ធ​នា​គារ​ពិ​ភព​លោក​ ផ្តល់​ប្រាក់​កម្ចី​២០​លាន​ដុល្លារ​ដល់​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ០៣ មេសា ២០២០ | ម៉ោង ២:០៨ ល្ងាច
VOD

បុរសម្នាក់អង្គុយលើម៉ូតូមុខក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

បុរសម្នាក់អង្គុយលើម៉ូតូមុខក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


ធនាគារពិភពលោក (Word Bank) បានសម្រេចផ្តល់ប្រាក់កម្ចី ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយកម្ពុជា ឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា នាយកប្រតិបត្តិនៃធនាគារពិភពលោកមួយនេះ បានសម្រេចអនុម័ត​​ថវិកាចំនួន ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ឆ្លើយតប​ជាបន្ទាន់​ទៅនឹងជំងឺកូវីដ១៩ នៅកម្ពុជា។

Word Bank បន្តថា ឥណទាននេះ ជាប្រាក់លើកដំបូងហើយ​ក្នុងកញ្ចប់ថវិកាប្រតិបត្តិសម្រាប់ជួយក្នុងសភាពការណ៍ជាបន្ទាន់ តាមយន្តការសេវារហ័ស​ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩។

ប្រភពដដែលបន្តថា គម្រោងនេះនឹងជួយឱ្យកម្ពុជាសម្រេចបាន​តាមគោលដៅដែលបានដាក់ចេញ​នៅក្នុងផែនការមេ​ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ខ្លួន ដោយក្នុងនោះរួមមាន​ ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ​ ការរកឃើញជំងឺឱ្យបានរហ័ស ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះជំងឺនេះឱ្យទាន់ពេលវេលា។

នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី អ៊ឹងហ្គូណា ដូប្រាចា មានប្រសាសន៍ថា ហិរញ្ញប្បទានតាមរយៈសេវារហ័សនេះ នឹងជួយប្រទេសកម្ពុជាក្នុងការឆ្លើយតប​ទៅនឹងស្ថានភាពបន្ទាន់​ផ្នែកសុខាភិបាល​ទូទាំងសកលលោក​ដែលមិនធ្លាប់មានពីមុនមក។

អ្នកស្រីមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ «ហិរញ្ញប្បទាននេះ គឺសម្រាប់កម្ពុជា​យកទៅ​ដើម្បីជាវការផ្គត់ផ្គង់​គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីដ១៩។ កាត់បន្ថយការរាលដាលឆ្លងមេរោគ ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ និងជួយធ្វើយ៉ាងណា​ឱ្យអ្នកជំងឺឆាប់ជាសះស្បើយ​ និងសេដ្ឋកិច្ចឆាប់ងើបឡើងវិញ»។

ធនាគារពិភពលោក បន្ថែមថា គម្រោង​ថវិកានេះ ក៏នឹងយកទៅប្រើប្រាស់សម្រាប់សាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងបង្កើនសមត្ថភាពវិភាគរោគ​សញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែកនៅទូទាំង ២៥ ខេត្ត-ក្រុង។

កាលពីថ្ងៃម្សិលមិញ​ មន្ត្រីគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឱ្យ វី.អូ.ឌី ដឹងថា ​គណៈកម្មការនេះទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជន​ជាង ១០លានដុល្លារអាមេរិក ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើន ​បានប្រកាសផ្តល់ប្រាក់ខែផ្ទាល់ខ្លួន​រយៈពេលចន្លោះពី ៣ខែ ទៅ ៧ខែ​ ​ដើម្បីគាំទ្រការងារប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា​។

ក្រសួងសុខាភិបាលឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃសុក្រនេះ អ្នកមានជំងឺកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅកម្ពុជា មានចំនួន ១១៤នាក់ ក្នុងនោះ​មានអ្នក​ជំងឺ ៣៥នាក់ហើយ ដែលត្រូវបានព្យាបាលជាសះស្បើយ៕ ​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles