ស៊ីម៉ាក់ អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ឈប់​​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​ទៅ​ប្រើប្រាស់ ឬ​កែច្នៃ​ជា​ឧបករណ៍​ផ្សេងៗ

ដោយ សេក បណ្ឌិត
2020-07-01
RFA

អ្នក​ជំនាញ​គ្រឿង​ផ្ទុះ​នៃ​អង្គភាព​ដោះមីន ស៊ីម៉ាក់ (CMAC) កំពុង​ប្រមូល​អំបែង​គ្រាប់​កាំភ្លើង​ធំ ធុន ១០៥មម ដែល​ផ្ទុះ​សម្លាប់​បុរស​នៅ​ខេត្ត​កណ្ដាល​ម្នាក់ ពេល​គាត់​យក​គ្រាប់​នោះ​ទៅ​កែច្នៃ​ធ្វើ​ជា​ឧបករណ៍​គ្រឿង​បន្លាស់​ផេ្សងៗ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ២០២០។

អ្នក​ជំនាញ​គ្រឿង​ផ្ទុះ​នៃ​អង្គភាព​ដោះមីន ស៊ីម៉ាក់ (CMAC) កំពុង​ប្រមូល​អំបែង​គ្រាប់​កាំភ្លើង​ធំ ធុន ១០៥មម ដែល​ផ្ទុះ​សម្លាប់​បុរស​នៅ​ខេត្ត​កណ្ដាល​ម្នាក់ ពេល​គាត់​យក​គ្រាប់​នោះ​ទៅ​កែច្នៃ​ធ្វើ​ជា​ឧបករណ៍​គ្រឿង​បន្លាស់​ផេ្សងៗ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់


មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់/CMAC) អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បញ្ឈប់​ការ​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ទៅ​ប្រើប្រាស់ ឬ​កែច្នៃ​ធ្វើ​ជា​ឧបករណ៍​ផ្សេងៗ ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។

អគ្គនាយក ស៊ីម៉ាក់ លោក ហេង រតនា ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍ កាល​ពី​ថ្ងៃ​ទី២៩ មិថុនា​ថា ការ​យក​គ្រាប់​សំណល់​ពី​សង្គ្រាម​មក​កែច្នៃ​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ នេះ ក្រៅ​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ករណី​នេះ​ជា​អំពើ​ល្មើស​ច្បាប់​ទៀត​ផង។

ការ​ថ្លែង​បែប​នេះ ក្រោយពី​បុរស​ម្នាក់​ឈ្មោះ អ៊ី សារិន អាយុ ៥១ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​រើស​យក​ក្បាល​គ្រាប់​មិនទាន់​ផ្ទុះ​គំនរ​អេតចាយ​មួយ​នៅ​ក្បែរ​រោង​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​របស់​គាត់​នោះ ទៅ​កែច្នៃ​ធ្វើជា​គ្រឿងបន្លាស់​គ្រឿងយន្ត​កសិកម្ម​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​នៅ​នឹង​កន្លែង​ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ២០២០។

ក្រោយ​ការ​ផ្ទុះ​គ្រាប់​នោះ​ភា្លមៗ សមត្ថកិច្ច​ខេត្ត​កណ្ដាល​បាន​ទៅ​ពិនិត្យមើល​ទីតាំង​គំនរ​អេតចាយ​​នោះ​ ហើយ​អះអាង​ថា បាន​រក​ឃើញ​ក្បាល​គ្រាប់កាំភ្លើង​ធំ​ប្រភេទ ១០៥មិល្លីម៉ែត្រ​ចំនួន ២គ្រាប់​ថែមទៀត​នៅ​សេសសល់​ក្នុង​គំនរ​អេតចាយ​នោះ ដើម្បី​ទុក​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​កម្ទេច​ចោល។

រាយការណ៍​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ឲ្យ​ដឹង​ថា នៅ​ស្រុក រុក្ខគិរី​ថ្មីៗ នេះ ក៏​មាន​ករណី​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​កិន​លើ​គ្រាប់​មីន​តោន ១គ្រាប់​ បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​បុរស​ម្នាក់ ហើយ​ត្រាក់ទ័រ​ត្រូវ​ខូចខាត​ទាំងស្រុង។ អាជ្ញាធរ​បាន​ជួយ​ជន​រង​គ្រោះ​​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។

របាយការណ៍ ១០ខែ ឆ្នាំ២០១៩ របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ឬ​ស៊ីអឹមអេអេ (CMAA) បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ចំនួន ៧១លើក កើន​ឡើង ៤២ភាគ​រយ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០១៨។ របាយការណ៍​ដដែល​បន្ត​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ១១នាក់ និង ៦០នាក់​ផ្សេងទៀត​បាន​រង​របួស ឬ​ដាច់​អវយវៈ។

គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​សម្លាប់​មនុស្ស​ចំនួន​ជិត ២ម៉ឺន​នាក់ (១៩.៧៧៩) នាក់ និង​បណ្ដាល​ឱ្យ​អ្នក រង​របួស​ចំនួន​ជាង ៤ម៉ឺន​នាក់ (៤៥.០៧០) គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៧៩ ដល់​ខែ​តុលា​ឆ្នាំ២០១៩។

ទោះ​យ៉ាង​ក្តី រដ្ឋាភិបាល​ធ្លាប់​បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​គ្មាន​មីន​នៅ​ឆ្នាំ២០២៥ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles