សមាគម​ខ្មែរ​ក្រោម​ថា ស្ថានភាព​សិទ្ធិ​ខ្មែរ​ក្រោម​រង​ការ​រំលោភបំពាន​ទាំង​នៅ​ទឹក​ដី​កំណើត​និង​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2020-06-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។

 រូប៖ ខ្មែរ​ក្រោម


ប្រវត្តិ ទឹកដីកម្ពុជាក្រោម


សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​ថ្ងៃ​ទី៣ មិថុនា​នេះ បាន​ធ្វើ​ពិធី​​រម្លឹក​ខួប ៧១ឆ្នាំ ​ដែល​បារាំង​កាត់​ដី​​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​ទាំង​ខុស​ច្បាប់​​ កាល​ពី​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ ១៩៤៩។ មន្រ្តី​សមាគម​លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​ខ្មែរ​ក្រោម​នៅ​តែ​​​​ប្រឈម​នឹង​បញ្ហា​ការ​បំពាន​សិទ្ធិ​​នៅ​ទឹក​ដី​ខ្មែរ​និង​ការ​រំលោភ​បំពាន​​សិទ្ធិ​ពី​អាជ្ញាធរ​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​រង​ការ​រើសអើង​ដែរ។

ការ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នេះ គឺ​មាន​ធ្វើ​ពិធី​សាសនា​និង​ការ​ផ្សាយ​ផ្ទាល់​​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​រៀបចំ​វេទិកា​សំណួរ​ចម្លើយ​ស្ដីពី​ស្ថានភាព​សិទ្ធិ​ខ្មែរ​ក្រោម។អង្គការ និង​សមាគម​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នេះ​នៅ​កន្លែង​ផ្សេង​គ្នា​ ថ្ងៃ​ខុស​គ្នា​ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ covid-19។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ ​លោក សឺន ជុំជួន ថ្លែង​ក្នុង​ពិធី​នោះ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​សព្វ​ថ្ងៃ​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា​រួម​មាន៖ រាជធានី​ភ្នំពេញ ខេត្ត​តាកែវ កំពង់ស្ពឺ កំពង់​ឆ្នាំង និង​ខេត្ត​សៀមរាប​ជួប​បញ្ហា​ប្រឈម​បំផុត គឺ​អាជ្ញាធរ​វៀតណាម​​មិន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​ពួក​គេ​ទេ។ លោក​បន្ត​ថា​ បញ្ហា​មួយទៀត​គឺ​ការ​រំលោភ​បំពាន​ដីធ្លី​។​ ​លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​មាន​ពលរដ្ឋ​ខ្មែរ​​ក្រោម​រស់​នៅ​ច្រើន​​រួមមាន​៖​ ខេត្ត​ព្រះត្រពាំង​ ខេត្ត​ក្រមួនស ខេត្ត​ឃ្លាំង​និង​ខេត្ត​មាត់ជ្រូក​តែង​រង​ការ​គំរាមកំហែង​និង​រំលោភ​សិទ្ធិ​ពី​អាជ្ញាធរ​វៀតណាម៖ «បង​ប្អូន​ខ្មែរ​ក្រោម​​ទាំង​អស់​ហ្នឹង​កំពុង​ប្រឈម​បញ្ហា​ទាំង​អស់​ហ្នឹង​​​បើ​និយាយ​ពី​ស្ត្រី​ខ្មែរ​ក្រោម​វិញ​សឹង​តែ​មិន​ចេះ​រស់​នៅ​ដោយ​ភាព​លំបាក​​តាម​ចិញ្ចឹម​ផ្លូវ​ក្នុង​ការ​លក់​ដូរ​​​​កំប៉ិកកំប៉ុក​អ៊ីចឹង​ទៅ​ជាពិសេស​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​​​ផង»

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ពលរដ្ឋ​ខ្មែរ​កំពុង​រង​ការ​រំលោភ​បំពាន​ពី​អាជ្ញាធរ​វៀតណាម។ ​ កាល​ពី​ដើម​ខែ​ឧសភា ពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​ថ្នាក់​ខេត្ត​ក្រមួន​ស ​ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​​មក​ជា​ខេត្ត កៀង យ៉ាង ត្រូវ​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ជាង ១០០​ហិកតារ។ យុវជន​ខ្មែរ​ក្រោម លោក ថាច់ កឿង​ រស់នៅ នៅ​ខេត្ត​ព្រះត្រពាំង ​ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត ​ត្រាវិញ (Tra Vinh) ត្រូវ​អាជ្ញាធរ​​វៀតណាម​ពិន័យ​​លុយ ​ជាង ៧លាន​ដុង ឬ​ប្រមាណ ៣រយ​ដុល្លារ​ករណី​បង្ហោះ​វីដេអូ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចោទ​​អាជ្ញាធរ​វៀតណាម​ចែក​​អង្ករ​ក្លែងក្លាយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ​ជុំវិញ​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​នេះ លោក សឺន ជុំជួន ឲ្យ​ដឹង​ថា លោក​បាន​ដាក់​បញ្ញត្តិ​ទៅ​បណ្ដា​ស្ថានទូត​ប្រទេស​សេរី​ដែល​ឥទ្ធិពល​លើ​វៀតណាម ដែល​មាន​ស្ថានទូត​នៅ​កម្ពុជា​ និង​នៅ​ប្រទេស​វៀតណាម​ឱ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ត្រូវ​ផ្ដល់​ដី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ។

ជុំវិញ​ការ​លើកឡើង​ថា​ ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ជា​ជនជាតិ​ដើម​ខ្មែរ​មកពី​ទឹកដី​ក្រោម​នៅ​តែ​ពិបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​ខ្មែរ​​ អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ អគ្គនាយក​រង​នៃ​អគ្គនាយក​អត្តសញ្ញាណកម្ម​ លោក តុប នេត​ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

តាម​ការ​បញ្ជាក់​ពី​លោក សឺន ជុំជួន​ ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​ប្រទេស​កម្ពុជា​មាន​ជាង​មួយ​​​លាន​នាក់​​ ក្នុង​នោះ​ប្រមាណ ៣០ភាគ​រយ​មិន​ទាន់​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​​។ សហគមន៍​ខ្មែរ​ក្រោម​ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ជៀសវាង​​ការ​ប្រឈម​បញ្ហា ឬ​ការរំលោភ​សិទ្ធិ​នៅ​លើ​ទឹក​កំណើត​របស់​ខ្លួន ខណៈ​ពួក​គេ​បាន​ជួប​បញ្ហា និង​រង​ការ​ជិះជាន់​​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ទៅ​ហើយ​នោះ។

ពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​ខេត្ត​ក្រមួនស​ លោក សឺន ចាំង ដែល​កំពុង​មាន​បញ្ហា​ដីធ្លី​​ជាមួយ​អាជ្ញាធរ​វៀតណាម​ឱ្យ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​វៀតណាម​តែង​តាម​ឃ្លាំមើល​ពួក​លោក​​ជាប្រចាំ​​។​លោក​ថា​ ពេល​លោក​ផ្ដល់​ព័ត៌មាន ឬ​ផ្ដល់​បទ​សម្ភាស​មក​អ្នកសារព័ត៌មាន ឬ​មក​អាស៊ី​សេរី​ម្ដងៗ គឺ​លួចលាក់​​រក​​កន្លែង​មាន​សុវត្ថិភាព​និយាយ​ទូរស័ព្ទ។ លោក​ថា​ ប្រសិន​បើ​អាជ្ញាធរ​អាជ្ញាធរ​វៀតណាម​ដឹង​ថា​លោក​បាន​ផ្ដល់​ព័ត៌មាន​ចេញ​ក្រៅ​ពី​បញ្ហា​របស់​លោក ឬ​បញ្ហា​របស់​​ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ​ឬ​ត្រូវ​ជាប់​ពន្ធនាគារ៖ «តាមដាន​យើង​តាំង​ពី​កន្លែង​ស៊ីម​ទូរស័ព្ទ​ទៀត​ណា ហើយ​ស៊ីម​ទូរស័ព្ទ​សុទ្ធ​តែ​ឲ្យ​យើង​ដាក់​ទីតាំង​យក​កាត​ទៅ​ទៀត​ខ្លាច​យើង​បះបោរ»

កម្ពុជា​បាន​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឬ​កូសាំងស៊ីន​ដែល​មាន​​ខេត្ត​​​ចំនួន ២១ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ ដោយសារ​តែ​បារាំង​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ទាំង​ខុស​ច្បាប់ និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី លោក ថាច់ សេដ្ឋា ឱ្យ​អាស៊ី​សេរី​ដឹង​ថា សមាគម​​របស់​លោក​នឹង​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​នៅ​ទីស្នាក់ការ​សមាគម​ដោយ​មាន​និមន្ត​ព្រះសង្ឃ ៩អង្គ​ធ្វើ​ពិធី​សាសនា​និង​មាន​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៣០នាក់ ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​នេះ៕

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ខ្មែរ​ក្រោម

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ខ្មែរ​ក្រោម


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមាគម​ខ្មែរ​ក្រោម​ថា ស្ថានភាព​សិទ្ធិ​ខ្មែរ​ក្រោម​រង​ការ​រំលោភបំពាន​ទាំង​នៅ​ទឹក​ដី​កំណើត​និង​នៅ​កម្ពុជា"

  1. Anonymous says:

    I do not understand why all Cambodian not waking up stand strong together. the lesion should been learned in so many decade ago. we lost our lower land still fresh it was seventy years still warm yet. after the whole island KOK TRAIL was also hot during HUN SEN not even twenty years. VIETCONG put every monument every province in Cambodia their people is every where . this is the sing the next victim they are going to do last . we Cambodian knew HUN SEN was an evil killer and KBOTH CHEATH no question to ask . I swear to GOD if Cambodian inside the country not waking up on time please do not cry later . I knew they will take the last part of this un fortunate nation in the near future . please do not say up to this modern century no one can do that . please look at CRIMAIR and VIETCONG did the same no one can do nothing. weak up kick HUN SEN out this evil will never change . GOD bless Cambodia and it’s people