អតីត​​អ្នក​បក​ប្រែ​​បណ្ដាញ​​ព័ត៌មាន​​រុស្ស៊ី​​បង្ហាញ​​ក្ដី​​សង្ឃឹម​ថា​នឹង​​ទទួល​​បាន​​យុត្តិធម៌​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពសារព័ត៌មាន
កញ្ញា ខាន់ លក្ខិណា | ០១ កក្កដា ២០២០ | ម៉ោង ១៨:២០
VOD

លោក រ៉ាត់ រត្នមុនី ចូលក្នុងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងវិដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក រ៉ាត់ រត្នមុនី (ឆ្វេង) ចូលក្នុងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងវិដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ផ្ដល់ឱ្យ)


អតីត​អ្នកបកប្រែ​ឱ្យ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី Russia Today (RT​) លោក រ៉ាត់ រត្ន​មុនី នៅតែ​អះអាង​ថា លោក​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ឯកសារ​និយាយ​អំពី​ការ​ជួញ​ដូរ​ផ្លូវភេទ​នារី​នៅ​កម្ពុជា។

តុលាការ​កំពូល​នៅ​ថ្ងៃនេះ បាន​បើកសវនាការ​បណ្ដឹង​សារទុក្ខ​របស់​អតីត​អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT លោក រ៉ាត់ រត្ន​មុនី ដែល​ជំទាស់​ទៅ​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ដែល​បាន​ផ្ដន្ទាទោស​លោក​ឱ្យជាប់ពន្ធ​នា​គារ ២ឆ្នាំ និង​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ​ផង​ដែរ។

ក្នុងអំឡុងពេល​សវនាការ​នា​ព្រឹក​នេះ អតីត​អ្នកបកប្រែ​ឱ្យ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី RT លោក រ៉ាត់ រត្ន​មុនី បាន​ប្រាប់​ទៅ​ចៅក្រម​ជំនុំជម្រះ​ថា លោក​ប្ដឹង​សារទុក្ខ​មក​តុលាការ​កំពូល ដោយសារតែ​សាលាឧទ្ធរណ៍​មិនបាន​ផ្ដល់​យុត្តិធម៌​ដល់​រូប​គាត់។

លោក រ៉ាត់ រត្ន​មុនី ប្រាប់​ថា៖ «សាលាឧទ្ធរណ៍​មិនបាន​ផ្ដល់​យុត្តិធម៌​ឱ្យ​ខ្ញុំ។ ខ្ញុំបាទ ក៏​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់»។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ាត់ រត្ន​មុនី គឺ​លោក ឡោ ជុន​ធី បាន​ឡើង​អះអាង​នៅមុខ​ចៅក្រម​ជំនុំជម្រះ​ថា កូនក្ដី​លោក​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​សម្របសម្រួល និង​បកប្រែ​ភាសា​ឱ្យ​បណ្ដាញ​សារព័ត៌មាន​រុស្ស៊ី​ ដោយ​ទទួល​កម្រៃ​ក្នុង ១ថ្ងៃ ១២០ដុល្លារ។ 

លោក​ថា កូនក្ដី​លោក​គ្មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សារព័ត៌មាន RT ហើយក៏​មិនដឹង​ពី​ខ្លឹមសារ​នៃ​ខ្សែវីដេអូ​ឯកសារ​នោះ​ទេ ដោយ​ថា បន្ទាប់ពី​ថត​ចប់ ក្រុម​សារព័ត៌មាន​រុស្ស៊ី បាន​យក​វីដេអូ​ទាំងអស់​នោះទៅ​ផលិត​ដោយខ្លួនឯង។

លោក ឡោ ជុន​ធី ប្រាប់​ថា៖ «ក្នុង​លិខិត​ដែល​ខាង RT បាន​ឆ្លើយតបទៅនឹង​ស្ថានទូត​របស់​យើង​ដែល​នៅ​ទីក្រុង​មូស្គូ​ ក៏បាន​បញ្ជាក់​ពី​ឋានៈ និង​តួនាទី​របស់​កូនក្ដី។ ខ្ញុំ​សុំ​ស្រង់ យើង ​[RT] បាន​បញ្ជាក់​ថា លោក រ៉ាត់ រត្ន​មុនី បាន​ធ្វើការ​ជាមួយ​ក្រុម​របស់​យើង គ្រាន់តែ​ជា​អ្នកជួយ​សម្រួល និង​អ្នកបកប្រែ​ភាសា​ប៉ុណ្ណោះ។ ខ្ញុំ​បញ្ជាក់​មួយទៀត ឯកសារ​វីដេអូ​ហ្នឹង ត្រូវ​បាន​កែសម្រួល​នៅ​ទីក្រុង​មូស្គូ​ ក្នុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ២០១៨ ដោយក្រុម​មួយដែល​មាន​បុគ្គលិក​សារព័ត៌មាន​រុស្ស៊ី RT ផ្ទាល់»។

ប៉ុន្តែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល អ្នកស្រី គឹម សត្ថា​វី អះអាង​ថា លោក រ៉ាត់ រត្ន​មុនី មិនមែន​ធ្វើ​ត្រឹមតែ​ជា​អ្នកបកប្រែ​នោះ​ទេ បើ​តាម​ខ្សែវីដេអូ​ដែល​បាន​ចាក់​បញ្ចាំង អ្នកស្រី​ថា លោក​ក៏​ជា​អ្នក​ផលិត​ដែរ។

អ្នកស្រី គឹម សត្ថា​វី ថ្លែង​ថា៖ «កូនក្ដី​របស់​លោក​មិនបាន​ធ្វើ​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​បាន​ធ្វើ​លើស​ពី​ហ្នឹង​ច្រើនណាស់។ អ៊ីចឹង​បាន​ថា អាហ្នឹង លោក​ត្រូវ​ពិ​ចា​រណា ហើយ​មួយទៀត ខ្សែវីដេអូ​ចាក់​ផ្សាយ​មានឈ្មោះ អ្នក​ដែល​ជា​តួ​សម្ដែង​ស្អី​ៗ ហើយ​កូនក្ដី​របស់​លោក​មានឈ្មោះ​នៅក្នុង​ហ្នឹង មាន​តួនាទី​ជា​ផលិតករ។ ដូច្នេះហើយ​បានកូន​ក្ដី​របស់​លោក​ត្រូវ​ទទួលខុសត្រូវ​រឿង​នេះ​ដោយខ្លួនឯង»។

បន្ទាប់ពី​មានការ​លើកឡើង​នេះ លោក​មេធាវី ឡោ ជុន​ធី បាន​បញ្ជាក់​ទៅ​ក្រុមប្រឹក្សា​ម្ដងទៀត​ថា សារព័ត៌មាន​រុស្ស៊ី​បាន​ធ្វើ​លិខិតបញ្ជាក់​មក​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​មូស្គូ​ពី​តួនាទី​កូនក្ដី​របស់​លោក​ជា ​«អ្នកបកប្រែ​ភាសា​ឱ្យ​សារព័ត៌មានRT» មិនមែន​ជា​អ្នក​ផលិត​នោះ​ទេ។ លោក​ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​កូនក្ដី​របស់លោក​ឱ្យ​មាន​សេរីភាព​វិញ។

អ្នកនាំពាក្យ​សមាគម​សិទ្ធ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ប្រាប់​ថា ការចោទប្រកាន់​លោក រ៉ាត់ រត្ន​មុនី ធ្វើឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។

លោក​បន្ត​ថា បើសិនជា​តុលាការ​នៅតែ​មិន​ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​ឱ្យ​លោក​មាន​សេរីភាព​នោះ​ទេ លោក​ថា ការ​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល នឹង​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​អស់ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «យើង​សង្ឃឹមថា ប្រព័ន្ធ​យុត្តិធម៌​ដែល​មាន​រដ្ឋមន្ត្រី​ថ្មី​ទើប​ចូលកាន់​តំណែង ​នឹង​ពិនិត្យមើល​រឿង​ហ្នឹង​ឡើងវិញ​ ចំពោះ​ភាព​មិន​ប្រក្រតី​ទាំងអស់​ហ្នឹង ដោយ​មិន​មានការ​រើសអើង​ទៅលើ​ក្រុម​ដែល​ធ្វើការងារ​សង្គម ដែល​មាន​មនសិ​ការ​ផ្សេង​ៗដែល​ហ៊ាន​ធ្វើការ​រិះគន់ ឬហ៊ាន​ធ្វើសកម្មភាព ដើម្បី​លាតត្រដាង​អំពី​រឿង​ដែល​មិន​ត្រឹមត្រូវ​ជាច្រើន គួរតែ​បាន​លើកទឹកចិត្ត ហើយ​ផ្ដល់​ភាព​យុតិ្តធម៌ ដោយ​ដោះលែង​និង​ទម្លាក់​ចោល​បទចោទប្រកាន់ ឱ្យ​គាត់​អាច​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ហើយ​អាច​បន្ត​អាជីព​ការងារ ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ជួយ​សង្គម​យើង​បន្ត​ទៀត»។

លោក រ៉ាត់ រត្ន​មុនី ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក​ កាលពី​ខែធ្នូ ឆ្នាំ២០១៨។ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ផ្តន្ទា​ទោស​លោក​ឱ្យ​ជាប់ពន្ធ​នា​គារ ២ឆ្នាំ​ ក្រោម​ការចោទប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​មានការ​រើសអើង» កាលពី​ថ្ងៃទី២៦ ខែមិថុនា​ ​ឆ្នាំ២០១៨ តាម​ការចោទប្រកាន់​របស់​ដើម​បណ្តឹង​ចំនួន ៥នាក់ គឺ​លោក នាក់ សុទ្ធី នាយក​សាលា​ឥន្ទ្រ​ទេវី កញ្ញា គៀង ស្រី​ម៉េច កញ្ញា លឹម ស្រី​ទី អ្នកស្រី ទេព សា​លីម និង​អ្នកស្រី កែវ ម៉ាឡៃ ដែល​សុទ្ធតែ​ជា​តួសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​នោះ។

បន្ទាប់ពី​បញ្ចប់​សវនាការ តុលាការ​កំពូល​បានសម្រេច​លើកពេល​ប្រកាស​សាលដីកា​សំណុំរឿង​នេះ​ទៅ​ថ្ងៃទី១៥ ខែកក្កដា​ខាងមុខ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles