HRW ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ក្លាយ​ជា​ស្រប​ច្បាប់

ដោយ សេក បណ្ឌិត
2020-04-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

Photo: RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ​ឃើញ​ថា វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​ក្លាយ​ទៅជា​លេស​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ស្វះ​ស្វែងរក​អំណាច​ផ្ដាច់ការ​គ្មាន​ដែន​កំណត់ ដើម្បី​បង្ក្រាប​ក្រុម​អ្នក​រិះគន់។ អំណាច​ផ្ដាច់ការ​គ្មាន​ដែន​កំណត់​នោះ គឺ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​នឹង​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រឹតត្បិត​សេរីភាព​នយោបាយ និង​សេរីភាព​ពលរដ្ឋ ហើយ​តម្រង់​ឆ្ពោះ​ទៅ​រក​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នក​ធ្វើ​ការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដែល​ផ្ដល់​អំណាច​ច្រើន​លើសលប់​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams)មាន​ប្រសាសន៍​តាម​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី២ មេសា ថា សូម្បីតែ​នៅ​មុន​ពេល​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា លោក ហ៊ុន សែន បាន​ជាន់​ឈ្លី​សិទ្ធិមនុស្ស​រួច​ទៅ​ហើយ ដូច្នេះ​អំណាច​ពេញដៃ គ្មាន​ការ​ត្រួត​ពិនិត្យ និង​គ្មាន​ដែន​កំណត់​ដែល​មាន​ចែង​ក្នុង​ពង្រាង​ច្បាប់​នេះ គឺជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ម្ចាស់​ជំនួយ។ លោក​យល់ថា ជំនួស​ឱ្យ​ការ​ធ្វើ​ច្បាប់​ការពារ​សុខភាព​សាធារណៈ រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូវីដ-១៩ ជា​លេស​អនុវត្ត​អំណាច​ផ្ដាច់ការ​រលើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់ នៃ​ជី​ភាព​សេដ្ឋកិច្ច សង្គម នយោបាយ និង​ពលរដ្ឋ ដោយ​មិន​កំណត់​រយៈពេល ឬ​មិន​មាន​យន្តការ​ត្រួត​ពិនិត្យ​មើល​លើ​ការរំលោភ​អំណាច​នោះ​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មើល​ឃើញ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ចំណុច​ជាច្រើន​ដែល​មិន​ច្បាស់លាស់ និង​ចែង​ក្នុង​ន័យ​ទូលាយ​ពេក ដែល​អាច​នឹង​រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស។ ជា​ពិសេស​នៅ​ត្រង់​មាត្រា​ទី​៥ ស្ដីពី​វិធាន​ការដែល​រដ្ឋាភិបាល​អាច​ដាក់​ចេញ​ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន។

មាត្រា​ទី​៥ នៃ​ពង្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ផ្ដល់​សិទ្ធិ​អំណាច​យ៉ាង​ច្រើន​លើសលប់​ដល់​រដ្ឋាភិបាល​ក្នុង​ការ​កម្រិត​សេរីភាព​ដើរហើរ ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្តុំ​គ្រប់​ប្រភេទ​។ ជាមួយ​គ្នា​នេះ មាត្រា​នេះ​បើកដៃ​ឱ្យ​រដ្ឋាភិបាល​អាច​ត្រួតពិនិត្យ​តាម​មធ្យោបាយ​ទំនាក់ទំនង​ទូរគមនាគមន៍​ដោយ​គ្មាន​ដែន​កំណត់ ដូចជា​ការ​លួច​ស្ដាប់​តាម​ទូរស័ព្ទ ព្រមទាំង​អាច​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​ផង​ដែរ។ ជាពិសេស មាត្រា​នេះ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល ឱ្យ​ធ្វើ​អ្វី​ក៏បាន​ស្រេច​តែ​អំពើ​ចិត្ត រហូតដល់​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ដែល​រដ្ឋាភិបាល​ចាត់ទុកថា ជា​ភាព​អាសន្ន។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺថា បើ​រដ្ឋាភិបាល​យល់ថា កាលៈទេសៈ​ដែល​សន្តិសុខ​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​បែបនេះ អាច​ធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក​ថែមទៀត​។​

ចំណែក មាត្រា​ទី​១ និង​ទី​៤ វិញ បើក​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ច្បាប់​នេះ នៅ​ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​បញ្ចប់​ទៀត​ផង ទៅតាម​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល ហើយ​មាត្រា​ទី​៣ វិញ ចែងថា ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​អាច​ធ្វើ​បាន​ក្នុង​ពេល​កំណត់​ណាមួយ ឬក៏​គ្មាន​ពេល​កំណត់​ក៏បាន​។ យោង​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ត្រូវតែ​មាន​ភាព​ចាំបាច់ និង​ត្រូវតែ​មាន​កំណត់​ពេល​បញ្ចប់​របស់​វា។

អង្គការ Human Rights Watch ព្រួយបារម្ភ​ជា​ខ្លាំង​ថា ច្បាប់​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ខុស​ទិសដៅ​យ៉ាង​ងាយស្រួល​ជាទីបំផុត​ប្រឆាំង​នឹង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​មាត្រា​៧ និង​មាត្រា​៨ ចែង​ពី​ទោស​បទបញ្ញត្តិ​ធ្ងន់ធ្ងរ​។ អ្នក​ដែល​មិន​អនុវត្ត​តាម​វិធានការ​ដាក់​ចេញ​ដោយ​ចេញ​ដោយ​រដ្ឋាភិបាល​ពេល​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​១ ខែ​ដល់ ១០​ឆ្នាំ ចំណែក​អ្នក​រារាំង ឬ​បង្ក​ឧបសគ្គ​ដល់​កិច្ចប្រតិបត្តិការ​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ​ដល់ ១០ឆ្នាំ។ ក្រៅ​ពី​នេះ ពួកគេ​អាច​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​។ ចំណុច​នេះ ងាយ​នឹង​ត្រូវ​អាជ្ញាធរ​យក​ទៅ​ប្រើ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​អំពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ឬ​រឿង​ដទៃ​ទៀត នៅ​ពេល​ដែល​ប្រទេស​ត្រូវ​ដាក់​ក្នុង​ភាព​អាសន្ន។

អង្គការ Human Rights Watch កត់សម្គាល់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដាក់​ទិសដៅ​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជា​យូរ​មក​ហើយ ដូច្នេះ​សេចក្ដី​ព្រាង​ច្បាប់​នេះ ប្រសិនបើ​ត្រូវ​បាន​អនុម័ត វា​អាច​នឹង​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ភាគច្រើន​នៅ​កម្ពុជា ត្រូវ​ក្ស័យធន​យ៉ាង​ងាយស្រួល ពីព្រោះ​ច្បាប់​នេះ​តម្រូវ​ឱ្យ​មាន​ការ​បង់​ផាក​ពិន័យ​ជា​ប្រាក់​រហូតដល់ ២៥​ម៉ឺន​ដុល្លារ​អាមេរិក។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ឯកសារ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នោះ​ទេ ព្រោះ​មិនមែន​ចេញ​មកពី​ប្រភព​ផ្លូវការ​របស់​រដ្ឋាភិបាល។ តែ​យ៉ាងណា​លោក​ថា ការ​ធ្វើ​ច្បាប់​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ប្រទេស​ដទៃ​ក៏​មាន​ច្បាប់​នេះ​ដូចគ្នា ហើយ​លោក​ថា ច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ គឺ​អនុលោម​ទៅតាម​ខ្លឹមសារ​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ៖ «មុននឹង​ធ្វើការ​រិះគន់ សូម Human Rights Watchពិនិត្យ​មើល​ទៅ​លើ​ច្បាប់​ដាក់​ប្រទេស​ទៅ​ក្នុង​ស្ថានភាព​អាសន្ន​របស់​បណ្ដា​ប្រទេស​ដទៃ​ទៀត​ថា តើ​ច្បាប់​ណា​ដែល​មិន​មាន​រឹតត្បិត និង​កំហិត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​នៅ​ក្នុង​ស្ថានភាព​គ្រាអាសន្ន​ហើយ​សម្រាប់​កម្ពុជា ការរៀបចំ​ច្បាប់​នេះ គឺ​ដើម្បី​ប្រយោជន៍​សាធារណៈ ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ហើយ​ការ​ធ្វើ​នេះ គឺ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​ផ្អែក​ទៅ​លើ​ការអនុវត្ត​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ផង​ដែរ»។

ផ្ទុយ​ពី​ការ​អះអាង​នេះ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ កត់សម្គាល់​ថា ចាប់​តាំង​ពី​ការ​ផ្ទុះ​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩ មក លោក ហ៊ុន សែន បាន​បដិសេធ ឬ​មើលស្រាល ហានិភ័យ​ដែល​នឹង​កើតឡើង​នៅ​កម្ពុជា បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា។ ប៉ុន្តែ​ជំនួស​មក​វិញ លោក ហ៊ុន សែន បែរជា​ប្រឹង​ធ្វើខ្លួន​តាម​មេដឹកនាំ​ផ្ដាច់ការ​ដទៃ​ទៀត ដែល​កំពុង​យក​វិបត្តិ​ជំងឺ​កូវីដ​-១៩ ជា​ឈ្នាន់​ឈាន​ទៅ​ពង្រឹង​អំណាច​របស់​ពួកគេ​ទៅវិញ​។ លោក​មើល​ឃើញ​ថា ចន្លោះប្រហោង​ដ៏​ធំ​ដែល​អាច​ជា​ហានិភ័យ​ផ្នែក​សិទ្ធិមនុស្ស​នោះ គឺ​សេចក្ដី​ព្រាងច្បាប់​នេះ មិនបាន​ដាក់បញ្ចូល​យន្តការ​ត្រួតពិនិត្យ​លើ​ការ​ប្រើ​អំណាច​ពេញដៃ​ទាំងស្រុង​របស់​រដ្ឋាភិបាល​ឡើយ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​យល់ឃើញ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ នឹង​ជួយ​លោក ហ៊ុន សែន ឱ្យ​គ្រប់គ្រង​ប្រទេស​តាម​បែប​ផ្ដាច់ការ​យូរអង្វែង​តទៅទៀត ជាពិសេស​គឺ​វា​នឹង​ធ្វើ​ឱ្យ​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​គាត់​ក្លាយ​ជា​ស្របច្បាប់ និង​មាន​លក្ខណៈ​ផ្លូវការ។

លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់​ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ត្រូវតែ​រំឭក​លោក ហ៊ុន សែន ថា ប្រសិនបើ​គាត់​ចង់​ដកហូត​សិទ្ធិ​ជាក់លាក់​មួយចំនួន​បែបនេះ គាត់​ត្រូវតែ​ជូនដំណឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ តាមច្បាប់​របស់​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ ចូរ​ចាំ​ថា ទោះជា​មាន ឬ​គ្មាន​ជំងឺឆ្លង​រាតត្បាត​ក៏ដោយ ក៏​សិទ្ធិ​ជាច្រើន​ផ្សេងទៀត​មិន​អាច​ដកហូត​បាន​ដែរ ហើយ​កម្ពុជា​នៅតែ​ត្រូវ​គោរព​សន្យា​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​តាមច្បាប់​អន្តរជាតិ​ដដែល។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០២ មេសា រដ្ឋសភា​មិនទាន់​ទទួល​បាន​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ​។ អគ្គលេខាធិការ​រដ្ឋសភា​រូប​នេះ​បញ្ជាក់​ថា ទោះជា​សេចក្ដី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ហើយក៏​ដោយ គឺ​ទាល់តែ​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​សិន ទើប​ច្បាប់​នេះ​អាច​អនុវត្ត​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "HRW ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ក្លាយ​ជា​ស្រប​ច្បាប់"

  1. Anonymous says:

    WELL……. his law always following him that was always

  2. so socheath says:

    សិទ្ធិមនុស្សបែបងចុយម៉្រាយ ប្រ៊ែដ អាដាម យ់ាងនេះ ​សមនឹងគេធាក់ក្បាល
    ចេញពីប្រទេសកម្ពុជាមែន !
    សិទ្ធីមនុស្សអាកូនមីងកាដួយអាយះស្ញេញនេះ គឺជាសិទ្ធិមនុស្សបែបជនឡប់សតិ
    តែប៉ុណ្ណោះ !

  3. Anonymous says:

    This county is in the hands of Veitcong mafia dictator and his groups since 1997 coup so they committed a lot of crimes ‘ they can do what ever they wanted to do and veitcong germs a lot watching all khmer since war spread to cambodia 1970’ all veitcong spy try to kill all khmer nationalists ‘ now we can see veitcong germs so socheat ‘ he alway swearing to khmer and happy to see khmer lost Tral Island to Youn-hanoi ‘ and everything benefit to youn-hanoi made so socheat happy ‘ because the veitcong spy like to kill khmer and use their dogs to killed khmer ‘ . GOD will punish veitcong germs and veitcong mafia soon’