បក្ស​ប្រឆាំង​ទាម​ទារ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ទាមទារ​កោះត្រល់​មក​កម្ពុជា​វិញ

នយោបាយ
02 កក្កដា 2020
សាយ មុន្នី
វីអូអេខ្មែរ

រូបឯកសារ៖ ទិដ្ឋាភាពកោះត្រល់ ឬ Phu Quoc ជាភាសាវៀតណាម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤។
រូបឯកសារ៖ ទិដ្ឋាភាពកោះត្រល់ ឬ Phu Quoc ជាភាសាវៀតណាម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤។

វ៉ាស៊ីនតោន — គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ ដោយ​ប្រើប្រាស់​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​ ១៩៨២​ (the United Nations Convention for the Law of the Sea) ហៅ​កាត់​ថា ​UNCLOS ដើម្បី​ទាម​ទារ​មក​វិញ​នូវ​ប្រជុំ​កោះមួយ​ចំនួន ​ដែល​ប្រទេស​វៀតណាម​កំពុង​គ្រប់គ្រង​ រួម​ទាំង​កោះ​ត្រល់​ផង​ដែរ។​

ការ​ទាមទារ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​សហគមន៍​អាស៊ាន​ដែល​មាន​ប្រទេស​វៀតណាម​ជា​ប្រធាន​ឆ្លាស់​វេននៅ​ឆ្នាំនេះ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​នៅ​ក្នុុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣៦ ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ​រួម​ទាំង​អនុសញ្ញា​ UNCLOS​ នេះ។​

លោក អ៊ុំ សំអាន អតីត​អ្នក​តំណាងរាស្ត្រ​និង​បច្ចុប្បន្ន​ជា​អ្នក​ទទួល​ខុសត្រូវ​ខាង​កិច្ចការ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​ នៅ​ថ្ងៃ​ទី​២​ ខែ​កក្កដា​ថា ខណៈ​ដែល​ប្រទេស​វៀតណាម​ចង់​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ ដែល​ខ្លួន​មាន​ជម្លោះ​ជា​មួយ​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ដែល​ខ្លួន​បាន​បាត់បង់​មក​វិញ​ដែរ។

«យើង​ក៏​ជំរុញ​ទៅ​ឲ្យ​រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​ប្តឹង​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ នៅ​ទីក្រុង​ឡាអេ​ ដោយ​ប្រើ​អនុសញ្ញា​ហ្នឹង​ដើម្បី​ទាម​ទារ​យក​កោះ​ត្រល់ ​ចង្កោម​កោះ​ក្រចក​សេះ​ ហើយ​និងដែន​សមុទ្រ​ខ្មែរ​យើង​យក​មក​វិញ»។

​អនុសញ្ញា ​UNCLOS បាន​កំណត់​ថា​ ប្រទេស​នីមួយៗមាន​សិទ្ធិ​នៅ​លើ​ដែន​សមុទ្រ​ហើយ​អាច​បង្កើត​វិសាលភាព​នៃ​ដែន​សមុទ្រ​របស់​ខ្លួួន​ មិន​ឲ្យ​លើស​ពី​១២​ ម៉ៃ​សមុទ្រ ​(12 nautical miles) ឬ​ស្មើ​នឹង​២២.២២៤ ​គីឡូម៉ែត្រ​ លើ​ផ្ទៃ​ដី​ ដោយ​វាស់​ចាប់​ពី​បន្ទាត់​មូលដ្ឋាន​ដែន​សមុទ្រ​របស់​ខ្លួន។​

កោះត្រល់ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា និង​ប្រមាណ ​៤៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។​

ចង្កោម​កោះ​ដ៏​ចម្រូងចម្រាស​មួយ​ចំនួន​ រួម​ទាំង​កោះត្រល់​ផង​នេះ ​គឺ​ជា​បញ្ហា​រសើប​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​អស់​រយៈ​ពេលជាច្រើន​ទសវត្សន៍​មក​ហើយ ​ដោយ​គណបក្ស​ប្រឆាំង​តែង​ចោទ​គណបក្ស​កាន់​អំណាច​ថា​ជា​ «អាយ៉ង»​ របស់​វៀតណាម​ និង​មិន​ហ៊ាន​ទាមទារ​កោះ​ទាំង​នោះ​ពី​វៀតណាម​មក​វិញ។​

វីអូអេ​បានព្យាយាមទាក់​ទង​លោក ​ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សុំ​ការ​ឆ្លើយតប ​ប៉ុន្តែ​មិន​អាចទាក់​ទងបាន​ទេ ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ កម្ពុជា​បាន​បាត់បង់​កោះ​ត្រល់​ទៅ​ប្រទេស​វៀតណាម​ ដោយសារ​ប្រទេស​បារាំង​ដែល​ជា​អាណាព្យាបាល​តំបន់​ឥណ្ឌូចិន ​ក្នុង​សម័យ​អាណានិគម​បារាំងបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ​រួម​ទាំង​កោះ​នេះ​ទៅ​ឲ្យ​វៀតណាម​រួច​ទៅ​ហើយ។

«អាហ្នឹង​ឲ្យ​អ្នក​ដែល​ថា​ទាមទារ​បាន​ហ្នឹង​ទៅ​ទាមទារ​ទៅ។ ហើយ​បើ​ទាមទារ​បាន​ យើង​ខ្ញុំ​ក៏​ត្រេកអរ​ដែរ ពីព្រោះ​ការ​សោកស្តាយ​មិនមែន​សោកស្តាយ​ តែ​ត្រឹម​អស់​លោក​អ្នក​ថា​ហ្នឹង​ទេ។ ប្រជាជន​កម្ពុជា​ទាំង​អស់​ទូទាំង​ប្រទេស ​សុទ្ធ​តែ​សោកស្តាយ​ទាំង​អស់។​ ប៉ុន្តែ​លទ្ធភាពយើង​ថា​តើ​យើង​ធ្វើ​ម៉េច?»​

លោក​បន្ថែម​ថា​ គោល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​គោល​ការណ៍​ទាមទារ​កោះ​នោះ​មក​វិញ​ទេ៕

What Next?

Recent Articles

2 Responses to "បក្ស​ប្រឆាំង​ទាម​ទារ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ទាមទារ​កោះត្រល់​មក​កម្ពុជា​វិញ"

  1. Anonymous says:

    what ever opposition party ask is not putting any pressure to HUN SEN because this animal said CNRP was already dead . but one thing I wonder how about the other parties that joint election in 2018 they are the winner also all of them became HUN SEN poppet they also can advice HUN SEN what to do. HUN SEN though CNRP was dead but they are still active in the world and the international community are still working with them from all their action HUN SEN never free he always talking about them . until this present time the whole world exactly know who is HUN SEN the future will be bad for this animal killer .

  2. Anonymous says:

    why you are worry too much of those dead party???????????????????????????