ស្ថានភាព​ភរិយា និង​កូន​ទាំង​ប្រាំ​នាក់​របស់​បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី

ដោយ សេក បណ្ឌិត
2020-07-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ភវិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនប្រុស​ទាំង​៥។

ភវិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនប្រុស​ទាំង​៥។

 AFP


ជាង​ពីរ​ឆ្នាំ​ដែល​ភរិយា និង​កូនប្រុស​ទាំង​ប្រាំ​នាក់​របស់​បណ្ឌិត បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្រោយ​ពេល​ដែល បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​មក ពួកគេ​អាច​សម្រប​ខ្លួន និង​ប្រឹង​រស់​ដោយ​ខ្លួនឯង​នៅ​ប្រទេស​នេះ និង​ចូលរួម​សកម្មភាព​ការងារ​សង្គម​មួយ​ចំនួន​ផង​ដែរ​។ តើ​ការរស់នៅ​លើទឹក​ដី​ថ្មី​របស់​ពួកគេ មានការ​តស៊ូ​ដូចម្ដេច​ខ្លះ​ដែរ?

រយៈពេល​បួន​ឆ្នាំក្រោយ បាត់បង់​ស្វាមី អ្នកស្រី ប៊ូ រចនា បាន​ដើរ​តួនាទី ជា​ឪពុក​ផង និង​ជា​ម្ដាយ​ផង ក្នុង​ការ​ចិញ្ចឹម​កូន​ទាំង​ប្រាំ​នាក់​។ ភរិយា លោក កែម ឡី លើកឡើង​ថា ទោះ​មានការ​ហត់នឿយ​យ៉ាងណា ប៉ុន្តែ អ្នកស្រី នៅតែ​ជំរុញ ឱ្យ​កូន​ខំប្រឹង​រៀន​សូត្រ និង​ធ្វើជា​ពលរដ្ឋ​សកម្ម​នៅ​ក្នុង​សង្គម អ្នកស្រី​យល់ថា​មានតែ ចំណេះវិជ្ជា​ទើប​ធ្វើ​ឱ្យ​ពួកគេ​មាន​អនាគត​ល្អ។

ថ្លែង​ពី​ប្រទេស​អូស្ត្រាលី ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ឱ្យ​អាស៊ីសេរី​ដឹង​ថា កូនប្រុស​អ្នកស្រី​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ណាស់​ហើយ​ពេលទំនេរ​ពី​ការសិក្សា​នាំគ្នា​ជួយ​ធ្វើ​ការងារ​ផ្ទះ​ផង​ដែរ​។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​កូនប្រុស​ច្បង​លោកស្រី​ដែល​រៀន​ថ្នាក់​វិទ្យាល័យ​កំពុង​ត្រៀម​​ប្រឡង​ចូល​មហាវិទ្យាល័យ ដូច្នេះ​គេ​ប្រឹងប្រែង​រៀន​ណាស់​ខ្លាច​ប្រឡង​មិន​ជាប់។ អ្នកស្រី​ឱ្យ​ដឹង​ដែរ ចំណែក​កូន​ទី​២ ទី​៣ និង​កូន​ទី​៤​ក៏​ទទួល​បាន​លទ្ធផល​ល្អ​គួរសម​ដែរ​។ ចំណែក​កូនប្រុស​ពៅ ដែល​ទើប​មាន​អាយុ​បី​ឆ្នាំ​ក៏បាន​ចូលរៀន​ថ្នាក់​មត្តេយ្យ​ដែរ​៖ «ការសិក្សា​ក្មេងៗ​ចេះតែ​ទៅមុខ​ខ្លះ​បង គេ​រៀន​ថ្នាក់​ទី​១២ កូន​ទី​២ រៀន​ថ្នាក់​ទី​១០ កូន​ទី​៣ រៀន​ថ្នាក់​ទៅ​៨ កូន​ទី​៤ រៀន​ថ្នាក់​ទី​៤ ហើយ​អូន​បុត្រ​ចូល​ម​តេ្ត​យ្យ កូន​បុត្រ​មួយអាទិត្យ​គាត់​រៀន​តែ​ពីរ​ថ្ងៃ​ទេ ហើយ​មួយ​រៀន​តែ​បួន​ម៉ោង»។

អ្នកស្រី ប៊ូ រចនា និយាយ​ថា អ្នកស្រី​ពេញចិត្ត​នឹង​លទ្ធផល​សិក្សា​របស់​កូនៗ​ព្រោះ​ពួកគេ​ខកខាន​រៀន​សូត្រ កាលពី​លោកស្រី​រស់នៅ​ប្រទេស​ថៃ ហើយ​ពេល​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​កូនៗ​អ្នកស្រី​ក៏​ផ្ដើម​ចូលរៀន​ក្នុង​ថ្នាក់​រៀន​និយាយ​ភាសា​អង់គ្លេស​។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា កូនប្រុស​ពៅ ឈ្មោះថា កែម ឡី វីរបុត្រ ដែល​កើត​ជំងឺ​អូទីស្សឹម ឬ​ហៅថា មនោវិក័ត ធ្វើ​ឱ្យ​គេ​មាន​អាកប្ប​កិរិយា​ប្លែកៗ​មិន​ដូច​កុមារ​ទូទៅ​នោះ ពេលនេះ​វីរ​បុត្រ​បាន​ធូរស្រាល​ខ្លះ​ហើយ៖ «ដូចជា​មធ្យមៗ​ទេ​ចា ពីព្រោះ​នៅ​ថៃ​គាត់​ក៏​មិន​និយាយ​ភាសា​អី​ដែរ​អ៊ីចឹង​ណា គាត់​រៀន​នៅ​ស្រុក​ខ្មែរ​ក៏​មិន​និយាយ​ដល់ពេល​បែក​មក​នៅ​ថៃ​ទៀត​រឹតតែ​អត់​និយាយ​ទៀត ពេល​មក​ដល់​នេះ​(​អូស្ត្រាលី​)​ពិបាក​អី​ដែរ​ណា ប៉ុន្តែ​ឥឡូវ​ចេះតែ​ខំប្រឹង​ណា​ដើម្បី​ឱ្យ​ទាន់​គេ មានតែ​ជំរុញ​ឱ្យ​កូន​ខំប្រឹង​រៀន​សូត្រ​ព្រោះ​ខ្ញុំ​អត់​មានលទ្ធភាព​ទ្រព្យសម្បត្តិ​អី​ត្រូវ​ចែក​កូន​ទេ មានតែ​ជំរុញ​ឱ្យ​កូន​ខំ​រៀន​សូត្រ​ហ្នឹងឯង»។

ភរិយា​និង​កូន​របស់​លោក​បណ្ឌិត កែម ឡី បាន​ទៅ​តាំង​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ មុន​ពេល​បាន​ទៅដល់​ប្រទេស​អូស្ត្រាលី អ្នកស្រី​និង​កូនៗ​ទាំង​៥ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​រស់នៅ​បរទេស​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ទី​៣ ទាំង​កំពុង​មាន​ផ្ទៃពោះ​ដោយសារតែ​ពួកគេ​តក់ស្លុត​និង​ភ័យខ្លាច​ពី​សុវត្ថិភាព។ ពួកគាត់​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​ក្រុង​បាងកក ប្រទេស​ថៃ អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ទម្រាំ​អាច​មក​តាំង​លំនៅ​នៅ​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​នេះ។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក ហុង លីម ដែល​ជា​អ្នកជា​អ្នកខ្នះខ្នែង​ក្នុង​ការ​ធានា អ្នកស្រី ប៊ូ រចនា មក​រស់នៅ​ប្រទេស​អូស្ត្រាលី​និយាយ​ថា លោក​សប្បាយចិត្ត​ពេល​ឃើញ​អ្នកស្រី ប៊ូ រចនា និង​កូនៗ អាច​សម្រប​ខ្លួន​រស់នៅ​ប្រទេស​នេះ​បាន​យ៉ាង​ល្អ​បូករួម​ការ​ប្រឹងប្រែង​សិក្សា​របស់​កូនលោក កែម ឡី ផង​។ លោក ហុង លីម សរសើរ​ថា អ្នកស្រី ប៊ូ រចនា ជា​ម្ដាយ​ដ៏​ឆ្នើម​បើ​ទោះ​អ្នកស្រី​មិនសូវ​ចេះ​ភាសា​អង់គ្លេស ប៉ុន្តែ​អ្នកស្រី​ដើរតួ​ជា​ឪពុក​ផង ជា​ម្ដាយ​ផង​ក្នុង​ការ​ចិញ្ចឹម​កូន​ទាំង​ប្រាំ​នាក់​បាន​យ៉ាង​ល្អ៖ «ទើប​មកដល់​បាន​ពីរ​ឆ្នាំ ប៉ុន្តែ​ឃើញ​ចៅៗ​ខំ​​ប្រឹងប្រែង​ណាស់ ក្មួយ ប៊ូ រចនា សឹងតែ​អាច​ចាត់​មាតា​មួយ​ដ៏​ឆ្នើម​ព្រោះ​កូនៗ​ទាំងអស់​ក្នុង​បន្ទុក​របស់​គាត់»។

រីឯ ចៅសង្កាត់​ប្រចាំ​នៅ​តំបន់​ស្ព្រីងវែល (Springwale) រដ្ឋ​វ៉ិកតូរីយ៉ា និង​ជា​ប្រធាន​សមាគម​ខ្មែរ​មួយ នៅ​អូស្ត្រាលី លោក ជា យូហន ឱ្យ​ដឹង​ដែរ​ថា កូនលោក កែម ឡី ពួកគេ​ជា​ក្មេង​ល្អ និង​ឧស្សាហ៍​ព្យាយាម​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ដែរ ដូចជា​ធ្វើ​អនាម័យ​នៅ​ទីធ្លា​សាធារណៈ​ជាដើម។

ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី លោកស្រី ម៉ាលី ណា ដែល​តែងតែ​ទៅ​សួរសុខទុក្ខ​គ្រួសារ​អ្នកស្រី ប៊ូ រចនា ប្រាប់ថា រយៈពេល​ជាង​ពីរ​ឆ្នាំនេះ​អ្នកស្រី ប៊ូ រចនា រៀន​សូត្រ​ពី​របៀប​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ច្រើន​ដូចជា​អាច​ទៅ​ផ្សារ អាច​បើកឡាន អាច​ទៅ​ពេទ្យ និង​បំពេញ​ឯកសារ​នានា​ដោយ​ខ្លួន​ឯង​បាន​។ លោកស្រី​និយាយ​ដោយ​សើច​កក្អឹក​ថា កាលពី​មុន​ពេល​លោកស្រី នឹក​ដល់​កូនៗ​លោក កែម ឡី គឺ​លោកស្រី​ត្រូវ​បើកឡាន​ទៅលេង​ផ្ទះ​អ្នកស្រី ប៊ូ រចនា ប៉ុន្តែ​ពេល នេះ​គឺ​អ្នកស្រី ប៊ូ រចនា ជា​អ្នក​បើកឡាន​មក​លេង​ផ្ទះ​លោកស្រី​វិញ​ម្ដង៖ «ជាទូទៅ​យើង​នៅ​នេះ​ប្រលែង​គាត់​ច្រើន​មែនទែន តាំងពី​បើកឡាន​ស្គាល់​ផ្សារ​ស្គាល់​អីចឹង​ទៅ​ហើយ អ៊ីចឹង​ទៅ​យើង​ចាប់ផ្ដើម​ប្រលែង​គាត់​មិនមែន​មាន​ន័យថា បោះបង់​ទេ យើង​បាន​បង្រៀន​គាត់​អ៊ុំ​ទាំងអស់​ហ្នឹង​ក៏​បង្រៀន​កូន​គាត់​ឱ្យ​ចេះ​ធ្វើ​អ្វី​ជា​ឯកសារ»។

ជាង​ពីរ​ឆ្នាំ​នៃ​ការ​រស់នៅ​លើទឹក​ដី​អូស្ត្រាលី គ្រួសារ​លោក កែម ឡី ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​យ៉ាង​កក់ក្ដៅ​។ អ្នកស្រី ប៊ូ រចនា មាន​ផ្ទះ​រស់នៅ​បាន​សមរម្យ និង​ថវិកា​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ ដែល​ជា​ការឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី។

អ្នកស្រី ប៊ូ រចនា លើកឡើង​ថា ការ​រវល់​រឿង​ចិញ្ចឹម​កូន​អាច​ធ្វើ​ឲ្យ​រំសាយ​ទុក្ខ​បាន​ខ្លះ​ពី​ការ​បាត់បង់​ស្វាមី​៖ «រាល់ថ្ងៃ​នេះ​រវល់​ច្រើន​អ៊ីចឹង​ការ​គិត​រឿង​ពិបាកចិត្ត​យើង​ដកឃ្លា​បាន​ខ្លះ​ដោយសារ​យើង​ពេលវេលា​ហ្នឹង​មើលថែ​កូន​អ៊ីចឹង​ណា​ជា​រឿង​សំខាន់​អ៊ីចឹង​ណា ជាពិសេស​កូន​ទី​៥ មាន​បញ្ហា​ទៀត អ៊ីចឹង​យើង​ត្រូវ​ផ្ដោត​ធំ​មែនទែន ព្រោះ​អី​យើង​ចង់​ឱ្យ​គាត់​មក​ជា​ក្មេង​ធម្មតា​ដូច​គេ​វិញ​ណា»។

បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ ស្តារម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។ រយៈពេល​បួន​ឆ្នាំ​មកនេះ អាជ្ញាធរ ឬ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្សម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​។ ទោះជា​យ៉ាងណា មហាជន​ទូទៅ​សង្ស័យ​ថា ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត ឬ​មិន​អាច​តែ​ជា​មនុស្ស​ម្នាក់​គត់​ក្នុង​ការ​រៀបចំ​ផែនការ​បាញ់សម្លាប់​លោក កែម ឡី នោះ​ទេ។

ភរិយា​បណ្ឌិត កែម ឡី រួមទាំង សហព័ន្ធ និង​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​នឹង​រៀបចំ​ប្រារព្ធ​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ បណ្ឌិត កែម ឡី ថ្ងៃ​សៅរ៍​ទី​១១ ខែ​កក្កដា។ អ្នកស្រី ប៊ូ រចនា នៅតែ​សង្ឃឹមថា ថ្ងៃ​ណាមួយ​អ្នកស្រី​នឹង​ទទួល​យុត្តិធម៌ ប៉ុន្តែ​អ្នកស្រី​យល់ថា តុលាការ​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន សែន មិន​អាច​រក​ការពិត ឬ​ឃាតក​ពិត​ឃើញ​នោះ​ទេ បើ​ប្រទេស​កម្ពុជា​មិន​ទាន់​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ស្ថានភាព​ភរិយា និង​កូន​ទាំង​ប្រាំ​នាក់​របស់​បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី"

  1. Anonymous says:

    all these five sole will never forget who was murder their father and all Cambodian are also never forget about this story . the history is already written for Cambodian young generation for century to come they will know every thing about the evil leader of Cambodia in the 90 . only one last change if this evil really want to change the history about him is 2020 only after this he will never rewinding that clock backward. every Cambodian knew HUN NAL call HUN SEN next name CHOUPSAMLAP was Dr KEM LAI ‘s murder no though about it.