អ្នក​នយោបាយ ​និង​អ្នក​វិភា​គ​សង្គម​៖ ​​​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឆ្លង​វីរុស​កូរ៉ូណា ព្រោះ​មិនបិទ​​អ្នក​ដំណើរ​​ចិន​ចូល​មក​កម្ពុជា

ដោយ អូន ភាព
2020-03-26
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ផ្លូវ​ជាតិ​លេខ៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ១០ នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ផ្លូវ​ជាតិ​លេខ៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ១០ នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ធ្វើការ​សម្រេច​ចិត្ត​ខុស ក្នុង​ការ​បង្ក​ការ​ជំងឺ Covid-19 ព្រោះ​រដ្ឋាភិបាល មិន​បាន​បិទ​ជើង​ហោះ​ហើរ​ជា​មួយ​ប្រទេស​ចិន ដែល​ជា​ប្រទេស​នៃ​ប្រភព​ជំងឺ​ថ្មី​នេះ។ ចំណែក​អ្នក​វិភាគ​នយោបាយ និង​សង្គម​អះ​អាង​ថា​ ការណ៍​ដែល​លោក​ហ៊ុន សែន​ មិន​បិទ​ការ​ធ្វើ​ដំណើរ​ជា​មួយ​ប្រទេស​ចិន​ គឺ​ដោយសារ​ចង់​ពឹង​ពាក់​ចិន ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​ជួយ​ការពារ​អំណាច​របស់​លោក។

ប្រធាន​ស្ដីទី​គណ:បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រាប់​អាស៊ី​សេរី​ថា​ វា​ជា​គ្រោះ​ថ្នាក់​ធំ​ណាស់​​ចំ​ពោះ​ទង្វើ​របស់​លោក ហ៊ុន សែន ដែល​មិន​បាន​បិទ​ជើង​ហោះ​ហើរ​ជា​មួយ​ប្រទេស​ចិន​ ហើយ​ថា​លោក ហ៊ុន សែន ​ជា​អ្នក​ទទួល​ខុសត្រូវ​បើ​សិន​ជំងឺ​នេះ ​នាំ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រជា​ពលរដ្ឋ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ទង្វើ​របស់​លោក ហ៊ុន សែន គឺ​ចង់​ឲ្យ​ចិន​ការពារ​អំណាច​របស់​លោក​ទៅ​ថ្ងៃ​អនាគត៖ «ប្រទេស​និមួយៗ គេ​បិទ​ព្រំ​ដែន​ ហើយ​រឿង​អី​លោក​ ហ៊ុន​ សែន​ បិទ​ព្រំ​ដែន​ជា​មួយ​អាមេរិក​ ជា​មួយ​​ អឺរ៉ុប​​ជា​មួយ​ប្រទេស​ជិត​ខាង ថៃ វៀតណាម តែ​ហេតុ​អី​មិន​បិទ​ព្រំ​ដែន​ជា​មួយ​ចិន​ផង។ អ៊ីចឹង​វា​អត់​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ ធ្វើ​ឲ្យ​ពិភព​លោក​មិន​យល់​ ឃើញ​ថា​លោក ​ហ៊ុន​ សែន អត់​ទទួល​ខុស​ត្រូវ ឬ​គាត់​អត់​យល់​អី​ទាំង​អស់»

លោក សម រង្ស៊ី បាន​ប្រ​ដូច​ទង្វើ​របស់​លោក ហ៊ុន សែន ទៅ​នឹង​របប ប៉ុល ពត ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ​បាត់​បង់​ជីវិត​ក្នុង​របប​វាល​ពិ​ឃាត​រយ:ពេល​ជិត ៤ឆ្នាំ ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ដែល​គ្រប់​គ្រង​ដោយ​ប្រ​ទេស​ចិន​ ហើយ​ឥឡូវ​នេះ​លោក​ ហ៊ុន ​សែន​ ទៅ​អែប​ជា​មួយ​ចិន​ម្ដង​ទៀត។

លោក​បញ្ជាក់​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​អាច​នឹង​ស្លាប់​ច្រើន​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីត១៩ ដែល​បាន​រាល​ដាល​មក​ពី​ប្រទេស​ចិន បើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹក​នាំ​នយោបាយ​ទាំង​ងងឹតងងល់​បែប​នេះ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ ប្រាប់​អាស៊ី​សេរី​ថា លោក ហ៊ុន សែន មិន​ព្រម​បិទ​ជើង​ហោះ​ហើរ​ជា​មួយ​ចិន ព្រោះ​នយោបាយ​របស់​លោក ហ៊ុន សែន សព្វ​ថ្ងៃ​បាន​ក្លាយ​ជា​សត្រូវ​​ ជា​មួយ​​ប្រទេស​មហា​អំណាច​នានា ក្នុង​ពិភព​លោក​ដោយសារ​គាត់​បាន​បង្កើត​អរិភាព​ទាំង​ទំនាក់ទំនង​ការទូត ​និង​ពាណិជ្ជ​កម្ម ​ជា​មួយ​បណ្ដា​ប្រទេស​ទាំ​ង​អស់​នោះ៖ «គាត់​មិន​អាច​បិទ​ចិន​បាន​ទេ​ ពី​ព្រោះ​មូល​ហេតុ​សំ​ខាន់​គាត់​ពិត​ជា​ត្រូវ​ការ​ចិន​ដើម្បី​ជួយ​ជ្រោមជ្រែង​អ្នក​ជំនាន់​ក្រោយ​នៃ​គ្រួ​សារ​ត្រកូល ហ៊ុន ដោយសារ​តែ​បច្ចុប្បន្ន​គាត់​មិន​អាច​ទុក​ចិត្ត​យួន​នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ការពារ​អំណាច​កូនៗ របស់​គាត់ បន្ទាប់​ពី​គាត់​អស់​តំណែង​ទៅ»

លោក​បន្ត​ថា ចិន​មាន​ប្រជា​ពលរដ្ឋ​ជិត ១.៤០០លាន​នាក់ (១.៣៩០​លាន) ហើយ​បើ​សិន​បញ្ជូន​តែ​១០លាន​នាក់​មក​កម្ពុជា​នៅ​ថ្ងៃ​ណា​មួយ​ចិន​អាច​គ្រប់​គ្រង​កម្ពុជា​បាន​ទាំង​ស្រុង ហើយ​យក​កម្ពុជា​ធ្វើជា​ឈ្នាន់​នយោបាយ ដើម្បី​ប្រើ​ប្រាស់​កម្លាំង​ទ័ព​ចេញ​ពី​កម្ពុជា ​ហើយ​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់៖ «លោក​ ហ៊ុន​ សែន​ អាច​នឹង​អញ្ជើញ​អ្នក​ជំនាញ​ការ​របស់​បក្ស​កុម្មុយនិស្ត​ចិន​​ មក​ជួយ​ជ្រោមជ្រែង​អំណាច​របស់​គាត់​បាន​ហើយ​ គឺ​អាច​នាំ​មក​មនុស្ស​គ្រប់​ជំនាញ​ទាំ​ង​អស់​ ពីព្រោះ​គ្មាន​នរណា​ដឹង​ថា ​តើ​អ្នក​នោះ​ជា​ Doctor ឬ​អ្នក​នោះ​ជា​ជំនាញ​យោធា​ ឬ​អ្នក​នោះ​ជា​ជំនាញ​ចារកម្ម ឬ​អ្នក​នោះ​ជា​ជំនាញ​អ្វី​ផ្សេង​ទៀត​ទេ បើ​ពួក​គេ​មិន​និយាយ ម្ល៉ោះ​ហើយ​លោក​ហ៊ុន​សែន​គ្រាន់​តែ​និយាយ​ថា​ពួក​គេ​ជា​ពេទ្យ​គេ​មក​ដើម្បី​ជួយ​កម្ចាត់​វីរុស Covid-19 នៅ​កម្ពុជា»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក លី សុវណ្ណ និង​អ្នក​ស្រី ឱ វណ្ណឌីន ប៉ុន្តែ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​នៅ​ថ្ងៃ​​ពុធ ទី២៥ ខែ​មីនា​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ស្រី ឱ វណ្ណឌីន បាន​ប្រាប់​អាស៊ី​សេរី​ក្នុង​ពេល​ធ្វើ​ បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី២០ មីនា​ថា រដ្ឋាភិបាល​សម្រេច​មិន​បិទ​ជើង​ហោះ​ហើរ​ជា​មួយ​ប្រទេស​ចិន​ គឺ​ដោយសារ​ករណី​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីត១៩​នៅ​ប្រ​ទេស​ចិន ​មាន​ភាព​​ធូរ​ស្រាល​ស្ទើរតែ​ទាំង​ស្រុង។ អ្នក​ស្រី​ថា ​ឥឡូវ​នេះ​ការ​ដែល​ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង គឺ​ប្រទេស​អឺរ៉ុប​ដែល​បាន​ក្លាយ​ទៅ​ជា​​មជ្ឈមណ្ឌល​រាតត្បាត​នៃ​ជំងឺ​កូវីត១៩ ហើយ​ចិន​មិន​មែន​ជា​ប្រទេស​ដែល​ត្រូវ​បារម្ភ​អំពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ទៀត​ទេ។

ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី​បន្ត​ថា ក្រសួង​សុខាភិបាល​បាន​សម្រេច​បិទ​ជើង​ហោះ​ហើរ​ជា​មួយ​បណ្តា​ប្រទេស​ដែល​ជំងឺ​កូវីត១៩ នេះ​កំពុងតែ​រីក​រាល​ដាល​ខ្លាំង ដូច​ជា អីតា​លី (Italy) អេស​ស្ពាញ​ (Spain) ​បារាំង (France) សហរដ្ឋអាមេរិក (United States) និង​កូរ៉េ​ខាង​ត្បូង ដោយសារ​​ពលរដ្ឋ​ខ្មែរ​តែង​តែ​ធ្វើ​ដំណើរ​ចេញ​និង​ចូល​ជា​ញឹក​ញាប់៖ «ការ​ដែល​ព្រួយ​បារម្ភ​របស់​អង្គ​ការ​សុខ​ភាព​ពី​ភព​លោក ​គឺ​ប្រ​ទេស​អឺ​រ៉ូប​ហ្នឹង​បាន​ក្លាយ​ទៅ​ជា​ Epicenter ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីត១៩ មាន​ន័យ​ថា​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​មួយ​ដែល​ក្លាយ​ទៅ​ជា​កន្លែង​រាតត្បាត​នូវ​វីរុស​កូវីត១៩​នេះ ​ហើយ​មិនមែន​ជា​ការ​បារម្ភ​នៅ​សាធារណ​:រដ្ឋ​ប្រជា​មានិត​ចិន​ទៀត​ទេ។ អ៊ីចឹង​កន្លែង​នេះ​ផ្អែក​លើ​លក្ខណ:​បច្ចេកទេស​អស់​នេះ ​ក្រសួង​សុខាភិបាល​បាន​ប្រកាន់​យក​នូវ​ជំ​ហរ​មួយ​ក៍​ដូច​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៍​ត្រឹម​ត្រូវ​ គឺ​យើង​ប្រ​កាន់​យក​នូវ​បណ្ដា​ប្រទេស​ដែល​យើង​សង្កេត​ឃើញ​ថា​មាន​ការ​ផ្ទុះ​នូវ​វីរុស​កូវីត១៩ ហ្នឹង គឺ​ខ្លាំង​ក្លា»

កន្លងមក ប្រជា​ពល​រដ្ឋ​ព្រម​ទាំង​សង្គម​ស៊ី​វិល​មួយ​ចំនួន បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រញាប់​បិទ​ជើង​ហោះ​ហើរ​ជា​មួយ​ប្រទេស​ចិន ហើយ​ធ្វើ​ការ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ទី​ក្រុង​វូហាន ដែល​ជា​កន្លែង​ផ្ទុះ​វីរុស​កូរ៉ូណា​មុន​គេ ប៉ុន្តែ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បដិសេធ​ភ្លាមៗ ដោយ​លើក​ហេតុផល​ថា​ ការ​បិទ​នេះ​អាច​​នឹង​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​កម្ពុជា។​

មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ត្រូវ​បាន​គេ​ថ្កោល​ទោស​​ដោយសារ​មិន​បាន​បិទ​ជើង​ហោះ​ហើរ​ជា​មួយ​ប្រទេស​ចិន​ ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ជន​ជាតិ​ចិន​ ដែល​នាំ​វីរុស​កូរ៉ូ​ណា​ចូល​មក​ប្រទេស​​កម្ពុជា។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី ថា រដ្ឋាភិបាល​កម្ពុជា កំពុងតែ​មិន​អើពើ​ចំពោះ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពលរដ្ឋ​ខ្លួនឯង ដោយសារតែ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​យន្តហោះ​ចិន​ បន្ត​ដឹក​អ្នក​ដំណើរ​ដោយ​ហោះ​ត្រង់​ពី​ក្រុង​វូហាន (Wuhan)​ មក​កម្ពុជា តាំងពី​ផ្ទុះ​ករណី​នេះ​ដំបូង រហូត​ដល់​ពេល​រដ្ឋាភិបាល​ចិន បិទ​ជើង​ហោះហើរ​ទាំង​នេះ​ដោយ​ខ្លួនឯង កាលពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​នយោបាយ ​និង​អ្នក​វិភា​គ​សង្គម​៖ ​​​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឆ្លង​វីរុស​កូរ៉ូណា ព្រោះ​មិនបិទ​​អ្នក​ដំណើរ​​ចិន​ចូល​មក​កម្ពុជា"

  1. Anonymous says:

    >>>>>>>>>>>>>>>>>>>>>>>>an URGEN MASSAGE TO CAMBODIA<<<<<<<<<<<<<<< please be alert the COVID 19 seem to be hart to control every rich nation is trying so hart. I hop under spirited of ANKOR will help this poor nation past away all this virus . I have nothing to say just praying . as I said this virus is worse then world war three. GOD bless Cambodia