តុលាការ​កំពូល​នឹង​សម្រេច​ករណី​ស៊ើប​អង្កេត​បន្ថែម​សំណុំ​រឿង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​​ពាក់​កណ្ដាល​ខែ​កក្កដា

ដោយ ជាតិ ចំណាន
2020-07-01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​តុលាការ​កំពូល ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០២០។

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​តុលាការ​កំពូល ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០២០។

 រូប៖ គេផ្ដល់ឱ្យ


តុលាការ​កំពូល​​នឹងចេ​ញ​សេចក្តីសម្រេចករណី​អតីត​អ្នក​យក​ព័ត៌មានអាស៊ីសេរីពីររូប ដែល​ស្នើសុំឱ្យ​​ទម្លាក់​ចោល​ការស៊ើបអង្កេត​បន្ថែម​រឿងរូបភាព​អាសអាភាស ​នៅពាក់​កណ្តាលខែកក្កដា ក្រោយ​បញ្ចប់​សវនាការនៅ​ថ្ងៃទី១ កក្កដានេះ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ស្នើដល់តុលាការ​កំពូល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំងពីររូប។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក សំ ចំរើន ឱ្យ​ដឹង​ថា លោក​បាន​សំណូម​ពរ​ឱ្យ​តុលាការ​កំពូល​បដិសេធ​សាល​ដីកា​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ដែល​រក្សា​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​ស៊ើបអង្កេត​បន្ថែម​រឿង​រូបភាព​អាសអាភាស។ ក្រៅ​ពី​នេះ លោក​ក៏​​ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​ទាំង​ពីរ​នាក់​ផង​ដែរ។

លោក សំ ចំរើន មេធាវីការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី

លោក សំ ចំរើន មេធាវីការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី រូប៖ គេ​ផ្ដល់ឱ្យ


មេធាវី​ សំ ចំរើន ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា ការ​ស៊ើបអង្កេត​បន្ថែម​សំណុំ​រឿង​នេះ មិន​មាន​ភាព​ចាំបាច់​ទៀត​ទេ ព្រោះ​ចៅក្រម​ស៊ើបសួរ​បាន​ប្រើ​ពេល​ច្រើន​ណាស់​ទៅ​ហើយ​ក្នុង​ដំណាក់​កាល​ស៊ើបអង្កេត។ លោក​ថា ការ​សម្រេច​បែបនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​កូន​ក្ដី​លោក​ទាំង​ពីរ​នាក់ ព្រោះ​មិន​ដឹង​ថា តើ​ពេល​ណា​ដែល​ការ​ស៊ើបអង្កេត​បន្ថែម​នេះ​ត្រូវ​បញ្ចប់​នោះ​ទេ ហើយ​បើ​តុលាការ​ចង់​ស៊ើបអង្កេត​ចំណុច​ណា​ទៀត​នោះ រឿង​ក្តី​នេះ​រឹត​តែ​អូស​បន្លាយ​គ្មាន​កាល​កំណត់៖ «

សាលាដំបូង​រាជធានី​​ភ្នំពេញ​បាន​ចោទ​ប្រកាន់ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ចំនួន​ពីរ​បទ​ល្មើស គឺ​បទ “ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត​ និង​កាន់​កាប់​រូបភាព​អាសអាភាស”។ តុលាការ​បាន​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ​ពីរ​ដង និង​ពន្យារពេល​ប្រកាស​សាលក្រម​ម្តង ហើយ​នៅ​ទីបំផុត​បាន​ចេញ​សាលក្រម​ចាត់​របៀប​ឱ្យ​ស៊ើបអង្កេត​រឿង​ក្ដី​ទាំង​ពីរ​បន្ថែម​ទៀត កាល​ពី​ដើម​ខែតុលា ឆ្នាំ២០១៩។

កាល​ពី​ដំបូង តុលាការ​ផ្ដោត​ជា​សំខាន់​ទៅលើ​សំណុំ​រឿង​ទី​មួយ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម ប៉ុន្តែ​ក្រោយ​ពី​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្រកាស​ថា រឿង​ក្តី​ព្រហ្មទណ្ឌ​នេះ មិន​ពាក់ព័ន្ធ​នឹង​រឿង​សេរីភាព​សារព័ត៌មាន​ តែ​ពាក់ព័ន្ធ​នឹង​រឿង​រូបភាព​អាសអាភាស តុលាការ​ក៏​បែរ​ជា​មក​ផ្ដោត​ខ្លាំង​លើ​សំណុំ​រឿង​ទី​ពីរ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​រូបភាព​អាសអាភាស​វិញ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ថ្លែង​ថា ការ​ទាញ​​រឿង​ផ្សេង​មក​​ចោទ​ប្រកាន់ពួក​លោក​ ស្រប​ពេល​តុលាការ​រក​មិន​ឃើញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម​នោះ បង្ហាញ​ថា អាជ្ញាធរ​មាន​ចេតនា​ចង់​ធ្វើ​បាប និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ពួក​លោក។ លោក​ទទូច​ដល់​តុលាការ​កំពូល​បដិសេធ​សាលក្រម​ចាត់​របៀប​នេះ និង​ផ្ដល់​យុត្តិធម៌​ដល់​ពូក​លោក​វិញ៖ «។

តុលាការ​របប​ក្រុងភ្នំពេញ​បាន​ឃុំ​ខ្លួន​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ក្នុង​ពន្ធនាគារ​ព្រៃស​ ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ទោះ​ជា​យ៉ាង​ណា សេរីភាព​ដើរ​ហើរ​របស់​ពួក​លោក​​នៅ​តែ​ស្ថិត​ក្រោម​ការ​គាប​សង្កត់ ព្រោះ​តុលាការ​មិន​​ព្រម​ផ្ដល់​លិខិត​ឆ្លង​ដែន​ឱ្យ​អ្នក​ទាំងពីរ​វិញ​ឡើយ ទោះជា​មេធាវី​បាន​ស្នើសុំ​ជា​ច្រើន​ដង​យ៉ាងណាក៏ដោយ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោ ស៊ឹង សែនករុណា ថ្លែង​ថា សង្គម​ស៊ីវិល​នៅ​តែ​ទាម​ទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ និង​លំហ​សេរីភាព​សារ​ព័ត៌មាន។ លោក​បន្ថែម​ថា ការ​ជំនុំ​ជម្រះ​នា​ពេល​កន្លង​ទៅ​បង្ហាញ​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បន្ត​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ឡើយ ដូច្នេះ​មិន​គួរ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​នោះ​ទេ៖ «

ក្រៅ​ពី​សវនាការ​លើ​នីតិវិធី​ស៊ើបអង្កេត​បន្ថែម​រឿង​វីដេអូ​អាសអាភាស​នេះ តុលាការ​កំពូល​មិន​ទាន់បាន​កំណត់​ពេល​បើក​សវនាការ​រឿង​អំពើ​ចារកម្ម​នោះ​ឡើយ។ ដោយ​ឡែក ​ការស៊ើបអង្កេត​នៅ​ដំណាក់​កាល​តុលាការ​ក្រុង​ភ្នំពេញ​វិញ មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប បាន​ស្នើសុំ​ឱ្យ​ចៅក្រម​ស៊ីប​សួរ​ពន្យារពេល​ ដោយ​រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ​កំពូល​ជាមុន​សិន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) បាន​វាយ​តម្លៃ​ថា លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​របស់​លោក ហ៊ុន សែន លើ​សារព័ត៌មាន​ឯករាជ្យ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles