កម្ពុជា​​ចំណាយ​​ជិត​១​ពាន់​​លាន​​ដុល្លារ​​សម្រាប់​​ទិញ​​បន្លែ​ និង​​សាច់​​ពី​​ប្រទេស​ជិត​ខាង​​

កសិកម្ម | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២២ ឧសភា ២០២០ | ម៉ោង ៥:២៦ ល្ងាច
VOD

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

កសិករចិញ្ចឹមជ្រូកមួយរូប​នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង លោក ឃឿន នឿន កំពុងបាញ់ទឹកជ្រូក​នៅក្នុងទ្រូងជ្រូករបស់ខ្លួន។ (សូត សុខប្រាថ្នា/ ១៦ មករា ២០២០)


សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា អះអាង​ថា កម្ពុជា​ចំណាយ​ប្រាក់​ជិត ១ពាន់​លាន​ដុល្លារក្នុង១ឆ្នាំ​ៗ សម្រាប់​ទិញ​បន្លែ​ និង​សាច់​ពី​ប្រទេសជិតខាង ដើម្បី​យក​មក​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក។

ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុ​ន ពៅ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ក្នុង១ឆ្នាំ​ កម្ពុជា​ចំណាយ​ប្រាក់​ជិត ១ពាន់​លាន​ដុល្លារ ​សម្រាប់​ទិញជ្រូក មាន់ ទា និង​បន្លែ ពី​ប្រទេសជិតខាង។ លោក​បញ្ជាក់​ថា សម្រាប់​ទឹកប្រាក់​ជិត ១ពាន់​លាន​ដុល្លារ គឺ​ចំណាយ​សម្រាប់​ទិញ​ជ្រូក​ប្រមាណ ៤០០លាន​ដុល្លារ។

លោក​ថា៖ «ក្នុង​មួយឆ្នាំ បើ​យើង​គិត​ពី​ជ្រូក​ផង មាន់​ផង ទា​ផង បន្លែ​ផង​ ចូល១ពាន់​លាន​ដុល្លារ ហើយ​ចំណាយ​ទិញ​ជ្រូក​មួយ​មុខ ៤០០លាន​ដុល្លារ»។

លោក ស្រ៊ុ​ន ពៅ បន្ត​ថា កន្លងមក ​កម្ពុជា​បាន​នាំ​ជ្រូក​ពី​ប្រទេសជិតខាង ​ក្នុង១ខែ ​ជិត១ម៉ឺន​ក្បាល សម្រាប់​ផ្គត់ផ្គង់​តម្រូវការ ប៉ុន្តែ​ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ការនាំចូល​ជ្រូក​ពី​ប្រទេសជិតខាងចូល​កម្ពុជា​បាន​ថយ​ចុះ ដោយ​ក្នុង ១ខែ​ នាំ​ចូលតែ ៣០០០ក្បាល​តែប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ក្រសួង​កំពុង​ពង្រឹង និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដាំដុះ និង​ចិញ្ចឹមសត្វ ដើម្បី​កាត់បន្ថយ ​និង​ទប់ស្កាត់​ការនាំចូល​បន្លែ និង​សាច់​ពីក្រៅ​ប្រទេស។ 

លោក​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​ដាក់ចេញ​ការកាត់បន្ថយ ហើយ​លើកកម្ពស់​ការ​ចិញ្ចឹម​ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ព្រោះ​បើសិនជា​យើង​គ្មាន​ការជំរុញ​ការ​ចិញ្ចឹម​ក្នុង​ស្រុក​ទេ ១០០ឆ្នាំ​ទៀត នៅតែ​រំពឹង​ការនាំចូល យើង​មិន​អាច​ប្រកួតប្រជែង​គេ​បាន ជាពិសេស​ប្រជាជន​ចំណាកស្រុក​ទៅ​បម្រើគេ ហើយ​យើង​នាំ​សាច់​ពី​គេ​មកវិញ»។

លោក វេង សា​ខុន បន្ត​ថា កាលពី​ឆ្នាំ២០១៩ កន្លងមក កម្ពុជា​ដាំ​បន្លែ​បាន​ជាង ១លាន​តោនសម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ លោក​បន្ត​ថា ក្នុង១ឆ្នាំ​ កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​ជាង ១ពាន់​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ទិញសាច់ ហើយ​នាំ​សត្វ​ចូល និង​ចំណីសត្វ ​រួម​ទាំង​បរិ​ក្ខា​រពេទ្យ​ទាំងអស់​សម្រាប់​យក​មកចិញ្ចឹមសត្វ។

ដោយឡែក​ សម្រាប់​បន្លែ​វិញ បើ​តាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា កម្ពុជា​បាន​ចំណាយ​ថវិកា​ខ្ទង់ ២០០លាន​ដុល្លារ​អាមេរិក​ក្នុង១ឆ្នាំ​ៗ ទៅលើ​ការនាំចូល​បន្លែ​ពី​បរទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក។ ក្រសួង​ថា បន្លែ​នាំចូល​ទាំងនោះ ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ចិន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "កម្ពុជា​​ចំណាយ​​ជិត​១​ពាន់​​លាន​​ដុល្លារ​​សម្រាប់​​ទិញ​​បន្លែ​ និង​​សាច់​​ពី​​ប្រទេស​ជិត​ខាង​​"

  1. Anonymous says:

    Yep’ they are the veitcong dogs ‘never serve khmer people’

Leave a Reply

Submit Comment