កម្ពុជា
06/05/2020 – 13:43
ដោយ៖ សួង សុខភារី
RFI

ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី ០៦ខែឧសភានេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានអះអាងថា មន្ត្រី ៤នាក់ដែលរងពិន័យមិនឲ្យធ្វើសកម្មភាពការងារពាក់ព័ន្ធនឹងបាល់ទាត់ អស់មួយជីវិតនោះ គឺដោយសារតែបានកិបកេងប្រាក់ ៣០ភាគរយនៃឆ្នាំនីមួយៗ របស់សហព័ន្ធ ប្រមាណជិត ៦ម៉ឺនដុល្លារ។ ប្រាក់ជិត ៦ម៉ឺនដុល្លារ ដែលសហព័ន្ធ ត្រូវទទួលបានពីការរៀបចំព្រឹត្តិការណ៍ Tiger Street Football តាំងពីឆ្នាំ ២០១៣មក។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានពន្យល់ក្នុងសន្និសីទកាសែតថា មន្ត្រីទាំង ៤រូប ដែលមានជំនាញបច្ចេកទេស ត្រូវបានចាត់តាំងឲ្យចូលរួមជួយរៀបចំព្រឹត្តិការណ៍ Tiger Street Football តាមសំណើររបស់ក្រុមហ៊ុនស្រាបៀរអន្តរជាតិ Tiger តាំងពីឆ្នាំ ២០១៣មក។
ហើយមន្ត្រីទាំងនេះ ត្រូវបានរកឃើញថា មានភាពមិនប្រក្រតីក្នុងការកិបកេងប្រាក់របស់សហព័ន្ធ គឺនៅពេលមានការសង្ស័យ រហូតសហព័ន្ធ បង្កើតគណៈកម្មាការស៊ើបអង្កេត កាលពីខែមីនា ឆ្នាំ ២០២០នេះ។
ក្រោយពេលស៊ើបអង្កេតហើយ ទើបគណៈកម្មាការសហព័ន្ធដឹងថា មន្ត្រីទាំង ៤រូបនោះ ពិតជាបាន កិបកេងប្រាក់ ៣០ភាគរយដែលក្រុមហ៊ុន Tiger ឧបត្ថម្ភដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជា ជារៀងរាល់ឆ្នាំ ដែលគិតជាសរុបតាំងពីឆ្នាំ ២០១៣មក គឺ ៥ ៦៧៣៦ដុល្លារអាមេរិក។
តាមលោក កែវ សារ៉េត ត្បិតតែទំហំទឹកប្រាក់នេះ មិនច្រើន ដល់អ្វីដែលមន្ត្រីទាំង ៤រូប ធ្លាប់បានចូលរួមបម្រើវិស័យបាល់ទាត់កម្ពុជា ប៉ុន្តែទង្វើបែបនេះ គឺជាការរំលោភលើសេចក្តីទុកចិត្តយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការបំផ្លាញសេចក្តីថ្លៃថ្នូរបស់សហព័ន្ធបាល់ទាត់កម្ពុជា ខណៈវិស័យបាល់ទាត់កំពុងតែមានការរីកចម្រើន។
សូមជម្រាបជូនថា មន្ត្រី និងអតីតមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាទាំង ៤រូប ដែលត្រូវសហព័ន្ធបាល់ទាត់កម្ពុជា ចេញសេចក្តីសម្រេចព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត នៅថ្ងៃទី ៦ខែឧសភានេះ រួមមាន៖ ទី ១ លោក ម៉ៃ តុលា ជាអតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលត្រូវបានបញ្ចូនសំណុំរឿង ប្រព្រឹត្តិអំពើពុករលួយទៅតុលាការ ដើម្បីចាត់វិធានាការតាមផ្លូវច្បាប់។ ហើយលោក ម៉ៃ តុលា ក៏អាចប្រឈមនឹងការសងប្រាក់ទៅសហព័ន្ធវិញ ឬ ចំណាត់ការច្បាប់នានា តាមនីតិវិធីតុលាការដែរ។ ទី ២ គឺលោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យរៀបចំការប្រកួតនៃសហព័ន្ធបាល់ទាត់កម្ពុជា។ ទី ៣ លោក គល់ សុភារម្យ ប្រធានការិយាល័យរដ្ឋបាលនៃសហព័ន្ធបាល់ទាត់កម្ពុជា និងទី ៤ គឺលោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្តាលនៃសហព័ន្ធបាល់ទាតកម្ពុជា។

លោក កែវ សារ៉េត ក៏បញ្ជាក់ដែរថា មន្ត្រី និងអតីតមន្ត្រីទាំង ៤រូប អាចប្តឹងឧទ្ធរណ៍ ទៅកាន់គណៈកម្មាការក្នុងសហព័ន្ធបាន ប្រសិនបើមានការបដិសេធចំពោះការសម្រេចនេះ។ តែលោក សារ៉េត បានបញ្ជាក់ហើយថា មន្ត្រីទាំងនោះ បានសារភាពចំពោះការល្មើសនឹងក្រមវិន័យរបស់សហព័ន្ធពិតមែន។
ជាការកត់សម្គាល់ ចំណាត់ការដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សហព័ន្ធបាល់ទាត់កម្ពុជានេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ខាងមុខ និងស្របពេលដែលចំណាត់ថ្នាក់បាល់ទាត់កម្ពុជា មិនបានហក់ឡើង ដោយស្ថិតនៅលេខរៀងទី ១៧៣លើពិភពលោក៕