តើ​​ហេតុ​អ្វី​បាន​ជា​​រដ្ឋា​ភិបាល​​មិន​ទម្លាក់​​កញ្ចប់​​ថវិកា​ជាតិ​​ជួយ​​ពល​រដ្ឋ​​ក្នុង​​វិបត្តិ​​កូ​វីដ​១៩​ភ្លាម​​ៗ​ដូច​​ប្រទេស​ជិត​ខាង​​?​

បទវិភាគ
លោក សូត សុខប្រាថ្នា |០២ មិថុនា ២០២០ | ម៉ោង ៨:៣៤ ព្រឹក
VOD

(រូបខាងក្រោយ) សកម្មភាពផ្សេងៗដែលក្រសួងសុខាភិបាលអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់នូវមេរោគកូវីដ-១៩ និង (រូបខាងមុខ) លោក ហ៊ុន សែន ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ CDC និង ហ្វេសប៊ុកលោក ហ៊ុន សែន)

(រូបខាងក្រោយ) សកម្មភាពផ្សេងៗដែលក្រសួងសុខាភិបាលអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់នូវមេរោគកូវីដ-១៩ និង (រូបខាងមុខ) លោក ហ៊ុន សែន ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ CDC និង ហ្វេសប៊ុកលោក ហ៊ុន សែន)


ស្ថានភាព​ជំងឺ​កូ​វីដ១៩ នៅតែ​បន្ត​អូស​បន្លាយ​ទាំង​នៅ​កម្ពុជា ក៏​ដូច​នៅ​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម ដូចជា​ខ្សែ​ចង្វាក់​ផលិតកម្ម​ខ្លះ​ផ្អាក​ដំណើរការ ពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល ហើយ​ត្រូវ​ប្រឈម​បញ្ហា​ប្រាក់បំណុល​ជាដើម។

យ៉ាងនេះ​ក្តី សម្រាប់​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន រដ្ឋាភិបាល​របស់​គេ​បាន​ចេញ​វិធាន​ការ​ភ្លាម​ៗ ដោយ​ប្រទេស​ខ្លះ​បាន​ទម្លាក់​កញ្ចប់​ថវិការដ្ឋ​រហូតដល់​រាប់​សិប​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​សេដ្ឋកិច្ច​ និង​ពលរដ្ឋ​គេ​ក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ១៩។ 

លើស​ពីនេះ ពួក​គេ​មាន​ទាំង​កម្មវិធី​ពិសេស​ជាក់​លា​ក់​ផ្សេង​ៗទៀត ដើម្បី​ជួយ​ដល់​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​ ឬគ្មាន​ប្រាក់ចំណូល ដូចជា ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ឱ្យ​ពួក​គេ​នៅតែ​មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ មិន​យក​ថ្លៃ​ភ្លើង ​ឬថ្លៃ​ទឹក​ក្នុងអំឡុងពេល​វិបត្តិ​ជាស​កល​នេះ។ 

ងាក​មក​កម្ពុជា​វិញ រយៈពេល​ប្រមាណ ៥ខែ​មក​ហើយ ចាប់តាំងពី​ជំងឺ​នេះ​បាន​រក​ឃើញ​ឆ្លង​មកដល់​កម្ពុជា ប៉ុន្តែ ​រដ្ឋាភិបាល​នៅ​មិនទាន់​បាន​បង្ហាញ​ភាព​ជាក់លាក់ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅឡើយ​ ខណៈ​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ពី​ការ​ត្រៀម​កញ្ចប់​ថវិកា រហូត ២ពាន់​លាន​ដុល្លារ​ ជួយ​ដល់​សេដ្ឋកិច្ច​សង្គម និង​ពលរដ្ឋអំឡុង​ពេល​ជំងឺ​កូ​វីដ១៩ក្តី។

តើមាន​កត្តា​អ្វីខ្លះ​ដែល​រដ្ឋាភិបាល​មិន​អាច​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ដូច​បណ្តា​ប្រទេសជិតខាង​?

ក្រុម​អ្នក​តាមដាន​សង្គម​មើលឃើញ​ថា កម្ពុជា​បាន​ជួប​គ្រោះ​អាស​ន្ន​ផ្ទួន​ៗគ្នា ដូចជា​ គ្រោះអាសន្ន​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ» ឬហៅ​ថា EBA ២០ភាគរយ ពីសំណាក់​សហភាព​អឺរ៉ុប។ 

ការ​ជួបប្រទះ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើ​ឱ្យ​រោងចក្រ សហគ្រាស និង​អាជីវកម្ម​ខ្នាត​តូច​មធ្យម​ជាច្រើន​ផ្អាក​ដំណើរការ ហើយ​កម្មករបុគ្គលិក​រាប់​សិប​ម៉ឺន​នាក់​ បានបាត់បង់​ការងារ​ធ្វើ និងគ្មាន​ប្រាក់ចំណូល។

ជាង​នេះ​ទៀត ថ្មី​ៗនេះ កម្ពុជា​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់​ក្នុង​ប្រទេស​ចំនួន១២ ដែល​ត្រូវ​រឹត​បន្តឹង​ការ​តាមដាន​ពាក់ព័ន្ធ​បញ្ហា​លាងលុយកខ្វក់ ដោយ​អ្នកវិភាគ​យល់ថា ​ប្រសិនបើ​វិធានការ​នេះ​ចេញ​ជា​ផ្លូវការ​ កម្ពុជា​នឹង​មានវាសនា​កាន់តែ​អាក្រក់​ថែមទៀត។ 

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោក គឹម សុខ មានប្រសាសន៍​ថា ​មានហេតុ​ផល​មួយចំនួន​ដែល​រដ្ឋាភិបាល​លោក ​ហ៊ុន សែន មិន​អាច​ចាត់វិធានការ ​ឬបញ្ចេញ​កញ្ចប់​ថវិកាជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ អំឡុង​ពេល​វិបត្តិ​កូ​វីដ១៩នេះ​ភ្លាម​ៗ ដោយសារ​រដ្ឋ​មាន​លុយ​បម្រុងទុក​តិចតួច​ពេក ហើយ​មិន​ហ៊ាន​បញ្ចេញ​លុយ​ទាំងនោះ​ជួយ​ជាតិ​ដែរ។ 

បន្ថែម​ពីនេះ កម្ពុជា​មាន​វិបត្តិ​នយោបាយ​ជាតិ​ធំមិន​ទាន់​ដោះស្រាយ​ចេញ ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ខ្លះ​មាន​បញ្ហាផ្ទៃក្នុង​ដែរ ប៉ុន្តែ​ បញ្ហា​ទាំងនោះ​មិនដល់​កម្រិត​រើខ្លួន​មិន​រួច​ដូច​កម្ពុជា​នោះ​ឡើយ។ 

លោក​មានប្រសាសន៍​ថា៖ «រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​មាន​លុយ​បម្រុង​តិចតួច​ពេក។ វិបត្តិ​កូ​វីដ១៩ មិនដឹង​ប្រាកដ​ថា​ នឹង​ចប់​នៅពេល​ណា ហើយ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ខ្ចី​ច្រមុះ​គេ​ដក ហើយ​មិនទាន់​ដឹង​ច្បាស់​ថា ​ដក​តាម​ច្រក​ណា​ទៅទៀត។ ច្រក​ចិន ពេលនេះ​ក៏​មិនទំនង ច្រក​អាមេរិកាំង អឺរ៉ុប ជប៉ុន ដូចជា​លោក ​ហ៊ុន សែន ​ខ្លាច​របូត​អំណាច ព្រោះ​ជាប់​លក្ខខណ្ឌ​វិល​ទៅ​រក​ប្រជាធិបតេយ្យ។ ដូច្នេះ​ លុយ​បម្រុង​បន្តិចបន្តួច​ដែល​លោក​ ហ៊ុន ​សែន មាននៅ​ក្នុង​ដៃ ​គាត់​មិន​ហ៊ាន​បញ្ចេញ​ជួយ​ប្រជាពលរដ្ឋ​ទេ»។

ស្រដៀងគ្នា​នេះ សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត និង​កិច្ចការ​ពិភពលោក​នៃ​សាកលវិទ្យាល័យ Occidental នៅ​សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល មើលឃើញ​ថា ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​មាន​លុយ​ច្រើន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ​អំឡុង​វិបត្តិ​ជាស​កល​នេះ​ទេ។

លោក​បន្ត​ថា រដ្ឋាភិបាល​លោក​ ហ៊ុន សែន ជា​ការពិត ​ពួក​គេ​មាន​លុយ ​វា​គ្រាន់តែ​សម្រាប់​ជួយ​បក្ខ​ពួក​ខ្លួន​តែប៉ុណ្ណោះ វា​មិនមែន​សម្រាប់​ជួយ​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​នោះ​ទេ។ 

លោក អៀ សុផល មើលឃើញ​អំពី​គ្រោះមហន្តរាយ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ថ្ងៃ​អនាគត ដោយ​លោក​លើកឡើង​ពីរ​បាយ​ការណ៍​របស់​ធនាគារ​ពិភពលោក ដែល​ថា ​កម្ពុជា​នឹង​វិល​ទៅ​រក​ភាពអាក្រក់​ជាង​ចុង​ទសវត្ស​ទី៩០ទៅទៀត។

លោក​ អៀ សុផល៖ «អ្នក​មិន​ចាំបាច់​ជឿ​ខ្ញុំ​ទេ គ្រាន់តែ​អាន​របាយការណ៍​ធនាគារពិភពលោក​ទៅ។ ធនាគារពិភពលោក​បាន​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២០ថា នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​ឆ្នាំ១៩៩៤ ហើយ​ធ្ងន់ធ្ងរ​ជាង​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ថ្ងៃទី៥​-៦ ខែកក្កដា​ឆ្នាំ១៩៩៧ទៅទៀត​! កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ដាំ​ក្បាល​ចុះ​ដល់​ពី -១ភាគរយ ទៅ​-២.៩ភាគរយ ដែល​នេះ​ប្រហែល​អាច​ឱ្យ​យើង​ទទួលស្គាល់​ពី​គ្រោះមហន្តរាយ​សេដ្ឋកិច្ច​កម្ពុជា​បាន​ហើយ»។ 

សាស្ត្រា​ចារ្យ​ដដែល​បន្ត​ថា ការពិត​គឺ គ្រប់​កំណែទម្រង់​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ធ្វើ​នា​ឆ្នាំ​កន្លងមក នៅតែ​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត។ ប្រសិនបើ​កំណែទម្រង់​ទាំងនោះ​បាន​យក​ទៅ​អនុវត្ត​ឱ្យ​ប្រសើរ​នោះ នឹង​បាន​ជួយ​សេ​ដ្ឋ​កិច្ចកម្ពុជា​នៅពេល​នេះ។ ប៉ុន្តែ ពីព្រោះ​តែ​កំណែទម្រង់​ទាំងនោះ​មិន​ត្រូវ​បាន​លើក​យកទៅ​អនុវត្ត ដូច្នេះហើយ​ទើប​សេដ្ឋកិច្ច​កម្ពុជា​ឋិត​ក្នុង​ស្ថាន​ការណ៍​ដាំ​ក្បាល​ចុះ​បែបនេះ។ 

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ី​ផាន អះអាង​កាលពី​សប្តាហ៍​មុន​ថា រាជរដ្ឋាភិបាល​តែងតែ​ជួយ​ប្រជាពលរដ្ឋដែល​រង​ផល​ប៉ះពាល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួលរង​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​អំឡុង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ផង​ដែរ។

លោក​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ក៏​តែង​យកចិត្ត​ទុកដាក់​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរ​ដ្ឋ ពិសេស​បញ្ហា​បំណុល​ដែល​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក ប៉ុន្តែ ​មិនបាន​បញ្ជាក់​ពី​គម្រោងថវិកា​រដ្ឋ​ដែល​ប្រើប្រាស់​ជួយ​ពលរដ្ឋ​ជាក់លាក់​នោះ​ឡើយ។ 

កាលពី​ថ្ងៃទី១៨ ខែឧសភា ​ទិន្នន័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា ប្រើប្រាស់​ថវិកា​ពី​ចំណូល​ពន្ធ​ប្រមាណ ៦០លាន​ដុល្លារ សម្រាប់​វិធានការ​បន្ធូរបន្ថយ និង​ពន្យារ​ការ​យកពន្ធ ទ្រទ្រង់​ការ​ចំ​ណាយ​ផ្សេង​ៗ និង​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​រោងចក្រ​បាត់បង់​ការងារ។ លើស​ពីនេះ ប្រាក់​ជាង ៣៦លាន​ដុល្លារ​ទៀត ខ្ចី​ពី​ធនាគារ​អន្តរជាតិ សម្រាប់​ចំណាយ​លើ​ការ​ព្យាបាល បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ក្នុង​ប្រទេស។ 

បើ​តាម ADB សិង្ហបុរីបាន​អនុម័ត​កញ្ចប់​ថវិកា ១០៥ពាន់​លាន​ដុល្លារ ដើម្បី​ទប់​លំនឹង​សេដ្ឋកិច្ច និង​វិបត្តិ​សុខភាព​សង្គម កើត​ចេញពី​ជំងឺ​កូ​វីដ១៩ ក្នុង​នោះ ៦០ពាន់​លាន​ដុល្លារ បាន​ពី​កម្ចី​ធនាគារ​បរទេស និង ៤៥ពាន់​លាន​ដុល្លារ ជា​ថវិកា​សន្សំ​របស់​រដ្ឋ និង​បាន​ពី​ចំណូល​ពន្ធ​ជាតិ។

រដ្ឋ​អាស៊ាន​ដែល​ចំណាយ​ធំ​លំដាប់​ទី២ គឺ​ថៃ ដោយ​រដ្ឋាភិបាល​ប្រទេស​នេះ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជាបន្តបន្ទាប់ សរុប​ចំនួន ៨៤ពាន់​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីដ១៩នេះ ព្រមទាំង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ អ្នក​អត់​ការងារ​ធ្វើ ហើយ​មាន​ទាំង​កម្មវិធី​មិន​យក​ថ្លៃ​ទឹក ភ្លើង ជាដើម។ បន្ទាប់មក គឺ​ឥណ្ឌូ​នេ​ស៊ី ៦៤ពាន់​លាន​ដុល្លារ ម៉ាឡេស៊ី ជាង ៣៥ពាន់​លាន​ដុល្លារ វៀតណាម ជាង ២៦ពាន់​លាន​ដុល្លារ ហ្វីលីពីន ជាង ១៩ពាន់​លាន​ដុល្លារ ប្រ៊ុយណេ ៣១៨លាន​ដុល្លារ និង​ប្រទេស​មីយ៉ាន់ម៉ា ៩៩លាន​ដុល្លារ។

យ៉ាងនេះ​ក្តី ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​មិនបាន​ប៉ុន្មាន​ថ្ងៃ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកា​សក្តែ​ងៗ​ថា ​រដ្ឋាភិបាល​លោក​បាន​ត្រៀម​កញ្ចប់​ថវិការដ្ឋ​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​អំឡុង​វិបត្តិ​សកល​នេះ​ចន្លោះ​ពី ៨០០លាន​ដុល្លារ​ ដល់ ២០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក។ 

សម្រាប់​លោក គឹម សុខ យល់ថា ​កញ្ចប់​ថវិ​កាដែ​លលោ​ក ហ៊ុន សែន ប្រកាស គឺជា​ការប្រកាស​យកមុខ​មាត់​ប៉ុណ្ណោះ ដោយ​លោក​មើលឃើញ​ថា ​រយៈពេល​យ៉ាងយូរ ៥ឆ្នាំទៅ​មុខ​ទៀត ពលរដ្ឋ​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដោយខ្លួនឯង​ទាំង​ត្រដាបត្រដួស ត្បិត​រដ្ឋ​មិន​មានលទ្ធភាព​ជួយ​ឡើយ ហើយ​រដ្ឋ​ក៏​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ដោះ​សារ​ផង​ដែរ។

ថ្លែង​ក្នុង​វេទិកា​តុមូល VOD កាលពី​ថ្ងៃទី២៩ ខែឧសភា អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម ​លោកបណ្ឌិត មាស នី មានប្រសាសន៍​ថា ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ការ​ចាត់វិធានការ​ជួយ​ពលរដ្ឋ​អំឡុង​វិបត្តិ​កូ​វីដ១៩ នៅ​មាន​ភាព​មិន​ច្បាស់លាស់ ខណៈ​ពលរដ្ឋ ពិសេស​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​ កាន់តែ​កើនឡើង​ជាបន្តបន្ទាប់។ 

លោក​មានប្រសាសន៍​ថា៖ «កម្ពុជា​ក៏​មិន​ខុសពី​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក​ដែរ គឺ​ការរារាំង​មិន​ឱ្យ​មានការ​ធ្វើដំណើរ​ចុះឡើង ហើយ​វិបត្តិសេដ្ឋកិច្ច​ដោយសារ​កូ​វី​ដនេះ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ ៤ភាគ៥ បានន័យ​ថា ​ក្នុងចំណោម ៥នាក់​គឺ​មាន៤នាក់​ បាន​ទទួលរង​នូវ​ការបាត់បង់​ប្រាក់ចំណូល។ ដូច្នេះ រឿង​ដែល​ងាយ​យល់​ហ្នឹង​ គឺ​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ គឺ​ធ្ងន់​មែនទែន។ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​មកដល់ពេលនេះ ​ខ្ញុំ​មិនទាន់​ឃើញ​មាន​ចំណាត់​ការយ៉ាងណា​នៅឡើយ​ទេ គ្រាន់តែ​ឮថា​ ចាប់ផ្តើម​ចុះ​ស្រង់​ចំនួន​អ្នកក្រ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយ​កូ​វីដ»។ 

អ្នកឃ្លាំមើល​សង្គម​រូប​នេះ យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​នេះ ​កម្ពុជា​ត្រូវ​មាន​គោលនយោបាយ​ច្បាស់លាស់ ដោយ​បែងចែក​ជា​បី​កម្រិត ពោល​គឺ​កម្រិត​អាសន្ន​ដែល​ត្រូវការ​ដោះស្រាយ​បន្ទាន់ ករណី​កម្រិតមធ្យម និង​ការ​ត្រៀម​ដោះស្រាយ​បញ្ហា​អាសន្ន​រយៈពេល​វែង​ទៅមុខ​ទៀត ព្រមទាំង​ទាមទារ​ឱ្យ​មានការ​រួមគ្នា​ពិត​ប្រាកដ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ចំពោះមុខ​នេះ។ 

លោក​បន្ថែម​ថា៖ «បើសិនជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​យ៉ាប់​យ៉ឺន​នេះ ប្រសិនបើ​រដ្ឋាភិបាល​កុំ​ប្រឈម​ជាមួយ​សត្រូវ​ច្រើនពេក​ក្នុង​ពេល​ជាមួយគ្នា ណាមួយ​ដៃ​ម្ខាង ​យើង​កំពុង​ទប់ទល់​ទៅ​នឹង​វិបត្តិ​ដែល​កំពុង​កើតមាន​រឿង​កូ​វីដ ហើយ​ដៃ​ម្ខាងទៀត​ យើង​ខ្លាច​គណបក្ស​ប្រឆាំង​មក​យក​ប្រជាប្រិយ​ភាព​ក្នុង​ពេល​ជាមួយគ្នា គឺ​មានការ​ពិបាក។ ដល់​មានការ​ពិបាក គឺ​អត់មាន​នរណា​ទេ គឺ​រដ្ឋាភិបាល​ជា​អ្នក​ពិបាក​ខ្លួនឯង។ នេះ​ខ្ញុំ​ចង់និយាយ​អំពី​ស្ថិរ​ភាព​នយោបាយ​ពេល​ហ្នឹង»។ 

ដោយឡែក​ សម្រាប់​លោក គឹម សុខ ក៏បាន​លើកឡើង​ក្នុង​វេទិកា​តុមូល​ពេលនោះ ​ដោយ​យល់ថា ​មកទល់​ពេលនេះ​ កម្ពុជា​ត្រូវ​និយាយ​អំពី​លទ្ធភាព​រកលុយ​បន្ទាន់​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ជាតិ មុន​និយាយ​អំពី​ការ​ទម្លាក់​ថវិកាជាតិ។ លោក​បន្ត​ថា វិធី​រកលុយតាមរយៈការ​ស្តារ​ស្ថាន​ភាពនយោ​បាយ​ឱ្យ​វិល​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ ដើម្បី​ឱ្យ​ម្ចាស់​ជំនួយ​សហគមន៍​លោកសេរី និង​ពលរដ្ឋ​ទុកចិត្ត។ 

លោក​បន្ត​ថា ជំ​ហរស្តា​រស្ថា​នភា​ពន​យោ​បាយ​ឡើងវិញ ក៏អាច​ធ្វើឡើង​តាមរយៈ​ការងាក​ទៅ​រក​ផ្លូវត្រូវ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ឆ្លើយតប​តាម​ការ​ទាមទារ​របស់​ពួក​គេ​កន្លងមក ត្បិត​លោក​មើលឃើញ​ថា​ ចុងក្រោយ​នេះ ​អាមេរិក​តាម​ជួយ​កម្ពុជា ហើយ​សម្ព័ន្ធ​មិត្ត​អាមេរិក​ក៏អាច​ជួយ​កម្ពុជា​ដែរ ដោយ​គ្រាន់តែ​ចាំ​ស្តាប់​ខ្យល់​របស់​អាមេរិក​ជាមុន​សិន​ប៉ុណ្ណោះ។ ដោយឡែក​ការ​ស្រ​មៃ​ពឹង​ចិន​ជួយ​វិញ​នោះ លោក គឹម សុខ មើលឃើញ​ថា ​នឹង​មិន​អាច​ទៅរួច​ឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles