រដ្ឋាភិបាលប្រកាស ផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ

កម្ពុជា សង្គម
07/04/2020 – 09:18
ដោយ៖ សឿង ភារៈ
RFI

សង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ដែលធ្លាប់បានធ្វើកាលពីពេលកន្លងទៅ
សង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ដែលធ្លាប់បានធ្វើកាលពីពេលកន្លងទៅ © thephnompenhtimes

លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ព្រឹក​នេះ បាន​ប្រកាស​ជា​ផ្លូវ​ការ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​នេះ​។ ការ​ប្រកាស​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​នេះ គឺ​ជា​វិធាន​ការ​មួយ​ក្នុង​ចំណោម​វិធាន​ការ​ផ្សេង​ទៀត​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល់​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​។

ក្នុងសន្និសីទនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៧ ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ​ ហើយមន្ត្រីរាជការ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រា និងធនាគារ គឺធ្វើការធម្មតានៅថ្ងៃចូលឆ្នាំខ្មែរ​ នាថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសាខាងមុខនេះ។ ប៉ុន្តែការទទួលទេវតា ​នៅតាមផ្ទះធ្វើឡើងជាធម្មតា។ ដោយឡែករដ្ឋនឹងសងវិញនូវថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នៅពេលដែលជំងឺកូវីដ១៩លែងមាននៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងទៀតថា កន្លែងដែលមានសុវត្ថិភាពបំផុតនាពេលនេះគឺកន្លែងធ្វើការងារដូចជាតាមរោងចក្រ តាមស្ថាប័នរដ្ឋជាដើម។ បើបើកឲ្យមានការដើរលេងកម្សាន្តនៅក្នុងឱកាសចូលឆ្នាំ នោះក្រោយចូលឆ្នាំខ្មែរអាចនឹងមានហានីភ័យខ្ពស់បំផុត។ លោក ហ៊ុន​ សែន ក្នុងនាមប្រមុខរដ្ឋាភិបាលបានអំពាវនាវឲ្យមានការកត់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬតំបន់កម្សាន្តនានាក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ ក្នុងគោលដៅកាត់បន្ថយការចម្លងមេរោគ។

នេះគឺជាវិធានការមួយក្នុងចំណោមវិធានការផ្សេងៗទៀត ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សង្រ្គាមជាមួយកូវីដ១៩ ស្ថិតនៅក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ។ 

ក្រៅពីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សុំការយោគយល់ចំពោះពលរដ្ឋខ្មែរ១៥០នាក់ ដែលជាប់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយរដ្ឋាភិបាលមិនអាចអនុញ្ញាតឲ្យត្រឡប់មកប្រទេសកម្ពុជាវិញនាពេលនេះទេ ហើយត្រូវស្នាក់នៅប្រទេសម៉ាឡេស៊ីបណ្តោះអាសន្នសិន។

ក្នុងសន្និសីទនាព្រឹកថ្ងៃទី៧ ខែមេសានេះដែរ លោកនាយករដ្ឋមន្ត្រីលើកឡើងដែរថា កម្ពុជាកំពុងតែប្រយុទ្ធលើមុខព្រួញសំខាន់ៗបី ដែលរួមមានការទប់ស្កាត់ការឆ្លងកូវីដ១៩ពីខាងក្រៅប្រទេស ទប់ស្កាត់ការឆ្លងពីអ្នកកើតកូវីដ១៩ ទៅអ្នកមិនទាន់កើតនៅក្នុងស្រុក និងបន្តព្យាបាលអ្នកឆ្លង ដែលបានរកឃើញ។

លោក ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីឲ្យពលរដ្ឋមានការភ័យខ្លាចនូវជំងឺកូវីដ១៩នេះ ហើយប្រែក្លាយការភ័យខ្លាចនោះទៅជាការការពារខ្លួនតាមរយៈការលាងដៃ ដោយអាកុល ជែល សាប៊ូ ដោយវិធីផ្សេងៗ រាប់ទាំងការប្រើម៉ាស់ និងក្រម៉ា៕

What Next?

Recent Articles