ចៅក្រម​ស៊ើបសួរ​ទម្លាក់​ចោល​ករណី​ញុះញង់​ប្រឆាំង​មន្ត្រី​អាដហុក​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជា​សហគមន៍

ដោយ ទីន ហ្សាការីយ៉ា
2020-05-28
RFA

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA


ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី សម្រេច​ទម្លាក់​ចោល​សំណុំ​រឿង​ញុះញង់​ប្រឆាំង​នឹង​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន បុណ្ណារ៍ និង​ប្រជា​សហគមន៍​ឃុំ​សេដា ៩នាក់​ផ្សេង​ទៀត។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​គ្រប់​រាជធានី​ខេត្ត យក​​សេចក្តី​សម្រេច​នេះ​ជា​គំរូ ដោយ​លើក​លែង​បទ​ចោទ​លើ​អ្នក​ទោស​មនសិការ​ដទៃ​ទៀត។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន​ ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ គឺ​ជា​ការ​ផ្ដល់​យុត្តិ​ធម៌​ដល់​រូបលោក និង​ប្រជា​សហគមន៍​ឃុំ​សេដា ដែល​តាំង​ពី​ដំបូង​មក​ មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ លោក​ថា សេចក្ដី​សម្រេច​នេះ គឺ​ជា​គំរូ​ដល់​តុលាការ​ផ្សេង​ទៀត​ ឱ្យ​ទម្លាក់​ចោល​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​សកម្មជន​ និង​អ្នក​ការពារ​សិទ្ធិមនុស្ស។ ក្រៅ​ពី​នេះ លោក​​ស្នើ​ឱ្យ​តុលាការ​ចាត់​ការ​បណ្ដឹង​បរិហារ​ដែល​លោក និង​ប្រជា​សហគមន៍​ ប្តឹង​ករណី​កាប់​រាន​ដី​ព្រៃ និង​​រំលោភ​យក​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​​រដ្ឋ​ពី​សំណាក់​ក្រុម​ជន​ល្មើស៖ «

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី លោក សេង ស៊ឹម​សុរិយា បាន​សម្រេច​លើក​លែង​បទ​ចោទប្រកាន់​លើ​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជា​សហគមន៍​ឃុំ​សេដា ចំនួន ៩នាក់ តាម​រយៈ​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី២៦ ឧសភា។ ពួក​លោក​ទាំង១០ នាក់ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​នៅ​ខេត្ត​រតនគិរី ប្តឹង​បក​​ទៅ​តុលាការ កាល​ពី​ឆ្នាំ២០១៧ ក្រោយ​ពី​ពួក​លោក​បាន​ប្ដឹង​បរិហារ​ករណី​អាជ្ញាធរ​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទល្មើស​កាប់​រាន​ដី​ព្រៃ​អភិរក្ស​អស់​ជាង ៨រយ​ហិកតារ (៨០០) ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី។ តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជា​សហគមន៍​ឃុំ​សេដា ពី​បទ “ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍” ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី។ លោក​ថា ការ​ទម្លាក់​ចោទ​បទចោទប្រកាន់​នេះ ​ធ្វើ​ឱ្យ​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជា​សហគមន៍​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ចូល​រួម​ថែរក្សា​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ។ ទោះ​ជា​យ៉ាង​ណា លោក អំ សំអាត ក៏​សោក​ស្ដាយ​ផង​ដែរ ដែល​តុលាការ​បាន​ប្រើ​ពេល​ជាង ២ឆ្នាំ ទម្រាំ​នឹង​ទម្លាក់​ចោល​រឿង​នេះ ខណៈ​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជា​សហគមន៍​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ឡើយ៖ «

ចំណែក អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា ការ​ទម្លាក់​ចោទ​បទ​ចោទ​លើ​អ្ន​ក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​នៅ​ត្រឹម​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​នេះ គឺ​ជា​ករណី​កម្រ​បំផុត។ លោក​​គាំទ្រ​ចំពោះ​សេចក្ដី​សម្រេច​បែបនេះ ហើយ​ក៏​ចង់​ឃើញ​តុលាការ​គ្រប់​រាជធានី​ខេត្ត​ ទម្លាក់​ចោទ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស ក្រុម​សកម្មជន អ្នក​សារព័ត៌មាន និង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត​ ដូច​គ្នា​នេះ​ដែរ៖ «

មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​ស្នើ​យ៉ាង​ទទូច​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ជាពិសេស តំណាង​អយ្យការ​ ឱ្យ​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ចោទ​ប្រកាន់​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ការពារ​បរិស្ថាន ពីព្រោះ​សកម្មភាព​របស់​ពួកគេ​គឺ ដើម្បី​ផល​ប្រយោជន៍​សាធារណៈ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​​នោះ​ទេ។ ជាពិសេស ការ​ចោទ​ប្រកាន់​ ត្រូវ​ធ្វើឡើង​ដោយ​មាន​ភស្តុតាង​រឹងមាំ និង​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជា​ធំ មិន​មែន​​ក្នុង​ន័យ​បំបាក់​ស្មារតី ឬ​បន្ទច់​បង្អាក់​សកម្មភាព​របស់​​អ្នក​ធ្វើ​ការងារ​សង្គម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles