ជីវប្រវត្តិ​របស់​លោក នាង សុវ៉ាត អ្នក​ធ្វើ​ការងារ​សង្គម​ជិត ៣០ឆ្នាំ

ដោយ ខែ សុណង
2020-06-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក នាង សុវ៉ាត មន្ត្រី​ផ្នែក​ការពារ​សិទ្ធិមនុស្ស នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) ប្រចាំ​នៅ​ខេត្ត​កំពង់ចាម។

លោក នាង សុវ៉ាត មន្ត្រី​ផ្នែក​ការពារ​សិទ្ធិមនុស្ស នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) ប្រចាំ​នៅ​ខេត្ត​កំពង់ចាម។

 រូប៖ ពី​ហ្វេសប៊ុក​លោក នាង សុវ៉ាត


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​​នៅ​ខេត្ត​កំពង់ចាម​ គឺ​លោក នាង សុវ៉ាត ចំណាយ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ធ្វើ​ការងារ​ជួយ​សង្គម​ផ្នែក​ការពារ​សិទ្ធិមនុស្ស។ លោក​តែង​តែ​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​​នៅ​ក្នុង​​មូលដ្ឋាន​ឱ្យ​យល់​អំពី​សិទ្ធិមនុស្ស និង​ជួយ​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​ដែល​រង​​គ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​​​ជា​ហូរហែ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បាន​លាចាក​លោក​នៅ​ព្រឹក​ថ្ងៃ​ទី៣ មិថុនា​ដោយសារ​រោគាពាធ។ ប្រជាពលរដ្ឋ​និង​អ្នក​រួម​ការងារ​ជា​មួយ​លោក​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លះបង់​​​​ជីវិត​របស់​លោក​​ថា ​ជា​ការ​បាត់បង់​​ធនធាន​មនុស្ស​កម្រ​​នៅ​​ក្នុង​សង្គម។

ជា​កូន​កសិករ​នៅ​ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ លោក នាង សុវ៉ាត ​បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ហៅ​កាត់​ថា អាដហុក (Adhoc) ចាប់​តាំង​ពី​ឆ្នាំ១៩៩២ រហូត​មក។ ក្នុង​តំណែង​ការងារ​កន្លង​ទៅ​លោក​ធ្លាប់​ជា​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​កំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ។​ក្រោយ​មក​ដោយសារ​លោក​មាន​វ័យ​កាន់​តែ​ចាស់​ពិបាក​ធ្វើ​ដំណើរ​ចុះ​មូលដ្ឋាន​​លោក​បាន​លាឈប់​ពី​​ជា​អ្នក​សម្របសម្រួល​តាម​ខេត្ត​កាល​ពី​ចុង​ឆ្នាំ២០១៨ មក​ធ្វើ​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អាដហុក​រហូត​មក​ទល់​សព្វ​ថ្ងៃ។

លោក នាង សុវ៉ាត មាន​កូន ៤នាក់ ប្រុស ២នាក់ ស្រី ២នាក់ ដោយ​ពួកគេ​បាន​រៀន​ចប់​បរិញ្ញាបត្រ​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​កូន​ទាំង ៤នាក់ មាន​ម្នាក់​ធ្វើ​ជា​ពិធី​ករ​វិទ្យុ​ក្នុង​ស្រុក​ដ៏​ល្បីល្បាញ​​​ គឺ​ អ្នក​ស្រី នាង សុវ៉ាតណា ហៅ​ឌីជេ ណា​ណា (DJ NANA)។

អ្នក​ស្រី ណា​ ណា ​រៀបរាប់​ថា អ្នក​ស្រី​មាន​ឈ្មោះ​បោះ​សំឡេង​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដោយសារ​តែ​ឪពុក​របស់​គាត់​អប់រំ​ប្រៀនប្រដៅ​បាន​ល្អ​រួម​មាន​ការ​បង្រៀន​កូនៗ ឱ្យ​ចេះ​អត់ធ្មត់​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​បាន​ជ្រៅជ្រះ និង​ឱ្យ​ចេះ​ជួយ​ការងារ​សង្គម​ជា​ដើម។ អ្នក​ស្រី​បន្ថែម​ថា កូនៗ ទាំង ៤នាក់ សុទ្ធតែ​ធ្លាប់​ចុះ​ជួយ​ការងារ​សង្គម​ជា​មួយ​លោក នាង សុវ៉ាត តាំង​តែ​នៅ​វ័យ​កុមារ។ អ្នក​ស្រី​បញ្ជាក់​ថា ​ឪពុក​របស់​គាត់​កាល​នៅ​ជា​មន្ត្រី​សម្របសម្រួល គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា​លោក​តែង​តែ​ចុះ​​ទៅ​ឃ្លាំមើល​ដល់​ទីកន្លែង​ភ្លាមៗ ដោយ​មិន​ខ្វល់​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នោះ​ឡើយ៖‍ «ទៅ​មើល​គេ​បាតុកម្ម​ឪពុក​ថត​រូប​អីចឹង​ទៅ​ និយាយ​ទៅ​ឪពុក​ខ្ញុំ​ខុស​ពី​គេ​គាត់​បង្រៀន​ខ្ញុំ​តាំង​ពី​ក្មេង​ដើរ​មើល​គេ​មើល​ឯង​ ។ដើរ​មើល​គេ​មើល​ឯង​ហ្នឹង​មិន​មែន​មើល​កន្លែង​កម្សាន្ត​ទេ​មើល​កន្លែង​គេ​ឈ្លោះ​គ្នា ហើយ​ឧទាហរណ៍​ថា​ពេល​គេ​ទំនេរ​នៅ​ផ្ទះ​ធម្មតា​គេ​បង្រៀន​កូន​ក្មេង​គេ​នៅ​សាលា​រៀន​អីចឹង​។ ប៉ុន្តែ​ឪពុក​ខ្ញុំ​បង្រៀន​ខ្ញុំ​ឱ្យ​ចុះ​ធ្វើ​ការ​ងារ​សង្គម​តាំង​ពី​ខ្ញុំ​អាយុ​១០​ឆ្នាំ​ជាង​មក​។អីចឹង​អ្វី​មួយ​ដែល​គាត់​ធ្វើ​ហ្នឹង​​មិន​មែន​គាត់​ធ្វើ​ដើម្បី​តែ​ធ្វើ​ការ​ទេ​ គាត់​ស្រលាញ់​ជោគជាំ​នឹង​ការងារ​ប្រជាធិបតេយ្យ និង​ការ​វិមជ្ឈការ​អីចឹង​ហើយ​កូន​ៗ​ដូច​គ្នា គាត់​បង្រៀន​គ្រប់​តែ​គ្នា​អីចឹង»

លោក នាង សុវ៉ាត រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ច្បាប់​ពី​សាកលវិទ្យាល័យ​ច្បាប់​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​ការ​ងារ​សង្គម​ស៊ីវិល​ លោក​នាង សុវ៉ាត ក៏​ជា​ធ្វើ​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ​ឯកជន​មួយ​កន្លែង​ នៅ​ខេត្ត​កំពង់ចាម​​​​តាំង​ពី​ឆ្នាំ២០១៨ រហូត​មក​ដែរ។

អ្នក​ស្រី​​ណា​ណា​​​ថ្លែង​ថា ឪពុក​របស់​គាត់​ស្លាប់​ក្នុង​វ័យ ៦០ឆ្នាំ​ដោយ​ជំងឺ​រលាក​ខួរក្បាល​​នៅ​​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ទី​៣ ខែមិថុនា​ បន្ទាប់​ពី​​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​​កាល​ម៉ែត្រ​​ប្រមាណ​១ខែ។ ​អ្នក​ស្រី​បញ្ជាក់​ថា ​ក្រុម​គ្រួសារ​សោកស្ដាយ​យ៉ាង​ខ្លាំង ពីព្រោះ​លោក​ឪពុក​របស់​​គាត់​​​​​​បាត់បង់​ជីវិត​លឿន​ពេក​​​ដោយ​មិន​ធ្លាប់​​ឈឺ​​ធ្ងន់​ពី​មុន​មក​ឡើយ៖ «និយាយ​ទៅ​គាត់​ឈឺ​ក្បាល​ញឹកញាប់​ប្រហែល​១ឆ្នាំ​ហើយ​ ប៉ុន្តែ​យើង​មិន​បាន​ចាប់​អារម្មណ៍​ថា​គាត់​ជា​ជំងឺ​ធ្ងន់​ទេ យើង​គិត​ថា​គាត់​គ្រាន់​តែ​គិត​ច្រើន​គាត់​ក្ដៅ​អីចឹង ហើយ​គាត់​ចេះ​តែ​ញាំ​ថ្នាំ​ឈឺ​ក្បាល​ក៏​បាត់​ទៅ​ វា​អត់​មាន​អី​ធ្ងន់ធ្ងរ​អីចឹង​។ប៉ុន្តែ​ដល់​ពេល​ថ្មីៗ​ហ្នឹង​ គាត់​ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​ ក៏​នាំ​ចូល​ពេទ្យ​ ដំបូង​មិន​គិត​ថា​ធ្ងន់ធ្ងរ​អីចឹង​ទេ​​​ ប៉ុន្តែ​ដល់​ពេល​ហើយ​យើង​ពិនិត្យ​​ពី​មួយ​ទៅ​ពី​មួយ​ទៅ​រហូត​ដល់​ពិនិត្យ​ចុង​ក្រោយ​ហ្នឹង​ គេ​បូម​ឆ្អឹង​ខួ​មើល​ទៅ​បាន​​គេ​ថា​រលាក​ស្រោម​ខួ​ក្បាល​ហ្នឹង​កម្រិត​ធ្ងន់​មែនទែន»

ទាក់ទង​នឹង​ការ​ស្លាប់​នេះ មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក Adhoc) ជា​មិត្ត​រួម​ការងារ​ជា​មួយ​លោក​ជាង ២០ឆ្នាំ គឺ​លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ​របស់​ខ្មែរ​ម្នាក់​ទៀត។ លោក​បញ្ជាក់​លោក នាង សុវ៉ាត ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប ដែល​បាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ខ្ពស់ ដើម្បី​ប្រយោជន៍​រួម​នៅ​ក្នុង​សង្គម និង​ជា​ទីពឹង​ផ្នែក​ច្បាប់​​របស់​ពលរដ្ឋ​ក្រីក្រ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​មាន​លុយ​មាន​អំណាច និង​អ្នក​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​ជា​ដើម។ លោក​បន្ថែម​ថា លោក​នាង សុវ៉ាត បាន​ខំប្រឹង​ធ្វើ​ការ​រហូត​ដល់​ពេល​ខ្លះ​សុខ​ចិត្ត​ដាច់​ខ្លួន​ឯង ដើម្បី​ប្រមែប្រមូល​ប្រាក់​ទិញ​ស្បៀង​អាហារ​ចែក​ជូន​ពលរដ្ឋ​បាន​ហូប​ចុក​ក៏​មាន​ដែរ៖ «គាត់​មាន​ប្រវត្តិ​ជូរចត់​រហូត​ដល់​ម៉ោង ៣ មិន​ទាន់​បាន​ហូប​បាយ​ទេ​ គាត់​សុខ​ចិត្ត​អត់​បាយ​ខ្លួន​ឯង​ដើម្បី​ប្រយោជន៍​​របស់​ប្រជាជន​នៅ​ក្នុង​ខេត្ត​របស់​គាត់​ ហើយ​ខ្លះ​គេ​មិន​ធ្វើ​ទេ​។ហើយ​គាត់​មិន​ដែល​គិត​ថា ពេល​ខ្លះ​ខ្ញុំ​និយាយ​ឱ្យ​អស់​ខោអាវ​​គាត់​មួយ​ចង្កេះ​នៅ​ណា​គាត់​មាន​រឿង​​គឺ​គាត់​ទៅ​តែ​ម្ដង​ គាត់​មិន​ដែល​ថា​មក​រៀប​ខោអាវ​អី​សិន​ទេ​។​គាត់​ក្រ​ទេ​អត់​មាន​លុយ​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ជួប​ជនរងគ្រោះ​ លុយ​គាត់​ក៏​គាត់​យក​ទៅ​ឱ្យ​អ្នក​ដែល​អត់​​ជាង​គាត់​ ដោយ​គាត់​ថា​គាត់​មាន​លទ្ធភាព​ ចំណុច​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​មើល​ឃើញ​គាត់​មាន​ការ​លំបាក​ ហើយ​គាត់​អត់​ដែល​និយាយ​ប្រាប់​យើង​ទេ​ គាត់​នៅ​តែ​សើចញញឹម»

នៅ​ក្នុង​ពិធីបុណ្យ​សព លោក​នាង សុវ៉ាត ថ្ងៃ​ដំបូង​នេះ​មាន​មនុស្ស​ រាប់​រយ​នាក់​ រួម​មាន​គ្រូបង្រៀន​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា និង​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ស្គាល់​លោក​បាន​ទៅ​ចូល​រួម​ជា​បន្ត​បន្ទាប់។

សហគមន៍​នេសាទ​ត្រី​នៅ​ខេត្ត​កំពង់ចាម លោក នូ ឈន ថ្លែង​ថា លោក​សោកស្ដាយ​ដែល​បាត់​បង់​មន្ត្រី​សង្គម​ស៊ីវិល​ដ៏​ល្អ​នេះ​។ លោក​បន្ត​ថា លោក​នាង សុវ៉ាត ធ្លាប់​បង្រៀន​លោក​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ​មនុស្ស ឱ្យ​ក្លាហាន​ចេះ​ការពារ​សិទ្ធិ​របស់​ខ្លួន​ និង​ឱ្យ​ចេះ​ការពារ​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​សហគមន៍​ទៀត​ផង៖ «វា​សោក​ស្ដាយ​មែន​ទែន​ព្រោះ​មាន​នរណា​យើង​ឃើញ​​ស្រាប់​ហើយ​កន្លង​មក​ លោក​បណ្ឌិត កែម ឡី គេ​បាញ់​ស្លាប់​នៅ​តែ​គាត់​ហ្នឹង​ ខ្ញុំ​ព្រួយ​ខ្លាច​មាន​បញ្ហា​ដែរ​ ព្រោះ​គាត់​និយាយ​​ខ្លាំង​ៗ​ដែរ​ការ​បង្រៀន​ហ្នឹង​ គឺ​ជា​មនុស្ស​មិន​ងាយ​រក​បាន​ទេ​។ កន្លង​មក​គាត់​ជួយ​សង្គម​បាន​ច្រើន​ណាស់​ហើយ​ខ្ញុំ​គោរព​ណាស់​មិន​មែន​តែ​ខ្ញុំ​ទេ​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពុង​ចាម​ហ្នឹង​​ឱ្យ​តែ​បាន​ជួប​គាត់​ស្រលាញ់​ណាស់​ គាត់​រាក់ទាក់​​ជា​មួយ​សិស្ស​ទាំង​អស់​ ទោះ​បី​បង​ក៏​ដោយ​ប្អូន​ក៏​ដោយ​គាត់​រាប់​អាន​ទាំង​អស់​​ហ្នឹង​ពេល​គាត់​បើក​វគ្គ​សិក្សា​។ខ្ញុំ​ចាប់​បី​រៀន​មក​ខ្ញុំ​បាន​ជួប​គាត់​បាន​ប្រហែល​៣​លើក​ គាត់​បាន​ពន្យល់​ពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហ្នឹង​ ធ្វើ​ឱ្យ​ខ្ញុំ​បាន​យល់​ដឹង​បាន​ច្រើន​ដែរ​»

សព​លោក នាង សុវ៉ាត ត្រូវ​បាន​សាច់ញាតិ​តម្កល់​ធ្វើ​បុណ្យ​នៅ​ផ្ទះ​របស់​លោក​ស្ថិត​នៅ​ភូមិ​សេក​យំ​ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ដែល​នឹង​ត្រូវ​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមិថុនា។ សាច់ញាតិ​គ្រោង​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក​នាង សុវ៉ាត នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ជីវប្រវត្តិ​របស់​លោក នាង សុវ៉ាត អ្នក​ធ្វើ​ការងារ​សង្គម​ជិត ៣០ឆ្នាំ"

  1. Anonymous says:

    I’m felling so sorry to our Cambodian nationalist the person like him we keep memory of what he have done for our nation. I also knew in KAMPONG CHAM province there are a lot of Cambodian nationalist . but so sad to have HUN NAL call HUN SEN next name CHOUP SAMLAP this guy was an evil monster un educated who destroy his own nation.

  2. Anonymous says:

    Ang ka lour ‘ watching all khmer nationalists ‘ . Remember who ever help khmer or wanted khmer getting better ‘ Youn-hanoi spy or veitcong dogs jail khmer or killed khmer ‘