជំងឺ​កូវីដ រត់​ចេញពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា ដោយសារ​ពួកគេ គ្មាន​លុយ​សម្រាប់​ថ្លៃ​ព្យាបាល​នៅ​ថៃ​។ មន្ទីរពេទ្យ​ឯកជន​ថៃ​មួយ​នេះ អះអាង​ថា អ្នកជំងឺ​ទាំងពីរ បាន​ទៅដល់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តាំងពី​ថ្ងៃ​តាំង​ពី​ថ្ងៃ​២៣ ខែ​មីនា មុន​ពេល​លទ្ធផល​តេស្ត​រក​ឃើញ​ថា ពួកគេ​មាន​ជំងឺ​កូ​វីដ​។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា អាជ្ញាធរ​កម្ពុជា ត្រូវ​ស្វែងរក​អ្នក​ពាក់ព័ន្ធ ជាមួយ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​នោះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៅ​កម្ពុជា។

លិខិត​បំភ្លឺ​របស់​មន្ទីរពេទ្យ​ព្យាថៃ​២ នៅ​ទីក្រុង​បាងកក ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា បកស្រាយ​ថា ដំបូង​ឡើយ បុរស​ជនជាតិ ឥណ្ឌូណេស៊ី​ទាំងពីរ​នាក់ បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅ​ធ្វើ​តេស្ត​រក​ជំងឺ កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​ព្យាថៃ​២ ដោយ​ម្នាក់​ធ្វើតេស្ត​នៅ​ថ្ងៃ​ទី​១៨ និង​ម្នាក់ទៀត​ធ្វើ តេស្តឈាម​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​។ ក្នុងពេលនោះ មន្ទីរពេទ្យ បាន​ណែនាំ​ឱ្យ​បុរស​ទាំងពីរ​នៅ​ដាច់ដោយឡែក ពី​គេ​រយៈពេល​១៤​ថ្ងៃ​អំឡុង​ពេល​រងចាំ​លទ្ធផល​ដែល​ចំណាយ​ពេល​ពី​៤​ទៅ​៥​ថ្ងៃ​។ លិខិត​ដដែល​បន្ត​ថា បន្ទាប់មក​លទ្ធផល​ធ្វើតេស្ត​បាន​ចេញ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ស្រាប់តែ​មន្ទីរពេទ្យ​ព្យាថៃ​២ បាន​ទទួល​ដំណឹង​ថា បុរស​ទាំងពីរ បាន​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​វិញ​ហើយ ដែល​ត្រូវជា​ថ្ងៃ​ប្រទេស​ថៃ​ប្រកា​ស​បិទ​ច្រក​ចេញ​ចូល​។ មន្ទីរពេទ្យ​ព្យាថៃ បញ្ជាក់​ថា ដោយសារតែ​អ្នកជំងឺ​ទាំងពីរ​មិន​អាច​ចូល​ទឹកដី​ថៃ​វិញ​បាន ទើប​មន្ទីរពេទ្យ ផ្តល់​លទ្ធផល និង​ណែនាំ​អ្នក​ទាំងពីរ​ឱ្យ​ស្វែងរក​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ជំងឺ​បន្ត​។​

ការ​ចេញ​លិខិត​បំភ្លឺ​នេះ បន្ទាប់ពី​ក្រសួងសុខាភិបាល​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា បាន​ចេញ សេចក្តី​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​២​ករណី​ទៀត កើត​លើ​ជនជាតិ​ឥណ្ឌូណេស៊ី ហើយ អ្នកជំងឺ​ទាំងពីរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​។ សេចក្តី​ប្រកាស​របស់​ក្រសួង បន្តថា ពួកគាត់ បាន​ធ្វើ​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​ភ្យាថៃ​២ ក្នុង​ក្រុង​បាងកក រក​ឃើញ​មាន​ផ្ទុក​កូ​វីដ​-១៩ ប៉ុន្តែ​ដោយសារ​មិន​មាន​ប្រាក់​បង់ថ្លៃ​ពេទ្យ​នៅ​ទីនោះ ទើប​ពួកគាត់​សម្រេច​ចិត្ត​ធ្វើដំណើរ​មក​ព្យាបាល​នៅ​កម្ពុជា។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង លោក លី សូវ៉ាន់ បានទេ​ដោយ​ទូរស័ព្ទ​ចូល​ជាច្រើនលើក តែ​ពុំ​មាន​អ្នកទទួល ។

ទោះជា​យ៉ាងណា អ្នកស្រី ឱ វណ្ណឌីន បាន​ពន្យល់​ប្រាប់​បន្ថែម​ដល់​ក្រុម​អ្នក​កាសែត​ក្នុង​បណ្ដាញ​តេឡេក្រាម (Telegram) កាលពី​ម៉ោង​១២​យប់ ថ្ងៃទី​២៦ ខែមីនា​ថា មូលហេតុ​ដែល​បុរស​ឥណ្ឌូណេស៊ី​២​នាក់​ធ្វើដំណើរ​មក​ព្យាបាល​ជំងឺ​កូ​វីដ នៅ​ខេត្ត​សៀមរាប ដោយសារ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា មិន​យក​កម្រៃ​លើ​សេវា​ព្យាបាល​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ខណៈ​ដែ​ល​ប្រទេស​ថៃ តម្រូវ​ឱ្យ​អ្នកជំងឺ បរទេស ត្រូវ​បង់ថ្លៃ​សេវា​ព្យាបាល​។ ប៉ុន្តែ​អ្នកស្រី ឱ វណ្ណឌីន មិនបាន​ដឹង​ថា អ្នកជំងឺ​ទាំងពីរ ចូល កម្ពុជា​កាលពី​ថ្ងៃ​ណា​នោះ​ទេ ហើយ​អ្នកស្រី សន្និដ្ឋាន​ថា ប្រហែលជា​មិន​មាន​អ្នក​ប្រាស្រ័យ​ទាក់ទង ជាមួយ​អ្នកជំងឺ​ច្រើន​ឡើយ ដោយសារតែ​ពួកគេ បាន​ម៉ៅ​តាក់ស៊ី​ផ្តាច់​ពី​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​តែម្តង៖ «ពេល​ដែល​គាត់​មកនេះ មិន​មាន​រោគសញ្ញា​អ្វី​ទេ ឬ​ឡើង​កម្ដៅ​ឡើង​អី​ទេ វា​អត់​មាន ឬមួយ​ក៏​គាត់​លេប​​ថ្នាំ ក៏​ខ្ញុំ​មិន​ដឹង​ទេ​។ ក្រុម​គ្រូពេទ្យ​យើង ស្គេនក​ម្តៅ តែ​មិន​ឃើញ​មាន​កម្ដៅ​នោះ​ទេ»។

លោកស្រី បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​បើក​តាក់ស៊ី ដឹក​អ្នកជំងឺ​ទាំងពីរ​នោះ ក៏​ត្រូវ​បាន​រក​ឃើញ និង​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រួចហើយ​ដែរ ហើយ​កំពុង​រង់ចាំ​លទ្ធផល​។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក ក្រុស សារ៉ាត់ ជាច្រើន លើក​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ប៉ុន្តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល។

រីឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភ័ត្ត្រា ប្រាប់​អាស៊ីសេរី​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ខែ​មីនា លោក មិន​បាន​ដឹង​ច្បាស់​អំពី​ករណី​អ្នកជំងឺ​ជនជាតិ​ឥណ្ឌូណេស៊ី ធ្វើដំណើរ ឆ្លងកាត់​ប៉ោយប៉ែត ហើយ​បាន​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​ណា​ខ្លះ​នោះ​ទេ​។ លោក ថា កំពុង​រង់ចាំ ដំណឹង​ពី​ខាង​ក្រសួង​សុខាភិបាល ដើម្បី​ក្រុម​លោក ចុះ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល ជាមួយ​អ្នកជំងឺ​ទាំងពីរ​នាក់​នោះ៖ «ខាង​ខ្ញុំ​អត់​ទាន់​ដឹង​រឿង​ឥណ្ឌូណេស៊ី​នេះ​ទេ។ ខ្ញុំ​សូម​បង្វែរ​សំ​ណួរ​នេះ​ទៅ​ខាង​លោកជំទាវ ឱ វណ្ណឌីន វិញ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មាន​ប្រសាសន៍ថា ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​មាន​ភាព​កម្សោយ​ក្នុង​ការ​បំពេញ​តួនាទី​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ ព្រោះ​ក្រសួង​មិន​បាន​ដឹង​ថា មាន​អ្នកជំងឺ​ជនជាតិ​ឥណ្ឌូណេស៊ី​ផ្ទុក​មេរោគ​វីរូស​កូរ៉ូណា​ចូល​កម្ពុជា និង​ជួប​ទាក់ទង​ជាមួយ​អ្នក​ណា​ខ្លះ​។ លោក​កត់សម្គាល់​ថា ក្រសួង​សុខាភិបាល​កម្ពុជា ហាក់​ដូចជា​មិន​ទាន់​មាន​តម្លាភាព​និង​មាន​វិធានការ​យឺតយ៉ាវ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត និង​មានការ​ភ័យខ្លាច៖ «ឱ្យ​ពលរដ្ឋ​ថ្លឹងថ្លែង​មើលថា តើ​ពេទ្យ​ខ្មែរ​និង​ពេទ្យ​ថៃ តើ​គាត់​ជឿជាក់​លើ​មួយ​ណា។ ទី​២ សូម​កុំ​ឈ្លោះ​គ្នា​លើ​រឿង​ឯកសារ​អស់​នឹង គួរតែ​រក​ឱ្យ ឃើញ​អ្នក​ផ្សេងៗ​ទៀត​នៅ​ប៉ោយប៉ែត ដែល​គាត់​មក​ស្នាក់នៅ​ចុងក្រោយ​មុន​ទៅ​សៀមរាប ឬ​មុន​ទៅ​ពិនិត្យ​អី​នឹង តើ​គាត់​ស្នាក់នៅ​កន្លែង​ណា ជួប​មនុស្ស​ប៉ុន្មាន​នាក់ ជួយ​រកមើល​ទៅ​ហើយ​ពិនិត្យ​ឱ្យ​ច្បាស់​ទៅ»។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា ប្រទេស​កម្ពុជា រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​កើន​ដល់​ចំនួន​៩៨ នាក់ ក្នុង​នោះ​ស្រី​២៥ នាក់ ប្រុស​៧៣​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​អ្នកជា​សះស្បើយ​ចំនួន​១១​នាក់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles