កម្ពុជា កូរ៉ូណាវីរុស
23/05/2020 – 04:06
ដោយ៖ អ៊ឹម រចនា
RFI

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី២៣ឧសភានេះ បានប្រកាសពីការរកឃើញករណីកូវីដ១៩ចំនួន១ករណីថ្មីទៀត ដែលធ្វើឲ្យចំនួនករណីកូវីដ១៩នៅកម្ពុជាកើនឡើងដល់១២៤ករណី។ ករណីកូវីដ១៩ថ្មីនេះ កើតឡើងលើស្ដ្រីជនជាតិខ្មែរម្នាក់ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានមកដល់កម្ពុជាតាំងពីថ្ងៃទី០៨ឧសភាកន្លងទៅ។
ត្រឡប់មកពីសហរដ្ឋអាមេរិកមកដល់កម្ពុជាភ្លាម ស្ដ្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅខណ្ឌសែនសុខរាជធានីភ្នំពេញ បានចាត់ចែងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ហើយបានទៅពិនិត្យសុខភាពនិងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១២ឧសភា នៅពេលគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក។ ប៉ុន្តែបើតាមក្រសួងសុខាភិបាល ការធ្វើតេស្តលើកនោះទទួលលទ្ធផលអវិជ្ជមាន។
ក្រុមគ្រូពេទ្យខ្មែរបានណែនាំឲ្យស្ដ្រីរូបនេះបន្តធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឲ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ខែឧសភា។ យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី២០ឧសភា អាការៈជំងឺរបស់ស្ដ្រីរូបនោះពុំមានភាពធូរស្រាលឡើយ ដែលជាហេតុធ្វើឲ្យក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគសារជាថ្មីម្ដងទៀត។ លទ្ធផលនៃការវិភាគដែលទទួលបាននៅវេលាម៉ោង៩កន្លះ យប់ថ្ងៃទី២២ឧសភាបង្ហាញថា ស្ដ្រីជនជាតិខ្មែរវ័យ៣៩ឆ្នាំរូបនេះ មានផ្ទុកជំងឺកូវីដ១៩។ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បច្ចុប្បន្ន ស្ដ្រីរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។
គួរបញ្ជាក់ថា ករណីជំងឺកូវីដ១៩បានស្ងប់ស្ងាត់មួយរយៈនៅកម្ពុជា មុនពេលចាប់ផ្ដើមកំរើកឡើងវិញនៅក្នុងសប្ដាហ៍នេះ។ គ្រាន់តែក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ កម្ពុជារកឃើញករណីថ្មីនៃជំងឺកូវីដ១៩ចំនួន២ករណី កើតឡើងលើជនជាតិខ្មែរដែលទើបតែត្រឡប់មកពីបរទេសវិញ៖ ម្នាក់ត្រឡប់មកពីប្រទេសហ្វីលីពីន និងម្នាក់ទៀតត្រឡប់មកពីសហរដ្ឋអាមេរិក។ ជាការកត់សម្គាល់ ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ អ្នកទាំងពីរសុទ្ធតែបានឆ្លងកាត់ការឈប់សំចតប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង។
តាមរយៈការរកឃើញករណីថ្មីៗនៃជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាលបានទទូចឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងរៀនរស់នៅសម្របខ្លួនទៅតាម «សភាពធម្មតាតាមបែបគន្លងថ្មី»។ «សភាពធម្មតាតាមបែបគន្លងថ្មី» សំដៅដល់ការរស់នៅប្រកបដោយសុខអនាម័យខ្ពស់ រួមមាន ការលាងដៃឲ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅពេលក្អកឬកណ្ដាស់ ពាក់ម៉ាស់ក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដោយចៀសវាងរៀបចំការជួបជុំដែលមានមនុស្សចូលរួមច្រើនឬទៅកាន់ទីកន្លែងដែលមានមនុស្សកុះករ ហើយជាពិសេសត្រូវនៅឲ្យឆ្ងាយពីអ្នកដទៃនៅពេលឈឺថ្កាត់ជាដើម៕