ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បង្ហោះ​វីដេអូ​ប្រមូល​ការ​គាំទ្រ​ដើម្បី​ការពារ​កោះកុង​ក្រៅ

ដោយ ខែ សុណង
2020-05-24
RFA

ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​នៅ​កោះកុង។ រូបថត​ដោយ​ចលនាមាតាធម្មជាតិ កាល​ពីឆ្នាំ២០១៩

ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​នៅ​កោះកុង។ រូបថត​ដោយ​ចលនាមាតាធម្មជាតិ កាល​ពីឆ្នាំ២០១៩

 Photo courtesy of Mother Nature


ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃទី​២៣ ឧសភា បាន​បង្ហោះ​វីដេអូ ប្រមូល​ការគាំទ្រ​ដើម្បី​ដាក់​ញត្តិ​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ស្នើ​ដាក់​កោះកុង​ក្រៅ នៅ​ខេត្តកោះកុង ជា​តំបន់​ការពារ​ធម្មជាតិ​ការពារ​ដោយ​ច្បាប់។

វីដេអូ​ឃ្លីប​ប្រវែង​ជិត ២​នាទី ដែល​ផលិត​ដោយ​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ទិដ្ឋភាព​កោះ​ដ៏​ស្រស់ស្អាត​ធំជាងគេ​នៅ​កម្ពុជា គឺ​កោះកុង ឬ​ដែល​អ្នកខ្លះ​និយម​ហៅ​ថា កោះកុង​ក្រៅ។ កោះ​នេះ​មាន​ទីតាំង​ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រមាណ​៣០ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ។

យុវតី​មួយរូប​នៃ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ក្នុង​វីដេអូ​នេះ ឱ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​គាំទ្រ​ធនធានធម្មជាតិ​ដ៏​កម្រ​នេះ៖ «ធនធាន​ទាំងអស់​នេះ​តម្រូវ​ឱ្យ​គ្រប់គ្នា​ចូលរួម​ថែរក្សា​ដើម្បី​កុំ​ឱ្យ​កោះ​មួយ​នេះ​ត្រូវ​បំផ្លាញ​ដូច​កោះ​មួយ​ចំនួន ដោយ​មើល​ឃើញ​ពី​សក្តានុពល​ទាំងអស់​នេះហើយ ដែល​ជំរុញ​ឱ្យ​ពួកយើង​រៀបចំ​យុទ្ធនាការ​ដាក់​ញត្តិ ស្នើសុំ​ទៅ​សម្ដេច​តេជោ ហ៊ុន សែន ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍ ដាក់​កោះ​មួយ​នេះ ជា​តំបន់​ការពារ​ដោយ​ច្បាប់ ដើម្បី​ធានា​នូវ​សភាព​ដើម​នៃ​កោះ​។ សូម​បងប្អូន​ទាំងអស់គ្នា ចូលរួម​ជាមួយ​ពួកយើង ដោយ​គ្រាន់តែ​សរសេរ​ពាក្យ​គាំទ្រ​នូវ​Comment ខាងក្រោម​ហើយ​ពួកយើង​នឹង​រាប់​សំឡេង​ទាំងនេះ ភ្ជាប់​ជាមួយ​ញត្តិ​។ សូម​អរគុណ​!»


ជុំវិញ​រឿង​នេះ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​ថា ការធ្វើ​យុទ្ធនាការ​នេះ គឺជា​សិទ្ធិ​របស់​ក្រុម​យុវជន ប៉ុន្តែ​លោក​ថា ក្រសួង​ក៏​បាន​ដឹង​ច្បាស់​ពី​សក្តានុពល​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​នៅ​តំបន់​កោះកុង​ក្រៅ​នេះដែរ។ លោក​បញ្ជាក់​ថា ក្រសួងបរិស្ថាន​បាន​សិក្សា​ស្រាវជ្រាវ ព្រមទាំង​រៀបចំ​ឯកសារ និង​ទិន្នន័យ​ទាក់ទង​នឹង​តំបន់​នេះ ៣​ឆ្នាំ​មកហើយ ដើម្បី​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

ក្រុម​យុវជន​ដែល​មាន​គ្នា ១៥​នាក់ គ្រោង​ធ្វើ​យុទ្ធនាការ​ជិះ​កង់ ពី​ទីរួម​ខេត្តកោះកុង ទៅ​កាន់​រាជធានី​ភ្នំពេញ​។ យុទ្ធនាការ​នេះ​មាន​ឈ្មោះ​ថា “​យុទ្ធនាការ​ជិះ​កង់​ដាក់​ញត្តិ​សង្គ្រោះ​កោះកុង​ក្រៅ​” ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៥ ខែមិថុនា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles