អាមេរិក អឺរ៉ុប និងកាណាដា ផ្អាក​ទិញ​ផលិត​ផល​រោង​ចក្រ​កម្ពុជា​ពាក់​កណ្តាល​ខែ​មេសា​

ការងារ | កូរ៉ូណាវីរុស | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ០៣ មេសា ២០២០ | ម៉ោង ៤:១០ ល្ងាច
VOD

កំពង់ផែកនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)

កំពង់ផែកនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)


សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC អះអាងថា អ្នកបញ្ជាទិញក្នុងទំហំជាង ៨០ភាគរយរួមមាន សហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា ផ្អាកទិញចាប់ពីពាក់កណ្ដាលខែមេសា រហូតដល់ចុងខែឧសភា ដែលតម្រូវឱ្យមានការពិនិត្យឡើងវិញលើប្រាក់ផ្គត់ផ្គង់កម្មករពេលព្យួរការងារ។​

អគ្គលេខាធិការរងសមាគមកាត់ដេរនៅកម្ពុជា ហៅ GMAC លោក កាំង ម៉ូលីកា ប្រាប់វីអូឌីនៅថ្ងៃនេះថា ចាប់ពីពាក់កណ្ដាលខែមេសារហូតដល់ចុងខែឧសភាខាងមុខនេះ អ្នកបញ្ជាទិញទំនិញពីកម្ពុជា ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប បានសម្រេចផ្អាកទទួលទំនិញពីកម្ពុជា ដោយសារ ជំងឺកូវីដ១៩ កំពុងរីករាលដាលទូទាំងពិភពលោក។

លោកបន្តថា ​ចំពោះប្រាក់ ៤០ភាគរយដែលរដ្ឋាភិបាលប្រកាសឱ្យថៅកែបើកឱ្យកម្មករពេលព្យួរការងារនោះ លោកថា ធ្វើទៅតាមគោលការណ៍ដែលរោងចក្រគ្មានវត្ថុធាតុដើមសម្រាប់ផលិត ប៉ុន្តែ ពេលនេះ មិនមានអ្នកបញ្ជាទិញ គឺត្រូវតែមានការពិនិត្យឡើងវិញ។​

លោកថា៖ «ដោយឡែក ស្ថានភាពនៅពេលនេះ ​គឺជាស្ថានភាពថ្មីទាំងស្រុង មិនមែនជាស្ថានភាពកង្វះវត្ថុធាតុដើមទេ ប៉ុន្តែ ស្ថានភាពនៃទីផ្សារនាំចេញរបស់យើង គឺអាមេរិក អឺរ៉ុប និងកាណាដា ​ហើយបញ្ហាហ្នឹង មិនមែនប៉ះតែយើងទេ គឺប៉ះពាល់គ្រប់ផលិតផល ​គ្រប់ប្រទេសផលិតផ្គត់ផ្គង់ទាំងអស់។ អ៊ីចឹង ស្ថានភាពបច្ចុប្បន្នជាស្ថានភាពថ្មី ​ដែលតម្រូវឱ្យយើងធ្វើការវាយតម្លៃ​​​ឡើងវិញអំពីយន្តការ​ថ្មី។ ឥឡូវហ្នឹង យើងមិនដឹងយន្តការថ្មីយ៉ាងណាទេ​ ហើយខ្ញុំស្នើឱ្យរង់ចាំសិន អាចរហូតដល់ដើមសប្ដាហ៍ក្រោយ»។

នៅដើមសប្តាហ៍នេះ លោក កេន លូ អគ្គលេខាធិការសមាគមរោងចក្រកាន់ដេរកម្ពុជា ថ្លែងថា ខាងថៅកែមិនមានលទ្ធភាពផ្តល់ប្រាក់ ៤០ភាគរយឱ្យកម្មករពេលព្យួរការងារនោះទេ។​

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា ប្រាក់ ២០ភាគរយ ឬស្មើនឹង ៣៨ដុល្លារ ដែលរដ្ឋាភិបាលរួមចំណែកនោះ លោកថា រដ្ឋាភិបាលនៅតែផ្ដល់ឱ្យដដែល។

នៅពេលអ្នកសារព័ត៌មានសួរថា​ តើរដ្ឋាភិបាលសម្រេចយ៉ាងម៉េចហើយ បន្ទាប់ពីសមាគមកាត់ដេរនៅកម្ពុជាថា ថៅកែរោងចក្រគ្មានលទ្ធភាពបើកប្រាក់ ៤០ភាគរយឱ្យកម្មករអំឡុងព្យួរការងារ? លោក ហេង សួរ បដិសេធសំណួរនេះ ដោយឱ្យអ្នកសារព័ត៌មានទៅពិនិត្យមើលមាត្រា ៧១ នៃច្បាប់ស្ដីពីការងារវិញ។

លោកថា៖ «វិធានការណ៍ គឺខ្ញុំបញ្ជាក់ឡើងវិញ រដ្ឋាភិបាលបានជួយរួចហើយនូវទឹកប្រាក់ 38$ ក្នុងពលករម្នាក់។ ក្រៅពីនេះ គឺអនុវត្តតាមមាត្រា 71 នៃច្បាប់ស្តីពីការងារ»។

មាត្រា ៧១ នៃច្បាប់ស្ដីពីការងារ ចែងថា កិច្ចសន្យាការងារត្រូវព្យួរនៅពេលណាដែលសហគ្រាសជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬសម្ភារធ្ងន់ធ្ងរ ឬការលំបាកជាពិសេសណាមួយ ដែលនាំឱ្យព្យួរសកម្មភាពសហគ្រាសមិនលើសពីពីរខែ។ ការព្យួរសកម្មភាពនេះ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អធិការការងារ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា កម្មករដែលត្រូវថៅកែព្យួរការងារ នឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយ ក្នុងនោះថៅកែចេញ ៤០ភាគរយ និងរដ្ឋាភិបាលរួមចំណែក ២០ភាគរយ ប៉ុន្តែ ប្រាក់ ២០ភាគរយ កម្មករអាចទទួលបានលុះត្រាតែពួកគេចុះឈ្មោះ និងចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដែលរៀបចំដោយក្រសួងការងារ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា បើទោះបីជាប្រទេសកាណាដា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ផ្អាកទទួលទំនិញពីកម្ពុជា រយៈពេល ៣ខែក៏ដោយ លោកចង់ឱ្យរដ្ឋាភិបាល និងថៅកែនៅតែផ្ដល់ប្រាក់ឱ្យកម្មករចំនួន ៦០ភាគរយ អំឡុងពេលព្យួរការងារ។

លោកថា៖ «យើងដឹងថា វាលំបាកសម្រាប់ក្រុមហ៊ុន ប៉ុន្តែ សម្រាប់កម្មករ ក៏ពិបាកដែរ។ ក្រុមហ៊ុនអាចមិនចំណេញ​ តែកម្មករធានាការរស់នៅពាក់ព័ន្ធនឹងជីវិតរបស់ពួកគាត់ ហើយកន្លងមក កម្មករជាអ្នកផលិតឱ្យក្រុមហ៊ុនមានបាន ឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជារីកចម្រើន កម្ពុជាយើងមានសក្ដានុពលសេដ្ឋកិច្ចជាដើម។ អ៊ីចឹង នៅពេលបញ្ហាកើតឡើង មិនគួរក្រុមហ៊ុន ឬរដ្ឋាភិបាលគេចទេ គួរតែបន្តទទួលខុសត្រូវបន្តទៀត»។

លោក អាត់ ធន់ បន្តថា ទំនិញរបស់កម្ពុជាសរុប ៨២ភាគរយ បានទៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយទំនិញចំនួន ៨២ភាគរយនោះ គឺនាំទៅសហភាពអឺរ៉ុប ៤៦ភាគរយ សហរដ្ឋអាមេរិក ២៨ភាគរយ និងកាណាដា ៨ភាគរយ ហើយសល់ ១៨ភាគរយ លោកថា នាំទៅប្រទេសផ្សេងៗទៀត។ 

បើតាមក្រសួងការងារ គិតត្រឹមដើមខែមេសានេះ រោងចក្រចំនួន ៩១ បានស្នើសុំព្យួរការងារ ដែលបានប៉ះពាល់កម្មករ ៦១៥០០នាក់៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles