លោក កឹម សុខា អំពាវនាវ​​ឱ្យ​ប្រទេស​​ជឿន​លឿន​​បន្ត​​ជួយ​​កម្ពុជា

នយោបាយ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ញឹម សុខន | ២៥ ឧសភា ២០២០ | ម៉ោង ៨:២២ ល្ងាច
VOD

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)


​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អំពាវ​នាវទៅ​បណ្តា​ប្រទេស​ជឿនលឿន​ឱ្យបន្ត​ជួយ​កម្ពុជា​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩។

លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ខ្មែរ និង​ឥស្សរជន ក៏ដូចជា​អង្គទូត តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​នានា ដែល​បាន​ទទួលស្គាល់​នូវ​«គុណ​តម្លៃ»​របស់​លោក ដោយ​ផ្តល់​ឱកាស​ឱ្យ​លោកទទួលស្វាគមន៍ ជួប​សួរសុខទុក្ខ សន្ទនា​គ្នា ប្រកបដោយ​កិត្តិយស ទោះបី​ខ្ញុំ​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណាក៏ដោយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ក៏​អរគុណ​ផង​ដែរ​ដល់​ប្រទេស​ជា​មិត្ត ដែល​ថា បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ដោយ​សុទ្ធចិត្ត កន្លងមក ​និង​បច្ចុប្បន្ន ស្របតាម​គុណ​តម្លៃ​នៃ​មនុស្សជាតិ។

លោក​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា សូម​បន្ត​ជួយ​ដល់​កម្ពុជាលើ​វិស័យ​នានា ជាពិសេស​បញ្ហា​ដែល​ប៉ះពាល់​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ពេល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​ពី​ផលវិបាក​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​នៅពេលអនាគត ដែល​ចាំបាច់​តម្រូវឱ្យមានការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ»។

លោក កឹម សុខា បន្ត​លើកឡើង​ថា ជាទូទៅ​ប្រទេស ឬអ្នក​ទាំងឡាយ​ណា ដែល​ស្គាល់​នូវ​តម្លៃពិត​របស់​មនុស្ស គេ​ធ្វើការ​វាយតម្លៃ​ដោយ​ផ្អែកលើ​ «គុណ​តម្លៃ» ដែល​មិន​អាស្រ័យ​ទៅលើ​តែ​មុខ​តំណែង គោរមងារ ឬទ្រព្យសម្បត្តិ ដែល​ជា​សម្បក​ក្រៅ​នោះ​ទេ ដែល​លោក​ហៅថា «តម្លៃ​ដែល​គ្មាន​គុណ​តម្លៃ មិនមែន​ជា​តម្លៃពិត​ឡើយ»

ជំងឺ​កូ​វីដ១៩ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​​ផលវិបាក​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​នៅពេលអនាគត ដែល​ចាំបាច់​តម្រូវឱ្យមានការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ តុលាការ​មិនទាន់​បើកផ្លូវ​ឱ្យលោក កឹម សុខា ធ្វើនយោបាយ​វិញ​នៅឡើយ​ទេ ក្រោយពី​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​លោក នៅ​​យប់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈ​គណបក្ស​ប្រឆាំង​នេះដណ្តើម​បាន​អាសនៈ​ឃុំ​សង្កាត់​ជិត​ស្មើ​គណបក្ស​កាន់អំណាច។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «ក្បត់ជាតិ» ប៉ុន្តែ ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ចាត់ទុក​ចំណាត់​ការ​នេះ​ថា ជា​រឿង​នយោបាយ និង​ជំរុញ​ឱ្យមានការ​ផ្សះផ្សា​ជាតិ​ឡើងវិញ ដើម្បី​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទោះជាយ៉ាងណា ក្រោយពី​លោក កឹម សុខា បាន​ជួបពិភាក្សា​ដ៏​កម្រ​មួយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៥ ខែឧសភា​នេះ​រួចមក មាន​មន្ត្រីទូត​នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ជាច្រើន ក្នុង​នោះមាន​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ជប៉ុន តំណាង​សហភាព​អឺរ៉ុប ស៊ុយ​អ៊ែ​ត ជាដើម ​បាន​ចូល​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ និង​បាន​លើកទឹកចិត្ត​ឱ្យបន្ត​រក​ពេល​សន្ទនា​នយោបាយ ដើម្បី​ផ្សះផ្សា​ជាតិ។

ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក​ជាដើម​នៅ​សប្តាហ៍​មុន​នេះ បាន​បន្ត​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់ ៧លាន ៥សែន​ដុល្លារ​ បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​ស្តារ​សេដ្ឋកិច្ច​ និង​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក កឹម សុខា អំពាវនាវ​​ឱ្យ​ប្រទេស​​ជឿន​លឿន​​បន្ត​​ជួយ​​កម្ពុជា"

  1. Anonymous says:

    Don’t ever dream about helping khmer people’ O K mr so kha’ you still in court case and accused by Veitcong court so how can you appeal to international?? Why help this beast regime for?? this regime never respected international or constitution so other democracy can help their people not help this beast regime ‘ Let people of cambodia beat this beast regime’