លោក សម រង្ស៊ី ថាធនាគារនៅកម្ពុជាមួយចំនួនធំអាចដួលរលំ តែអ្នកវិភាគសេដ្ឋកិច្ចថា មិនអាចនោះទេ

កម្ពុជា សេដ្ឋកិច្ច
28/05/2020 – 09:22
ដោយ៖ វ៉ា សំណព្វ
RFI

លោក សម រង្ស៊ី
លោក សម រង្ស៊ី © FB

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង និង​ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុង​ទសវត្សន៍​ឆ្នាំ ១៩៩៣ បាន​ចេញ​មក​ព្យាករណ៍​ថា ធនាគារ​នៅ​កម្ពុជា​មួយ​ចំនួន​ធំ ​អាច​នឹង​ដួល​រលំ ដោយ​សារ​រង​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋ​កិច្ច​ថា ​មិន​អាច​នោះ​ទេ។

បើតាមលោក សម រង្ស៊ី មានហេតុផល ៣ យ៉ាង ដែលអាចធ្វើឲ្យធនាគារនៅក្នុងប្រទេសកម្ពុជាមួយចំនួនធំប្រឈមនឹងការដួលរលំនៅពេលខាងមុខនេះ។ ទី១.គឺកូនបំណុលតូចៗដែលមានប្រមាណជាជិត ៣ លាននាក់ (២.៥លាននាក់) មិនអាចសងបំណុលរបស់ខ្លួនបាន។ ទី២. អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលរបស់ខ្លួនបានដែរ ដោយសារតែពួកគេកំពុងកុនខ្លួន ដោយសារបានខ្ចីប្រាក់ពីធនាគារយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញដីក្នុងគោលបំណងលក់ឲ្យឈ្មួញចិន។ ប៉ុន្តែមិនអាចលក់បាន ដោយសារតែមានវិបត្តិសេដ្ឋកិច្ចដូចគ្នា។ បន្ថែមលើចំណុចទាំងពីរខាងលើនេះ អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជាក្នុងទសវត្សន៍ឆ្នាំ ១៩៩៣ បានលើកឡើងថា អតិថិជនដែលបានដាក់ប្រាក់ផ្ញើនៅធនាគារ មិនអាចដកប្រាក់បានវិញនោះទេ ដោយសារតែធនាគារខ្វះសាច់ប្រាក់។ ធនាគារខ្វះសាច់ប្រាក់ ពីព្រោះអ្នកដែលបានខ្ចីលុយពីធនាគារ មិនមានលទ្ធភាពសងធនាគារវិញ។ នេះបើតាមការបន្ថែមរបស់លោក សម រង្ស៊ី តាមរយៈគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ២៧ ឧសភា។

ប៉ុន្តែលោក កាំង តុងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ផ្អែកតាមរបាយការណ៍របស់សមាជិកនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គឺមិនអាចមានរឿងនេះកើតឡើងនោះទេ។ លោកតុងី បានទទួលស្គាល់ថា ផលប៉ះពាល់ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ប្រាកដជាមាន ប៉ុន្តែវាមិនអាក្រក់ខ្លាំង ដល់ថ្នាក់មិនអាចគ្រប់គ្រងបាននោះទេ។ បើតាមអ្នកនាំពាក្យរូបនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ ក៏បានរៀបចំផែនការរបស់ខ្លួនរួចរាល់អស់ហើយ ដើម្បីត្រៀមទប់ទល់នឹងស្ថានការណ៍អាក្រក់ណាមួយ។ ប៉ុន្តែលោក មិនជឿនោះទេ។ ចំណែក លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចនិងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ក៏មិនជឿដែរថា ផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ ឈានទៅធ្វើឲ្យវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ដួលរលំនោះទេ។ បើតាមការសង្កេតរបស់អ្នកវិភាគសេដ្ឋកិច្ចរូបនេះ ផ្អែកលើផលប៉ះពាល់ដែលបង្កឡើងពីវិបត្តិនៃជំងឺកូវីដ១៩នាពេលកន្លងមក គឺមិនទាន់បង្កជាបញ្ហាធំដុំចំពោះវិស័យធនាគារនៅកម្ពុជានៅឡើយទេ។ ប៉ុន្តែ ការព្យាករណ៍ទៅមុខទៀត គឺវាអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ច និងរយៈពេលនៃការគំរាមកំហែងរបស់ជំងឺកូវីដ១៩។ បើតាមលោក ច័ន្ទ សុផល ប្រសិនបើពិភពលោករកឃើញវ៉ាក់សាំងទប់ស្កាត់វីរុសកូរ៉ូណានេះបាននៅឆ្នាំក្រោយ នោះភាពភ័យខ្លាចនឹងសាបរលាបទៅ ហើយអ្វីៗនឹងវិលមករកភាពប្រក្រតីឡើងវិញ។

គួរជំរាបជូនថា ដើម្បីស្តារសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា ទើបតែបានដាក់ចេញនូវវិធានការជុំទី០៤ កាលពីថ្ងៃទី ២៦ ឧសភា ដោយបានបញ្ចេញសាច់ប្រាក់ប្រមាណជា៥០០លានដុល្លារអាមេរិក ដោយផ្តោតជាសំខាន់ទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុ។ បើតាមលោក មាស សុខសេនសាន អ្នកនាំពាក្យនិងជាអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតទាំងវិធានការជុំទី០១ ទី២ ទី៣ និងទី០៤នេះ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការប្រមាណជាង១ពាន់លានដុល្លារអាមេរិកមកហើយ ដើម្បីជួយទប់លំនឹងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ចំនួននេះ នៅមិនទាន់គិតពីការអនុគ្រោះពន្ធរបស់រដ្ឋាភិបាលកម្ពុជា ទៅដល់វិស័យឯកជនមួយចំនួននោះទេ៕

What Next?

Recent Articles