របាយ​ការណ៍​​អះ​អាង​​ថា​ កម្មករ​កម្មការិនី​​ជួប​​ការ​​លំបាក​​ខ្លាំង​​ក្នុង​​ការ​​សង​បំណុល​​មីក្រូ​ហិរញ្ញ​វត្ថុ​​

ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក អ៊ូច សូនី and លោក ហ៊ុន សិរីវឌ្ឍន៍ | ០១ កក្កដា ២០២០ | ម៉ោង ១៤:១៨
VOD

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ២៩ ឧសភា ២០២០)

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ២៩ ឧសភា ២០២០)


កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​រាប់​ម៉ឺន​នាក់​ដែល​ប្រឈម​នឹង​ការ​កាត់​ប្រាក់ឈ្នួល និង​ម៉ោង​ការងារ​ចំ​ពេល​មានការ​រីក​រាលដាល​វីរុស​កូ​រ៉ូ​ណា និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នោះ នឹង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​សងបំណុល​មីក្រូហិរញ្ញវត្ថុ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ក្រុម​សង្គម​ស៊ីវិល។

ភាគច្រើន​នៅក្នុងចំណោម​កម្មករ​ជាង ១០០នាក់ ដែល​ទទួល​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បាន​និយាយ​ថា ពួក​គេ​បាន​កាត់បន្ថយ​ការ​បរិភោគ​ ឬបាន​ខ្ចីប្រាក់​កម្ចី​ផ្សេងទៀត​ដើម្បី​សងបំណុល​ចាស់ នេះ​បើ​តាម របាយការណ៍ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ​ដោយ​អង្គការ​សិទ្ធិ​ការងារ​សង់​ត្រា​ល់ អង្គការ​សិទ្ធិមនុស្ស​លី​កាដូ និង​សម្ព័ន្ធ​សហជីព​កម្ពុជា ​(CATU​)។

ភាគច្រើន​បំផុត​នៃ​កម្មករដែល​ពួក​គេ​ជាស​មា​ជិ​ករបស់ CATU មក​ពី​រោងចក្រ​ចំនួន​បី​ស្ថិតនៅ​ក្រុងភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង ហើយដែល​ត្រូវ​បាន​សាកសួរ​ចន្លោះ​ពី​ខែមីនា និង​ខែឧសភា បាន​អះអាង​ថា ខ្លួន​នឹង​មិន​អាច​សងបំណុល​បានទេ ប្រសិនបើ​រោងចក្រ​របស់​ពួក​គេ​ផ្អាក​ប្រតិបត្តិ​ការ ហើយ​ថា ជីវភាពរស់នៅ​របស់​ពួក​គេ​កាន់តែ​លំបាក​ខ្លាំង ឬលំបាក​ជាង​មុន បន្ទាប់ពី​ខ្ចីប្រាក់​កម្ចី​នោះ នេះ​បើ​យោង​តាម​របាយការណ៍ខាងលើ​។

ក្នុងចំណោម​កម្មករ ១៥៨នាក់​ដែល​ត្រូវ​បាន​ស្ទង់មតិ​ បាន​បង្ហាញថា ហេតុផល​ទូទៅ​ក្នុង​ការខ្ចី​ប្រាក់កម្ចី គឺ​ដើម្បី​សងបំណុល​មួយទៀត។ ជាង​ពាក់កណ្តាល​នៃ​កម្មករ​បាន​និយាយ​ថា ពួក​គេ​បាន​ខ្ចីប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs​) ស្រប​ពេល​មួយ​ភាគ​បួន​ក្នុងចំណោម​ពួក​គេ​ ខ្ចីប្រាក់​ពី​សាច់​ញាតិ ចំណែក​មួយ​ភាគ​ប្រាំ ខ្ចីប្រាក់​ពី​អ្នក​ចងការប្រាក់ ហើយ​ត្រឹមតែ៤ភាគរយ​ក្នុងចំណោម​ពួក​គេ​បាន​ខ្ចីប្រាក់​ពី​ធនាគារ។

ការស្ទង់មតិ​ក្នុងចំណោម​កម្មករ-​កម្មការិនី ១០៦នាក់​ដែល​ជាប់​កម្ចី​មីក្រូហិរញ្ញវត្ថុ រក​ឃើញថា កម្មករ​-កម្មការិនី ១៦នាក់ ​បាន​លក់​ដីដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ខ្លួន ចំណែក​កម្មករ ៣២នាក់​ផ្សេងទៀត ​បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​លក់​ដី​នា​ពេល​អនាគត។

ជិត ៨០ភាគរយ​នៃ​កម្ចី​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បាន​ដាក់​ប្លង់ដី​បញ្ចាំ នេះជា​ការអនុវត្ត​ទូទៅ​ខាង​ហិរញ្ញវត្ថុ ​ដែល​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា បាន​ធ្វើឱ្យ​កូនបំណុល​ប្រឈម​នឹង​ហា​និ​ភ័យ​បាត់បង់​ដីធ្លី និង​ជីវភាព​រស់នៅ​របស់​ពួក​គេ ព្រមទាំង​អាចប​ង្កើត​ឱ្យមានការ​រំលោភសិទ្ធិ​មនុស្ស​ផ្សេង​ៗ រួម​ទាំង​ការ​ជួញដូរ​មនុស្ស​ និង​ពលកម្ម​កុមារ​ផង​ដែរ។

ជាថ្មី​ម្តង​ទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឱ្យគ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ​ឈប់​តម្រូវឱ្យ​ពួក​គេ​យក​ប្លង់ដី​ដាក់បញ្ចាំ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​តម្រូវឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​រាប់​លាន​ដែល​ស្ថិត​ក្នុង​ដៃ​របស់​ម្ចាស់បំណុល​ប្រគល់​ទៅ​ម្ចាស់​ដើម​វិញ។

មុន​ការ​រីក​រាលដាល​វីរុស​កូ​វីដ១៩ ជាមធ្យម​កម្មករ​បាន​ចំណាយ​ច្រើនជាង​ចំណូល​ដែល​ពួក​គេ​អាច​រកបាន​ក្នុង​មួយ​ខែ​ ទៅលើ​ម្ហូបអាហារ ថ្លៃឈ្នួល​ផ្ទះ ការ​ចំណាយ​ក្នុង​គ្រួសារ ​និង​សងបំណុល នេះ​បើ​តាម​ការ​លើកឡើងនៅ​ក្នុង​របាយការណ៍។

នៅពេល​នេះ កម្មករ​ដែល​ត្រូវ​បាន​ស្ទង់មតិ ​រកចំណូល​បាន​តិច​ជាង ១០០ដុល្លារ​ក្នុង​មួយ​ខែ​គិតជា​មធ្យម បន្ទាប់ពី​រោងចក្រ​កាត់ដេរ​បាន​ផ្អាក​មួយ​ផ្នែក​ ឬផ្អាក​ប្រតិបត្តិ​ការ​ទាំងស្រុង​ដោយសារ​បញ្ហា​វីរុស​កូ​វីដ១៩។

អ្នកស្រី យ៉ាង សុ​ភ័ណ្ឌ ប្រធាន CATU បាន​លើកឡើង​ក្នុង​របាយការណ៍​នេះ​ថា៖ «កម្មករ​កាត់ដេរ​ខំប្រឹង​ធ្វើការ​មិន​គិត​នឿយហត់ ដើម្បី​ផ្គត់ផ្គង់​អាហារ​សម្រាប់​គ្រួសារ​របស់​ខ្លួន។ នៅពេល​នេះ ពួក​គេ​អាច​ស្ទើរតែ​មិន​អាច​ចិញ្ចឹម​ខ្លួន​ឯង​រស់​ផង។ បើ​គ្មាន​ការ​បន្ធូរបន្ថយ​បំណុល​ ឬការ​គាំពារ​សង្គម ខ្ញុំ​បារម្ភ​ថា អ្វី​ៗនឹង​កាន់តែ​អា​ក្រ​ក់​ទៅៗ​ចំពោះ​កម្មករ»។

កម្មការិនី ដោក សុវណ្ណ ​បម្រើការ​ងារនៅ​រោងចក្រ​កា​ត់ដេរ Yi Da Manufacturer Co.Ltd នៅក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​និយាយ​ថា អ្នកស្រី​មាន​បំណុល​កម្ចី​ពី​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​សរុប ១៧,០​០០ដុល្លារ ដែល​អ្នកស្រី​បាន​ខ្ចី​យក​មក​សាងសង់​ផ្ទះ។

ការ​សង​កម្ចី​បាន​ក្លាយជា​ឧបសគ្គ​ធំ បន្ទាប់ពី​រោងចក្រ​ផ្អាក​ការងារ ហើយ​អ្នកស្រី​ទើបតែ​ទទួល​បាន​ប្រាក់ ៣០ដុល្លារ​ក្នុង​មួយ​ខែ​ពីរោងចក្រ។ ​

ធនាគារ​អនុញ្ញាត​ឱ្យ​អ្នកស្រី​បង់​តែ​ការប្រាក់ ដែល​បន្ថយ​ពី​ចំនួន ៤០០ដុល្លារ​ក្នុង​មួយ​ខែ​ មក​ត្រឹម ១៥៥ដុល្លារ ប៉ុន្តែ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​នៅតែ​មិន​អាច​រក​ប្រាក់​សង​បំណុល​នេះ។

អ្នកស្រី​បាន​ប្រាប់​វី​អូ​ឌីថា៖ «ខ្ញុំ​នៅតែ​មានការ​លំបាក។ ជាពិសេស​នៅ​ខែ​នេះ សូម្បី​ការប្រាក់ ក៏​ខ្ញុំ​មិន​អាច​បង់​ធនាគារ​បាន​ផង។ ខ្ញុំ​បាន​ប្រាប់​ធនាគារ​ហើយ​ថា ខ្ញុំ​គ្មាន​លទ្ធភាព​បង់​ទេ លុះត្រា​ខ្ញុំ​ត្រឡប់​ចូល​ធ្វើការងារ​វិញ»។

អ្នកស្រី សុវណ្ណ បាន​និយាយ​ថា ម្ចាស់បំណុល​មាន​សិទ្ធិ​យក​ផ្ទះ​ដាក់​លក់ដេញថ្លៃ ប្រសិនបើ​អ្នកស្រី​មិន​អាច​រក​ប្រាក់​សង​ធនាគារ​បាន ហើយ​អ្នកស្រី​សង្ស័យ​ថា អ្នកស្រី​ប្រហែលជា​ត្រូវ​បង្ខំចិត្ត​លក់​ផ្ទះ​ដើម្បី​សង​ធនាគារ ប្រសិនបើ​គ្មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល។

អ្នកស្រី​បាន​និយាយ​ថា៖ «ដូច្នេះ ចឹង​មានតែ​រឿង​មួយ ត្រូវ​បង្ខិតបង្ខំ​លក់​ផ្ទះ ដើម្បី​សង​ធនាគារ។ ខ្ញុំ​សួរ​ថា បាន​ជម្រក​ឯណា​ឱ្យកូន​នៅ​? នេះ​គឺជា​បញ្ហា»។

តាម​របាយការណ៍​នេះ​បាន​ឱ្យដឹង​ថា ប្រជាជន​កម្ពុជា​ជាង ២.៦លាន​នាក់​ជាប់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ជាង ១០ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់ឆ្នាំ​មុន ដោយ​កម្ចី​ខ្នាត​តូច​នៅ​កម្ពុជា​គិតជា​មធ្យម​មាន​ចំនួន​ទឹកប្រាក់ ៣,៨០៤ដុល្លារ ជា​ចំនួន​ច្រើនជាង​គេ​បំផុត​នៅក្នុង​ពិភពលោក។

កម្មករ​កាត់ដេរ​ជាប់​ប្រាក់កម្ចី ២០ភាគរយ​ក្នុងចំណោម​កម្ចី​មីក្រូហិរញ្ញវត្ថុ​នៅ​ទូទាំង​ប្រទេសគិត​មកដល់​ដំណាច់ឆ្នាំ​មុន នេះ​បើ​តាម​តំណាង​របស់ ​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា

នៅ​ឆ្នាំនេះ រោងចក្រ​ប្រមាណ ២៥០កន្លែង​ដែល​ផលិត​សម្លៀកបំពាក់ ស្បែកជើង និង​កាបូបស្ពាយ​ បាន​ផ្អាក​ប្រតិបត្តិ​ការ​ទាំងស្រុង ខណៈ​មួយចំនួន​ទៀត​បាន​បន្ថយ​សកម្មភាព​ផលិត​របស់​ខ្លួន នេះ​បើ​យោង​តាម​លិខិត​របស់​សមាគម​នេះ​កាលពីដើម​ខែមិថុនា។

កម្មករ​ជាង ១៣០,០០០នាក់​ក្នុង​វិស័យ​នេះ​បាន​បាត់បង់​ការងារ​របស់​ពួក​គេ ខណៈ​ពេល​អ្នកបញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុប និង​តំបន់​អាមេរិក​ខាងជើង បាន​លុបចោល​ការ​បញ្ជាទិញ​បច្ចុប្បន្ន​របស់​ខ្លួន ឬក៏​ខកខាន​មិនបាន​បញ្ជាទិញ​ជាថ្មី​ដោយសារតែ​តម្រូវការ​ប្រើប្រាស់​ធ្លាក់ចុះ។

សមាគម​នេះ​ប៉ាន់ប្រមាណ​ថា ការនាំចេញ​នឹង​ធ្លាក់ចុះ​ប្រហែល​ពាក់កណ្តាល​នៅ​ត្រីមាស​ទី២នៃ​ឆ្នាំ២០២០ បើ​ធៀប​នឹង​ឆ្នាំមុន។

កាលពី​សប្តាហ៍​មុន សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ បាន​សរសេរ ​លិខិត​ទៅ​ក្រសួងការងារ ដោយ​ស្នើ​ឱ្យ​ផ្អាក​ការចរចា​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំក្រោយ​ ដោយសារតែ​ការ​រីក​រាលដាល​វីរុស​កូ​រ៉ូ​ណា និង​វិបត្តិសេដ្ឋកិច្ច​កំពុង​បន្ត។

លោក កាំង តុ​ង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​ ទទួលស្គាល់​ថា អ្នកខ្ចី​ប្រាក់​ស្ថិតនៅ​ក្រោម​សម្ពាធ​ច្រើន​ដោយសារតែ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បណ្តាល​មក​ពី​កូ​វីដ១៩ ហើយ​បាន​និយាយ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុបាន​ឆ្លើយតប​តាមរយៈ​ការពិនិត្យ​មើល​សំណើ​របស់​កូនបំណុល​ក្នុង​ការរៀបចំ​កម្ចី​ឡើងវិញ។

គិត​មកដល់​សប្តាហ៍​ទី៣ នៃ​ខែមិថុនា មានកូន​បំណុល ២២ម៉ឺន​នាក់ បាន​ស្នើសុំ​រៀបចំ​កម្ចី​ឡើងវិញ ដោយ​អ្នកខ្លះ​ស្នើសុំ​ផ្អាក​ការ​សងបំណុល​ពី​បី​ខែ​ទៅ​ប្រាំមួយ​ខែ ចំណែក​អ្នកខ្លះ​ស្នើសុំ​បង់​តែ​ការប្រាក់ នេះ​បើ​តាម​ការ​អះអាង​របស់​លោក តុង​ងី។

មកដល់​ថ្ងៃទី១០ ខែឧសភា សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​រាយការណ៍​ថា មានកូន​បំណុល​ជាង ១៣៧,០០០នាក់ បាន​ស្នើសុំ​គ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ​ឱ្យ​រៀបចំ​កម្ចី​ឡើងវិញ ហើយ​មានកូន​បំណុល ១១៨,០០០នាក់ ត្រូវ​បាន​ផ្តល់​ការរៀបចំ​កម្ចី​ឡើងវិញ។

កាលពី​ខែមីនា ធនាគារជាតិនៃកម្ពុជា បាន​ទទូច​ឱ្យធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពិចារណា​រៀបចំ​កម្ចី​ឡើងវិញ និង​ពន្យារ​ការ​បង់ ដើម្បី​ជួយ​កូនបំណុល​ដែល​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច។

សមាគម​មី​ក្រូហិរញ្ញវត្ថុ​បាន​អះអាង​ថា ខ្លួន​កំពុង​ដោះស្រាយ​តាម​ករណី​ជាក់ស្តែង​នី​មួយ​ៗ ប៉ុន្តែ​អ្នក​ចងក្រង​របាយការណ៍​នេះ​បាន​ជំទាស់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គួរ​ផ្អាក​ការ​សងបំណុល​ទាំងអស់​យ៉ាងហោចណាស់​បី​ខែ និង​ឈប់​យក​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដី​ធ្លីជា​ទ្រព្យ​ធានា។

របាយការណ៍​បាន​ឱ្យដឹង​ថា៖ «វិធានការណ៍​នេះ​ទទួល​បានការ​បន្ធូរបន្ថយ​សម្រាប់​អ្នកខ្ចី​ប្រាក់ ប៉ុន្តែ​មាន​អ្នកខ្ចី​ប្រាក់​រាប់​មុឺ​ននា​ក់​ផ្សេងទៀត​ រួម​ទាំង​កម្មករ​កាត់ដេរ​ជាច្រើន​ផង​ដែរ ដែល​នឹង​មិនបាន​ដាក់​សំណើ​ផ្លូវការ​ដោយសារ​កង្វះ​ព័ត៌មាន ការយល់​ដឹង​ ឬចំណេះដឹង​ពី​ដំណើរការ​នេះ»។

នៅពេល​សួរនាំ​អំពី​ការ​បារម្ភ​ដែល​ថា មន្ត្រី​ឥណទាន​បង្ខិតបង្ខំ​ឱ្យអ្នកខ្ចី​ប្រាក់​សងបំណុល ដែល​ក្នុង​នោះ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​លើកឡើង​ថា ជាហេតុ​នាំឱ្យមាន​ការ​លក់​ដី​ដោយបង្ខំ និង​បង្ខំឱ្យអតិថិជន​ខ្ចីប្រាក់​បន្ថែម​ពី​អ្នក​ចងការ។

លោក តុង​ងី បាន​មានប្រសាសន៍​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវតែ​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ជា​ទ្រព្យ​ធានា​សម្រាប់​កម្ចី​មីក្រូហិរញ្ញវត្ថុ ប៉ុន្តែ មន្ត្រី​ឥណទានមិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យបង្ខំ​កូនបំណុល​លក់​ដី​របស់​គាត់​នោះ​ទេ។

លោក តុង​ងី បាន​មានប្រសាសន៍​ថា៖ «នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ បើសិនជា​មាន​មន្ត្រី​ឥណទាន​ណា​ធ្វើបែប​ហ្នឹង​មែន គឺ​មន្ត្រី​ឥណទាន​ហ្នឹង​បាន​ធ្វើខុស​នឹង​ក្រម​សីលធម៌​ហើយ ដែល​បុគ្គ​លិ​កនឹង​ប្រឈម​នឹង​ការបញ្ឈប់​ពី​ការងារ ឬពិ​ន័យ​ផ្សេង​ៗពី​ស្ថាប័ន​គាត់»។

លោក​បាន​គូសបញ្ជាក់​ថា កម្មករ​អាច​ទូរសព្ទ​មកកាន់​សមាគម​មីក្រូហិរញ្ញវត្ថុ ដើម្បី​រាយការណ៍​ពី​ការប្រព្រឹត្តមិន​ត្រឹមត្រូវ​របស់​មន្ត្រី​ឥណទាន។

លោក​មានប្រសាសន៍​ថា៖ «មន្ត្រី​យើង​នឹង​ពិនិត្យ​លើ​ករណី​របស់​គាត់ ហើយ​ក្នុងករណី​ខ្លះ គឺ​យើង​នឹង​អន្តរាគមន៍​លើ​ករណី​ហ្នឹង​តែម្តង»។

ថ្លែងប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃ​ចន្ទ​ មួយថ្ងៃ​មុន​ការ​ចេញផ្សាយ​របាយការណ៍​នេះ លោក  ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ បាន​មានប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​មិន​យល់​ពី​សាច់រឿង​នេះ ហើយបែរជា​បាន​លើកទឹកចិត្ត​កូនបំណុល​បោះបង់​ការទទួលខុសត្រូវ។

លោក​អះអាង​ថា កម្ពុជា​អនុវត្ត​របប​ទីផ្សារសេរី ហើយ​រដ្ឋាភិបាល​មិន​អាច​លូកដៃ​លើស​ពី​ការ​ផ្តល់​យោបល់​ឱ្យ​វិស័យ​នេះ​ធ្វើការ​សម្របសម្រួល​ប្រកបដោយ​ភាព​ទន់ភ្លន់​នោះ​ទេ។

លោក ផៃ ស៊ី​ផាន បាន​មានប្រសាសន៍​ថា៖ «គ្មាន​នរណា​មួយ​ទៅ​បង្ខំឱ្យគេ​បំបែក​ចោល​នូវ​លក្ខន្តិក​នៃ​កិច្ចសន្យា​ទេ គ្មាន​ទេ​! នាយក​រដ្ឋមន្ត្រី​ក៏​អត់មាន​សិទ្ធិ​ទៅ​បំបែក ឬរំលាយ​នូវ​លក្ខន្តិក​ដែលគេ​បាន​ចុះខសន្យា​រវាង​អ្នកខ្ចី​លុយ និង​អ្នក​ផ្តល់​លុយ​ឱ្យខ្ចី»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles