កម្មករ​រោង​ចក្រ​ចំនួន​ពីរ ផ្ទុះ​ការ​តវ៉ា ទាមទារ​ឲ្យ​​ក្រ​សួង​​ដោះ​ស្រាយ​ប្រាក់​សំណង​ជូន​ពួក​គេ

ដោយ ទីន ហ្សាការីយ៉ា
2020-07-02
RFA

កម្មករ​រោងចក្រ វ៉ាយអូលែត អឹភែរឹល ខេមបូឌា (Violet Apparel Cambodia) តវ៉ា​រក​ដំណោះស្រាយ​លើ​លក្ខខណ្ឌ​ការងារ នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០២០។

កម្មករ​រោងចក្រ វ៉ាយអូលែត អឹភែរឹល ខេមបូឌា (Violet Apparel Cambodia) តវ៉ា​រក​ដំណោះស្រាយ​លើ​លក្ខខណ្ឌ​ការងារ នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០២០។

 រូប៖ កម្មករ


កម្មករ​រោងចក្រ​ចំនួន​ពីរ​បាន​តវ៉ា នៅ​ថ្ងៃ​ទី១ កក្កដា ឲ្យ​ខាង​ថៅកែ​ផ្ដល់​ប្រាក់​សំណង ក្រោយពី​រោងចក្រ​បិទ​ទ្វារ គឺ​កម្មករ រោងចក្រ វ៉ាយអួលែត ខេមបូឌា និង​កម្មករ​រោងចក្រ ហាណាវ័ន (Hana1 Cambodia) ប្រមាណ ៣០០នាក់ ផ្ទុះ​ការ​តវ៉ា​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ទាមទារ​ឲ្យ​ក្រសួង​ដោះ​ស្រាយ​លក្ខខណ្ឌ ២ចំណុច​ទៀត​តាម​ការ​សន្យា។

កម្មករ​គ្រោង​ដង្ហែ​តវ៉ា​ពី​ចំណុច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វត្ត​បទុមវតី និង​ក្រសួង​ការងារ​តែ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​រារាំង ទើប​បង្វែរ​ទៅ​ក្រសួង​ការងារ​វិញ។

ក្រុម​កម្មករ​រោងចក្រ​ទំាង​ពីរ​នេះ បាន​តវ៉ា​នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា ទាមទារ​ឲ្យ​ខាង​ថៅកែ​ផ្ដល់​ប្រាក់​សំណង និង​ប្រាក់​អតីត​ភាព​ការងារ ជួន​ពួក​គាត់​ទៅ​តាម​កិច្ច​សន្យា។

កម្មករ​រោង​ចក្រ​ហាណាវ័ន (Hana1 Cambodia) លោកស្រី សុខ ជា ឲ្យ​ដឹង​ថា អ្វី​ដែល​កម្មករ​ទាមទារ​ចង់​បាន​នោះ គឺ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ធ្វើ​តាម​ការ​សន្យា​ផ្ដល់​សំណង​​ជូន​​កម្មករ​​ចំនួន ៥ចំណុច​​​ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ គឺ​ប្រាក់ខែ​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ ប្រាក់​ជូនដំណឹង ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​ដំណាច់​ឆ្នាំ​ដែល​នៅ​សល់។ តែ​លោកស្រី សុខ ជា អះអាង​ថា ក្រុម​កម្មករ​ទទួល​បាន​តែ ៣ចំណុច​តែ​ប៉ុណ្ណោះ ហើយ​ពុំ​ពេញ​លក្ខខណ្ឌ​នោះ​ទេ​សម្រាប់​កម្មករ​ថ្មី និង​កម្មករ​ចាស់ ដែល​ក្រសួង និង​ថៅកែ​ក្រុម​ហ៊ុន បាន​ដោះ​ស្រាយ​ជូន។ អ្នកស្រី​អះអាង​ថា នៅ​សល់ ២ចំណុច​ទៀត គឺ​ប្រាក់​សង​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង។ លោកស្រី​ថា ប្រសិន​បើ​ក្រសួង​មិន​ដោះ​ស្រាយ​ជូន​ពួក​គាត់​ទេ ពួក​គាត់​នឹង តវ៉ា​ម្តង​ទៀត​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ពួក​ខ្ញុំ​ហ្នឹង​ខ្វះខាត​ច្រើន ដល់​ពេល​ឥឡូវ​នេះ លុយ​ថ្លៃ​ផ្ទះ​ជួល​ហ្នឹង ក៏​ជិត​ដល់​ថ្ងៃ​បង់​ហើយ​ក៏​គ្មាន​ប្រាក់​ចាយ​ប្រចាំ​ថ្ងៃ​ក៏​មិន​មាន​សល់​ដែរ វា​ខ្វះ​គ្រប់​បែប​យ៉ាង។ គាត់​សន្យា​នឹង​ពួក​ខ្ញុំ​ថា ឲ្យ​ទាំង ៥ចំណុច​ហ្នឹង​ហើយ ដល់​ពេល​បើក​បានតែ ៣ចំណុច តែ ៣ចំណុច​ហ្នឹង ក៏​មិន​ពេញ​លក្ខខណ្ឌ​ដែរ តែ​ពួក​ខ្ញុំ​អត់​ទាមទារ​ទៀត​ទេ។ ដល់​ពេល​លុយ​ជូន​ដំណឹង និង​លុយ​ជំងឺ​ចិត្ត អា​នេះ​ដូច​ថា​ច្រើនៗ គឺ​ពួក​គាត់​អត់​គិត​ឲ្យ​ពួក​ខ្ញុំ​ហ្មង។ កម្មករ​ថ្មី​អ្នក​ខ្លះ​ទៅ​គាត់​បាន ៥០០ដុល្លារ ៤៩០ដុល្លារ ៥០០ដុល្លារ​ជាង​អ៊ីចឹង​ទៅ តែ​បើ​កម្មករ​ចាស់ ភាគ​ច្រើន​ពី ១០ឆ្នាំ ៥ឆ្នាំ​អី​គាត់​បើក​បាន​តែ ៣៩០ដុល្លារ ៣៣០ដុល្លារ ៣៤០ដុល្លារ​ដែល​ទៅ​តាម​គាត់​ដាច់​លុយ ឬ​មិន​ដាច់​លុយ​អ៊ីចឹង។ អ្នក​កម្មករ​ចាស់ ធ្វើ​ការ​ច្រើន​ឆ្នាំ អត់​បាន​លុយ​ពេញ​ដូច​អ្នក​កម្មករ​ថ្មី​ទេ»។

លោកស្រី សុខ ជា ត្អូញត្អែរ​ពី​ទុក​លំបាក​របស់​កម្មករ​នៅ​ពេល​បាត់បង់​ការងារ​នេះ​ដោយ​ពុំ​មាន​ប្រាក់បង់​ធនាគារ ប្រាក់​បង់​ថ្លៃផ្ទះ និង​ប្រាក់​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ជា​ដើម។

រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ហាណាវ័ន មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​កម្មករ​ប្រមាណ ៨រយ​នាក់ បាន​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ទី២៣ មិថុនា បន្ទាប់​ពី​ខាង​រោងចក្រ​ប្រកាស​ក្ស័យ​ធន​កាល​ពី​ថ្ងៃ​ទី២២ មិថុនា​ថា នឹង​ត្រូវ​បិទទ្វារ​ឆាប់ៗ នេះ។

នៅ​ថ្ងៃ​ដដែល​នេះ កម្មករ​រោងចក្រ វ៉ាយអួលែត អឹភែរឹល ខេមបូឌា កូអិលធីឌី (VIOLET APPAREL CAMBODIA CO,.LTD) រាប់​រយ​នាក់ នៅ​ខណ្ឌ​សែន​សុខ​វិញ ក៏​ផ្ទុះ​ការ​តវ៉ា​ទាំង​ខាង​ក្នុង និង​ខាង​មុខ​រោងចក្រ​ដែរ ដោយសារ​តែ​ខាង​រោងចក្រ​មួយ​នេះ បាន​ប្រកាស​ព្យួរ​​ការងារ​ចំនួន​ពីរ​ខែ​មក​ហើយ។ លុះដល់​ថ្ងៃ​កំណត់​ចូល​ធ្វើការ​វិញ នៅ​ថ្ងៃ​ទី១ កក្កដា​នេះ ស្រាប់តែ ខាង​ថៅកែ​បាន​ប្រកាស​បិទ​រោងចក្រ​ទៅ​វិញ។ ក្រុម​កម្មករ​ខឹង​ថៅកែ​រោងចក្រ ដោយ​មិន​ទទួល​ខុស​ត្រូវ​ និង​មិន​គោរព​សិទ្ធិ​កម្មករ។ ពួក​គេ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​សង​ប្រាក់​សំណង​ជូន​ពួក​គេ​ចំនួន ៥ចំណុច​តាម​ច្បាប់​ការងារ។

កម្មករ​ម្នាក់​របស់​រោងចក្រ វ៉ាយអួលែត អឹភែរឹល ខេមបូឌា កូអិលធីឌី (VIOLET APPAREL CAMBODIA CO,.LTD) លោកស្រី ចាន់ ម៉ាលីណា លើក​ឡើង​ថា ដំបូង​ខាង​ក្រុម​ហ៊ុន​បាន​ប្រកាស​ប្រាប់​កម្មករ​ដោយ​ព្យួរ​ការងារ​រយៈ​ពេល ២ខែ ដោយ​ខាង​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ក្នុង​មួយ​ខែ ៣០ដុល្លារ រយៈ​ពេល ២ខែ។ តែ​ដល់​ថ្ងៃ​កំណត់​ចូល​ធ្វើ​ការ​វិញ ក្រុមហ៊ុន​ក៏​ប្រកាស​បិទ​តែ​ម្ដង។ លោកស្រី​ថា ក្រុម​កម្មករ​នឹង​ទទួល​បាន​ប្រាក់​សំណង ៣ចំណុច​ប៉ុណ្ណោះ តែ ២ចំណុច​ទៀត​គឺ ប្រាក់​សង​ជំងឺ​ចិត្ត និង​ប្រាក់​ជូន​ដំណឹង នឹង​មិន​ទទួល​បាន​នោះ​ទេ ដោយ​សារ​ច្បាប់​ថ្មី​ស្ដីពី​ការងារ បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ថៅកែ​រោង​ចក្រ តែ​គាប​ក​ក្រុម​កម្មករ។ ពួកគេ ​ខកចិត្ត​ដែល​ក្រសួង​ការងារ​មិន​រក​ដំណោះស្រាយ និង​យុត្តិធម៌​ដល់​កម្មករ​ទេ បែរ​ទៅ​កាន់​ជើង​ថៅកែ​រោងចក្រ​វិញ៖ «និយាយ​រួម បើ​តាម​រឿង​ថៅកែ​គេ​យល់​ស្រប​ទៅ​តាម​ច្បាប់ ដែល​ក្រសួង​ចេញ​ដែរ បើ​ក្រសួង​យើង​ចេញ​មក​តែ​អ៊ីចឹង គេ​មិន​ធ្វើ​តាម​ក្រសួង។ មុនដំបូង​គេ​គិត​ឲ្យ​យើង​តើ ដល់​ក្រសួង​ចេញ​មក គេ​ក៏​កែប្រែ​តាម​ក្រសួង គេ​មិន​មែន​ពន្លើស​ក្រសួង​ឯ​ណា៎ប៉ុន្តែ​ក្រសួង​អត់​មាន​គិត​ដល់​ទឹក​ចិត្ត​កម្មករ​ផង​ហ្នឹង ធ្វើ​ការ​ផង​ហ្នឹង ព្រោះ​អី​គាត់​ប្រើ​ពាក្យ​ថា ស្រឡាញ់​កម្មករ​ហើយ​ចេញ​សេចក្ដី​ប្រកាស​មក អា​ហ្នឹង​ហៅ​ថា ពាក្យ​ស្រឡាញ់​កម្មករ​ហើយ​ហ្នឹង។ ហើយ​អ្នក​ខ្លះ​គិត​ថា រោងចក្រ​ហ្នឹង​ធ្វើ​ការ​វិញ ហើយ​អ៊ីចឹង​ផ្ទះ​ជួល​ហ្នឹង យ៉ាង​ច្រើន​គេ​ចុះ​ឲ្យ​តែ ១០ដុល្លារ ៥ដុល្លារ​ហ្នឹង ហើយ​យើង​ខ្លាច​ថា រោងចក្រ​មក​ពិបាក​រក​ជួល​ផ្ទះ យើង​ត្រូវ​យក​លុយ​ហ្នឹង យក​អា ១ខែ ៣០ដុល្លារ​ហ្នឹង​ទៅ​បង់​ឲ្យ​ថ្លៃ​ផ្ទះ​ហ្នឹង មាន​បាន​ប្រើ​ការ​អី។ ហ៎ ឲ្យ​សម្តេច​ហ៎ ១ខែ ៤០​ ២ខែ ៨០ដុល្លារ ២ខែ​ហ្នឹង​បាន ២០ដុល្លារ​ហ្នឹង ៦០ដុល្លារ​ទៀត​អត់​ដឹង​នៅ​ណា​ផង​ហ្នឹង»។

ក្រុម​កម្មករ​អស់​សង្ឃឹម​ជា​ខ្លាំង​ដោយ​ពួក​គេ​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​នេះ អ្នកខ្លះ ១៥ឆ្នាំ និង​អ្នក​ខ្លះ​ធ្វើ​ការ​ជាង ២០ឆ្នាំ​មក​ហើយ ឥឡូវ​នេះ រោងចក្រ​ប្រកាស​បិទ​ពុំ​បាន​ប្រាប់​ពី​មូលហេតុ និង​មិន​ជូន​ដំណឹង​ឲ្យ​ដឹង​មុន។ អ្នកស្រី​បន្ថែម​ថា បើ​សិន​ជា​រោងចក្រ​បិទទ្វារ នឹង​គ្មាន​លុយ​បង់​ថ្លៃ​ផ្ទះ​ជួល និង​ជំពាក់​បំណុល​ធនាគារ និង​គ្មាន​លុយ​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ​ជា​ដើម។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សាកសួរ​អំពី​ការ​ដោះស្រាយ​ជម្លោះ​ការងារ​ទាំង​ពីរ​រោងចក្រ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក អ្នកនាំពាក្យ​មួយ​រូប​ទៀត​នៃ​ក្រសួង​ការងារ គឺ​លោក សេង សក្តា មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។

អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថ្លែងថា ការ​តវ៉ា​របស់​កម្មករ​នេះ គឺ​បញ្ជាក់​ថា ថៅកែ​រោងចក្រ​ទាំងនោះ​ មិន​បាន​ដោះស្រាយ​សំណងជូន​កម្មករ​ស្រប​តាម​ច្បាប់​ឡើយ៖ រឿង​បញ្ហា​បច្ចប្បន្ន​ហ្នឹង គឺ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ហ្នឹង​ហើយ ដែល​ចេញ​ថ្មីៗ ហ្នឹង​ ដែល​វា​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍ ឲ្យ​កម្មករ​និយោជិក។ ចំណុច​ទាំង​អស់​ហ្នឹង គឺ​ជា​ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​មួយ ដែល​វា​ផ្ទុយ​ពី​ច្បាប់។ អ៊ីចឹង​ហើយ អា​ចំណុច​ហ្នឹង គឺ​ជា​ចំណុច​ដែល​ជា​អត្ថប្រយោជន៍​របស់​កម្មករ​និយោជិក ហើយ​គាត់​បាត់បង់​នូវ​អត្ថប្រយោជន៍​ទាំង​អស់ហ្នឹង។ ការ​ធ្វើ​បែប​ហ្នឹង គឺ​វា​ផ្ទុយ​អំពី​ស្មារតី​នៃ​ច្បាប់​ហើយ»

កម្មករ​រោងចក្រ​ទាំង ២ខាង​លើ នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត ប្រសិន​បើ​ក្រសួង​ការងារ​មិន​មាន​ដំណោះ​ស្រាយ​ជូន​ពួក​គេ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles