មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ដែល​ការងារ​ផ្នែក​សិទ្ធិ​កម្មករ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ឈប់​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ ខែ សុណង
2020-05-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ ១២​នាក់​ដែល​ត្រូវ​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​ខេត្ត​ស្រះកែវ នៅ​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០។

ពលករ​ខ្មែរ ១២​នាក់​ដែល​ត្រូវ​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​ខេត្ត​ស្រះកែវ នៅ​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០។

 Photo Courtesy of Thai Online News (77kaoded)


មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​កម្មករ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​ប្រុងប្រយ័ត្ន​កុំ​ចាញ់បោក​គេ ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​អំឡុង​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពលរដ្ឋ​ ៦​នាក់ ជា​អ្នក​ខេត្ត​កំពង់ធំ បាន​លួច​ចូល​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ចំណុច​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ឧសភា។

សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ព្រួយបារម្ភ​ពី​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​ដោះ​បំណុល​ធនាគារ ដែល​ប្រថុយ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​តាម​មេខ្យល់ ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន។

ប្រធានមជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា ពលរដ្ឋ​គួរ​តែ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​អន្ទង​ពី​មេខ្យល់​ឲ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​អំឡុង​វិបត្តិ​ជា​សាកល​ជំងឺ​កូវីដ-១៩ ដែល​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន និង​រឹតបណ្ដឹង​ខ្លាំង​នោះ។ លោក​ថា ក្រៅ​ពី​ការ​ចាប់​បញ្ជូន​មក​វិញ ភាគី​ថៃ​អាច​នឹង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ចាប់​ដាក់​ពន្ធនាគារ​ទៀត​ផង ខណៈ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បន្ត​បិទ​គ្មាន​កាល​កំណត់​ជាក់លាក់​នៅ​ឡើយ។ មួយ​វិញ​ទៀត លោក​ថា ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​តាមរយៈ​កិច្ចព្រមព្រៀង ឬ MOU ក៏​បាន​បន្ត​ផ្អាក​ការ​ទទួល​និង​បញ្ជូន​ពលករ​ពី​កម្ពុជា​ដែរ៖ «សម្រាប់​ពេល​នេះ​ពលរដ្ឋ​យើង​មិន​គួរ​ទាន់​ប្រថុយប្រថាន​ក្នុង​ការ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ទៅ​ធ្វើការ​នៅ​ហ្នឹង​ទេ។ ការ​អន្ទង​ណាមួយ​ប្រជាពលរដ្ឋ​យើង​អាច​ចាញ់បោក​មេ​ខ្យល់​ណាមួយ ឬ​ចាញ់​បោក​គេ»

ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៧ ឧសភា ចាប់​បាន​ពលរដ្ឋ ៦នាក់ ដែល​មក​ពី​ខេត្ត​កំពង់ធំ ដែល​ក្នុង​នោះ​មាន​កុមារ​ម្នាក់​អាយុ ៤ឆ្នាំ ឲ្យ​ធ្វើ​កិច្ចសន្យា ព្រោះ​ពួកគាត់​មាន​បំណង​លួច​ឆ្លង​ចូល​តាម​ច្រក​របៀង​ព្រំដែន ចូល​ទៅ​ដី​ថៃ​ដើម្បី​ទៅ​ធ្វើការ​នៅ​ខេត្ត​ឈុនបុរី ប្រទេស​ថៃ ដោយ​ថា​មាន​ថៅកែ​មក​រង់ចាំ​នៅ​ផ្សារ​រ៉ុងគ្លឿ (ប្រទេស​ថៃ) តាមរយៈ​ម៉ូតូឌុប ដោយ​យក​លុយ​ម្នាក់ ២.៥០០បាត ឬ​ប្រមាណ​ជិត ៩០ដុល្លារ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោក ស ខេង កាល​ពី​ថ្ងៃ​ទី២៧ ឧសភា ក៏​បាន​ស្នើ​សមត្ថកិច្ច​នៅ​តាម​បន្ទាត់​ព្រំដែន ជាពិសេស​រដ្ឋបាល​ដែនដី កម្លាំង​កងយោធពលខេមរភូមិន្ទ កងកម្លាំង​នគរបាល​ជាតិ និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ សហការ​គ្នា​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​ពលរដ្ឋ​បន្ត​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ត​ទៅ​ទៀត និង​ជំរុញ​ឲ្យ​ចាប់​មេខ្យល់​យក​មក​ផ្តន្ទាទោស៖ «ការ​លួច​ឆ្លងកាត់​ព្រំដែន​ត្រឡប់​ទៅ​ថៃ​វិញ សូម​ឲ្យ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ខិតខំ​ប្រមូល​កម្លាំង​ដើម្បី​ជួយ​ទប់ស្កាត់។ ការពិត​ហើយ​គឺ​យើង​បិទ​ច្រក​ផ្លូវការ​តែ​តាម​របៀង​គឺ​គាត់​ទៅ​បាន​រឿង​នេះ​គឺ​ច្បាស់លាស់​ហើយ​កាល​ណា​ចាប់​បាន​មេខ្លោង​ហ្នឹង​គឺ​ពិត​ជា​អ្នក​ជួញដូរ​សូម​ឲ្យ​យក​ចិត្ត​ទុកដាក់ ហើយ​ព្រោះ​ទៅ​ដល់​ហ្នុង​គឺ​ខុស​ច្បាប់ ថៃ​នៅ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នៅ​ឡើយ​មិន​ទាន់​បើក​ទេ។ អ៊ីចឹង​វា​ច្បាស់​ណាស់​ថា​ការ​លួច​ឆ្លង​ដែន​ទៅ​នេះ​គឺ​ខុស​ច្បាប់​ហើយ។ មន្ត្រី​ពាក់ព័ន្ធ​រួមគ្នា​ទប់ស្កាត់​កុំ​ឲ្យ​លួច​ឆ្លងកាត់​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ជាពិសេស»

យ៉ាង​នេះ​ក្ដី​លោក មឿន តុលា ថា ក្រៅ​ពី​ចំណាត់​ការ​អប់រំ​ផ្សព្វផ្សាយ និង​រាំង​ខ្ទប់​ពលរដ្ឋ​ដោយ​ប្រើ​ចំណាត់​ការ​ច្បាប់​នោះ ផ្ទុយ​វិញ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ណាមួយ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ឫស​គល់​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ចេះ​តែ​បន្ត​លួច​ចេញ​ទៅ​រក​ការងារ​ធ្វើ​ក្នុង​អំឡុង​ពេល​នេះ៖«ជួយ​ពលរដ្ឋ​ខ្មែរ​យើង​ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឡើង​វិញ​ហ្នឹង ឬ​ក៏​កសិករ​ខ្មែរ​យើង​ហ្នឹង​ឲ្យ​គាត់​មាន​ចំណូល​ណាមួយ​ដែល​អាច​ឲ្យ​គាត់​រ៉ាប់រង​ក្នុង​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់។ ធម្មតា​ទេ​តែ​គាត់​អត់​មាន​ចំណូល​គាត់​ត្រូវ​ចំណាយ​ប្រចាំ​ថ្ងៃ គាត់​មាន​ជំពាក់​បំណុល​គេ​ផង​អី​ផង អ៊ីចឹង​បញ្ហា​ក្រពះ​គឺ​ត្រូវ​ប្រថុយ​ហើយ ជា​រឿង​មួយ​កត្តា​ជំរុញ​ឲ្យ​គាត់​ប្រថុយប្រថាន​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​មិន​ដឹង​ព័ត៌មាន​ច្បាស់លាស់»

អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១លាន​នាក់ បាន​អត់​ការងារ​ធ្វើ ព្រោះ​តែ​រោងចក្រ សហគ្រាស​បាន​ផ្អាក​សកម្មភាព រហូត​ដល់​បិទ​ច្រក​ព្រំដែន និង​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។ ពលករ​ខ្មែរ​ដែល​អត់​ការងារ​ធ្វើ និង​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​បាន​បង្ខំចិត្ត​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ ដោយ​ខ្លះ​បាន​ឆ្លងដែន​តាម​ច្រក​របៀង​នានា​ដោយ​ប្រថុយប្រថាន។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា តួលេខ​ចុងក្រោយ​កាល​ពី​ចុង​ខែមីនា ឆ្នាំ២០២០ ត្រឹម​រយៈ​ពេល ២ខែ មាន​ពលករ​សរុប​ជាង ៩ម៉ឺន​នាក់ បាន​វិល​ចូល​ស្រុក​វិញ។ ប៉ុន្តែ​ដោយសារ​ពួក​គាត់​ប្រឈម​ការ​ខ្វះខាត​ជីវភាព និង​បំណុល​ធនាគារ មាន​សេចក្ដី​រាយការណ៍​ថា ព្រោះ​តែ​អាជ្ញាធរ​ព្រំដែន​ប្រទេស​ទាំង​ពីរ​រឹត​បណ្ដឹង និង​បិទ​ច្រក​ព្រំដែន ពួក​គាត់​ទាំង​នោះ​បាន​លួច​ឆ្លង​ចូល​ត្រឡប់​ទៅ​ដី​ថៃ​ដោយ​ខុស​ច្បាប់​ម្ដង​ទៀត​ក្រែងលោ​មាន​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles