អាជ្ញាធរ​​ខណ្ឌ​​ជ្រោយ​ចង្វារ​​ឈូស​​ឆាយ​​ផ្ទះ​​ពល​រដ្ឋ​​លើ​​ដី​​មាន​​ជម្លោះ​​មិន​ទាន់​​ដោះ​ស្រាយ​

បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៨ ឧសភា ២០២០ | ម៉ោង ៥:០១ ល្ងាច
VOD

ពលរដ្ឋ២នាក់អង្គុយកាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តវ៉ាចំពោះសកម្មភាពឈូសឆាយរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ ស្ថិតនៅ​ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ (ADHOC-Cambodia)

ពលរដ្ឋ២នាក់អង្គុយកាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តវ៉ាចំពោះសកម្មភាពឈូសឆាយរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ ស្ថិតនៅ​ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ (ADHOC-Cambodia)


​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បាន​ដាក់​កម្លាំង​ឈូស​ឆាយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង​មិនទាន់​មានការ​ដោះស្រាយ ស្ថិតនៅ​ភូ​មិកៀនឃ្លាំង សង្កាត់​ព្រែកលៀប ដើម្បី​យក​ដី​នោះ​ទៅ​ឱ្យក្រុ​មហ៊ុ​នធ្វើការ​អភិវឌ្ឍ។

កាលពី​ម្សិលមិញ សមត្ថកិច្ច​ចម្រុះប្រមាណ ៣០នាក់​របស់​ខណ្ឌ​ជ្រោយចង្វារ ប្រដាប់ដោយ​អាវុធ និង​ដំបង​ បាន​អមដំណើរ​ជាមួយ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន OCIC ដោយបាន​ទៅ​ឈូស​ឆាយ​ផ្ទះ និង​ដំណាំ​របស់​ពលរដ្ឋ ១គ្រួសារ ក្នុងចំណោម​ពលរដ្ឋ ៦៥គ្រួសារ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ។

ម្ចាស់ផ្ទះ និង​ដី​ គឺ​លោក ប៉ុស ចំរើន ប្រាប់​វី​អូ​ឌី​ថា កាលពី​ម្សិល​មិញ សមត្ថកិច្ច​ចម្រុះ​របស់​សាលា​ខណ្ឌ​ជ្រោយចង្វារ​ បានមកឈូស​ឆាយ​ផ្ទះ ដំណាំ និង​ស្ទូច​យក​ផ្ទះ​កុងតឺន័ររបស់​លោក​អស់​ថែមទៀត។

លោក ប៉ុស ចំរើន អះ​អាង​ថា កាលពី​ឆ្នាំ១៩៩៤ គ្រួសារ​គាត់​បាន​ទិញ​ដី​ពី​គេ​ជាបន្តបន្ទាប់ ដើម្បី​សង់ផ្ទះ និង​បង្ក​បង្កើន​ផល ​ដែល​ផ្ទៃដី​សរុប​ទំហំ ២៣០០ម៉ែត្រការ៉េ ស្ថិតនៅ​ភូ​មិកៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។ 

ប៉ុន្តែ​ លោក​ថា ក្រោម​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ក្នុង​តំបន់​ជ្រោយចង្វារ កាលពី​ឆ្នាំ២០១៦ គឺ​គ្រួសារ​គាត់​បាន​បរិច្ចាគ​ដី​ទំហំ ១៥០០ម៉ែត្រការ៉េ ឱ្យក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្លូវ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធផ្សេង​ៗ ដោយ​មិន​ទទួល​បាន​សំណង​អ្វី​ឡើយ ហើយ​គ្រួសារ​លោក​នៅសល់​ដី​តែ ៨០០ម៉ែត្រការ៉េ​ប៉ុណ្ណោះ​ ទុក​ចែក​ទៅ​ឱ្យកូន​ៗ ៣គ្រួសារ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​រូប​នេះ អះអាង​ថា ផ្ទះ​ ដំណាំ និង​សម្ភារ​កុងតឺន័រ​ ដែល​អាជ្ញាធរ​ឈូស​ឆាយ​ និង​រឹបអូស​យក​នោះ​ គឺ​លោក​ដាក់​នៅ​លើ​ដី ៨០០ម៉ែត្រការ៉េ ដែល​នៅ​សេស​សស់​ពី​ការបរិច្ចាគឱ្យក្រុមហ៊ុន​អភិវឌ្ឍន៍ និងមិនប៉ះពាល់​ដល់​គម្រោង​ធ្វើ​ផ្លូវ​ក្នុង​តំបន់​នោះ​ឡើយ។

លោក​បន្ថែម​ថា៖ «បរិច្ចាគឱ្យគេ​អភិវឌ្ឍ​ចុះ ១៥០០ការ៉េ​ហ្នឹង ខ្ញុំ​អត់​យក​សំណង១រយ​លុយ​ខ្មែរ​ទៀត។ តែ​ឱ្យខ្ញុំ​សុំ ២០គុណ៤០ ​[ដី​នៅសល់ ៨០០ម៉ែត្រកា​រ៉​] ហ្នឹង​មក។ ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង​ទេ។ ហើយ​គេ​នៅ​មក​ប្លន់​យក​ដី​ខ្ញុំ​ទៀត។ មិន​ឱ្យខ្ញុំ​ថាប្លន់ម៉េច បើ​មក​ឈូស​ឆាយ​អត់​ប្រាប់​ម្ចាស់ផ្ទះ​គេ​ថាត្រូវ​ធ្វើ​យ៉ាង​ម៉េច​ផង​ហ្នឹង។ បានតែ​ជូនដំណឹង​ពីរ​ដង​ឱ្យខ្ញុំ​រើ​កុងតឺន័រ​ ប៉ុន្តែ​ អត់​មក​ពិ​ភា​ក្សា និង​ដោះស្រាយ​ឱ្យ​ខ្ញុំ​ផង។ ខ្ញុំ​បាន​ដាក់ពាក្យ​ទៅ​សាលា​ខណ្ឌ ដើម្បីឱ្យគេ​ហៅ​ខ្ញុំ​ដោះស្រាយ ប៉ុន្តែ​ គេ​អត់​ហៅ​ខ្ញុំ​ដោះស្រាយ​ផង​ហ្នឹង»។

កាលពី​ឆ្នាំ២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹ​ត្យមួយ ដោយ​បង្កើត​ទីក្រុង​រណប​ជ្រោយចង្វារ ហើយ​នៅ​ឆ្នាំ២០១៦ បាន​ធ្វើ​អនុប្រយោគ​ដី​មួយចំនួន​នៅ​តំបន់​នោះ ពី​ដី​សាធា​រណៈ​របស់​រដ្ឋ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ​ សម្រាប់​ធ្វើប្រទានកម្ម​សិទ្ធិ​ជូន​សាលា​រាជធានី​ភ្នំពេញ។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី២៧ ខែឧសភា សាលា​ខណ្ឌ​ជ្រោយចង្វារ​បាន​លើកឡើង​ថា ទីតាំង​ដី​របស់​លោក ប៉ុស ចំរើន គឺ​ស្ថិត​ក្នុង​ដី​ដែល​កំណត់​ដោយ​អនុក្រឹ​ត្យ និង​ស្ថិត​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ ១០០ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ​លេខ៦អា។ សាលា​ខណ្ឌ​មួយ​នេះ​បាន​ចោទ​ថា លោក ប៉ុស ចំរើន បាន​លួច​សាងសង់​របង​ស័ង្កសី និង​យក​ទូរកុងតឺន័រចំនួន ៣គ្រឿង​ ទៅ​ដាក់​ក្នុង​តំបន់ហាមឃាត់​ថែមទៀត។

សាលា​ខណ្ឌ​ជ្រោយចង្វារ​លើកឡើង​ទៀត​ថា កន្លងមក​ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ធ្លាប់​បាន​អញ្ជើញលោក ប៉ុស ចំរើន មក​ដោះស្រាយ​ដែរ និង​ប្រាប់ថា មាន​ដី​បម្រុងទុក​ដោះស្រាយ​ទីតាំង​នោះ​ដែរ ប៉ុន្តែ ​សាម៉ីខ្លួន​មិនព្រម​ដោះស្រាយ និង​ទាម​ទា​រសំណង​លើស​ពី​គោលនយោបាយ​ដោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ។

ក្នុង​លិខិត​ដដែល​នេះ បាន​បញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះចុះអនុវត្ត​វិធានការ​រុះរើ​កាលពី​ម្សិលមិញ​នេះ គឺ​ធ្វើឡើង​តាម​ការ​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ​ ដោយ​បាន​រុះរើ​របង​ធ្វើអំពី​ស័ង្កសី និង​ស្ទូច​យក​ទូរ​កុងតឺន័រ​ចំនួន ៣គ្រឿង​ប៉ុណ្ណោះ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ជ្រោយចង្វារ។

ពាក់ព័ន្ធ​ការ​លើកឡើង​របស់​សាលា​ខណ្ឌ​ជ្រោយចង្វារ​នេះ​គឺ លោក ប៉ុស ចំរើន បាន​ច្រានចោល​ដោយ​លោក​ថា សាលា​ខណ្ឌ​មួយនេះ​មិនបាន​ហៅ​លោក​ទៅ​ដោះស្រាយ​នោះ​ទេ ហើយ​ថា គោលនយោបាយ​ដោះស្រាយ​សំណង​របស់​សាលា​រាជធានី​ភ្នំពេញ ​ដែល​តម្រូវឱ្យ​ម្ចាស់ដី​ទទួល​បាន​ត្រឹមតែ ១០ភាគរយ​នោះ គឺ​គ្រួ​សារ​គាត់ និង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ផ្សេងទៀត​ មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​សំណង​នោះ​តិចតួច​ពេក។

លោក ជា សុផាត ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខណ្ឌ​ជ្រោយចង្វារ ​ឱ្យដឹង​ថា គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​បាន​ធ្វើឱ្យប៉ះពាល់​ដី​ពលរដ្ឋ​ជាង ១០០គ្រួសារ​និង​ផ្ទៃ​សរុប ២៨៦,៣៧ហិ​កតា ប៉ុន្តែ​ លោក​ថា ក្រោយ​មានការ​បង្ខិតបង្ខំ និង​គំរាមកំហែង គឺ​មាន​ពលរដ្ឋ​មួយចំនួន​បាន​ទទួល​សំណង​តាម​គោលនយោបាយ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​បច្ចុប្បន្ន​ នៅសល់​ពលរដ្ឋ​តែ ៦៥គ្រួសារ និង​សល់​ដី​ប្រមាណ​ជាង ៤៥ហិ​កតា​ប៉ុណ្ណោះ ដែល​មិនព្រម​ទទួលយក​សំណង​តាម​គោលនយោបាយ​របស់​សាលា​រាជធានី​ភ្នំពេញ។

តំណាង​ប្រជាពលរដ្ឋ​រូប​នេះ អះអាង​ថា គោលការណ៍​ដោះស្រាយ​សំណង​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ម្ចាស់ដី​ទទួល​សំណង ១០ភាគរយ នៃ​ដី​ដែល​ខ្លួន​កាន់កាប់ សាលា​រាជធានី​ភ្នំពេញ​ទទួល​បាន ៥០ភាគ និង​ក្រុមហ៊ុន​ទទួល​បាន ៤០ភាគរយ ដែល​យន្តការ​ដោះស្រាយ​សំណង​នេះ លោក​ ជា​ សុផាត ​ថាវា​មិន​តម្លាភាព និង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋដែល​រង​ផល​ប៉ះពាល់​មិន​អាច​ទទួលយក​បាន​ឡើយ។

លោក ជា សុផាត បន្ថែម​ថា សំណងដែល​លោក និង​អ្នកភូមិ​ចង់បាន​នោះ​គឺ​សុំ​ឱ្យកាត់​ឆ្វៀល​ដី​លំនៅឋាន​ចេញ និង​ទាមទារ​យក ៥០ភាគរយ ហើយ​ថា បើ​ទិញ​លក់​ ត្រូវ​គិត​តាម​ទីផ្សារសេរី។

លោក​បន្ថែម​ថា៖ «ជំហរ​របស់​ប្រជាពលរដ្ឋ​ គឺ​ឆ្វៀល​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ផ្ទះសម្បែង​ហ្នឹង​ចេញ និង​ដី​អាស្រ័យ​ផល​ដីស្រែ​ចំការ​គឺ ៥០ភាគរយ​ឱ្យ​រដ្ឋ និង​ក្រុមហ៊ុន ហើយ​យក ៥០ភាគរយ ហើយ​បើ​ទិញ​លក់​ក្នុង​តម្លៃ​ទីផ្សារសេរី។ បើ​ឱ្យយើង ១០ភាគរយ​ យើង​មិន​អាច​ទទួលយក​បានទេ។ យើង​មិន​អាច​ទទួល​គោលនយោបាយ​របស់​សាលា​រាជធានី​ភ្នំពេញ​បានទេ»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​លោក ម៉េ​ត មាស​ភក្តី​ បានទេ ដោយសារ​ លោកថា កំពុងរវល់​ប្រជុំ ប៉ុន្តែ​ កន្លង​មក លោក​ធ្លាប់​បញ្ជាក់​ប្រាប់​វី​អូ​ឌី​ម្តង​ហើយ​ម្តង​ទៀត​ថា សាលា​រាជធានី​ភ្នំពេញ ពុំ​មាន​ការ​ផ្តាស់​ប្តូរ​គោលនយោបាយ​ដោះស្រាយ​ថ្មី​នោះ​ទេ ពោល​គឺ នៅតែ​រក្សា​ជំហរ​អនុវត្ត​តាម​គោ​នយោ​បាយ​ចាស់​ដដែល ដោយ​ថា គោលនយោបាយ​នេះ​បាន​អនុវត្ត​ដោះស្រាយ​សំណង​ជូន​ពល​រដ្ឋ​មួយ​ចំនួន​ធំ​រួចមក​ហើយ។

លោក​បន្ថែម​ថា៖ «ព្រោះ​នេះ​ជាគោល​នយោបាយ​ដែល​យើង​បាន​ប្រើប្រាស់ ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ច្រើន​មក​ហើយ។ ធម្មតា ផល​ប៉ះពាល់​របស់​បងប្អូនយើង វា​មិន​ដូចគ្នា ប៉ុន្តែ គោលនយោបាយ មិន​អាច​មិន​ដូចគ្នា​នោះ​ទេ។ ប្រសិនជា​មានការ​ផ្លាស់​ប្តូរ​អញ្ចេះ អញ្ចុះ សួរ​ថា តើ​អ្នក​ដែល​គាត់​បាន​ឯកភាព ឬទទួលការ​ដោះស្រាយ​ការងារ​នោះ​រួចហើយ តើ​គាត់​គិត​យ៉ាងម៉េច។ ប៉ុន្តែ យ៉ាងណា នឹង​ពន្យល់​ពិភាក្សា​ឱ្យពួក​គាត់​ទទួលយក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​របស់​ពួក​គាត់»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា គោលនយោបាយ​ដោះស្រាយ​ដោយ​បែងចែក ១០ភាគរយ​ទៅ​ឱ្យម្ចាស់ដី​នោះ គឺ​ពុំ​មាន​តម្លាភាព និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​នោះ​ទេ។ 

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​រូប​នេះ ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិចារណា និង​ដោះស្រាយ​ឡើងវិញ​ ដើម្បី​ចៀសវាង​ការរំលោភ​ទៅលើ​សិទ្ធិ​មានកម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​កាន់កាប់​ដីធ្លី។

លោក​បន្ថែម​ថា៖ «អីចឹង​ហើយ​យើង​ឃើញថា ការ​ចុះ​អនុវត្ត​កាលពី​ម្សិលមិញ​នេះ​ គឺ​ខាង​សមា​គម​អាដ​ហុក​យើង​បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ បន្ត​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ដោយសន្តិវិធី ដោយដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ជាមុន​សិន មុននឹង​ធ្វើការ​រុះរើ​បណ្តេញ​ពួក​គាត់​ចេញពី​ទីតាំង​ដី​ហ្នឹង។ ពីព្រោះ​យើង​ឃើញ​ការ​ធ្វើ​របៀប​នេះ គឺ​រំលោភ​ទៅលើ​សិទ្ធិ​មានកម្ម​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហើយ»។

កាលពី​ឆ្នាំ២០១៤ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​កំណត់​ជាគោល​នយោបាយ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី​ជូន​ពលរដ្ឋ​នៅខណ្ឌ​ជ្រោយចង្វារ ដោយ​សម្រេច​ផ្តល់​ចំណែក ១០ភាគរយ​ជូន​ម្ចាស់ដី និង៥០ភាគរយ​បាន​ទៅ​សាលា​រាជ​ធា​នី​ភ្នំ​ពេញ ខណៈ ៤០ភាគរយ​ទៀត បាន​ទៅ​ភាគី​ក្រុមហ៊ុន OCIC ប៉ុន្តែ ត្រូវ​បាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បដិសេធ​មិន​ទទួលយក​ដែ​លប​ង្កឱ្យមាន​ជម្លោះ​រ៉ាំរ៉ៃ​រហូតមកដល់​សព្វថ្ងៃ​នេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "អាជ្ញាធរ​​ខណ្ឌ​​ជ្រោយ​ចង្វារ​​ឈូស​​ឆាយ​​ផ្ទះ​​ពល​រដ្ឋ​​លើ​​ដី​​មាន​​ជម្លោះ​​មិន​ទាន់​​ដោះ​ស្រាយ​"

  1. Anonymous says:

    too bad just seating and holding that pitchers do not eat . your SAMACH will come to help you guy soon.

  2. Anonymous says:

    This is the country that you live in ‘ and your veitcong leader feed you like animal . They can take everything from you so you are living in the hell’ if you keep mute ‘